អង្គការក្រៅរដ្ឋាភិបាលជាច្រើន នាំគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយវីដេអូនៃការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិទាំង ៥នាក់ ក្នុងខួប ១ឆ្នាំ ដើម្បីទាមទាររកយុត្តិធម៌ឱ្យអ្នកទោសមនសិការទាំងនេះ ក្រោយពួកគេត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល ១២ខែមកហើយនោះ។
ចលនាមាតាធម្មជាតិកម្ពុជា សមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការលីកាដូ រួមទាំងមជ្ឈមណ្ឌលការពារសិទ្ធិមនុស្ស ជាដើម នៅថ្ងៃទី២ កក្កដា នេះ បានធ្វើយុទ្ធនាការផ្សព្វផ្សាយវីដេអូព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក ដែលសកម្មជនចលនាមាតាធម្មជាតិទាំង ៥នាក់ត្រូវបានចាប់ខ្លួនកាលពីដើមខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។
អង្គការក្រៅរដ្ឋាភិបាលទាំងនេះ លើកឡើងថា យុទ្ធនាការនេះធ្វើឡើងដើម្បីគោរពវីរភាព និងភាពក្លាហានរបស់សកម្មជន និងក្រុមដែលត្រូវប្រឈមនឹងការគំរាមកំហែង ឬការប្រមាថដោយសារតែសកម្មភាពការពារបរិស្ថាន ហើយក៏ដើម្បីទាមទារឱ្យមានការដោះលែងដោយគ្មានលក្ខខណ្ឌចំពោះសកម្មជនបរិស្ថានទាំង ៥រូប ដែលត្រូវបានឃុំខ្លួនដោយសារតែការខិតខំប្រឹងប្រែងក្នុងការការពារបរិស្ថានផងដែរ។
ប្រភពដដែល អំពាវនាវឱ្យមានការដោះលែងសកម្មជនទាំងនោះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដើម្បីឱ្យពួកគេបានបន្តសកម្មភាពការងារការពារបរិស្ថានបន្ថែមទៀត ខណៈអង្គការសង្គមស៊ីវិលនៅតែបន្តឈរក្នុងសាមគ្គីភាពជាមួយសកម្មជនបរិស្ថានដូចមុន។
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សកម្មជនចលនាមាតាធម្មជាតិ ៥នាក់ រួមមាន លោក យីម លាងហ៊ី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសផ្ដន្ទាទោស ក្រោមបទចោទ «ប្រមាថអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់» ដែលត្រូវឃុំខ្លួនក្នុងពន្ធនាគារចាប់ពី ៦ឆ្នាំដល់ ៨ឆ្នាំ។
ក្រោយចាប់ខ្លួនសកម្មជនបរិស្ថានទាំង ៥នាក់ តុលាការបានបញ្ជូនពួកគេទៅឃុំខ្លួននៅតាមបណ្តាខេត្តដាច់ៗពីគ្នា ក្នុងនោះ លោក យីម លាងហ៊ី ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ លោក លី ចាន់ដារ៉ាវុត ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល លោក ថុន រដ្ឋា ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តត្បូងឃ្មុំ កញ្ញា ភួន កែវរស្មី ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ខណៈកញ្ញា ឡុង គន្ធា ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
ទាក់ទិននឹងបញ្ហានេះ សហគមន៍អឺរ៉ុប បានចេញរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសម្រាប់ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះថា រយៈពេល ១ឆ្នាំពេញក្នុងឆ្នាំ២០២៤ នៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មិនបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យប្រសើរឡើងនោះទេ ព្រោះការរឹតត្បិតសិទ្ធិសេរីភាព និងសិទ្ធិនយោបាយនៅតែបន្តដូចមុនដដែល៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

