មន្ត្រីក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំឱ្យប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពិនិត្យ និងស្រាវជ្រាវអំពើពុករលួយដែលប្រព្រឹត្តដោយរដ្ឋលេខាធិការក្រសួងសាធារណការ អ្នកស្រី កុយ សុដានី ដែលមានអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ជាមេខ្លោង។
ប្រភពពីមន្ត្រីក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២០ មករា នេះថា អ្នកស្រី កុយ សុដានី គឺជារដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានមុខនាទីជាអ្នកចាត់ការទូទៅលើថវិកាជាតិ និងអន្តរជាតិមិនក្រោម ៤០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗសម្រាប់យកទៅអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេសកម្ពុជា។
ប្រភពដដែលទម្លាយថា អ្នកស្រី កុយ សុដានី តែងតែប្រើអំណាចគាបសង្កត់ និងបញ្ជាមន្ត្រីកាន់គម្រោងឱ្យទម្លាក់គម្រោងនានាទៅឱ្យក្រុមហ៊ុនដែលបានសូកប៉ាន់ជាលុយកាក់ដល់ខ្លួន។ ចំណែកឯថវិកាគម្រោងសាងសង់ទាំងអស់ ត្រូវអ្នកស្រី កុយ សុដានី កាត់យកភាគរយគ្រប់ផ្នែកក្នុងចំនួនច្រើនមុននឹងសម្រេចប្រគល់គម្រោងទាំងនោះទៅឱ្យរដ្ឋលេខាធិការតាមផ្នែកនីមួយៗក្នុងក្រសួងយកទៅអនុវត្ត។
មន្ត្រីទាំងនេះអះអាងថា ទោះបីពេលនេះលោក ប៉េង ពោធិ៍នា កាន់តំណែងជារដ្ឋមន្ត្រីមែន តែឥទ្ធិពល និងការចាត់ចែងទូទៅ គឺស្ថិតក្នុងកណ្ដាប់ដៃអ្នកស្រី កុយ សុដានី ទាំងអស់ ក្នុងនោះគាត់ក៏មានសិទ្ធិអំណាចចាត់ចែងគ្រប់អ្នកកាន់គម្រោងកញ្ចប់ថវិកាជាតិ និងអន្តរជាតិទាំងអស់ រួមទាំងការផ្លាស់ប្ដូរមន្ត្រីក្នុងក្រសួង និងមន្ទីរជុំវិញខេត្តក្រុងនានាផងដែរ។ លើសពីនេះ គាត់ក៏មានអំណាចកំណត់ថវិកាចំណាយ និងចំណូលសម្រាប់ក្រសួងថែមទៀត។
ប្រភពមន្ត្រីដដែលនេះបន្តថា ដោយសារអ្នកស្រី កុយ សុដានី គឺជាមនុស្សជំនិតរបស់អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដែលជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅពេលនេះ ទើបគាត់មានឥទ្ធិពលទៅលើលោក ប៉េង ពោធិ៍នា ដែលជារដ្ឋមន្ត្រីថ្មីនៃក្រសួងសាធារណការ និងដឹកជញ្ជូនដូច្នេះ។
ប្រភពដដែលបញ្ជាក់ថា អ្នកស្រី កុយ សុដានី គឺជាមនុស្សជិតស្និទ្ធនឹងលោក ស៊ុន ចាន់ថុល ហើយក៏ជាអ្នកកាន់កញ្ចប់ខ្មៅឱ្យលោក ស៊ុន ចាន់ថុល ដែរ គឺចាប់តាំងពីអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះនៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តាំងពីអាណត្តិទី៥ មកម្ល៉េះ។
មន្ត្រីក្នុងជួរបក្សកាន់អំណាចម្នាក់ទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២០ មករា នេះថា លោក ស៊ុន ចាន់ថុល មិនចង់ចាកចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេ ព្រោះគាត់នៅកាន់តំណែងនេះប្រមូលលុយបានច្រើនណាស់រហូតដល់រាប់រយលានដុល្លារឯណោះ ដូច្នេះគាត់នៅតែចង់ត្រឡប់ទៅកាន់តំណែងនេះវិញដូចលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នោះដែរ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក ស៊ុន ចាន់ថុល និងអ្នកស្រី កុយ សុដានី ដើម្បីសុំបំភ្លឺពីការចោទប្រកាន់នេះបាននៅឡើយទេ។
យ៉ាងណាមិញ គេនៅរង់ចាំចំណាត់ការពីស្ថាប័នប្រឆាំងអំពើពុករលួយ ថាតើនឹងតាមធ្វើសំណើ ឬសំណូមពរពីមន្ត្រីក្នុងក្រសួងដែលលាតត្រដាងអំពើទុច្ចរិតបែបនោះឬទេ ដើម្បីបង្ហាញនូវភាពស្អាតស្អំ បោសសម្អាតអំពើពុករលួយស្មោកគ្រោកក្នុងប្រទេសមានច្បាប់។
បើមិនស៊ើបអង្កេតរកការពិតទេ កេរ្តិ៍ឈ្មោះស្ថាប័នប្រឆាំងអំពើពុករលួយ ក្រសួង មន្ត្រីបម្រើការងារ និងរាជរដ្ឋាភិបាល ក៏នឹងស្អុយដូចគ្នា ហើយពលរដ្ឋពិតជាប្រៀបទៅនឹងរឿងប្រជាប្រិយខ្មែរដែលថា៖ កសិករចិញ្ចឹមមាន់ បាត់មាន់រាល់ថ្ងៃ ទៅប្តឹងពពួកទេវតា ទេវតាថាមិនដឹង រួចឡើងទៅដល់ព្រះឥន្ទ្រនៅឋានត្រៃត្រិង្សសួគ៌ ស្រាប់តែប្រទះឃើញព្រះអង្គកំពុងសោយមាន់សល់តែឆ្អឹងគរដូចដំបូក។ នេះគេហៅថាលាក់ពុត!៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

