32.9 C
Phnom Penh

លោក សយ សុភាព ថា​អាមេរិក​អាច​នឹង​បញ្ជូន​ក្រុម​ប្រឆាំង​មក​កម្ពុជា ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ថា​ជា​ចេតនា​ភូត​កុហក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាងហ្វាង​កាសែត​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច លើកឡើង​ថា សហរដ្ឋ​អាមេរិក​អាច​នឹង​បញ្ជូន​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ត្រឡប់​ទៅ​កម្ពុជា​ក្នុង​ពេល​ដែល​គោលជំហរ​នយោបាយ​របស់​អាមេរិក​កំពុង​ផ្លាស់ប្ដូរ​នៅ​ពេលនេះ។

អគ្គនាយក​កាសែត​ដើម​អម្ពិល លោក សយ សុភាព លើកឡើង​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ មីនា នេះ​ថា កន្លង​មក ទឹកដី​អាមេរិក​ជា​ឋានសួគ៌​ឋាន​សុខ​របស់​ក្រុម​ជ្រុល​និយម ដែល​ពួកគេ​អាច​ធ្វើ​អ្វីៗ​ស្រេច​នឹង​ចិត្ត ប៉ុន្តែ​នៅ​ពេលនេះ ក្នុង​ស្ថានភាព​ដែល​ជំហរ​នយោបាយ​របស់​អាមេរិក​កំពុង​ប្រែប្រួល ពួកគេ​មិន​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ណា​មួយ​ពី​មហាអំណាច​នេះ​ទៀត​ទេ។

លោក សយ សុភាព ជំរុញ​ឱ្យ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ទាំង​នៅ​ក្រៅ​ស្រុក និង​នៅ​ក្នុង​ស្រុក គួរតែ​ដល់​ពេល​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបថ​នយោបាយ​របស់​ខ្លួន​ហើយ ព្រោះ​អាមេរិក​មិន​បន្ត​នយោបាយ​គាំទ្រ​ពួកគេ​ដូច​ពេល​មុន​ទៀត​ទេ ទោះ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​មិន​គិត​ថា​អាមេរិក​នឹង​ចាប់​បញ្ជូន​ខ្លួន​ពួកគេ​ទៅ​កម្ពុជា​វិញ​ក៏ដោយ ប៉ុន្តែ​ការ​ប្រែប្រួល​អាច​នឹង​កើត​មាន​ឡើង​បាន​គ្រប់​ពេល​ទាំងអស់។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ មីនា នេះ​ដែរ​ថា ការ​លើកឡើង​របស់​លោក សយ សុភាព បង្កប់​នូវ​ចេតនា​ភូត​កុហក​ពលរដ្ឋ​ខ្មែរ​យ៉ាង​ច្បាស់ ហើយ​ការ​និយាយ​បែប​នេះ​ក៏​បង្ហាញ​អំពី​ការ​មិន​យល់ដឹង​របស់​គាត់​ចំពោះ​ច្បាប់​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក​ដែរ។

លោក អ៊ុំ សំអាន លើកឡើង​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មិន​អាច​បញ្ជូន​អ្នក​នយោបាយ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង ឬ​អ្នក​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នយោបាយ​ដែល​រស់នៅ​ក្នុង​ប្រទេស​គេ​ឡើយ ចំណែកឯ​មនុស្ស​ដែល​រដ្ឋាភិបាល​អាមេរិក​ចាប់​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ រួម​ទាំង​ជនជាតិ​ខ្មែរ​ផង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​ដោយសារ​អ្នក​ទាំងនោះ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ហើយ​មិន​ទាន់​ចូល​សញ្ជាតិ​អាមេរិកាំង។

អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់​សញ្ជាតិ​មួយ​បែប​ទៀត គឺ​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​បាន​ហើយ ចូល​សញ្ជាតិ​អាមេរិកាំង​បាន​ហើយ បែរ​ជា​វិល​មក​បម្រើ​គាំទ្រ​រដ្ឋាភិបាល​ផ្ដាច់ការ​ផ្ដាច់មុខ​វិញ ពីព្រោះ​គេ​ចាត់ទុក​ជា​ការ​បំពេញ​ឯកសារ​ក្លែង​បំភ័ន្ត​ស្វែងរក​ប្រយោជន៍​លើ​ទម្រង់​លេខ N-400 ត្រង់​ភាគ​១១ ហើយ​និង​បំពាន​សម្បថ perjury។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ពិត​មែន​តែ​ជំហរ​នយោបាយ​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី​មាន​ការ​ផ្លាស់ប្ដូរ​គួរ​ឱ្យ​កត់សម្គាល់​ក៏​ពិត​មែន ប៉ុន្តែ​ក៏​មិន​ដល់​ថ្នាក់​បញ្ជូន​ជនភៀសខ្លួន​នយោបាយ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ធ្វើបាប​ពួកគេ​វិញ​នោះ​ទេ ព្រោះ​ច្បាប់​អន្តោប្រវេសន៍​របស់​អាមេរិក គឺជា​ច្បាប់​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​គោរព មិនមែន​ដូច​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា​ដែល​អាច​ឱ្យ​លោក ហ៊ុន សែន ផ្លាស់ប្ដូរ​ស្រេច​នឹង​ចិត្ត​នោះ​ទេ។

គេ​សង្កេត​ឃើញ​ថា អ្នក​នយោបាយ​ប្រឆាំង​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដូចជា​អាមេរិក បារាំង កាណាដា អូស្ត្រាលី និង​ប្រទេស​មួយ​ចំនួន​ទៀត ជាដើម បាន​ចេញ​ធ្វើ​សកម្មភាព​នយោបាយ​ជា​បន្តបន្ទាប់ ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រានចោល​នូវ​ការ​ទាមទារ​ទាំងនោះ​ជា​បន្តបន្ទាប់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស