26.6 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​វត្តមាន​នាវា​កងទ័ព​ជើងទឹក​ចិន​នៅ​កម្ពុជា គ្រាន់តែ​ជា​កិច្ចសហប្រតិបត្តិការ​ធម្មតា​ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា វត្តមាន​នាវា​កងទ័ព​ជើងទឹក​ចិន នៅ​កម្ពុជា នា​ពេលនេះ គ្រាន់តែ​ជា​កិច្ចសហប្រតិបត្តិការ​ធម្មតា​រវាង​ចិន និង​កម្ពុជា ប៉ុណ្ណោះ គឺ​ខុស​ពី​វត្តមាន​កងទ័ព​ចិន ក្នុង​យុទ្ធនាការ​សមយុទ្ធ​យោធា​ជាមួយ​កងទ័ព​អាកាស​ថៃ ក្នុង​ពេល​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ បាន​កំពុង​ផ្ទុះ​ឡើង​កាលពី​ខែ​កក្កដា កន្លង​ទៅ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ តុលា នេះ​ថា ទោះ​វត្តមាន​នាវា​កងទ័ព​ជើងទឹក​រំដោះ​ប្រជាជន​ចិន ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ស្រប​ពេល​កម្ពុជា មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ក្នុង​ពេលនេះ​ក៏ដោយ ក៏​គ្រាន់តែ​ជា​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ។

លោក​ថា វត្តមាន​នាវា​ទាំងនេះ​មិនមែន​ជា​ការ​បង្ហាញ​ពី​បំណង​របស់​ចិន ក្នុង​ការ​ការពារ​កម្ពុជា ពី​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នោះ​ទេ ខណៈ​ថៃ ក៏​មិន​សប្បាយ​ចិត្ត​នឹង​ចិន អំពី​រឿង​នេះ​ដែរ តែ​ទោះជាយ៉ាងណា ចិន​មិន​ខ្វល់​ឡើយ។

លោក​បន្ត​ថា ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ ចិន​មិន​ចង់​ឱ្យ​មាន​ការ​ប៉ះទង្គិច​ទំនាក់ទំនង​ទាំង​ថៃ ទាំង​កម្ពុជា ជាមួយ​ខ្លួន​នោះ​ទេ ព្រោះ​អ្វី​ដែល​ចិន សម្លឹង​ឃើញ​ពី​ថៃ និង​កម្ពុជា គឺ​ប្រយោជន៍​របស់​ចិន ទាំង​ការទូត និង​សេដ្ឋកិច្ច។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ បញ្ជាក់​ថា ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ កម្ពុជា​មិន​អាច​ពឹង​ចិន ឱ្យ​បញ្ឈប់​ការ​ឈ្លានពាន​របស់​ថៃ បាន​ទេ ព្រោះ​ចិន គ្មាន​ឥទ្ធិពល​ទៅ​លើ​ថៃ ដូច​អាមេរិក​ឡើយ ប៉ុន្តែ​ចិន អាច​ដើរតួ​ត្រឹមតែ​ជា​សាក្សី​ប៉ុណ្ណោះ​ក្នុង​ជម្លោះ​នេះ ដូចជា ធ្វើ​ជា​សាក្សី​ក្នុង​កិច្ចព្រមព្រៀង​ឈប់​បាញ់​កាលពី​ពេល​កន្លង​ទៅ ជាដើម។

នៅ​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៥ នេះ សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា Fresh News បាន​រាយការណ៍​ថា នាវា​កងទ័ព​ជើងទឹក​រំដោះ​ប្រជាជន​ចិន ចំនួន ២​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២៥ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា សារព័ត៌មាន​រដ្ឋ​ចិន ស៊ិនហួ (Xinhua) ផ្សាយ​ថា ចិន និង​ថៃ បាន​ប្រកាស​ធ្វើ​សមយុទ្ធ​កងទ័ព​អាកាស​រួម​គ្នា​រហូត​ដល់​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០២៥ ខណៈ​សមយុទ្ធ​នេះ ធ្វើឡើង​ក្រោយ​សង្គ្រាម​កម្ពុជា-ថៃ ទើប​តែ​ត្រូវ​បាន​បញ្ចប់​ត្រឹមតែ ១៧​ថ្ងៃ​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​ប្រទេស​កម្ពុជា លោក វ៉ាង វិនពិន (Wang Wenbin) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៨ ខែ​តុលា ថា ចិន​គាំទ្រ​កម្ពុជា យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​រក្សា​ការពារ​បូរណភាព​ជាតិ សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍ និង​ជា​ដៃគូ​ជា​ទី​ទុកចិត្ត​បាន​ជាដរាប៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស