មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចាត់ទុកការមិនអនុវត្តច្បាប់ចាប់ឧក្រិដ្ឋជនជនជាតិចិន ដែលបានចាប់ជំរិតលើនារីរងគ្រោះអស់ជាច្រើនខែមកនេះ គឺជាការគប់គិតគ្នារវាងសមត្ថកិច្ច និងក្រុមឧក្រិដ្ឋជន ព្រោះនេះជាអំពើឧក្រិដ្ឋមិនអាចសម្រុះសម្រួលដោយគ្រាន់តែសងលុយឱ្យជនរងគ្រោះវិញ ហើយបញ្ចប់រឿងនោះទេ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ មេសា នេះថា តុលាការ និងស្ថាប័នមានសមត្ថកិច្ចត្រូវតែបើកការស៊ើបអង្កេតលើសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងរឿងនេះ ព្រោះពួកគេបានដឹងនូវអំពើឧក្រិដ្ឋកម្មនេះហើយ តែបែរជាព្យាយាមលាក់បាំងនូវរឿងនេះ ដោយការសម្រុះសម្រួលឱ្យជនល្មើសរួចខ្លួនទៅវិញ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា បើរដ្ឋាភិបាលមិនអើពើលុបបំបាត់ក្រុមឧក្រិដ្ឋជនដែលប្រើកម្ពុជាធ្វើជាទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសទេ គឺស្មើនឹងរដ្ឋាភិបាលគប់គិតជាមួយក្រុមឧក្រិដ្ឋជនទាំងនោះដែរ ហើយទង្វើបែបនេះ គឺជាការបំផ្លាញប្រទេសកម្ពុជាសុទ្ធសាធ ខណៈជនរងគ្រោះពីការដឹកនាំបែបនេះ គឺពលរដ្ឋរបស់ខ្លួនឯងប៉ុណ្ណោះ។
ស្ត្រីរងគ្រោះពីករណីចាប់ជំរិតម្នាក់ឈ្មោះ ប៊ុន ស្រីទូច ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សម្ដីកាលពីចុងសប្តាហ៍កន្លងទៅថា ខ្លួនត្រូវបានថៅកែជនជាតិចិន-ម៉ាឡេស៊ី ឈ្មោះ ស៊ែវ ជី ប្រើអំពើហិង្សាវាយដំលើរូបរាងកាយនឹងដំបងឆក់ ដោយជំរិតឱ្យផ្ទេរទឹកប្រាក់ចំនួន ២៤០០ដុល្លារអាមេរិកជាថ្នូរនឹងការដោះលែងឱ្យរួចខ្លួន។
ប្រភពដដែលអះអាងថា ជនជាតិទាំងនោះបានចាប់ពួកគេបង្ខំឱ្យលុតជង្គង់ដោយសង្កត់ក្បាលពួកគេទៅនឹងការ៉ូ បន្ទាប់មកក៏ដាក់ខ្នោះដៃទាំងសងខាង ហើយបានចាប់អ្នកទាំងពីរទៅលើអគារមួយជាន់ទៀត និងប្រើដំបងឆក់ចង្កេះនៅពេលដែលពួកគេរើបម្រះ។
ពេលទៅដល់លើអគារនោះ ស្ត្រីរងគ្រោះបានអង្វរសុំឱ្យដោះលែងជាថ្នូរនឹងការប្រគល់លុយឱ្យតាមការបង្ខំរបស់ពួកគេ ដោយជនជាតិចិនទាំងនោះបញ្ជាឱ្យស្ត្រីរងគ្រោះផ្ទេរលុយចំនួន ២៤០០ដុល្លារទាំងដៃជាប់ខ្នោះ ទើបក្រុមឧក្រិដ្ឋជនទាំងនោះដោះលែងឱ្យរួចខ្លួនត្រឡប់ទៅផ្ទះវិញ។
ស្ត្រីរងគ្រោះរូបនេះអះអាងថា ករណីនេះបានកើតឡើងជិត ២ខែមកហើយចាប់តាំងពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ រហូតដល់ពេលនេះ ប៉ុន្តែខ្លួនមិនទាន់ទទួលបានយុត្តិធម៌ពីអំពើចាប់ជំរិតនេះនៅឡើយទេ ព្រោះសមត្ថកិច្ចគ្រាន់តែសម្រុះសម្រួលឱ្យទទួលយកលុយចំនួន ២៤០០ដុល្លារដែលជនជាតិចិននោះបានជំរិតយក និងចំនួនលុយ ១ពាន់ដុល្លារទៀតជាថ្នូរនឹងការសងជំងឺចិត្ត។
ទាក់ទិននឹងបញ្ហានេះ គេហទំព័រអន្តរជាតិឈ្មោះ NUMBEO បានចេញផ្សាយពីឧក្រិដ្ឋកម្មដែលកើតមាននៅប្រទេសក្នុងតំបន់អាស៊ីប្រចាំឆ្នាំ២០២៤ (Crime index in Southeast Asia-2024) កាលពីចុងឆ្នាំ២០២៤ ថា ឆ្នាំ២០២៤ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសសម្បូរឧក្រិដ្ឋកម្មខ្លាំងជាងគេបំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដើម្បីសុំការបំភ្លឺបន្ថែមជុំវិញករណីចាប់ជំរិតនេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ ព្រោះទូរសព្ទមិនចូល៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

