28.6 C
Phnom Penh

“ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​អំពើ​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម បង្ហាញ​ថា​បក្ស​ប្រជាជន​នៅតែ​បន្ត​ដឹងគុណ​វៀតណាម”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម ចាត់ទុក​ការ​បង្កើត​ច្បាប់​ប្រឆាំង​ការ​មិន​ទទួលស្គាល់​អំពើ​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ថា​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​ដឹងគុណ​វៀតណាម គ្រប់​ជំនាន់។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ថា ច្បាប់​នេះ​អាច​នឹង​ត្រូវ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ចុះហត្ថលេខា​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​យ៉ាង​ឆាប់​រហ័ស​ក្នុង​នាម​ប្រមុខរដ្ឋ​ស្ដីទី​នៅ​ក្នុង​សប្ដាហ៍​នេះ។

លោក​បន្ត​ថា ការ​បង្កើត​ច្បាប់​នេះ​បង្ហាញ​ឱ្យ​ឃើញ​ដែរ​ថា ការ​ឈ្លានពាន​របស់​វៀតណាម តាំងពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្ន​នេះ គឺជា​រឿង​ត្រឹមត្រូវ។

លោក វ៉ន ចាន់ឡូត សង្ស័យ​ថា ព្រះរាជ​ដំណើរ​របស់​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហមុនី យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃទី​៣ ខែ​មីនា នេះ ក្រៅតែ​ពី​ការ​ពិនិត្យ​ព្រះរាជ​សុខភាព ក៏​ទំនង​ជា​ការ​គេចវេះ​មិន​ឡាយ​ព្រះហស្តលេខា​ដោយ​ផ្ទាល់​លើ​ច្បាប់​នេះ​ដែរ។

អ្នក​សិក្សា​ផ្នែក​ច្បាប់​រូប​នេះ​បញ្ជាក់​ថា ការ​ដែល​ព្រះអង្គ​មិន​បាន​ឡាយ​ព្រះហស្តលេខា​លើ​ច្បាប់​នេះ ក៏​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ដែរ​ថា ទ្រង់​មិន​អាច​ឡាយ​ព្រះហស្តលេខា​កាត់ទោស​ព្រះបិតា​របស់​ព្រះអង្គ គឺ​សម្ដេច នរោត្តម សីហនុ និង​ថ្កោលទោស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្មែរក្រហម​នា​ពេល​នោះ​ទេ។

ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើង​ថា ការ​បង្កើត​ច្បាប់​ប្រឆាំង​ការ​មិន​ទទួលស្គាល់​អំពើ​ឧក្រិដ្ឋកម្ម​ខ្មែរក្រហម គឺ​ដើម្បី​កុំ​ឱ្យ​របប​នេះ​កើត​ឡើង​មក​វិញ​ប៉ុណ្ណោះ។

ចំណែក​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើង​ក្នុង​ពិធី​បើក​សន្និបាត​លើក​ទី​២០ របស់​អង្គការ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ឥស្លាម​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក (RISEAP) កាលពី​ចុង​ខែ​កុម្ភៈ ថា ការ​បង្កើត​ច្បាប់​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្រុម​ធ្វើ​នយោបាយ​ប្រឆាំង​ជ្រុល​និយម​មួយ​ចំនួន​ដែល​បន្ត​បដិសេធ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​ក្នុង​របប​ខ្មែរ​ងងឹត ប៉ុល ពត។

ច្បាប់​ស្ដីពី​ការ​ប្រឆាំង​មិន​ទទួលស្គាល់​អំពើ​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​រាជរដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ធសភា អនុម័ត​យល់ព្រម​អស់​ហើយ​នៅ​ពេលនេះ គឺ​រង់ចាំ​តែ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៥ នេះ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​យាង​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព។

ទោះបីជា​អវត្តមាន​ព្រះមហាក្សត្រ​ក៏ដោយ ក៏​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន នឹង​ត្រូវ​ចុះហត្ថលេខា​ជំនួស​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស