ប្រវត្តិវិទូតែងតែនិយាយថា អ្នកឈ្នះជាអ្នកសរសេរប្រវត្តិសាស្ត្រ ហើយសរសេរសាជាថ្មីដោយកែប្រែអ្វីដែលបម្រើផលប្រយោជន៍ពួកគេ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចាត់ទុកការដាក់រូបវិមានឈ្នះឈ្នះលើក្របសៀវភៅប្រវត្តិវិទ្យាកម្រិតបឋមសិក្សាពីក្រសួងអប់រំ យុវជន និងកីឡា ក្រោមការចង្អុលបង្ហាញពីរាជរដ្ឋាភិបាលកម្ពុជា គឺជាផែនការត្រកូលហ៊ុន ដែលមានបំណងឱ្យខ្មែរទទួលស្គាល់ស្តូបរំលឹកគុណវៀតណាម ចាប់ពីពេលនេះទៅពេលអនាគត។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន នៅថ្ងៃទី៣ កុម្ភៈ នេះ បានផ្សព្វផ្សាយគំរូសៀវភៅសិក្សាមួយក្បាលដែលរាជរដ្ឋាភិបាលគ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងប្រព័ន្ធអប់រំលើមុខវិជ្ជាប្រវត្តិវិទ្យាថ្នាក់ទី៦។
សៀវភៅនេះមានចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដោយក្នុងនោះក៏បានរំលេចរូបវិមានឈ្នះឈ្នះ រួមជាមួយរូបកុមារាកុមារី ៤នាក់ នៅផ្នែកខាងលើនៃក្របសៀវភៅនេះផងដែរ។
គួរកត់សម្គាល់ថា វិបុលភាព ប្រែថា ភាពធំទូលាយ។ មានសំណួរថា តើការប្រើពាក្យនេះ ចង់សំដៅដល់ការព្យាយាមធ្វើឲ្យសម្រេចផលក្នុងការវាតទីពង្រីកទឹកដីពីបរទេសលើទឹកដីខ្មែរ ឬចង់សំដៅថា ការអភិវឌ្ឍរីកចម្រើន មហាជឿនលឿន មហារុងរឿង មហាត្រចះត្រចង់ មហាអស្ចារ្យ។
លោក អ៊ុំ សំអាន លើកឡើងថា ត្រកូលហ៊ុនកំពុងព្យាយាមលុបបំបាត់ប្រវត្តិសាស្ត្រខ្មែរដែលនឹងត្រូវជំនួសដោយប្រវត្តិក្លែងក្លាយនៃមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដោយភ្ជាប់ជាមួយស្តូបរំលឹកគុណវៀតណាម ដែលហៅថា វិមានឈ្នះឈ្នះ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានសាងសង់នៅលើទឹកដីខ្មែរនៅពេលនេះ។ លោកថា វិមានឈ្នះឈ្នះ ដែលកសាងដោយគណបក្សប្រជាជនកម្ពុជា មិនបានប្រើរចនាបថខ្មែរទេ ប៉ុន្តែរចនាបថនៃវិមានឈ្នះឈ្នះនោះគឺលក្ខណៈដូចគ្នាទៅនឹងរចនាបថលើវិមានដែលត្រូវបានកសាងឡើងសម្រាប់ជានិមិត្តរូបនៃប្រទេសវៀតណាម ទៅវិញ។
មន្ត្រីបក្សប្រឆាំងរូបនេះអះអាងថា នយោបាយឈ្នះឈ្នះ ដែលប្រើស្តូបដឹងគុណវៀតណាម ជានិមិត្តរូប គឺបញ្ជាក់យ៉ាងច្បាស់ថា ត្រកូលហ៊ុន និងវៀតណាម ជាអ្នកឈ្នះ ខណៈពលរដ្ឋខ្មែរគឺជាអ្នកចាញ់ និងត្រូវដឹងគុណវៀតណាម តាមរយៈនយោបាយឈ្នះឈ្នះដែលពួកគេបានបង្កើតឡើងមកនេះ។
លោក អ៊ុំ សំអាន បញ្ជាក់ថា នយោបាយឈ្នះឈ្នះ គឺវៀតណាម ឈ្នះបានទឹកដីខ្មែរយកទៅគ្រប់គ្រងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា កោះត្រល់ ចង្កោមកោះក្រចកសេះ ដែនសមុទ្រខ្មែរ ៣០០០០គីឡូម៉ែត្រការ៉េ សន្ធិសញ្ញាខុសច្បាប់ស្ដីពីដែនទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ និងការដាក់សមុទ្រខ្មែររួមជាមួយវៀតណាម ១០០០០គីឡូម៉ែត្រការ៉េ ជាដើម។
ជុំវិញបញ្ហានេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានចេញមុខរិះគន់ព្រោងព្រាត ក្នុងនោះទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Business Adviser លើកឡើងថា ដំណើរនេះមានតែទៅមុខ មិនអាចថយក្រោយទេ។
ចំណែកអ្នកលេងបណ្ដាញសង្គមខ្លះ លើកឡើងថា រូបតំណាងជាតិខ្មែរដូចជាប្រាសាទអង្គរវត្ត ជាដើម មិនដាក់លើក្របសៀវភៅនេះទេ បែរជាដាក់រូបដែលមានលំនាំរូបតំណាងជាតិពីប្រទេសជិតខាងដែលឈ្លានពានទឹកដីខ្លួនទៅវិញ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ដើម្បីបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេដោយសារទូរសព្ទមិនចូល។
ប្រជាពលរដ្ឋខ្មែរធ្លាប់បានឃើញការផ្លាស់ប្ដូររបបគ្រប់គ្រងពីមួយទៅមួយ ហើយឃើញប្រវត្តិសាស្ត្រខ្មែរកែរហូត ដូច្នេះកូនខ្មែរពីមួយជំនាន់ទៅមួយជំនាន់រៀនសូត្រអំពីប្រវត្តិជាតិសាសន៍ខ្លួនខុសគ្នារហូត។ ឧទាហរណ៍ ក្នុងសម័យកាលបារាំងត្រួតត្រា ការរៀនសូត្រប្រវត្តិសាស្ត្រមានមួយបែប សម័យកាលប្រទេសជាតិបានឯករាជភាព ការរៀនសូត្រប្រវត្តិសាស្ត្របង្ហាញមួយបែប សម័យកាលអស់រាជាធិបតេយ្យ ការរៀនសូត្រប្រវត្តិសាស្ត្រដដែលបង្ហាញមួយបែបទៀត សម័យកាលជ័យជម្នះកុម្មុយនីស្ត ការរៀនសូត្រប្រវត្តិសាស្ត្រដដែលបង្ហាញមួយបែបផ្សេងទៀត។
ទោះជាដូច្នេះក្តី បើគេមិននាំគ្នាបង្ហាញការពិតទាំងស្រុងក្នុងប្រវត្តិសាស្ត្រគ្រប់ជ្រុងជ្រោយទេ កូនខ្មែរនឹងវិលវីវក់ជាក់ជាមិនខាន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

