26.6 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​មិន​អនុវត្ត​ច្បាប់​ចាប់​ឧក្រិដ្ឋជន​ចាប់​ជំរិត គឺជា​ការ​គប់គិត​គ្នា​រវាង​សមត្ថកិច្ច​និង​ជនល្មើស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចាត់ទុក​ការ​មិន​អនុវត្ត​ច្បាប់​ចាប់​ឧក្រិដ្ឋជន​ជនជាតិ​ចិន ដែល​បាន​ចាប់​ជំរិត​លើ​នារី​រងគ្រោះ​អស់​ជាច្រើន​ខែ​មក​នេះ គឺជា​ការ​គប់គិត​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុម​ឧក្រិដ្ឋជន ព្រោះ​នេះ​ជា​អំពើ​ឧក្រិដ្ឋ​មិន​អាច​សម្រុះសម្រួល​ដោយ​គ្រាន់តែ​សង​លុយ​ឱ្យ​ជនរងគ្រោះ​វិញ ហើយ​បញ្ចប់​រឿង​នោះ​ទេ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ មេសា នេះ​ថា តុលាការ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រូវតែ​បើក​ការ​ស៊ើបអង្កេត​លើ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ព្រោះ​ពួកគេ​បាន​ដឹង​នូវ​អំពើ​ឧក្រិដ្ឋកម្ម​នេះ​ហើយ តែ​បែរជា​ព្យាយាម​លាក់បាំង​នូវ​រឿង​នេះ ដោយ​ការ​សម្រុះសម្រួល​ឱ្យ​ជនល្មើស​រួច​ខ្លួន​ទៅវិញ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​មិន​អើពើ​លុបបំបាត់​ក្រុម​ឧក្រិដ្ឋជន​ដែល​ប្រើ​កម្ពុជា​ធ្វើ​ជា​ទីតាំង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ទេ គឺ​ស្មើ​នឹង​រដ្ឋាភិបាល​គប់គិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ដែរ ហើយ​ទង្វើ​បែប​នេះ គឺជា​ការ​បំផ្លាញ​ប្រទេស​កម្ពុជា​សុទ្ធសាធ ខណៈ​ជនរងគ្រោះ​ពី​ការ​ដឹកនាំ​បែប​នេះ គឺ​ពលរដ្ឋ​របស់​ខ្លួនឯង​ប៉ុណ្ណោះ។

ស្ត្រី​រងគ្រោះ​ពី​ករណី​ចាប់​ជំរិត​ម្នាក់​ឈ្មោះ ប៊ុន ស្រីទូច ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ស្រង់​សម្ដី​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ថា ខ្លួន​ត្រូវ​បាន​ថៅកែ​ជនជាតិ​ចិន-ម៉ាឡេស៊ី ឈ្មោះ ស៊ែវ ជី ប្រើ​អំពើ​ហិង្សា​វាយដំ​លើ​រូបរាងកាយ​នឹង​ដំបង​ឆក់ ដោយ​ជំរិត​ឱ្យ​ផ្ទេរ​ទឹកប្រាក់​ចំនួន ២៤០០​ដុល្លារ​អាមេរិក​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ឱ្យ​រួច​ខ្លួន។

ប្រភព​ដដែល​អះអាង​ថា ជនជាតិ​ទាំងនោះ​បាន​ចាប់​ពួកគេ​បង្ខំ​ឱ្យ​លុត​ជង្គង់​ដោយ​សង្កត់​ក្បាល​ពួកគេ​ទៅ​នឹង​ការ៉ូ បន្ទាប់​មក​ក៏​ដាក់​ខ្នោះដៃ​ទាំង​សងខាង ហើយ​បាន​ចាប់​អ្នក​ទាំង​ពីរ​ទៅ​លើ​អគារ​មួយ​ជាន់​ទៀត និង​ប្រើ​ដំបង​ឆក់​ចង្កេះ​នៅ​ពេល​ដែល​ពួកគេ​រើបម្រះ។

ពេល​ទៅ​ដល់​លើ​អគារ​នោះ ស្ត្រី​រងគ្រោះ​បាន​អង្វរ​សុំ​ឱ្យ​ដោះលែង​ជា​ថ្នូរ​នឹង​ការ​ប្រគល់​លុយ​ឱ្យ​តាម​ការ​បង្ខំ​របស់​ពួកគេ ដោយ​ជនជាតិ​ចិន​ទាំងនោះ​បញ្ជា​ឱ្យ​ស្ត្រី​រងគ្រោះ​ផ្ទេរ​លុយ​ចំនួន ២៤០០​ដុល្លារ​ទាំង​ដៃ​ជាប់​ខ្នោះ ទើប​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ដោះលែង​ឱ្យ​រួច​ខ្លួន​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ស្ត្រី​រងគ្រោះ​រូប​នេះ​អះអាង​ថា ករណី​នេះ​បាន​កើត​ឡើង​ជិត ២​ខែ​មក​ហើយ​ចាប់តាំងពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៥ រហូត​ដល់​ពេលនេះ ប៉ុន្តែ​ខ្លួន​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពី​អំពើ​ចាប់​ជំរិត​នេះ​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​គ្រាន់តែ​សម្រុះសម្រួល​ឱ្យ​ទទួល​យក​លុយ​ចំនួន ២៤០០​ដុល្លារ​ដែល​ជនជាតិ​ចិន​នោះ​បាន​ជំរិត​យក និង​ចំនួន​លុយ ១​ពាន់​ដុល្លារ​ទៀត​ជា​ថ្នូរ​នឹង​ការ​សង​ជំងឺចិត្ត។

ទាក់ទិន​នឹង​បញ្ហា​នេះ គេហទំព័រ​អន្តរជាតិ​ឈ្មោះ NUMBEO បាន​ចេញ​ផ្សាយ​ពី​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប្រចាំ​ឆ្នាំ​២០២៤ (Crime index in Southeast Asia-2024) កាលពី​ចុង​ឆ្នាំ​២០២៤ ថា ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​ប្រទេស​សម្បូរ​ឧក្រិដ្ឋកម្ម​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ាន។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​លោក ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​ករណី​ចាប់​ជំរិត​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ ព្រោះ​ទូរសព្ទ​មិន​ចូល៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស