ក្នុងឆ្នាំ២០២៥ កម្លាំងជំនាញនៃក្រសួងមហាផ្ទៃ ជួយរំដោះស្ត្រីពីអំពើជួញដូរផ្លូវភេទ និងជួញដូរមនុស្សបានចំនួន ៦២៤នាក់ ដែលក្នុងនោះ ជួយសង្គ្រោះស្ត្រីពីអំពើជួញដូរផ្លូវភេទមាន ៣៧៧នាក់ ខណៈស្ត្រីដែលត្រូវបានជួយសង្គ្រោះពីអំពើជួញដូរមនុស្សមាន ២៤៧នាក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងនៅក្នុងវីដេអូដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែកុម្ភៈ នេះថា ក្នុងឆ្នាំ២០២៥ កម្លាំងជំនាញនៃក្រសួងមហាផ្ទៃ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទនៅកម្ពុជា បានចំនួន ២៧២ករណី ក្នុងនោះឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ-ខេត្ត ចំនួន ៤១០នាក់ (ស្រី ៥៣នាក់) ជនបរទេស ៤៣នាក់ និងសង្គ្រោះជនរងគ្រោះបាន ៩៩៤នាក់ (ស្រី ៦២៤នាក់) អនីតិជនបាន ២៨២នាក់។
លោក ទូច សុឃៈ បានបន្ថែមថា ជនរងគ្រោះដែលត្រូវសង្គ្រោះពីអំពើជួញដូរទាំងនេះចំនួន ៣៣១នាក់ទៀត ត្រូវបានបញ្ជូនទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបញ្ជូនទៅអាណាព្យាបាលចំនួន ៦៣៣នាក់ ខណៈបញ្ជូនទៅអង្គភាពពាក់ព័ន្ធមាន ៣០នាក់។
លោកបានបញ្ជាក់ថា នៅក្នុងនោះ កម្លាំងសមត្ថកិច្ចចុះបង្ក្រាបអំពើជួញដូរផ្លូវភេទបានចំនួន ១៤៤ករណី ឃាត់ខ្លួនមនុស្សបាន ២០១នាក់ និងរំដោះជនរងគ្រោះបាន ៣៨៥នាក់ (ស្ត្រី ៣៧៧នាក់)។ ចំណែកអំពើជួញដូរវិញ ក្នុងឆ្នាំ២០២៥ ដដែល សមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្សបានចំនួន ១២៨ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ២០៩នាក់ និងរំដោះជនរងគ្រោះបានចំនួន ៦០៩នាក់ (ស្ត្រី ២៤៧នាក់)។
ក្រសួងការបរទេសអាមេរិក អះអាងថា រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែមិនបានដោះស្រាយបញ្ហាជួញដូរមនុស្សទេ តែថែមទាំងជាប់ពាក់ព័ន្ធជាប្រព័ន្ធក្នុងការជួយជ្រោមជ្រែងឲ្យមានឧក្រិដ្ឋកម្មជួញដូរមនុស្សថែមទៀត។
ក្រសួងការបរទេសអាមេរិក បានដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីខ្មៅដែលស្ថិតក្រោមការឃ្លាំមើលកម្រិត៣ (Tier 3 Watch List) នៃការជួញដូរមនុស្សសម្រាប់ឆ្នាំ២០២៥ ដោយរកឃើញថា រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែមិនបានដោះស្រាយបញ្ហាជួញដូរមនុស្សទេ តែថែមទាំងជាប់ពាក់ព័ន្ធជាប្រព័ន្ធក្នុងការជួយជ្រោមជ្រែងឲ្យមានឧក្រិដ្ឋកម្មជួញដូរមនុស្សថែមទៀត។
ក្រសួងការបរទេសអាមេរិក ចេញរបាយការណ៍ស្ដីពីការជួញដូរមនុស្សនៅកម្ពុជា សម្រាប់ឆ្នាំ២០២៥ ថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីឧក្រិដ្ឋកម្មទាំងនេះ។ លើសពីនេះ ក៏មានមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលខ្លះទៀត បានបំភិតបំភ័យជនរងគ្រោះ និងសាក្សីដែលធ្លាក់ខ្លួនក្នុងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត ក៏ដូចជាសង្គមស៊ីវិលផងដែរ ដែលធ្វើការក្នុងការបង្ក្រាបករណីជួញដូរមនុស្សនេះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

