នៅពេលនេះ សង្គ្រាមអ៊ីស្រាអែលសងសឹកវាយលើពួកហាម៉ាស-ប៉ាឡេស្ទីន បានប្រែក្លាយទៅជាសង្គ្រាមទ័ពជើងគោក ក្រោយពីអ៊ីស្រាអែល បើកប្រតិបត្តិការវាយប្រហារដោយទ័ពអាកាសកម្ទេចក្រុងហ្កាហ្សា ស្ទើរខ្ទេចអស់ហើយនោះ។
សង្គ្រាមនៅពេលនេះឈានចូលថ្ងៃទី២៣ ហើយ ប៉ុន្តែសង្គ្រាមពេលនេះកាន់តែធ្ងន់ឡើង ព្រោះតែអ៊ីស្រាអែល បានសម្រេចលើកទ័ពជើងគោកវាយចូលតំបន់ហ្កាហ្សា ហើយ។ ប្រតិបត្តិការនេះចាប់ផ្ដើមពីថ្ងៃទី២៨ តុលា ចំពេលដែលអង្គការសហប្រជាជាតិអំពាវនាវឱ្យឈប់បាញ់ និងព្រមានអំពីមហន្តរាយមនុស្សធម៌យ៉ាងណាក៏ដោយ ក៏អ៊ីស្រាអែល មិនស្តាប់ដែរ។ អ៊ីស្រាអែល នៅតែបន្តបង្កើនការវាយប្រហារលើតំបន់ហ្កាហ្សា កាន់តែសន្ធាប់ឡើងៗ។
នៅពេលនេះ ហ្កាហ្សាទាំងមូលក្លាយជាសមរភូមិប្រយុទ្ធដែលជាផ្ទាំងស៊ីបនៃការវាយប្រហារផ្លូវអាកាសផង ផ្លូវគោក និងផ្លូវសមុទ្រផង។ ហេតុដូចនេះហើយបានជាអ៊ីស្រាអែល ជំរុញឱ្យជនស៊ីវិលប៉ាឡេស្ទីន ចាកចេញពីក្រុងហ្កាហ្សាជាបន្ទាន់។
ការវាយប្រហារផ្លូវអាកាសបានកម្ទេចទីតាំងសំខាន់ចំនួន ៤៥០កន្លែង ក្នុងនោះក៏មានទីបញ្ជាការកងទ័ពពួកហាម៉ាសទៀតផង។ ជាមួយគ្នានេះ អ៊ីស្រាអែលប្រកាសថាបានសម្លាប់មេទ័ពរបស់ពួកហាម៉ាសជាច្រើននាក់។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល។
អ៊ីស្រាអែលបានបន្ថែមកម្លាំងទ័ពប្រតិបត្តិការវាយលុកជើងគោកចូលដីហ្កាហ្សា គឺជាការបង្កើនកម្លាំងទ័ពថ្មើរជើងជាលំដាប់ច្រើនឡើងៗ ស្របទៅតាមទំហំនៃប្រតិបត្តិការជើងគោកដែលត្រូវពង្រីកធំឡើងៗចូលទៅក្នុងដែនដីហ្កាហ្សា ហើយបើតាមប្រភពព័ត៌មានរបស់ The Times of Israel ទ័ពអ៊ីស្រាអែល បានឲ្យដឹងថា ទ័ពជាង ៤០ម៉ឺននាក់អន្តរាគមន៍ដោយទ័ពរថក្រោះរាប់រយគ្រឿង បានវាយរុលចូលដល់កណ្ដាលក្រុងហ្កាហ្សាហើយ។
តុល្យការនៃសង្គ្រាមដែលអ៊ីស្រាអែលមិនព្រមស្ដាប់អង្គការសហប្រជាជាតិសុំឲ្យបញ្ឈប់ការវាយប្រហារចូលទៅទីក្រុងហ្កាហ្សា ត្រូវបានរាយការណ៍ថា ចំនួនប្រជាជនប៉ាឡេស្ទីនដែលស្លាប់ក្នុងដែនដីហ្កាហ្សាហក់ឡើងជាង ៨ពាន់នាក់ហើយ គិតត្រឹមថ្ងៃទី៣០ តុលា នេះ ដែលជាសង្គ្រាមចូលដល់ថ្ងៃទី២៣។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានអំពាវនាវជាបន្ទាន់ប្រាប់ទៅប្រជាជនប៉ាឡេស្ទីន និងភ្នាក់ងារបរទេសទាំងអស់ ត្រូវរត់ចេញពីហ្កាហ្សា ជាពិសេសគឺមិនត្រូវរត់ទៅទីតាំងដែលជាខែលរបស់ពួកហាម៉ាសនោះទេ ដូចជានៅមន្ទីរពេទ្យជាដើម ព្រោះពួកហាម៉ាសកំពុងតែចាប់យកមន្ទីរពេទ្យដែលមានអ្នកជំងឺស្ថិតនៅទីនោះធ្វើជាទីតាំងដើម្បីលាក់ខ្លួនផង និងវាយប្រហារលើទ័ពអ៊ីស្រាអែល ដែលកំពុងរុលចូលទីនោះផង។
ការថ្លែងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ធ្វើឡើងបន្ទាប់ពីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឲ្យដឹងថា គ្រាប់ផ្លោងដែលគេគិតថាជាគ្រាប់ផ្លោងបាញ់ចេញពីរថក្រោះរបស់អ៊ីស្រាអែល បានធ្លាក់ក្បែរមន្ទីរពេទ្យធំចំនួនពីរនៅក្នុងក្រុងហ្កាហ្សា។
ដោយសារតែភាពផុយស្រួយដូចនេះ លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បន្តអំពាវនាវថា មន្ទីរពេទ្យនៅពេលនេះពួកហាម៉ាសចាប់យកជាខែលរបស់ពួកគេហើយ ដូច្នេះប្រជាជន ទាំងភ្នាក់ងារបរទេស ត្រូវតែរត់ចេញពីមន្ទីរពេទ្យនោះទៅរកទីសុវត្ថិភាព ឬក៏ត្រូវឆ្លងចូលតំបន់ព្រំដែនជាប់នឹងប្រទេសអេហ្ស៊ីប។
មេដឹកនាំអ៊ីស្រាអែលរូបនេះបានបញ្ជាក់ទៀតថា ជំនួយដែលផ្ដល់ឲ្យជនភៀសខ្លួនប៉ាឡេស្ទីន មិនប្រាកដថាធ្លាក់ក្នុងដៃជនជាតិប៉ាឡេស្ទីន នោះទេ គឺវាអាចនឹងធ្លាក់ក្នុងដៃពួកហាម៉ាស ហើយជួយក្រុមនេះបន្តលាក់ខ្លួនប្រយុទ្ធនឹងកងទ័ពអ៊ីស្រាអែល ប៉ុន្តែលោកព្រមានថា ពួកហាម៉ាសត្រូវតែទទួលស្គាល់ថាខ្លួនជាក្រុមភេរវកម្មដែលចាំបាច់ត្រូវបោសសម្អាត។
ជាមួយគ្នានេះ ក្រុមប្រឹក្សាសង្គ្រាមនៃប្រទេសអ៊ីស្រាអែល បានប្រកាសថា ការលើកទ័ពដោយទ័ពថ្មើរជើងចូលទៅហ្កាហ្សា គឺក្នុងបំណងតែមួយគត់បោសសម្អាតពួកហាម៉ាស-ប៉ាឡេស្ទីន ហើយគ្រប់គ្រងស្ថានការណ៍ឱ្យបានធម្មតាវិញ រួចនឹងប្រគល់ដែនដីនេះទៅឲ្យអាជ្ញាធរប៉ាឡេស្ទីនវិញ ប៉ុន្តែអ៊ីស្រាអែលសច្ចាថាត្រូវបោសសម្អាតពួកហាម៉ាសឲ្យអស់។
មកដល់ពេលនេះ ប្រទេសជាច្រើនកាន់តែបារម្ភពីពួកហាម៉ាសរាំងខ្ទប់ប្រជាជនខ្លួនឯងមិនឲ្យចាកចេញពីក្រុងហ្កាហ្សា ព្រោះដើម្បីជាខែលដែលពួកគេទប់ទល់នឹងការវាយលុករបស់កងទ័ពអ៊ីស្រាអែល។
សហរដ្ឋអាមេរិកផ្ដើមមុខគេឱ្យពួកហាម៉ាសបញ្ឈប់ការរាំងខ្ទប់ប្រជាជនដើម្បីជាខែលរបស់ខ្លួន ព្រោះវាខុសនឹងច្បាប់សង្គ្រាម។ ប៉ុន្តែសហរដ្ឋអាមេរិកក៏ស្នើឲ្យអ៊ីស្រាអែលព្យាយាមបញ្ចៀសឲ្យបាននូវការវាយប្រហារទៅលើជម្រករបស់ជនស៊ីវិលដូចជាមន្ទីរពេទ្យ ជាដើម។
ចំណែកប្រទេសអ៊ីរ៉ង់ ឯណោះវិញ តាមរយៈប្រធានាធិបតី អីប្រាហីម រ៉ាយស៊ី បានព្រមានថា អ៊ីស្រាអែលដែលបើកប្រតិបត្តិការជើងគោកនេះ គឺមានផែនការចង់កាន់កាប់ហ្កាហ្សា ហើយបោសសម្អាតជាតិសាសន៍ប៉ាឡេស្ទីន។ លោកព្រមានថា គ្រប់ទីកន្លែងទាំងអស់នឹងធ្វើសកម្មភាពប្រឆាំងអ៊ីស្រាអែល៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

