ក្រសួងព័ត៌មាន អះអាងថា ជិត ៨០% (៧៩,៨%) នៃអ្នកសារព័ត៌មាននៅកម្ពុជាបាននិយាយថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ បើទោះបីជាកម្ពុជារងនូវការរិះគន់ជាបន្តបន្ទាប់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិជុំវិញការរឹតត្បិតសេរីភាពសារព័ត៌មាន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា លើកឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះថា សេរីភាពសារព័ត៌មាននៅកម្ពុជាមិនមែនស្ថិតនៅលើបបូរមាត់របស់បរទេស ឬបបូរមាត់របស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលទទួលជំនួយពីបរទេស ដែលត្រូវបានវាយតម្លៃតាមរបៀបវារៈរបស់គេនោះទេ។
លោក នេត្រ ភក្ដ្រា អះអាងថា ដោយសារតែប្រទេសកម្ពុជាជានិច្ចកាលតែងតែរងនូវភាពអយុត្តិធម៌ពីរបាយការណ៍អង្គការអន្តរជាតិមួយចំនួនដែលទាក់ទងទៅនឹងស្ថានភាពសិទ្ធិមនុស្ស សេរីភាពការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ដូច្នេះកម្ពុជាចាំបាច់ត្រូវចេញរបាយការណ៍មួយដែលឆ្លុះបញ្ចាំងពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីបង្ហាញស្ថានភាពសេរីភាពសារព័ត៌មានក្នុងប្រទេសរបស់ខ្លួន។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ មករា នេះថា ការបញ្ចេញរបាយការណ៍ស្ដីពីស្ថានភាពសេរីភាពសារព័ត៌មានរបស់រដ្ឋាភិបាលក្នុងកម្រិតល្អស្ទើរផុតលេខ ស្របពេលដែលអង្គភាពសារព័ត៌មានឯករាជ្យត្រូវបានកម្ចាត់ចេញពីកម្ពុជាអស់គ្មានសល់សព្វថ្ងៃនេះ មិនអាចឆ្លុះបញ្ចាំងពីការពិតនៃរបាយការណ៍នេះបានទេ។
លោក សេក សុជាតិ លើកឡើងថា បើគ្រាន់តែចេញរបាយការណ៍វាយតម្លៃខ្លួនឯង នោះគឺគ្រាន់តែបង្ហាញពីរបាយការណ៍ដែលគ្មានតម្លាភាពប៉ុណ្ណោះ ប៉ុន្តែដើម្បីឱ្យរបាយការណ៍នេះមានតម្លាភាព និងអាចទុកចិត្តបាន ទាល់តែត្រូវបានផ្ទៀងផ្ទាត់ជាមួយរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវអន្តរជាតិដែលធ្វើការតាមដាន និងស្រាវជ្រាវលើបញ្ហានេះ។
ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថា សិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាន នៅតែបន្តវាយប្រហារនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ចុងខែសីហា ឆ្នាំ២០២៤ កន្លងទៅ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ចុងខែសីហា ឆ្នាំ២០២៤ ត្រូវបានគេរកឃើញថាស្ថានភាពសេរីភាពសារព័ត៌មានស្ថិតក្នុងការរឹតត្បិតធ្ងន់ធ្ងរ ក្នុងនោះ អាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយយ៉ាងតិចចំនួន ៣ ត្រូវបានដកហូត ខណៈអ្នកសារព័ត៌មានជិត ២០នាក់ (១៧នាក់) ត្រូវប្រឈមមុខនឹងផ្លូវច្បាប់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

