26.6 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​ប្រព្រឹត្ត​របស់​បុគ្គល​ឈ្មោះ ឈាវ មុន្និន បង្ហាញ​ឱ្យ​ឃើញ​ពី​កម្សោយ​កម្លាំង​ការពារ​ជាតិ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ប្រព្រឹត្ត​ខុស​វិន័យ​កម្លាំង​ប្រដាប់​អាវុធ​របស់​បុគ្គល​ឈ្មោះ ឈាវ មុន្និន ជា​សញ្ញា​បង្ហាញ​ឱ្យ​ឃើញ​ពី​កម្សោយ​កម្លាំង​ការពារ​ជាតិ​ខ្មែរ និង​បង្ហាញ​ឱ្យ​ឃើញ​ពី​កម្រិត​ទាប​នៃ​ការ​គ្រប់គ្រង​របស់​ស្ថាប័ន​ការពារ​ទឹកដី​របស់​កម្ពុជា។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មេសា នេះ​ថា បើ​ពិនិត្យ​លើ​រូបសម្បត្តិ​របស់​បុគ្គល​ឈ្មោះ ឈាវ មុន្និន នេះ ដោយ​ប្រៀបធៀប​ជាមួយ​នឹង​តួនាទី​ក្នុង​កងកម្លាំង​ប្រដាប់​អាវុធ​របស់​គេ គឺ​មិន​សក្ដិសម​ទាល់តែសោះ ព្រោះ​បុគ្គល​រូប​នេះ​នៅ​ក្មេង​ល្ហក់ តែ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្ដមសេនីយ៍ត្រី​ផ្កាយ​១ និង​មាន​ងារ​ជា​ឧកញ៉ា​ថែម​ទៀត​នោះ។

លោក​បន្ត​ថា មន្ត្រី​កងកម្លាំង​ម្នាក់ៗ​មុន​នឹង​ទទួល​បាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្ដមសេនីយ៍ត្រី​ផ្កាយ​១ ត្រូវ​ឆ្លងកាត់​រយៈពេល និង​ការ​បំពេញ​ការងារ រួម​ទាំង​ស្នាដៃ​ច្រើន​ណាស់ ប៉ុន្តែ​បុគ្គល​ម្នាក់​ដែល​មាន​សាច់​សខ្ចី ធាត់​ទ្រលុកទ្រលន់​បែប​នេះ មិន​សម​ទំនង​ថា​នឹង​បាន​ឆ្លងកាត់​ការ​បំពេញ​ភារកិច្ច និង​មាន​ស្នាដៃ រួម​ទាំង​បាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ពី​សាលា​យោធា​ដោយ​ត្រឹមត្រូវ​នោះ​ទេ។

លោក ម៉ែន ណាត ជំរុញ​ឱ្យ​ក្រសួង​ការពារ​ជាតិ ស្រាវជ្រាវ​ពី​ការ​តែងតាំង​ឋានន្តរសក្តិ និង​តួនាទី​របស់​បុគ្គល​រូប​នេះ ដើម្បី​ឱ្យ​ប្រាកដ​ថា​បាន​មក​ដោយ​របៀប​ណា ដោយ​អំពើពុករលួយ ឬ​ដោយ​ការ​បំពេញ​មុខងារ​ពិតប្រាកដ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​ព្រមាន​ថា កម្ពុជា​នឹង​មិន​អាច​ការពារ​ទឹកដី​របស់​ខ្លួន​បាន​ទេ បើ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ប្រឹង​ពង្រឹង​តែ​កងកម្លាំង​កង​អង្គរក្ស​សម្រាប់​ការពារ​អំណាច​ក្រុម​គ្រួសារ​របស់​ខ្លួន ជាជាង​ពង្រឹង​កងកម្លាំង​សម្រាប់​ការពារ​ជាតិ​នោះ។

នៅ​ដើម​ខែ​មេសា ឆ្នាំ​២០២៥ បុគ្គល​ឈ្មោះ ឈាវ មុន្និន ដែល​មាន​គោរមងារ​ជា​ឧកញ៉ា និង​មាន​តួនាទី​ជា​នាយករង​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​កងទ័ព​ជើង​អាកាស ក្រសួង​ការពារ​ជាតិ បាន​ថត​បង្ហោះ​វីដេអូ​រាំ​ច្រៀង​លើ​បណ្ដាញ​សង្គម TikTok ដោយ​បង្ហាញ​នូវ​រូបភាព និង​អាកប្បកិរិយា​មិន​សមរម្យ​ក្នុង​នាម​ជា​យោធិន។

ក្នុង​វីដេអូ​នោះ បុគ្គល​ឈ្មោះ ឈាវ មុន្និន ក៏​បាន​បង្ហាញ​ក្រដាស​ប្រាក់​ដុល្លារ​លើ​តុ​ការិយាល័យ​របស់​ខ្លួន​ក្នុង​ក្រសួង​ការពារ​ជាតិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការពារ​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៥ ថា អាកប្បកិរិយា​មិន​សមរម្យ​របស់​បុគ្គល​ឈ្មោះ ឈាវ មុន្និន បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​ឧត្តមភាព​របស់​ក្រសួង​ការពារ​ជាតិ និង​កងយោធពល​ខេមរភូមិន្ទ​យ៉ាង​ធ្ងន់ធ្ងរ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា ក៏​បាន​សម្រេច​ចាត់តាំង​ឱ្យ​អង្គភាព​ជំនាញ​រៀបចំ​បង្កើត​ក្រុមប្រឹក្សា​វិន័យ​ក្នុង​បំណង​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​នូវ​រាល់​ទង្វើ​ទាំងឡាយ​ដែល​បុគ្គល​រូប​នេះ​បាន​ប្រព្រឹត្ត ដើម្បី​ដាក់​ទណ្ឌកម្ម​ឱ្យ​ស្រប​ទៅ​នឹង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស