34.1 C
Phnom Penh

គ្រូបង្រៀន​ខ្លះ​ចាត់ទុក​ចំណាត់ថ្នាក់​ទី​១២០ នៃ​វិស័យ​អប់រំ​កម្ពុជា គឺជា​ការ​ដាស់តឿន​ឱ្យ​កែសម្រួល​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រូបង្រៀន​តាម​សាលា​រដ្ឋ​មួយ​ចំនួន ចាត់ទុក​ការ​ដាក់​ចំណាត់ថ្នាក់​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១២០ ដែល​ផ្តល់​ដោយ​បណ្ដាញ​វាយតម្លៃ​ការ​អប់រំ​សកល (World Population Review) នោះ គឺជា​ការ​ដាស់តឿន​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន កែសម្រួល​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​ដែល​កំពុង​បម្រើ​ឱ្យ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ​ឡើងវិញ។

គ្រូបង្រៀន​តាម​សាលា​វិទ្យាល័យ​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​១ មេសា នេះ​ថា ប្រព័ន្ធ​អប់រំ​កម្ពុជា​សព្វថ្ងៃ​នេះ​មិនមែន​ជា​ថ្នាល​បណ្តុះបណ្តាល​កូន​ខ្មែរ​ឱ្យ​មាន​ចំណេះដឹង​ផ្នែក​បច្ចេកទេស និង​ជា​ថ្នាល​បណ្តុះបណ្តាល​មនសិការ​ឱ្យ​ពួកគេ​ស្នេហា​ជាតិ​អ្វី​នោះ​ទេ ប៉ុន្តែ​ជា​ថ្នាល​បំពាក់បំប៉ន​មនោគមន៍វិជ្ជា​ឱ្យ​ស្រឡាញ់​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្រឡាញ់​សន្តិភាព​ក្លែងក្លាយ​ប៉ុណ្ណោះ។

ប្រភព​ដដែល​លើកឡើង​ថា គ្រប់​គ្រឹះស្ថាន​អប់រំ​សិក្សា​ទាំងអស់​នៅ​ទូទាំង​ប្រទេស ចាប់តាំងពី​ថ្នាក់​បឋមសិក្សា​ឡើង​ទៅ ត្រូវ​បាន​បក្ស​កាន់​អំណាច​រៀបចំ​ឱ្យ​មាន​នាយក​ម្នាក់​គ្រប់គ្រង​គ្រឹះស្ថាន​អប់រំ​មួយ ដើម្បី​អនុវត្ត​ការងារ​របស់​គណបក្ស ដូចជា ការ​តម្រូវ​ឱ្យ​គ្រូបង្រៀន​ក្នុង​សាលា​ចូល​ជា​សមាជិក​គណបក្ស រៃអង្គាស​លុយ​ឱ្យ​គណបក្ស​ប្រចាំ​ឆ្នាំ រៃអង្គាស​លុយ​ចូលរួម​កាកបាទក្រហម រៃអង្គាស​លុយ​សម្រាប់​ឃោសនា​គណបក្ស​នៅ​មូលដ្ឋាន ឬ​ក្នុង​ឃុំ-សង្កាត់​របស់​ខ្លួន ជាដើម។

ជាង​នេះ​ទៀត ប្រព័ន្ធ​អប់រំ​មួយ​នេះ​ក៏​កំពុង​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) របស់​លោក ហ៊ុន ម៉ានី គ្រប់​កន្លែង ខណៈ​គ្រូបង្រៀន​ដែល​ជា​សមាជិក​អង្គភាព​មួយ​នេះ ក៏​នឹង​ក្លាយ​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល និង​អំណាច​នៅ​ក្នុង​សាលា​ថែមទៀត ទោះ​ពួកគេ​មិនមែន​ជា​គណៈ​គ្រប់គ្រង​សាលា​ក៏ដោយ ហើយ​អ្នក​ទាំងនោះ​ក៏​អាច​នឹង​ឡើង​លឿន​ដែរ។

ក្រៅពី​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រព័ន្ធ​អប់រំ​មួយ​នេះ​ក៏​ធ្លាក់​ទៅ​ក្នុង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​ដែរ ដូចជា ការ​គប់គិត​គ្នា​រវាង​បុគ្គលិក​អប់រំ និង​នាយក​សាលា ជាដើម ដោយ​ការ​ទទួល​បាន​នូវ​សំណូក​សូកប៉ាន់ ជា​ថ្នូរ​នឹង​ការ​ផ្តល់​ម៉ោង​បង្រៀន​ក្នុង​សាលា​រដ្ឋ​តិចតួច ដើម្បី​ឱ្យ​ពួកគេ​អាច​ទៅ​បង្រៀន​នៅ​សាលា​ឈ្នួល​ដែល​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ ឬ​ដើម្បី​ឱ្យ​ពួកគេ​អាច​បើក​ម៉ោង​បង្រៀន​គួរ ជាដើម។

បុគ្គលិក​អប់រំ​ដដែល​នេះ​អះអាង​ថា សាលារៀន​ដែល​នៅ​តាម​ទី​ជនបទ​មិន​សូវ​មាន​គ្រូបង្រៀន​ទេ ហើយ​ក៏​បង្រៀន​សិស្ស​មិន​ពេញលេញ​ដែរ។

កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៥ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ចាត់ទុក​ថា​ការ​ផ្តល់​ចំណាត់ថ្នាក់​ឱ្យ​វិស័យ​អប់រំ​របស់​កម្ពុជា​ជាប់​លេខ​រៀង​ទី​១២០ ដែល​ជា​ចំណាត់ថ្នាក់​មិន​អាច​ទទួលយក​បាន និង​មិនមែន​ធ្វើឡើង​តាម​បែប​វិទ្យាសាស្ត្រ។

ការ​ច្រានចោល​នេះ ធ្វើឡើង​បន្ទាប់ពី​គេហទំព័រ​របស់​បណ្ដាញ​វាយតម្លៃ​ការ​អប់រំ​សកល (World Population Review 2025) បាន​ចេញ​ផ្សាយ​ពី​ចំណាត់ថ្នាក់​នៃ​ការ​អប់រំ​នៅ​លើ​ពិភពលោក​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​ក្នុង​នោះ គេហទំព័រ​មួយ​នេះ​បាន​ដាក់​ពិន្ទុ​ឲ្យ​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១២០ ជា​ចំណាត់ថ្នាក់​ដែល​ស្ថិត​នៅ​ទាប​ជាង​ប្រទេស​ទីម័រខាងកើត ប្រទេស​ថៃ និង​ប្រទេស​ឡាវ ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស