រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ស្នើទៅអភិបាលរាជធានី អភិបាលខេត្ត ជួយសម្រួលជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដល់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធប្រកបដោយប្រសិទ្ធភាពដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
យោងតាមលិខិតជម្រាបទៅអភិបាលរាជធានី និងខេត្តពីលោក ស សុខា នៅថ្ងៃទី៥ ខែមីនា លិខិតបានឲ្យដឹងថា រដ្ឋាភិបាលមានយុទ្ធសាស្ត្រធ្វើកំណែទម្រង់ដីធ្លី ជាពិសេសការចុះបញ្ជីដីធ្លីជាប្រព័ន្ធដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នករៀបចំ។
ប្រភពដដែលបានអះអាងថា ការងារចុះបញ្ជីដីធ្លីនៅតាមបណ្ដារាជធានី-ខេត្ត មានប្រធានការិយាល័យរៀបចំដែនដី និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារចុះបញ្ជីនេះ។ លោកថា ក្រសួងមហាផ្ទៃស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ត ណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីសម្រួល និងគាំទ្រក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៃក្រុមការងារចុះបញ្ជីដីធ្លី ដែលមានប្រធានការិយាល័យរៀបចំដែនដី និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារដឹកនាំការងារចុះបញ្ជីដីធ្លីនេះ។
លោក ស សុខា បានបញ្ជាក់ថា គោលបំណងនៃការធ្វើបញ្ជីកម្មសិទ្ធិ គឺដើម្បីឱ្យមានភាពច្បាស់លាស់ជាផ្លូវការដើម្បីទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លី។
ការចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ មាននីតិវិធីពីរ គឺការចុះបញ្ជីតាមការស្នើសុំពីម្ចាស់ដីដែលគេឲ្យឈ្មោះថា ការចុះបញ្ជីដាច់ដោយដុំ និងការចុះបញ្ជីមួយឃុំម្តងៗតាមការកំណត់នៃរាជរដ្ឋាភិបាល ដែលគេហៅថា ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ។
ក្រុមងអង្គការសង្គមស៊ីវិល បានលើកឡើងថា ដោយសារតែការចេញប័ណ្ណកម្មសិទ្ធិកន្លងមកមានភាពមិនប្រក្រតី ទើបបណ្តាលឲ្យមានជម្លោះដីធ្លីមិនចេះចប់មិនចេះហើយនៅក្នុងប្រទេសកម្ពុជា ជាពិសេសជម្លោះរវាងប្រជាពលរដ្ឋក្រីក្រជាមួយអ្នកមានអំណាច ក្រុមហ៊ុនឯកជន និងឧកញ៉ាមួយចំនួន។
កន្លងមក អង្គការសិទ្ធិមនុស្សអាដហុក បានចេញផ្សាយសេចក្តីរាយការណ៍មួយអំពីវិវាទដីធ្លីក្នុងឆ្នាំ២០២១ ដោយរកឃើញថា ជម្លោះដីធ្លីកើតឡើងប្រមាណ ១៧០ករណី និងប៉ះពាល់ប្រជាពលរដ្ឋជាង ៦ម៉ឺននាក់។
សេចក្តីរាយការណ៍កម្រាស់ ៣៤ទំព័រនៃសមាគមអាដហុក ឲ្យដឹងថា វិវាទដីធ្លីក្នុងឆ្នាំ២០២១ មានចំនួន ១៦៩ករណីលើទំហំផ្ទៃដីជាង ៥២៦០០ហិកតា និងប៉ះពាល់ប្រជាពលរដ្ឋជាង ១៧០០០គ្រួសារ ស្មើប្រមាណជាង ៦១០០០នាក់ ហើយក្នុងនោះក៏មានជនជាតិដើមភាគតិចរងផលប៉ះពាល់ជាង ១៣០០គ្រួសារផងដែរ។
ក្នុងចំណោមវិវាទដីធ្លីប្រមាណ ១៧០ករណីនោះ អង្គការអាដហុកកត់សម្គាល់ថាមានករណីរំលោភបំពានដោយបុគ្គលមានអំណាចចំនួន ៦៦ករណី រំលោភបំពានដោយអ្នកមានទ្រព្យសម្បត្តិចំនួន ២៧ករណី ចាប់ខ្លួនចោទប្រកាន់ ឃុំខ្លួនប្រជាពលរដ្ឋដែលជាគូភាគីវិវាទចំនួន ៣៥ករណី ដែលមានជនរងគ្រោះជិត ១៦០នាក់កំពុងជាប់បណ្តឹងអាជ្ញា ក្រោមការត្រួតពិនិត្យពីតុលាការ។
សេចក្តីរាយការណ៍បន្ថែមថា ៦ករណីទៀតមានជនរងគ្រោះ ១៧នាក់កំពុងជាប់ឃុំជាបណ្ដោះអាសន្ន និងម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតដល់ស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ៕