26.6 C
Phnom Penh

ប្រជាជន​ស៊ែប៊ី រាប់​ពាន់​នាក់​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បំផ្លាញ​សំណង់​ប្រវត្តិសាស្ត្រ​និង​ករណី​ពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បាតុកម្ម​ផ្ទុះ​ឡើង​នៅ​ទីក្រុង Belgrade ប្រទេស​ស៊ែប៊ី កាលពី​ថ្ងៃ​អង្គារ ទី​១១ ខែ​វិច្ឆិកា បាតុករ​រាប់​ពាន់​នាក់​បាន​ចេញ​មក​តាម​ដងផ្លូវ​ធ្វើ​បាតុកម្ម​យ៉ាង​ក្តៅ​គគុក ប្រឆាំង​នឹង​អំពើពុករលួយ​ដ៏​ធំ​មួយ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ក្នុង​ទំហំ​សាច់ប្រាក់ ៥០០​លាន​ដុល្លារ ដែល​គម្រោង​នេះ​ជាប់​ភាគហ៊ុន​របស់​កូនប្រសា​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Jared Kushner។

នេះ​បើ​តាម​ការ​ចុះផ្សាយ​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាល្លឺម៉ង់ DW នៅ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះ។

តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ ការ​ផ្ទុះ​ការ​តវ៉ា​ដ៏​ធំ​នេះ​នៅ​ទីក្រុង Belgrade ប្រឆាំង​នឹង​ការ​វាយ​បំផ្លាញ​អគារ​អតីត​ទីបញ្ជាការ​កងទ័ព​យូហ្គោស្លាវី ដែល​ជា​សំណង់​ប្រវត្តិសាស្ត្រ​មួយ​រង​ការ​វាយប្រហារ​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​អង្គការ​ណាតូ (NATO) ក្នុង​ឆ្នាំ​១៩៩៩។

សំណង់​នេះ​ធ្លាប់​ត្រូវ​បាន​កំណត់​ជា​ទ្រព្យសម្បត្តិ​វប្បធម៌​ដ៏​សំខាន់ ប៉ុន្តែ​ការ​អភិរក្ស​សំណង់​នោះ​ត្រូវ​បាន​ដក​ចេញ​កាលពី​ឆ្នាំ​មុន បណ្តាល​ឲ្យ​មាន​ការ​ស៊ើបអង្កេត​អំពី​ការ​ក្លែង​បន្លំ​ឯកសារ​រដ្ឋ និង​ការ​ចោទប្រកាន់​អំពើពុករលួយ រួម​នឹង​ករណី​កិបកេង​ថវិកា​ក្នុង​ការ​បញ្ចេញ​កញ្ចប់​ថវិកា​រដ្ឋ ៥០០​លាន​ដុល្លារ​សម្រាប់​សំណង់​ថ្មី​លើ​សំណង់​ប្រវត្តិសាស្ត្រ​នេះ។

សកម្មជន​ជា​និស្សិត Valentina Moravcevic បាន​ប្រាប់​ទូរទស្សន៍ N1 ថា រដ្ឋាភិបាល​នេះ​បាន​អនុម័ត​ច្បាប់​ពិសេស​មួយ​ដើម្បី​ធ្វើ​ឲ្យ​អំពើ​ខុស​ច្បាប់​របស់​ខ្លួន​ក្លាយ​ជា​រឿង​ស្រប​ច្បាប់។ ឥឡូវ​នេះ ពួកគេ​អាច​បំផ្លាញ​អគារ​នេះ​ដោយ​ស្រប​ច្បាប់ ប៉ុន្តែ​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​វា​កើតឡើង​ទេ។

បាតុករ​បាន​ដើរ​ចេញពី​កន្លែង​ប្រមូលផ្ដុំ ដោយ​ដើរ​កាន់​បដា និង​រូបភាព​អគារ​នេះ ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​គម្រោង​ដែល​ពួកគេ​ចាត់ទុក​ថា​ជា​ការ​បំផ្លាញ​អត្តសញ្ញាណ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ស៊ែប៊ី។

នៅ​លើ​គេហទំព័រ​មាន​ភាព​រសើប​ខ្លាំង​ដោយសារតែ​ប្រជាជន និង​សកម្មជន​សង្គម​បាន​ចូលរួម​ប្រមូលផ្ដុំ​គ្នា​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្ហាញ​ការ​តស៊ូ​ប្រឆាំង​នឹង​គម្រោង​រដ្ឋាភិបាល។ ពួកគេ​បាន​នាំគ្នា​ឈរ​ជា​ជួរ​ជុំវិញ​អគារ​ដែល​រដ្ឋាភិបាល​បាន​ជួល​អស់​រយៈពេល ៩៩​ឆ្នាំ​ទៅ​ឱ្យ​ក្រុមហ៊ុន Affinity Global Development ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក Jared Kushner កូនប្រសា​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដោយ​បាន​គូស​បន្ទាត់​ក្រហម​នៅ​លើ​ចិញ្ចើម​ផ្លូវ ដើម្បី​ប្រកាស​ថា​តំបន់​នេះ​មិន​អាច​ប៉ះពាល់​បាន​ដាច់ខាត។

ការ​អនុម័ត​ច្បាប់​ពិសេស​ដោយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Aleksandar Vucic សម្រាប់​គម្រោង ៥០០​លាន​ដុល្លារ​នេះ បាន​បង្ក​ការ​តវ៉ា​ក្តៅ​គគុក​ក្នុង​សង្គម ព្រោះ​វា​អាច​អនុញ្ញាត​ឲ្យ​បំផ្លាញ​អគារ​ប្រវត្តិសាស្ត្រ​សំខាន់​ដោយ​ស្រប​ច្បាប់។

ប្រជាជន​មើល​ឃើញ​ការ​សង់​ជំនួស​អគារ​បុរាណ​សង្គ្រាម​ដោយ​អគារ​ប្រណិត​ថ្មី​ជា​ការ​លុបបំបាត់​ប្រវត្តិសាស្ត្រ​ជាតិ​ដ៏​ខ្មៅ​ងងឹត។ ប្រជាជន​បង្ហាញ​ការ​តវ៉ា​នៅ​លើ​ផ្លូវ​មួយ​ដែល​ជា​និមិត្តសញ្ញា​ដោយ​បង្ហាញ​កំហឹង និង​ការ​តស៊ូ​ប្រឆាំង​នឹង​អំពើពុករលួយ​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល។

គម្រោង​អភិវឌ្ឍន៍​ឡើងវិញ​នៃ​អគារ​នេះ ផ្ដួចផ្ដើម​ឡើង​ដោយសារតែ​រដ្ឋាភិបាល​ស៊ែប៊ី ប្ដេជ្ញា​ថា​គម្រោង​ដែល​គាំទ្រ​ដោយ​លោក Kushner ជា​ស្ថាបនិក​វិនិយោគិន​ពី​សហរដ្ឋ​អាមេរិក នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន។ ទំនាក់ទំនង​សេដ្ឋកិច្ច​នេះ​មាន​សារសំខាន់ ព្រោះ​សហរដ្ឋ​អាមេរិក បាន​ដាក់​ពន្ធ​លើ​ការ​នាំចូល និង​អនុវត្ត​ទណ្ឌកម្ម ព្រោះតែ​ស៊ែប៊ី នៅ​បន្ត​នាំ​ប្រេង​ពី​ប្រទេស​រុស្ស៊ី។

ការ​តវ៉ា​នេះ គឺជា​រលក​ចុងក្រោយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ក្នុង​ការ​ប្រឆាំង​រដ្ឋាភិបាល​ករណី​អំពើពុករលួយ និង​គ្មាន​ស្តង់ដា​សុវត្ថិភាព។ កំហឹង​នៃ​ប្រជាជន​ផ្ទុះ​ឡើង​កាន់តែ​ខ្លាំង បន្ទាប់ពី​ករណី​រថភ្លើង Novi Sad រលំ​ក្រឡាប់​នៅ​ឆ្នាំ​មុន សម្លាប់​មនុស្ស ១៦​នាក់។ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឲ្យ​ប្រជាជន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​គ្រប់គ្រង​ផ្លូវដែក​គ្មាន​សុវត្ថិភាព។

តាមរយៈ​គម្រោង​អភិវឌ្ឍន៍​នេះ រដ្ឋាភិបាល​ទីក្រុង Belgrade ចង់​បង្ហាញ​ថា​គេ​អាច​ទាក់ទង​សេដ្ឋកិច្ច​អន្តរជាតិ និង​បង្កើន​សក្ដានុពល​ក្នុង​សេដ្ឋកិច្ច ប៉ុន្តែ​វា​ក៏​បង្កើត​កំហឹង និង​ការ​តវ៉ា​របស់​ប្រជាជន​ដែល​មើល​ឃើញ​សុទ្ធតែ​ជា​ការ​បម្លែង​ក្លែង​បន្លំ​ក្រោម​ការ​អភិវឌ្ឍ តែ​ជា​ការ​កិបកេង និង​ប្រព្រឹត្ត​អំពើពុករលួយ​ស៊ី​លើ​គម្រោង​អភិវឌ្ឍន៍​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស