38.5 C
Phnom Penh

សមាជិក​បក្ស​ភ្លើង​ទៀន ៣​នាក់​ត្រូវ​បាន​ដោះលែង​ក្រោយពី​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន ២​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​គណបក្ស​ភ្លើង​ទៀន ចំនួន ៣​រូប​ដែល​រង​ការ​ចោទប្រកាន់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ស្នាម​មេដៃ​ស្នើ​បង្កើត​គណបក្ស​បេះដូង​ជាតិ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ម៉ោង ២​រំលង​អាធ្រាត្រ​ថ្ងៃ​ចន្ទ ទី​២៤ មីនា ក្រោយពី​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន ២​ឆ្នាំ ដោយ​ពួកគេ​បាន​ស្នើសុំ​សម្រាក​ពី​នយោបាយ​មួយ​រយៈ។

អ្នក​នាំពាក្យ​សម្ព័ន្ធ​ឆ្ពោះទៅ​អនាគត លោក គីមសួរ ភីរិទ្ធិ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃទី​២៤ មីនា នេះ​ថា សមាជិក​គណបក្ស​ភ្លើង​ទៀន ចំនួន ៣​រូប ដែល​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នោះ​រួមមាន លោក ខឿន វីរ៉ាត់ ប្រធាន​ចលនា​យុវជន​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​រាជធានី​ភ្នំពេញ អ្នកស្រី នូ សិទ្ធារី និង​លោក តូច ថឹង ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​កំពង់ចាម។ ពួកគេ​ទាំង​បី​នាក់​ត្រូវ​បាន​ដោះលែង​នៅ​ម៉ោង ២​រំលង​អាធ្រាត្រ​ថ្ងៃ​ចន្ទ ទី​២៤ មីនា។

លោក គីមសួរ ភីរិទ្ធ បាន​ឲ្យ​ដឹង​ថា មន្ត្រី​សម្ព័ន្ធ​ឆ្ពោះ​ទៅ​អនាគត​បាន​ទៅ​សួរ​សុខទុក្ខ​ពួកគេ​ដើម្បី​ដឹង​ឮ​ពី​បញ្ហា​សុខភាព និង​គោលជំហរ​នយោបាយ​ទៅ​មុខ​ជា​បន្ត​ទៀត ប៉ុន្តែ​អ្នក​ទាំង ៣​នាក់​នៅ​មិន​ទាន់​មាន​ទឹកចិត្ត​ប្រឡូក​ក្នុង​សកម្មភាព​នយោបាយ​ឡើងវិញ​ភ្លាមៗ​ទេ ដោយ​ស្នើសុំ​សម្រាក​ដក​ខ្លួន​ពី​នយោបាយ​មួយ​រយៈពេល​សិន។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​អ្នក​នាំពាក្យ​សម្ព័ន្ធ​ឆ្ពោះ​ទៅ​អនាគត លោក​ចាត់ទុក​រឿង​នេះ​ជា​រឿង​ដ៏​អយុត្តិធម៌​ចំពោះ​សកម្មជន​បក្ស​ប្រឆាំង។

នៅ​ថ្ងៃទី​២៤ មីនា នេះ គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដោយ​កោតសរសើរ​ពី​វីរភាព​របស់​លោក ខឿន វីរ៉ាត់ លោក តូច ថឹង និង​អ្នកស្រី នូ សិទ្ធារី ដែល​ហ៊ាន​លះបង់​សេរីភាព​អស់ ២​ឆ្នាំ​ដើម្បី​បុព្វហេតុ​យុត្តិធម៌ សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ទាំង​ពីរ​បាន​ទទូច​ជា​ថ្មី​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នកទោស​មនសិការ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ពួកគេ​មាន​សេរីភាព​ជួបជុំ​គ្រួសារ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា លោក​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ។ លោក​ថា​ចំណាត់ការ​លើ​អ្នក​ទាំង​បី​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​កន្លង​ទៅ គឺ​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នោះ​ទេ។

លោក ខឿន វីរ៉ាត់ លោក តូច ថឹង និង​អ្នកស្រី នូ សិទ្ធារី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​អំឡុង​ឆ្នាំ​២០២៣ ក្រោម​បទចោទប្រកាន់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ស្នាម​មេដៃ​ស្នើ​បង្កើត​គណបក្ស​បេះដូង​ជាតិ ដែល​មាន​លោក សៀម ភ្លុក ជា​ស្ថាបនិក និង​ចូលរួម​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់​លក្ខខណ្ឌ​ស្រប​តាម​ច្បាប់​ដើម្បី​ឲ្យ​គណបក្ស​អាច​ចូលរួម​បោះឆ្នោត​កាលពី​ឆ្នាំ​២០២៣៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស