28.7 C
Phnom Penh

យុទ្ធនាការ​ចែកចាយ​ក្រដាសប្រាក់​រៀល គេ​ថា​ជា​ការ​រើបម្រះ​ស្វែងរក​សេរីភាព តើ​អាច​ជា​ឧទ្ទាម​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​ដែល​ពលរដ្ឋ​ធ្វើ​យុទ្ធនាការ​ចែកចាយ​ក្រដាសប្រាក់​រាប់​លាន​សន្លឹក​ប្រឆាំង​របប​ដឹកនាំ​បច្ចុប្បន្ន គឺជា​ភស្តុតាង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រើបម្រះ​ដើម្បី​សេរីភាព​ពលរដ្ឋ​ដែល​ត្រូវ​បាន​គាបសង្កត់​ដោយ​របប​ដឹកនាំ​ត្រកូល​ហ៊ុន។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មេសា នេះ​ថា សម្រាប់​រូបលោក​ផ្ទាល់ រួម​ទាំង​បក្ស​ប្រឆាំង​ផង មិន​បាន​ចូលរួម ឬ​ផ្ដួចផ្ដើម​ឱ្យ​មាន​ការ​ចែកចាយ​ក្រដាសប្រាក់​នេះ​ទេ ប៉ុន្តែ​ក្រដាសប្រាក់​ទាំងនេះ​ត្រូវ​បាន​គេ​យក​មក​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​របស់​ពលរដ្ឋ​ដែល​រង​នូវ​ភាព​អយុត្តិធម៌​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រហូត​មក។

លោក អ៊ុំ សំអាន លើកឡើង​ថា ការ​ធ្វើ​បែប​នេះ​ក៏​ជា​ការ​បញ្ចេញមតិ​ដោយ​អហិង្សា​មួយ​ដែរ ចំពោះ​ការ​ដឹកនាំ​ដែល​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ពេញ​ប្រទេស។ លោក​ថា ជា​បទពិសោធន៍ អ្នក​ដែល​ចេញ​មុខ​បញ្ចេញមតិ​រិះគន់​ការ​ដឹកនាំ​របប​នេះ​កន្លង​មក ឃើញ​តែ​ត្រូវ​បាន​ចាប់​ខ្លួន​ជាបន្តបន្ទាប់។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា តាមរយៈ​នៃ​ការ​ចែកចាយ​ក្រដាសប្រាក់​ទាំងនេះ លោក ហ៊ុន សែន គួរតែ​ដឹង​ដោយ​ខ្លួនឯង​ហើយ​ថា ទោះ​គាត់​គំរាម​ចាប់​ខ្លួន​អ្នក​ហ៊ាន​ចេញ​មុខ​បញ្ចេញមតិ​រិះគន់​ក៏ដោយ ក៏​គាត់​មិន​អាច​បង្ក្រាប​ពលរដ្ឋ​ដែល​រង​ការ​ឈឺចាប់​ក្រោម​របប​ដឹកនាំ​របស់​គាត់​បាន​ដែរ ដូច​ពាក្យ​ខ្មែរ​ថា «មាន​ការ​គាបសង្កត់​នៅ​ទី​ណា ការ​រើបម្រះ​ក៏​កើត​មាន​នៅ​ទីនោះ​ដែរ»

អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​នាំគ្នា​ចែកចាយ​នូវ​ក្រដាសប្រាក់​រៀល​ជាច្រើន​ប្រភេទ និង​ជាច្រើន​សន្លឹក ដូចជា ក្រដាសប្រាក់ ១​ពាន់​រៀល ៥​ពាន់​រៀល និង​ក្រដាសប្រាក់ ៥០០​រៀល ជាដើម ដែល​មាន​សរសេរ​អក្សរ​ផ្សេងៗ​ថា «យុទ្ធនាការ​ចែកចាយ​ក្រដាសប្រាក់​រៀល​ដើម្បី​ប្រឆាំង​ការ​កាន់​អំណាច​ផ្ដាច់ការ​ត​ពូជ​ត្រកូល​ហ៊ុន»

ក្រដាសប្រាក់​ខ្លះ​ទៀត​សរសេរ​ថា «អំណាច​ហ៊ុន​ត​ត្រកូល ខ្មែរ​ថ្ងូរ​ត​ជំនាន់»។ យុទ្ធនាការ​នេះ​នឹង​ធ្វើ​ឡើង​គ្រប់ ២៥​រាជធានី-ខេត្ត ហើយ​សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​យុទ្ធនាការ​នេះ​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​អ្នកទោស​នយោបាយ ស្ដារ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ។

អ្នក​ឃ្លាំមើល​សង្គម​ខ្លះ​រង់ចាំ​មើល​ថា តើ​រដ្ឋអំណាច​សព្វថ្ងៃ​នឹង​ចោទប្រកាន់​អ្នក​ចែកចាយ​ក្រដាសប្រាក់​រៀល​ថា​ជា​ក្រុម​ឧទ្ទាម​បដិវត្តន៍​ពណ៌​ដែរ​ឬ​ក៏​អត់។

អង្គការ Freedom House បញ្ជាក់​ថា ឆ្នាំ​២០២៤ នេះ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៨ ក្នុង​ចំណោម​ប្រទេស​ទាំង​១១ ក្នុង​តំបន់​អាស៊ាន ជា​ប្រទេស​ល្បីល្បាញ​ខាង​គាបសង្កត់​សេរីភាព​នយោបាយ សេរីភាព​បញ្ចេញមតិ សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស