រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា សម្រេចលុបឈ្មោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន ២៦ បន្ទាប់ពីរកឃើញថាពុំមានសកម្មភាពបម្រើសេវាកម្ម និងបានប្រកាសក្ស័យធន ដែលមិនស្របតាមគោលបំណងនៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខឯកជន។ នេះបើយោងតាមការជូនដំណឹងពីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមករា ដែលទើបនឹងបញ្ចេញជាសាធារណៈនៅថ្ងៃទី២៩ មករា នេះ។
ប្រភពដដែលអះអាងថា អនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខឯកជន មាត្រា១ ចែងអំពីគោលបំណងក្នុងការបង្កើត និងពង្រឹងសន្តិសុខឯកជន ដើម្បីចូលរួមចំណែកក្នុងការថែរក្សាការពារទ្រព្យសម្បត្តិ អាយុជីវិតប្រជាជន និងការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅប្រទេសកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីពាក់កណ្ដាលខែមករា អគ្គស្នងការនគរបាលជាតិ លោក ស ថេត ហាមដាច់ខាតមិនឲ្យក្រុមហ៊ុនផ្ដល់សេវាសន្តិសុខ និងសហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនយកជនបរទេសឲ្យបម្រើការងារជាភ្នាក់ងារសន្តិសុខឯកជនឡើយ។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានក្រុមហ៊ុនផ្តល់ភ្នាក់ងារសន្តិសុខឯកជនសរុបចំនួន ៣៤៥៩៨នាក់ដែលត្រូវបានបែងចែកជាពីរផ្នែក៖
- ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនសរុបមានចំនួន ៣២១ក្រុមហ៊ុន ដែលមានបុគ្គលិកជាភ្នាក់ងារសន្តិសុខឯកជនចំនួន ១៨៨០៦នាក់ មានគោលដៅចំនួន ៣៣១៧គោលដៅ ឬទីតាំង
- ហើយនិងសហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនសរុបចំនួន ១៨៨៧សហគ្រាសគ្រឹះស្ថាន ដែលមានបុគ្គលិកជាភ្នាក់ងារសន្តិសុខឯកជនចំនួន ១៥៧៩២នាក់ មានគោលដៅចំនួន ២០៦២គោលដៅ ឬទីតាំង៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

