អ្នកឃ្លាំមើលនិយាយថា បើកិច្ចសហការសមយុទ្ធនាគមាសកម្ពុជា-ចិន ដើរហួសគោលការណ៍អព្យាក្រឹត្យ នោះមិនមែនដើម្បីពង្រឹងសមត្ថភាពកងទ័ពកម្ពុជាទេ ប៉ុន្តែគឺជាការនាំគ្រោះដល់កម្ពុជាខ្លួនឯងទៅវិញ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ ឧសភា នេះថា បើអាមេរិកមើលឃើញថាកម្ពុជាពិតជាអាចរក្សាអព្យាក្រឹត្យចំពោះនយោបាយរបស់ខ្លួនដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នោះកម្ពុជានឹងអាចទទួលបានអត្ថប្រយោជន៍ពីអាមេរិក តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មកាន់តែច្រើន ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាកំពុងតែជាប់គំនាបពន្ធដ៏ធ្ងន់ធ្ងររបស់អាមេរិកក្នុងពេលនេះ។
លោក សេក សុជាតិ បន្តថា បើកម្ពុជានៅតែអាចទទួលបានការអនុគ្រោះពីអាមេរិកក្នុងការចាប់យកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចពាណិជ្ជកម្មបន្តទៀត ចិនក៏នៅតែផ្តល់អាទិភាពដល់កម្ពុជាក្នុងការសហការនាំចេញទៅកាន់សហរដ្ឋអាមេរិកដែរ ដូច្នេះកម្ពុជានៅតែអាចទទួលបានផលប្រយោជន៍ទាំងសងខាង និងមិនបង្កជម្លោះរវាងអាមេរិក និងចិន ថែមទៀត។
លោកបន្តថា ផ្ទុយទៅវិញ បើកម្ពុជាបង្ហាញជំហរជិតស្និទ្ធ ឬរក្សាគម្លាតម្ខាងៗ នោះវាមិនត្រឹមតែនាំឱ្យកម្ពុជាបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មរបស់ខ្លួនតែមួយមុខនោះទេ ប៉ុន្តែវាក៏នឹងនាំឱ្យកម្ពុជាធ្លាក់ជ្រៅទៅក្នុងវិបត្តិភូមិសាស្ត្រនយោបាយរបស់មហាអំណាចផងដែរ។
ឆ្នាំ២០២៥ នេះ កម្ពុជា-ចិន បានធ្វើសមយុទ្ធនាគមាសរួមគ្នាជាលើកទី៧ ដែលបែងចែកជាពីរផ្នែក ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។
ផ្នែកទី១ គឺប្រតិបត្តិការនៅលើដីគោក និងលើអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ចំណែកឯផ្នែកទី២ គឺប្រតិបត្តិការសមយុទ្ធកងទ័ពជើងទឹក និងអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្ទៃសមុទ្ររបស់កម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន បានលើកឡើងក្នុងពិធីបើកជាផ្លូវការនូវសមយុទ្ធនាគមាស កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នេះថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដែលមិនអាចឲ្យបរទេសណាមួយមកបំបែកបានឡើយ។
លោក វង្ស ពិសេន បន្តថា សមយុទ្ធនេះក៏បញ្ជាក់ឱ្យឃើញកាន់តែច្បាស់ដែរថា ទោះបីជាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ក៏ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរកាន់តែរឹងមាំជាប់ជានិច្ច និងបន្តរីកចម្រើនឥតឈប់ឈរទៅមុខបន្តទៀត។
សមយុទ្ធនាគមាស ឆ្នាំ២០២៥ នេះ មានកម្លាំងទ័ពកម្ពុជា-ចិន សរុបជាង ២ពាន់នាក់ចូលរួម ក្នុងនោះ កងទ័ពរំដោះប្រជាជនចិន មានជាង ៨០០នាក់ (៨៤៥នាក់)។ ចាប់តាំងពីឆ្នាំ២០១៦ មក កម្ពុជា និងចិន បានធ្វើសមយុទ្ធរួមគ្នាចំនួន ៧លើកហើយ ស្របពេលដែលសមយុទ្ធរវាងកម្ពុជា និងអាមេរិក ត្រូវបានអាក់ខាន ដោយសារកម្ពុជាបានសម្រេចជាឯកតោភាគីក្នុងការផ្អាកការធ្វើសមយុទ្ធជាមួយអាមេរិកកាលពីឆ្នាំ២០១៧ ប៉ុន្តែនៅពេលនេះ កម្ពុជា និងអាមេរិក បានយល់ព្រមធ្វើសមយុទ្ធរួមគ្នាឡើងវិញហើយ។
មន្ត្រីជាន់ខ្ពស់របស់កម្ពុជា និងអាមេរិក បានពិភាក្សាគ្នាក្នុងការចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាដែលមានឈ្មោះថា «ឆ្មាំអង្គរ»។
ការអះអាងនេះ នៅក្នុងជំនួបរវាងលោកឧត្ដមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយលោក រ៉ូណាល់ ខ្លាក (Ronald P. Clark) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោក Ronald P. Clark និងលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក៏បានពិភាក្សាគ្នាលើបញ្ហានេះនៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ប៉ុន្តែភាគីទាំងពីរនៅមិនទាន់បានកំណត់កាលបរិច្ឆេទថាពួកគេនឹងធ្វើសមយុទ្ធឆ្មាំអង្គរនេះនៅពេលណាឲ្យប្រាកដនៅឡើយទេ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

