30.7 C
Phnom Penh

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បដិសេធ​ព័ត៌មាន​ដែល​ថា​មាន​មន្ត្រី​កាត់​ឆ្វៀល​ដី​ភ្នំ​ឱរ៉ាល់ ធ្វើ​ជា​កម្មសិទ្ធិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​ថា អាជ្ញាធរ​បាន​កាត់​ឆ្វៀល​ដី​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​រដ្ឋបាល​ខេត្ត​នេះ​ចាត់ទុក​ការ​ផ្សាយ​ព័ត៌មាន​នេះ​មាន​ចេតនា​ញុះញង់​ធ្វើ​ឱ្យ​សាធារណជន​យល់​ច្រឡំ​លើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ។

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​៩ ខែ​កក្កដា បាន​ចេញ​លិខិត​បំភ្លឺ​ដោយ​បដិសេធ​ព័ត៌មាន​នេះ​ថា​ជា​ព័ត៌មាន​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ច្បាស់លាស់ សរសេរ​ឡើង​ក្នុង​ចេតនា​បង្កាច់​បង្ខូច និង​ញុះញង់​ធ្វើ​ឱ្យ​សាធារណជន​យល់​ច្រឡំ និង​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់​ដឹកនាំ​ខេត្ត មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ។

នៅ​ក្នុង​លិខិត​បំភ្លឺ​ដដែល​បាន​អះអាង​ថា អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បាន​យកចិត្ត​ទុកដាក់​ក្នុង​ការ​អភិរក្ស​តំបន់​សហគមន៍​នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ក្នុង​ស្រុក​ឱរ៉ាល់ តាមរយៈ​ការ​ផ្សព្វផ្សាយ​ច្បាប់​ភូមិបាល និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ស្រប​តាម​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ដោះស្រាយ​វិវាទ​ដីធ្លី និង​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដើម្បី​បាន​ផ្ដល់​លទ្ធភាព​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្ដែង ឱ្យ​ទទួល​បាន​ដី​សម្រាប់​បង្កបង្កើនផល លើក​កម្ពស់​កម្រិត​ជីវភាព​ផង​ដែរ។

ការ​បំភ្លឺ​ពី​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បញ្ជាក់​បន្ថែម​ថា រដ្ឋបាល​ខេត្ត​នឹង​បន្ត​ចាត់​វិធានការ​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​រុករាន​ទន្ទ្រាន​ដី​សាធារណៈ​របស់​រដ្ឋ។ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ស្នើ​ឱ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ពិត ជៀសវាង​មាន​ការ​យល់​ច្រឡំ​ពី​សាធារណជន និង​បាន​ស្នើ​ឱ្យ​អ្នក​បង្ហោះ​ព័ត៌មាន​បំភ្លៃ​នោះ កែតម្រូវ​ខ្លឹមសារ​ឡើងវិញ។

កាលពី​ថ្ងៃទី​៩ ខែ​កក្កដា ប្រធាន​គម្រោង​បៃតង​វ៉រៀសន៍ លោក តាន់ គីមសួរ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដើម្បី​ស្នើសុំ​ការ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាពិសេស​នេះ​មិនមែន​ជា​ករណី​កាត់​ឆ្វៀល​ដី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ភ្នំ​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នោះ​ទេ នេះ​គឺជា​ការ​រៀបចំ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​របស់​អស់​លោកធំ និង​មាន​អំណាច​មួយ​ចំនួន​ដែល​មាន​ការ​គប់គិត​ជា​ប្រព័ន្ធ​តែម្ដង។ ករណី​នេះ មិន​ខុស​ពី​ករណី​ភ្នំ​តាម៉ៅ នោះ​ទេ គ្រាន់​ទម្រង់​នៃ​ការ​រៀបចំ​ផ្សេង​គ្នា​តែប៉ុណ្ណោះ។

ប្រភព​ដដែល​បាន​សរសេរ​ថា មេខ្យល់​បាន​យក​លុយ​ទៅ​ចែក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ១​គ្រួសារ ១​លាន​រៀល ជា​ថ្នូរ​ក្នុង​ការ​មិន​ប្រតិកម្ម​ចំពោះ​ការ​ឈូស​បំផ្លាញ​ព្រៃឈើ មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ជាច្រើន​ពាន់​នាក់​មិន​សុខចិត្ត ហើយ​ក៏​មិន​ហ៊ាន​តវ៉ា​នោះ​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស