អង្គការតម្លាភាពកម្ពុជា បង្ហាញថា ប្រទេសកម្ពុជាឈរកំពូលតារាងលំដាប់ទី២ ខាងប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីប្រទេសភូមា ដែលជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសទាំង ១០ ក្នុងតំបន់អាស៊ាន។
អង្គការតម្លាភាពកម្ពុជា ចេញសេចក្តីថ្លែងការណ៍ព័ត៌មានស្ដីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២៤ នៅថ្ងៃទី១២ កុម្ភៈ នេះថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយ កម្ពុជាទទួលបានត្រឹមតែ ២១ពិន្ទុប៉ុណ្ណោះក្នុងចំណោមពិន្ទុសរុបចំនួន ១០០។
ដោយសារតែពិន្ទុទាបបែបនេះ ទើបនាំឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥៨ ក្នុងចំណោមប្រទេសចំនួន១៨០ នៅលើពិភពលោក។ ចំណែកប្រទេសភូមា ដែលជាប់ចំណាត់ថ្នាក់លេខ១៦៨ គឺទទួលបានត្រឹមតែ ១៦ពិន្ទុប៉ុណ្ណោះ ខណៈប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ៣ និងម៉ាឡេស៊ី ជាប់លេខ៥៧។
ចំណែកប្រទេសវៀតណាម ជាប់លេខ៨៨ ថៃ ជាប់លេខ១០៧ ឡាវ និងហ្វីលីពីន ជាប់លេខ១១៤ ដូចគ្នា ឥណ្ឌូនេស៊ី ជាប់លេខ៩៩ និងទីម័រឡេស ជាប់លេខ៧៣ ចំណែកប្រទេសប្រ៊ុយណេ មិនត្រូវបានដាក់បញ្ចូលក្នុងសន្ទស្សន៍នៃអំពើពុករលួយនេះទេ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ការបន្តធ្លាក់ចុះរបស់កម្ពុជានៅក្នុងសន្ទស្សន៍នេះ បង្ហាញពីភាពចាំបាច់ជាបន្ទាន់សម្រាប់ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ប្រឆាំងអំពើពុករលួយ និងការប្ដេជ្ញាកាន់តែមុតមាំក្នុងការដោះស្រាយអំពើពុករលួយដែលមានលក្ខណៈជាប្រព័ន្ធ និងទ្រង់ទ្រាយធំសព្វថ្ងៃនេះ។
ចំណែកប្រធានអង្គការតម្លាភាពអន្តរជាតិ លោក François Valérian លើកឡើងថា អំពើពុករលួយគឺជាការគំរាមកំហែងសកល ហើយវាក៏ជាមូលហេតុចម្បងមួយនៃការថមថយលទ្ធិប្រជាធិបតេយ្យ និងការរំលោភបំពានសិទ្ធិមនុស្សផងដែរ ដូច្នេះរដ្ឋាភិបាលត្រូវធ្វើការពង្រឹង និងពន្លឿនកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់ខ្លួនក្នុងការលុបបំបាត់អំពើពុករលួយប្រកបដោយប្រសិទ្ធភាព។
លោក François Valérian អះអាងថា ដើម្បីធានាប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ រដ្ឋាភិបាលត្រូវផ្ដន្ទាទោសរាល់អំពើពុករលួយ ទាំងទ្រង់ទ្រាយតូច ឬធំ តាមក្របខ័ណ្ឌច្បាប់យ៉ាងម៉ឺងម៉ាត់ ពង្រឹងគណនេយ្យភាព និងការត្រួតពិនិត្យ លើកកម្ពស់សេរីភាពប្រជាធិបតេយ្យ រួមមានសេរីភាពនៃការបញ្ចេញមតិ សិទ្ធិនៃការជួបជុំ និងការប្រមូលផ្ដុំ ជាដើម។
របាយការណ៍ស្ដីពីសន្ទស្សន៍អំពើពុករលួយឆ្នាំ២០២៣ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៥៨ ដូចឆ្នាំ២០២៤ ដែរ ប៉ុន្តែពិន្ទុរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៣ គឺទទួលបាន ២២ពិន្ទុ ចំណែកឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានតែ ២១ពិន្ទុប៉ុណ្ណោះក្នុងចំណោមពិន្ទុសរុបចំនួន១០០៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

