35.9 C
Phnom Penh

អាមេរិក​ព្រមាន​ថា កម្ពុជា​មិន​ត្រឹមតែ​មិន​បាន​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​ទេ តែ​ថែមទាំង​ជាប់​ពាក់ព័ន្ធ​ជួយ​ជ្រោមជ្រែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹមតែ​មិន​បាន​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​ទេ តែ​ថែមទាំង​ជាប់​ពាក់ព័ន្ធ​ជា​ប្រព័ន្ធ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​ថែមទៀត។

ក្រសួង​ការបរទេស​អាមេរិក បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជីខ្មៅ​ដែល​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​កម្រិត​៣ (Tier 3 Watch List) នៃ​ការ​ជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ​២០២៥ នេះ ដោយ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹមតែ​មិន​បាន​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​ទេ តែ​ថែមទាំង​ជាប់​ពាក់ព័ន្ធ​ជា​ប្រព័ន្ធ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​ថែមទៀត។

ក្រសួង​ការបរទេស​អាមេរិក ចេញ​របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០២៥ កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា នេះ​ថា មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ពី​ឧក្រិដ្ឋកម្ម​ទាំងនេះ។ លើស​ពី​នេះ ក៏​មាន​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​ខ្លះ​ទៀត​បាន​បំភិតបំភ័យ​ជនរងគ្រោះ និង​សាក្សី​ដែល​ធ្លាក់​ខ្លួន​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត ក៏ដូចជា​សង្គម​ស៊ីវិល​ផង​ដែរ ដែល​ធ្វើការ​ក្នុង​ការ​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​នេះ។

ជាង​នេះ​ទៅ​ទៀត ក៏​មាន​ការ​រារាំង និង​បដិសេធ​មិន​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ការ​ជួញដូរ​មនុស្ស​នៅ​តាម​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ផង​ដែរ ដែល​សកម្មភាព​ទាំងអស់​នេះ​ត្រូវ​បាន​អាមេរិក ចាត់ទុក​ថា​ជា​ការ​ការពារ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ទាំងនោះ។

ជាក់ស្តែង រដ្ឋាភិបាល​កម្ពុជា បាន​បរាជ័យ​ក្នុង​ការ​កាត់ទោស​សមាជិក​ព្រឹទ្ធសភា និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​មួយ​រូប​ដែល​ទទួល​រង​នូវ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក បើ​ទោះបីជា​មាន​ភស្តុតាង​ជុំវិញ​ប្រតិបត្តិការ​បោកប្រាស់​តាម​អ៊ីនធឺណិត​តាមរយៈ​អង្គភាព​សាជីវកម្ម​ជាច្រើន​ដែល​មន្ត្រី​កម្ពុជា រូប​នោះ​ជា​ម្ចាស់​ក៏ដោយ។

ក្រសួង​ការបរទេស​អាមេរិក បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​រាយការណ៍​ជាក់លាក់​អំពី​ការ​កាត់ទោស​ឧក្រិដ្ឋជន​ចាប់តាំងពី​ឆ្នាំ​២០២២ មក​ម្ល៉េះ ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា កម្ពុជា​មិន​បាន​បំពេញ​តាម​ស្តង់ដា​អប្បបរមា​ឱ្យ​បាន​ពេញលេញ​សម្រាប់​ការ​លុបបំបាត់​ការ​ជួញដូរ​មនុស្ស​នោះ​ទេ។

នៅ​ក្នុង​ពិធី​ជាតិ​ស្ដីពី​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៥ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (គ.ជ.ប.ជ) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ អំពើ​ជួញដូរ​មនុស្ស​មិន​បាន​ថយ​ចុះ​ទេ គឺ​កាន់តែ​កើន​ឡើង​ជាង​មុន​ទៅវិញ។

ទោះជា​បែប​នេះ​ក្តី គណៈកម្មការ​ដដែល​នេះ​អះអាង​ថា អាជ្ញាធរ​កម្ពុជា​បាន​ចាត់​វិធានការ​បង្ក្រាប​នៅ​តាម​គោលដៅ​ចំនួន ៧២​ទីតាំង ក្នុង​ចំណោម ១៨​រាជធានី-ខេត្ត និង​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​សរុប​ជាង ៣​ពាន់​នាក់ ដែល​មាន ១៩​សញ្ជាតិ កាល​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៥ កន្លង​ទៅ។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​ទទួលស្គាល់​ថា ប្រទេស​កម្ពុជា កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជា​ទីតាំង​សម្រាប់​ការ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​ពី​សំណាក់​ឧក្រិដ្ឋជន ប៉ុន្តែ​រដ្ឋាភិបាល​នៅតែ​ប្រកាស​ជំហរ​ប្រឆាំង​ដាច់ខាត​រាល់​ទម្រង់​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស​អំពើ​ជួញដូរ​មនុស្ស​តែម្តង។

យ៉ាងណាក៏ដោយ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់​អំណាច​មួយ​រូប គឺ​លោក លី យ៉ុងផាត់ និង​អាជីវកម្ម​របស់​លោក​មួយ​ចំនួន​ផង​ដែរ ក្រោយ​រក​ឃើញ​ថា​បុគ្គល​រូប​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់ ការ​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ដោយ​ខុស​ច្បាប់ និង​ការ​បោកប្រាស់​តាម​បណ្ដាញ​អ៊ីនធឺណិត តាម​ច្បាប់ Executive Order លេខ ១៣-៨១៨ របស់​អាមេរិក។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នកស្រី ជូ ប៊ុនអេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស