រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ប្រាប់ពលរដ្ឋកុំឱ្យសងប្រាក់ទៅក្រុមដែលផ្តល់កម្ចីអនឡាញខុសច្បាប់ ដោយជំរុញឲ្យពលរដ្ឋប្ដឹងទៅសមត្ថកិច្ច ក្នុងករណីអ្នកផ្តល់កម្ចីអនឡាញទាំងនោះរករឿង។
លោកថ្លែងដូច្នេះនៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កាលពីថ្ងៃទី១៣ ខែកុម្ភៈ។
លោកបានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ដែលខ្ចីពីក្រុមជនបរទេស ហើយមានដាក់គំនាបលើអ្នកខ្ចីខុសពីច្បាប់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ប្រាប់ពលរដ្ឋកុំឱ្យខ្លាចញញើតនឹងពួកកម្ចីខុសច្បាប់ទាំងនោះ។ លោកថា ប្រសិនបើក្រុមឱ្យខ្ចីប្រាក់នោះជាក្រុមដែលខុសច្បាប់ ក្រុមជនបរទេសដែលធ្វើការកម្ចីតាមអនឡាញជាដើមនោះ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយ សូមប្តឹងមកសមត្ថកិច្ច។
លោក ស សុខា បានបញ្ជាក់ថា អាជ្ញាធរត្រូវបន្តទប់ស្កាត់ការផ្ដល់កម្ចីខុសច្បាប់នេះ ដែលខ្លះផ្ដល់ដោយជនបរទេស ហើយកម្ចីបែបនេះតែងមានគំនាបទៅលើអ្នកខ្ចី។
លោកបន្តថា ពលរដ្ឋត្រូវបែងចែកឱ្យដាច់រវាងកម្ចីអនឡាញខុសច្បាប់ និងកម្ចីស្របច្បាប់ដែលផ្តល់ដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា។
ការផ្តល់សេវាឥណទាន ឬកម្ចីខុសច្បាប់កំពុងកើតមានយ៉ាងអនាធិបតេយ្យនៅកម្ពុជា មិនថានៅតាមប្រព័ន្ធអនឡាញ ឬតាមខ្នងផ្ទះរបស់ប្រជាជនឡើយ។ កម្ចីក្រៅប្រព័ន្ធនេះ គឺមានការប្រាក់ខ្ពស់ចន្លោះពី ១០ ទៅ ២០%។ ចំណែកអ្នកខ្ចីខ្លះត្រូវទទួលរងហិង្សា ឬការគំរាមបញ្ចេញរូបភាពអាសអាភាស បើមិនព្រមសងបំណុល។
យោងតាមប្រកាសរវាងអគ្គស្នងការនគរបាលជាតិ និងធនាគារជាតិកម្ពុជា កន្លងមក បានបញ្ជាក់ថា នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះការផ្ដល់ឥណទានខុសច្បាប់ និងផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្ដល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត។
កន្លងមក តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ការផ្តល់កម្ចីអនឡាញខុសច្បាប់ (Loan Shark) សំដៅលើការផ្តល់ប្រាក់កម្ចីតាមអនឡាញដោយឧក្រិដ្ឋជនជាក្រុមចាត់តាំង ដែលកម្ចីទាំងនោះតម្រូវឱ្យជនរងគ្រោះផ្តល់នូវព័ត៌មានដូចជា រូបភាព វីដេអូ ព័ត៌មានបុគ្គល និងកម្រៃសេវារដ្ឋបាល ជាដើម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

