កងទ័ពកម្ពុជា និងចិន គ្រោងធ្វើសមយុទ្ធ «នាគមាស ២០២៥» រួមគ្នារយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី១៤-២៨ ខែឧសភា ខាងមុខ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា សមយុទ្ធនេះនឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។
ប្រភពខាងលើអះអាងថា សមយុទ្ធយោធារួមគ្នាលើកទី៧ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាមានិតចិន នឹងប្រព្រឹត្តទៅនៅមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
លោកស្រី ម៉ាលី សុជាតា អះអាងថា សមយុទ្ធនេះ គឺដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និងបង្កើនសមត្ថភាព ជំនាញ និងបទពិសោធន៍របស់កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាចូលរួមចំណែកដល់បេសកកម្មរក្សាសន្តិភាពនៅក្រោមឆត្រអង្គការសហប្រជាជាតិផង។
កម្ពុជា និងចិន បានផ្តើមធ្វើលំហាត់យោធារួមគ្នាជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៦ ខណៈកម្ពុជាបានសម្រេចផ្អាកការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៧។ សមយុទ្ធយោធានាគមាសរវាងកម្ពុជា និងចិន ត្រូវគេសង្កេតឃើញមានទ្រង់ទ្រាយកាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
មន្ត្រីយោធាកម្ពុជាធ្លាប់បានអះអាងថា សមយុទ្ធរវាងកម្ពុជា និងចិន មិនមែនជាការគំរាមកំហែងដល់ប្រទេសណា ឬបុគ្គលណាមួយឡើយ ពោលជាសមយុទ្ធដើម្បីផ្លាស់ប្ដូរបទពិសោធន៍រវាងកងទ័ពនៃប្រទេសទាំងពីរ និងក៏ដើម្បីពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

