ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់យកឱកាសក្នុងពេលដែលអាមេរិក ដកបម្រាមហាមឃាត់លក់អាវុធនាពេលនេះ ដើម្បីកសាងទំនុកចិត្តពីមហាអំណាចមួយនេះឡើងវិញ។
លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី០៧ វិច្ឆិកា ថា ការប្រកាសដកបម្រាមលក់អាវុធចេញពីកម្ពុជា នាពេលនេះ គឺជាការបង្ហាញពីសមានចិត្តដ៏ល្អរបស់អាមេរិក ហើយក៏ជាសញ្ញាល្អសម្រាប់ការរឹតចំណងការទូតរវាងប្រទេសទាំងពីរទៅថ្ងៃមុខដែរ ព្រោះការធ្វើទំនាក់ទំនងជាមួយអាមេរិក កម្ពុជាមានតែចំណេញ។ ផ្ទុយទៅវិញ កម្ពុជានឹងខាតបង់ បើទំនាក់ទំនងនេះត្រូវបានបំផ្លាញ។
លោក ម៉ែន ណាត លើកឡើងថា ក្នុងពេលនេះ នៅតែកម្ពុជាប៉ុណ្ណោះដែលត្រូវបង្ហាញពីសុឆន្ទៈស្មោះត្រង់ទៅអាមេរិកវិញពីបំណងរបស់ខ្លួនក្នុងការកសាងទំនាក់ទំនងការទូតឱ្យល្អជាងមុន ដូចជា ការលើកស្ទួយសិទ្ធិមនុស្ស ការស្ដារលទ្ធិប្រជាធិបតេយ្យ ការបើកលំហសេរីភាពបញ្ចេញមតិ និងបើកឱ្យមានសារព័ត៌មានឯករាជ្យ រួមទាំងការដោះលែងអ្នកទោសមនសិការ ជាដើម។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) រាយការណ៍នៅថ្ងៃទី០៧ វិច្ឆិកា ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ស្ថាប័នកត់ត្រា និងផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក Federal Register កាលពីថ្ងៃទី៦ ខែវិច្ឆិកា ថា អាមេរិកសម្រេចលុបចោលបម្រាមលើការលក់សព្វាវុធឱ្យប្រទេសកម្ពុជា បន្ទាប់ពីកម្ពុជា-ថៃ សម្រេចបាននូវសេចក្តីថ្លែងការណ៍រួមសន្តិភាពមួយនៅទីក្រុងកូឡាឡាំពួរ កាលពីសប្តាហ៍មុន។
លោក Marco Rubio អះអាងថា ការសម្រេចចិត្តដកបម្រាមធ្វើជំនួញអាវុធជាមួយកម្ពុជា នៅពេលនេះ ធ្វើឡើងដោយផ្អែកលើការខ្នះខ្នែងស្វែងរកសន្តិភាព និងសន្តិសុខរបស់រដ្ឋាភិបាលកម្ពុជារួមទាំងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឡើងវិញលើកិច្ចសហប្រតិបត្តិការការពារជាតិ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
កាលពីឆ្នាំ២០២១ រដ្ឋបាលរបស់លោក ចូ បៃដិន បានសម្រេចដាក់ទណ្ឌកម្មរឹតបន្តឹងការលក់ដូរអាវុធ និងសម្ភារៈយោធាដល់ប្រទេសកម្ពុជា ក្រោមហេតុផលនៃការកើនឡើងឥទ្ធិពលយោធាចិន នៅកម្ពុជា និងដើម្បីជំរុញឲ្យកម្ពុជា ងាកមកគិតគូរដោះស្រាយបញ្ហាការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយផងដែរ។
ដោយសារតែបែបនេះហើយ ក្រសួងការបរទេសអាមេរិក ក៏បានសម្រេចដាក់កម្ពុជា ទៅក្នុងបញ្ជីប្រទេសហាមឃាត់មិនឲ្យមានការនាំចេញអាវុធពីអាមេរិកកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ តែម្តង ប៉ុន្តែអាមេរិក ក៏ត្រូវបានកម្ពុជា ចោទប្រកាន់ថាជាអ្នកនៅពីក្រោយអំពើក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

