32.5 C
Phnom Penh

អ្នក​ស្លាប់​ដោយ​ប្រជ្រៀត​ចាំ​យក​អាំងប៉ាវ​នៅ​ភូមិគ្រឹះ​អ្នកឧកញ៉ា សុខ គង់ ទទួល​បាន​ប្រាក់ ១៥​លាន​រៀល​និង​ក្ដារ​មឈូស​ម្នាក់​មួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រងគ្រោះ ៤​នាក់​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​អំឡុង​ពេល​ប្រជ្រៀត​គ្នា​ដណ្តើម​អាំងប៉ាវ​នៅ​ភូមិគ្រឹះ​អ្នកឧកញ៉ា សុខ គង់ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង និង​អ្នកឧកញ៉ា សុខ គង់ សរុប​ក្នុង​ម្នាក់ៗ ១៥​លាន​រៀល និង​ក្ដារ​មឈូស​ម្នាក់​១ ចំណែក​អ្នក​រង​របួស​ចំនួន ៥​នាក់​ផ្សេង​ទៀត ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​សរុប ៤​លាន​រៀល។

កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៥ នេះ ពលរដ្ឋ​ជាច្រើន​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ភូមិគ្រឹះ​អ្នកឧកញ៉ា សុខ គង់ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ផ្សារថ្មីទី៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ទទួល​យក​អាំងប៉ាវ​ពី​អ្នកឧកញ៉ា សុខ គង់ សម្រាប់​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន នៅ​ចុង​សប្តាហ៍​នេះ ប៉ុន្តែ​ជា​អកុសល ស្រាប់តែ​កើត​មាន​ហេតុការណ៍​ខ្យល់គ​ដួល​សន្លប់​ជាបន្តបន្ទាប់​បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង ៥​នាក់​ផ្សេង​ទៀត​ត្រូវ​បញ្ជូន​ទៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់។

អំឡុង​ពេល​កើតហេតុ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច និង​រថយន្ត​សង្គ្រោះ​បន្ទាន់​ជួយ​អន្តរាគមន៍​ដឹក​ពលរដ្ឋ​ទាំងនោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៣ មករា នេះ​ថា ហេតុការណ៍​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​បាត់បង់​ជីវិត​មនុស្ស​ទេ ប៉ុន្តែ​ថែមទាំង​ឆ្លុះបញ្ចាំង​ពី​មុខមាត់​នៃ​បញ្ហា​សង្គម​ដ៏​ធំ​មួយ​អំពី​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ខ្វះខាត​ថែមទៀត។

លោក សេក សុជាតិ អះអាង​ថា ការ​បាត់បង់​ជីវិត​បែប​នេះ គឺជា​សញ្ញា​ដ៏​ច្បាស់លាស់​មួយ​ដែល​បញ្ជាក់​ពី​ការ​ខ្វះខាត​ប្រព័ន្ធ​គ្រប់គ្រង សុវត្ថិភាព​សង្គម និង​ការ​រៀបចំ​ដើម្បី​ទប់ស្កាត់​ហេតុការណ៍​បែប​នេះ ហើយ​វប្បធម៌​ចែក​អាំងប៉ាវ​ក្នុង​រដូវ​ចូលឆ្នាំ​បែប​នេះ ក៏​មិន​គួរ​ឱ្យ​កើតមាន​បន្ត​ទៀត​នោះ​ដែរ។

លោក​ចោទ​ជា​សំណួរ​ថា តើ​បញ្ហា​នេះ​កើតឡើង​ដោយសារតែ​គ្មាន​ការ​ផ្ដល់​ការ​ថែរក្សា​គ្រប់គ្រាន់ ឬ​មិន​គោរព​សិទ្ធិមនុស្ស និង​សេចក្ដី​សុខសាន្ត​របស់​បងប្អូន​ខ្មែរ ឬ​យ៉ាងណា? តើ​នរណា​ជា​អ្នក​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​បងប្អូន​ខ្មែរ​ក្នុង​ហេតុការណ៍​នេះ? ចំណែក​អ្នក​រង​របួស​ដែល​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ តើ​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ថែទាំ​ខ្លួនឯង​ដែរ​ឬ​ទេ​នៅ​ក្នុង​ស្ថានភាព​ដែល​ពួកគេ​មិន​ទាន់​មាន​លទ្ធភាព​ចិញ្ចឹម​ជីវិត និង​សង្ឃឹម​លើ​អាំងប៉ាវ​របស់​អ្នក​មាន​ទ្រព្យធន​នោះ?

ជុំវិញ​បញ្ហា​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ បញ្ជាក់​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត គឺ​ដោយសារ​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន ដូច្នេះ​មិន​មាន​ការ​ទាមទារ​ឱ្យ​បុគ្គល​ណា​ម្នាក់​ទទួល​ខុសត្រូវ​ក្នុង​ឧបទ្ទវហេតុ​នេះ​ឡើយ។

សាច់ញាតិ​ជនរងគ្រោះ​ដែល​បាន​ស្លាប់ លើកឡើង​ថា ស្ថានភាព​គ្រួសារ​របស់​ពួកគេ​សព្វថ្ងៃ​នេះ​មាន​ការ​ខ្វះខាត​យ៉ាង​ខ្លាំង ហើយ​ការ​ប្រជ្រៀត​គ្នា​ទៅ​ទទួល​អាំងប៉ាវ​នេះ ក៏​ដើម្បី​ដោះ​ទាល់​ជីវភាព​ប្រចាំ​ថ្ងៃ​ដែរ។

យ៉ាងណាក៏ដោយ កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ថា កម្ពុជា​នឹង​ចាកចេញ​ពី​ប្រទេស​ក្រីក្រ​នៅ​ត្រឹម​ឆ្នាំ​២០២៩ និង​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ អះអាង​ថា មិនមែន​ព្រោះតែ​អាំងប៉ាវ ទើប​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​ទេ ប៉ុន្តែ​ជនជាតិ​ខ្មែរ​បាន​ស្លាប់​ដោយសារ​ភ្នក់ភ្លើង​នៃ​ភាព​ក្រីក្រ​ដែល​នាំ​ឱ្យ​ឆេះ​ខ្ទេច​ទាំង​សេចក្ដី​ថ្លៃថ្នូរ និង​អនាគត​ជនជាតិ​មួយ​នេះ​អស់​ទៅ​ហើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស