28.4 C
Phnom Penh

រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​ភូមា ញ័រ​រណ្ដំ​ដល់​ក្រុង​បាងកក រាល​ដល់​ខេត្ត​ចិន​មួយ​ជាប់​ព្រំដែន​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្លាំង ៧,៧​រ៉ិចទ័រ បាន​កើតឡើង​នៅ​ម៉ោង ១២ និង ៥០​នាទី​ម៉ោង​ក្នុង​ប្រទេស​ភូមា នៅ​ថ្ងៃ​សុក្រ ទី​២៨ មីនា ដោយ​ចំណុច​រញ្ជួយ​ស្ថិត​នៅ​តំបន់ Mandalay ភាគ​កណ្តាល​ប្រទេស​ភូមា ដែល​នៅ​ពេល​ដំណាល​គ្នា រដ្ឋធានី​បាងកក ប្រទេស​ថៃ ក៏​រង​ការ​រញ្ជួយ​យ៉ាង​ខ្លាំង​ដែរ។

រដ្ឋាភិបាល​យោធា​ភូមា បាន​ប្រកាស​ស្ថានភាព​អាសន្ន​នៅ​តំបន់​ចំនួន​៦ និង​បាន​អំពាវនាវ​រក​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ពី​អន្តរជាតិ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​សម្បើម​មួយ​បាន​វាយប្រហារ​ប្រទេស​អាស៊ាន​មួយ​នេះ ហើយ​ជះ​ឥទ្ធិពល​ញ័រ​រញ្ជួយ​ដល់​បណ្តា​ប្រទេស​ក្បែរ​ខាង​ថែមទៀត។

នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP នា​ថ្ងៃ​សុក្រ ទី​២៨ ខែ​មីនា។

ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) មេដឹកនាំ​របប​សឹក​ភូមា បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​ដល់​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​រដ្ឋធានី​ណៃពិដោរ ជា​ទី​ដែល​អ្នក​រង​របួស​ទាំងឡាយ​កំពុង​ទទួល​ការ​សង្គ្រោះ​ព្យាបាល ក្រោយ​គ្រោះ​រញ្ជួយ​ដី​បាន​វាយប្រហារ​តំបន់ Mandalay។

តាម​ទីភ្នាក់ងារ​ជំនាញ​ខាង​គ្រោះ​រញ្ជួយ​ដី​សហរដ្ឋ​អាមេរិក USGS ការ​រញ្ជួយ​ដី​មួយ​កម្រិត ៧,៧ លើ​ជញ្ជីង​ក្រិត​រ៉ិចទ័រ បាន​វាយប្រហារ​នៅ​ចម្ងាយ​ប្រហែល ១៧​គីឡូម៉ែត្រ​ពី​ទីក្រុង Mandalay ជា​ទី​ដែល​មាន​មនុស្ស​រស់នៅ ១​លាន ២​សែន​នាក់ ក្នុង​ជម្រៅ ១០​គីឡូម៉ែត្រ​ក្រោម​ផ្ទៃដី ហើយ​ប៉ុន្មាន​នាទី​ក្រោយ​មក ក៏​មាន​រញ្ជួយ​ដី​មួយ​ទៀត​កម្រិត ៦,៤​រ៉ិចទ័រ កើតឡើង​ចំ​តំបន់​ដដែល​នេះ។

បើ​តាម​រដ្ឋាភិបាល​ភូមា មនុស្ស ២០​នាក់​បាន​ស្លាប់ ប៉ុន្តែ​ទំហំ​នៃ​ការ​បំផ្លិចបំផ្លាញ​អគារ​លំនៅឋាន​មិន​ទាន់​មាន​ការ​វាយតម្លៃ​នៅឡើយ។

បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម គ្រោះ​រញ្ជួយ​ដី​នៅ​ភូមា បាន​ធ្វើ​ឱ្យ​អគារ​ជាច្រើន​ដួល​រលំ ហើយ​បង្ក​ការ​ខូចខាត​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ រួម​មាន​ទាំង​ស្ពាន និង​ផ្លូវ​ថ្នល់។

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​ចុះផ្សាយ​ថា គ្រោះ​រញ្ជួយ​ដី​បាន​បំផ្លាញ​អគារ​ផ្ទះសម្បែង​ជាច្រើន​កន្លែង ចំណែក​មន្ទីរពេទ្យ​ដែល​មាន​អ្នកជំងឺ ១​ពាន់​នាក់​នៅ​រដ្ឋធានី​ណៃពិដោរ ដែល​ខូចខាត​ដោយសារ​គ្រោះ​រញ្ជួយ​ដី​លើក​នេះ ក៏​កំពុង​កកកុញ​ដោយ​អ្នក​របួស​សុំ​ការ​ព្យាបាល​បន្ទាន់។

យោង​តាម​ភ្នាក់ងារ​ជំនាញ​គ្រោះ​មហន្តរាយ​សហរដ្ឋ​អាមេរិក គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត ៧,៧​រ៉ិចទែរ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ភូមា ប៉ុន្តែ​ដោយសារ​ចំណុច​រញ្ជួយ​ស្ថិត​នៅ​ក្នុង​ជម្រៅ​តែ ១០​គីឡូម៉ែត្រ បាន​រុញ​ឲ្យ​កម្លាំង​រញ្ជួយ​កាន់តែ​ខ្លាំង និង​ឆ្ងាយ រហូត​ទៅ​ដល់​ទីក្រុង​បាងកក ប្រទេស​ថៃ និង​ខេត្ត​យូណាន ប្រទេស​ចិន។ អាជ្ញាធរ​ចិន ទទួល​បន្ទុក​គ្រោះ​រញ្ជួយ​ដី​បាន​ឱ្យ​ដឹង​ថា កម្រិត​រញ្ជួយ ៧,៩​រ៉ិចទែរ​នៅ​ខេត្ត​យូណាន ជាប់​ព្រំដែន​ជាមួយ​ភូមា។

បើ​តាម​រដ្ឋាភិបាល​ថៃ គ្រោះ​រញ្ជួយ​ដី​នៅ​ក្រុង​បាងកក បណ្ដាល​ឱ្យ​មនុស្ស​ជ្រួលច្របល់​រត់​ចេញ​ពី​អគារ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ពី​ភាគ​ខាងជើង​ទៅ​ត្បូង​ប្រទេស រហូត​ដល់​ទីក្រុង​បាងកក ជា​ទី​ដែល​កម្លាំង​រញ្ជួយ​ដី​បាន​ទៅ​អង្រួន​អគារ​ខ្ពស់ៗ ចំណែក​អគារ​កម្ពស់ ៣០​ជាន់​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​ក្រុង​បាងកក បាន​បាក់​រលំ​ដួល​ដល់​ដី។

បើ​តាម​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​នៃ​ប្រទេស​ថៃ ការ​បាក់​រលំ​អគារ​ដោយសារ​ទទួល​រង​ពី​ការ​រញ្ជួយ​ដី​នៅ​ភូមា បាន​សម្លាប់​មនុស្ស​យ៉ាងតិច ៣​នាក់ និង​បាត់​ខ្លួន ៤៣​នាក់ ដែល​ភាគច្រើន​ជា​កម្មករ​សំណង់​នៅ​ក្នុង​ការដ្ឋាន​ដែល​រង​ការ​វាយប្រហារ​ដោយ​ការ​រញ្ជួយ​ដី។

នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី Paetongtarn Shinawatra បាន​ប្រកាស​ស្ថានភាព​អាសន្ន និង​លុប​ចោល​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​កោះ​ភូកេត ដើម្បី​បើក​កិច្ចប្រជុំ​ជាបន្ទាន់។ រដ្ឋាភិបាល​ថៃ បាន​ឱ្យ​ដឹង​ថា កម្មករ​យ៉ាងហោច ៣​នាក់​បាន​បាត់បង់​ជីវិត​នៅ​ពេល​អគារ​ខ្ពស់​មួយ​ខ្នង​កម្ពស់ ៣០​ជាន់ ដែល​កំពុង​ស្ថិត​ក្រោម​ដំណើរការ​សាងសង់ បាន​ដួល​រលំ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​កម្រិត​ដ៏​ធ្ងន់​នេះ។

ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Phumtham Wechayachai បាន​និយាយ​ថា មាន​កម្មករ​សរុប ៨១​នាក់​បាន​ជាប់​ខ្លួន​នៅ​ក្រោម​គំនរ​បាក់បែក ក្រោយ​ការ​បាក់​ស្រុត​អគារ​កម្ពស់ ៣០​ជាន់​នេះ ដែល​កើតឡើង​នៅ​ភាគ​ខាងជើង​ទីក្រុង​បាងកក ដោយសារ​កម្លាំង​រំញ័រ​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត​រហូត​ដល់ ៧,៧​រ៉ិចទ័រ​ពី​ប្រទេស​ភូមា។

ជាមួយ​គ្នា​នេះ អភិបាល​ក្រុង​បាងកក លោក Chadchart Sittipunt ត្រូវ​បាន​បង្គាប់​ឱ្យ​ទទួល​បន្ទុក​ដឹកនាំ​សម្របសម្រួល​កិច្ចប្រឹងប្រែង​ឆ្លើយតប​គ្រោះ​មហន្តរាយ។

បើ​តាម​លោក Chadchart គ្រោះ​រញ្ជួយ​ដី​បាន​បង្ក​ឱ្យ​អគារ​ខ្ពស់ៗ​ជាច្រើន​នៅ​ក្រុង​បាងកក ខូចខាត​ជា​ខ្លាំង។ ស្រប​ពេល​នេះ​ដែរ ក្រសួង​ដឹកជញ្ជូន​ថៃ បាន​សម្រេច​ឱ្យ​ផ្អាក​សេវា​ដឹកជញ្ជូន​សាធារណៈ​តាម​រថយន្តក្រុង និង​រថភ្លើង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស