មន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង ម្នាក់ បានសំណូមពរដល់លោក ហ៊ុន សែន ជួយពិនិត្យសកម្មភាពអនុវត្តន៍តួនាទីរបស់លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលយកតួនាទីទៅការពារផលប្រយោជន៍ឲ្យក្រុមហ៊ុនបក្ខពួក។
កន្លងមកនេះ លោក ហេង ប៊ុនទី ក៏ធ្លាប់រងការចោទប្រកាន់ថា បានយកតួនាទីជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ទៅកាងការពារបទល្មើសផ្សេងៗ ជាពិសេសតែងបញ្ជូនកម្លាំងក្រោមឱវាទឲ្យចុះចាប់ខ្លួនពលរដ្ឋរងគ្រោះដីធ្លី និងបញ្ជូនសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសដាក់ពន្ធនាគារជាច្រើនករណី ដើម្បីផ្គាប់ចិត្តឈ្មួញដីដែលជាឧកញ៉ាមានទ្រព្យ និងមន្ត្រីមានអំណាច ជាថ្នូរទទួលបានសំណូកពុករលួយ។
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ថ្មីៗនេះ លោក ហេង ប៊ុនទី ក៏ត្រូវបានមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង ម្នាក់ ឈ្មោះ សិទ្ធិ កូសាំងស៊ីន ប្តឹងចោទប្រកាន់ថា បានប្រើប្រាស់តួនាទីខ្លួន ដោយបញ្ជាឲ្យកម្លាំងក្រោមឱវាទឃាត់រថយន្តរបស់លោក ហើយនាំទៅសួរចម្លើយ និងបង្ខាំងទុកអស់រយៈពេល ៣ម៉ោង ដោយរូបលោកទាំងមិនដឹងថាប្រព្រឹត្តអ្វីខុសសោះ។ លោក កូសាំងស៊ីន បានចាត់ទុកសកម្មភាពបញ្ជាកម្លាំងក្រោមឱវាទ និងការប្រើពាក្យសម្ដីរបស់លោក ហេង ប៊ុនទី ថាជាការគំរាមកំហែង និងប្រមាថដល់រូបលោកជាមន្ត្រីរាជការម្នាក់បម្រើការងារនៅក្នុងស្ថាប័នគយ និងរដ្ឋាករកម្ពុជា ដែលមិនអាចទទួលយកបាននូវទង្វើបែបនេះ។
លោក សិទ្ធិ កូសាំងស៊ីន បានសំណូមពរដល់លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាពិសេសលោក ហ៊ុន សែន ជួយសង្កេតតាមដានទៅលើសកម្មភាពរបស់លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ថាតើការអនុវត្តតួនាទីរបស់គាត់ជាបន្តបន្ទាប់មកនេះ បានត្រឹមត្រូវដែរឬទេ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សប្រចាំខេត្តព្រះសីហនុ បានអះអាងថា កន្លងមកនៅពេលពលរដ្ឋបានប្រមូលផ្តុំគ្នាតវ៉ាលើជម្លោះដីធ្លីដោយសន្តិវិធី ដើម្បីការពារដីកសិកម្ម និងលំនៅឋានខ្លួននៅតាមសហគមន៍មួយចំនួនក្នុងខេត្តព្រះសីហនុ គេតែងសង្កេតឃើញលោក ហេង ប៊ុនទី តែងតែបានបញ្ជូនកម្លាំងក្រោមឱវាទប្រដាប់ដោយអាវុធវែងខ្លីគ្រប់ដៃ ឲ្យចុះគំរាមកំហែង និងចាប់ប្រជាពលរដ្ឋដាក់ខ្នោះបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាបន្តបន្ទាប់ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារជាច្រើនករណី។
ពលរដ្ឋដែលមានវិវាទដីធ្លីនៅតាមសហគមន៍មួយចំនួនអះអាងថា ពួកគេត្រូវបានមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យ ឃុបឃិតជាមួយមន្ត្រីស្ថាប័នខ្លះនៃរដ្ឋបាលខេត្តព្រះសីហនុ ប្រើប្រព័ន្ធតុលាការដើម្បីប្លន់ដីធ្លីរបស់ពួកគាត់ជាបន្តបន្ទាប់មកនេះ បានចាត់ទុកទង្វើរបស់កងកម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោក ហេង ប៊ុនទី ថាមានសកម្មភាពព្រៃផ្សៃ។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក ហេង ប៊ុនទី ដើម្បីបំភ្លឺចំពោះការចោទប្រកាន់របស់មន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង ឈ្មោះ សិទ្ធិ កូសាំងស៊ីន ខាងលើបានទេនៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ។
លោក ហេង ប៊ុនទី កន្លងមកធ្លាប់បញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការបញ្ជូនកម្លាំងចុះអនុវត្តកិច្ចការងារ ឬក៏ឃាត់ខ្លួនពលរដ្ឋ ក៏ដូចជាជនសង្ស័យណាម្នាក់ គឺបានអនុវត្តស្របតាមច្បាប់ត្រឹមត្រូវ ដោយមានការស្នើសុំកម្លាំងជំនាញរបស់លោក ពីស្ថាប័នជំនាញពាក់ព័ន្ធ រួមមានស្ថាប័នតុលាការ និងទទួលបទបញ្ជា ឬការអនុញ្ញាតពីថ្នាក់លើជាមុន ទើបអាចបញ្ជូនកម្លាំងចុះអនុវត្តកិច្ចការងារទាំងអស់នោះ៕