30 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

កាលបរិច្ឆេទ​បណ្តេញ​ចេញ​ខិត​ជិត​ដល់ហើយ​សម្រាប់​អ្នកភូមិ​ខេត្ត​កោះកុង​

ក្រុម​មន្ត្រី និង​​​អ្នក​ភូមិ​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ភូមិ​​​ខេត្ត​​​កោះកុង​​​ដែល​​​បាន​​​ជាប់ពាក់ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​ជាមួយ​​​ក្រុមហ៊ុន​​​ចិន​​​​​​ ទទួល​​​បាន​​​សេចក្តី​​​ជូន​​​ដំណឹង​​​កាលពី​​​ថ្ងៃសៅរ៍​​​​​​ថា នៅពេល​​​ឆាប់ៗ​​​នេះ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​នឹង​​​អនុវត្ត​​​សេចក្តី​​​បង្គាប់​​​របស់​​​តុលាការ​​​​​​បណ្តេញ​​​ពួកគាត់​​​ចេញពីដីធ្លី​​​របស់ខ្លួន។ អ្នកភូមិ​​​៤៧គ្រួសារ​​​ក្នុង​​​ឃុំ​កោះ​​​ស្តេច​​​ ស្រុក​​​គិរី​​​សាគរ​​​​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១០ ​​​បាន​​​តតាំង​​​នឹង​​​គម្រោង​​​អភិវឌ្ឍ​​​ន៍​​​ផ្ទៃដី​​​ទំហំ​​​៤៥.០០០ហិកតា​​​ក្នុង​​​ឧ​​​ទ្យាជាតិ​​​បទុម​​​សាគរ​​​របស់​​​ក្រុមហ៊ុន Union Development Group (UDG) ឲ្យ​​​ទៅ​​​ជា​​​តំបន់​​​ទេស​​​ចរណ៍​​​​​​ក្នុង​​​ទឹក​​​ប្រាក់​​​​​​៣,៨ពាន់លានដុល្លារ។ ក្រុមហ៊ុន​​​នេះ​​​បាន​​​បណ្តេញ​​​អ្នកភូមិ​​​ប្រហែល​​​១.០០០គ្រួសារ​​​ចេញពី​​​តំបន់​​​នេះ ប៉ុន្តែ​​​អ្នក​ភូមិ​​​ប្រហែល​​​៤៧គ្រួសារ​​​​​​បាន​​​បដិសេធ​​​មិន​​​ព្រម​​​ចាកចេញពី​​​ដី​​​ដែលពួកគាត់​​​និយាយថា ពួកគាត់​​​បាន​​​កាន់​​​កាប់​​​ដោយ​​​ស្រប​​​ច្បាប់។ កាលពី​​​ថ្ងៃសៅរ៍ ​​​ក្រុម​មន្ត្រី​​​ឃុំ​​​​​​បាន​​​ផ្តល់​​​លិខិត​​​ថត​​​ចម្លង​​​​​​ចុះថ្ងៃទី​​​៤ ខែមីនា​​​ដែលចុះ​​​ហត្ថ​លេខាដោយ​​ព្រះ​​​រាជ​​​អាជ្ញារង​​​អម​​​សាលាដំបូង​​​ខេត្ត​​​​​​ ស្រី ម៉ាកនី ដោយ​​​ប្រាប់​​​ពួកគាត់​​​ថា សេចក្តី​​​បង្គាប់​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ដី​​​​​​ដែលចេញ​​​ដោយ​​​តុលាកា​​​រកាលពី​​​ខែ​​​មុននោះ នឹងត្រូវ​​​អនុវត្ត​​​ក្នុង​​​រយៈពេល​​​៦០ថ្ងៃ។ លោក មេឃុំ  ភឿយ កែ បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា "​​​យើង​​​គ្រាន់តែ​​​ជូន​​​ដំណឹង​​ពី​​​ការ​​​អនុវត្ត​​​ដីកាបង្គាប់​​​របស់តុលាការ​​​​​​ស្នើឲ្យ​​​អ្នក​​​ភូមិ​​​ផ្តិត​​​មេដៃតែប៉ុណ្ណោះ ហើយ​​​ប្រសិន​​​បើ​​​ពួកគាត់​​​មិន​​​យល់ស្រប​​​ ពួកគាត់​​​អាច​​​ប្តឹង​ទៅ​​​តុលាការ​​​បាន​"។ អ្នកភូមិ​​​ឈ្មោះ​​​ ប្រាក់ ធួក ដែលទទួលបាន​​​សេចក្តី​​​ជូន​​​ដំណឹង​​​នេះ​​​​​​បាន​​​និយាយថា អ្នកភូមិ​​​ទាំង​​​៤៧គ្រួសារ​​​មិន​​​ព្រម​​​ផ្តិតមេដៃ​​​ទេ ហើយ​​​នឹង​​​បន្ត​​​តតាំង​​​នឹង​​​ការ​​​បណ្តេញចេញ​​​នេះ។ លោក​​​បាននិយាយថា "​​​ប្រសិន​​​បើយើង​​​យល់ព្រម​​​ផ្តិត​​​មេដៃ មាន​​​ន័យ​​​ថា យើង​​​យល់ព្រម​​​​​​ឲ្យ​​​ពួកគេ​​​យក​​​ដី​​​របស់​​​យើងអ៊ីចឹង​​​​។ ខ្ញុំ​​​នឹង​​​មិន​​​ចាក​​​ចេញ​​​ពី​​​ដី​​​របស់ខ្ញុំឡើយ"៕សារុន  

មនុស្ស​ម្នាក់​ស្លាប់​ និង​២៥នាក់​រ​ងរបួស​​ក្នុ​ងគ្រោះ​ថ្នាក់​រថយន្ត​ក្រុង​ក្នុង​ខេត្ត​បាត់​ដំបង

នគរ​​​បាល​​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិលមិញ​​​ថា មនុស្ស​​​ម្នាក់​​​បាន​​​ស្លាប់ និង​​​​​​ជាង​​​២៤​​​នាក់​​​បាន​​​រង​​​របួស​​​កាល​​ពី​​​ថ្ងៃ​​​អាទិត្យ នៅ​​​ពេល​​​រថយន្ត​​​ក្រុង​​​មួយ​​​គ្រឿង​​​បាន​​​រេ​​​ចង្កូត​​​ធ្លាក់​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥ ហើយ​​​បាន​​​ជ្រុល​​​ទៅ​​​បុក​​​ដើម​​​ឈើ​​​មួយ​​​ដើម​​​ បន្ទាប់​​​ពី​​​អ្នក​​​បើក​​​បរ​​​បាន​​​ដេក​​​លក់​​​មួយ​​​ភាំង​​​។ គ្រោះ​​​ថ្នាក់​​​​​​នេះ​​​បាន​​​កើត​​​ឡើង​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​ បន្ទាប់ ពី​​​រថយន្ត​​​ក្រុង​​​ដឹក​​​ភ្ញៀវ​​​ទេសចរ​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​២៤​​​នាក់​​​បាន​​​បុក​​​ជាមួយ​​​រថយន្ត​​​ធុន​​​ធំ​​​មួយ​​​គ្រឿង​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ បណ្តាល​​​ឲ្យ​​​មនុស្ស​​​ម្នាក់​​​ស្លាប់ និង​​​១១នាក់​​​ទៀត​​​រង​​​របួស​​​។ យោង​​តាម​លោក វុធ ប៊ុនធឿន អធិការ​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា គ្រោះ​​​ថ្នាក់​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ បាន​​​កើត​​​ឡើង​​​នៅ​​​ម៉ោង​​​ប្រហែល​​​២និង​​​៣០​​​នាទី​​​រំលង​​​អធាត្រ​​​ ខណៈ​​​ដែល​​​រថយន្ត​​​ក្រុង​​​របស់​​​ក្រុម​​​ហ៊ុន លី ហុង ដឹក​អ្នក​ដំណើរ​បាន​​​បើក​ឆ្លងកាត់​ឃុំ​​​កំពង់​​​ព្រៀង​​​ ស្រុក​​​សង្កែ​​​ទៅ​​​ក្រុង​​​ប៉ោយ​​​ប៉ែត។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា រថយន្ត​​​ក្រុង​​​នេះ​​​បាន​​​រេ​​​ចង្កូត​​​ទៅ​​​ចិញ្ចើមផ្លូវ​ខាង​​​ស្តាំ​​​ ហើយ​​​បាន​​​បុក​​​ដើម​​​ឈើ​​​មួយ​ដើម​បាក់មុន​​​ពេល​​​ធ្លាក់​​​ចូល​​​ប្រឡាយ​​​។ ស្ត្រី​​​ម្នាក់​​​បាន​​​ស្លាប់ និ​​​ងអ្នក​​​ដំណើរ​​​២៥​​​នាក់​​​ទៀត​​​បាន​​​រង​​​របួស​​​"។ អធិការ​​​នគរ​​​បាល​​​រូបនេះ​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​អ្នកស្លាប់​​​ថា ឈ្មោះ អ៊ុំ អូន អាយុ​​​៤១​​​ឆ្នាំ មក​​​ពី​​​ខេត្ត​​​កំពង់​​​ឆ្នាំង។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​អ្នក​​​ដំណើរ​​​បី​​​នាក់​​​ដែល​​​រង​​​របួស​​​ធ្ងន់​​​ត្រូវ​​​បាន​​​ប្រញាប់​​​ប្រញាល់​​បញ្ជូន​​​ទៅ គ្លីនិក​​​ឯកជន​​​ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​។ លោក ប៊ុន​​​ធឿន បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​ដែល​​​លោក​​​មិន​​​ស្គាល់​​​ឈ្មោះ បាន​​​ចុះ​រត់​​​គេច​​​ខ្លួន​​​។  លោក​​​បាន​​​មានប្រសាសន៍​​​ថា "ភ្លាម​​​ៗ បន្ទាប់​​​ពី​​​គ្រោះ​​​ថ្នាក់​​​ មន្ត្រី​​​របស់​​​យើង​​​បាន​​​មក​​​ដល់​​​កន្លែង​​​កើត​​​ហេតុ...ប៉ុន្តែ យើង​រក​​​អ្នក​​​បើក​​​បរ​​​មិន​ឃើញ​​​ឡើយ​​​"។ លោក សាត​​​ គឹមសាន្ត​​​ នាយ​​​នគ​​​របាល​​​ចរាចរ​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​មានប្រសាសន៍​​​ថា គ្រោះ​​​ថ្នាក់​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ពេល​​​អ្នក​​​បើក​​​បរ​​​ងោក​​​​មួយ​​​ភាំង​​​ ខណៈ​​​ពេលកំពុង​​​​បើក​​​បរ​​​ក្នុង​​​ល្បឿន​​​លឿន។ លោក​​​ក៏​​​បាន​​​មានប្រសាសន៍​​​ផង​​​ដែរ​​​ថា លោក​​​មិន​​​ស្គាល់​​​ឈ្មោះ អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​នោះ​​​ឡើយ​​​។ លោក គឹមសាន្ត បាន​​​មានប្រសាសន៍​​​ថា "នគរ​​​បាល​​​បាន​​​វាយ​​​តម្លៃ​​​កន្លែង​​​គ្រោះ​​​ថ្នាក់​​​ ហើយ​​​បាន​​​សម្រេច​​​ថា គ្រោះ​​​ថ្នាក់​​​នេះ​​កើត​​ឡើង​ដោយ​​​សារ​​​អ្នក​​​បើក​​​បរ​​​ងងុយ​​​ដេក​​​។ មិន​​​មាន​​​សញ្ញា​​​ណា​​​ថា មាន​​​មនុស្ស​​​ឆ្លង​​​ផ្លូវ​​​ឡើយ​​​ ពីព្រោះ​​​រថយន្ត​​​ក្រុង​​​នោះ​​​បាន​​​រេ​​​ចង្កូត​​​ធ្លាក់​​​ផ្លូវ​​​តែ​​​ម្តង"។ លោក​​​បាន​​​​​​បន្ថែម​​​ថា "អ្នក​​​ដំណើរ​​​ភាគច្រើន​​​រង​​​របួស​​​នៅ​​​ពេល​​​រថយន្ត​​​នេះ​​​បាន​​​បុក​​​ដើម​​​ឈើ​​​ ហើយ​​​ពួក​​​គាត​់បាន​​​បោក​​​ក្បាល​​​ផ្ទប់​​​នឹង​​​ជញ្ជាំង​រថយន្ត​​​"។ លោក គឹម​​​សាន្ត បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​ក្រោមឱវាទរបស់​​​លោក​​​បាន​​​ទាក់ទង​​​​ជា​​​មួយ​​​​​​ព្រូឡាន​ដែល​​​កំពុង​​​សម្រាក​​​ព្យាបាល​​​របួស​​​​​បាក់​​​ជើង​​​ម្ខាង​​​។ ប៉ុន្តែ នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​ពួក​​​គេ​​​បាន​​ព្យាយាម​ទទួលបាន​អត្ត​​​សញ្ញាណ​​​អ្នក​​​បើក​​​រថយន្តពីព្រូឡាន​នេះ​ឬ​​​យ៉ាង​ណានោះ ​​​គាត់​​បាន​​​ឆ្លើយ​​​ពង្វាងម្តងហើយ​ម្តងទៀត​​​។ លោក​​​ក៏​​​បាន​​​មានប្រសាសន៍​​​ផង​​​ដែរ​​​ថា លោក​​​មិន​​​ចាំ​​​ឈ្មោះ​​​ព្រូឡាន​នោះ​​​ទេ​​​ ហើយ​​​មិន​​​មាន​​​ព័ត៌​​​មាន​​​ទាក់​​​ទង​​​ក្រុម​​​ហ៊ុន​​​រថយន្ត​​​ក្រុង​​​នោះ​​​ដែរ​​​។ លោក​​​បាន​​​​​​មានប្រសាសន៍​​​ថា "ក្រុម​​​ហ៊ុន​​​ធានា​​​រ៉ាប់​​​រង​​​របស់​​​ ...

អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជាឲ្យ​នគរបាល​ឃ្លាំមើលតាម​​កន្លែង​លក់​គ្រឿង​អលង្ការ ​២៤ម៉ោង​លើ​២៤ម៉ោង

យោង​​​តាម​​សេចក្តី​​​ជូន​​​ដំណឹង​​​ដែលបាន​​​ចុះ​​​ផ្សាយ​​​ក្នុង​​​​គេហទំព័រ​​​​​​របស់​​​នគរបាល​​​កាលពី​​​ម្សិល​មិញ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក នេត សាវឿន អគ្គស្នងការ​​​នគរ​​​បាល​​​ជាតិ​​​​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​នគរ​​​បាល​​​ចាប់​​​ផ្តើម​​​​​ឃ្លាំមើល​​​​​​តាមកន្លែង​លក់គ្រឿង​​​អលង្ការ​​​និង​​​កន្លែង​​​ប្តូរ​​​ប្រាក់​​​​​​តាម​​​ទីផ្សារ​​​​​​២៤ម៉ោង ហើយ​​​បាន​​ព្រមាន​​​ក្រុម​​​មន្ត្រី​​​ទាំង​​​នោះ​​​​​​ថា ពួកគេ​​អាច​​​ត្រូ​​វ​​​បណ្តេញ​​​ចេញ​​​ ប្រសិន​​​បើ​​​​​​ពួកគេ​​​​​​បណ្តោយ​​​ឲ្យ​​​មាន​​​អំពើ​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​​​​កើត​​​ឡើង​​​ទៀតនោះ​។ សេចក្តីជូនដំណឹងនៅក្នុង​​​គេហទំព័រ​​​របស់​​​នគរបាល​​​ជាតិ​​​មាន​​​ខ្លឹម​​​សារ​​​ថា បទ​​​បញ្ជានេះ​​​ត្រូវ​​​បាន​​​ផ្សព្វផ្សាយ​កាលពីម្សិលមិញ​​​ គឺថ្ងៃតែមួយ​​​​​​ដែលបុរ​​​សបីនាក់​​​​​​ប្រដាប់ដោយ​​​កាំភ្លើង​​​អាកា-៤៧ កាំភ្លើង​​​ខ្លី និង​​​ពូថៅ​​​​​​បាន​​​ប្លន់​​​​​​​​មាស​​​និង​​​ប្លាទីន​​​ពី​​​ផ្សារ​​​មួយ​​​ក្នុង​​​​​​ស្រុក​​​ភ្នំក្រវាញ  ខេត្ត​​​ពោធិ៍​សាត់​​​គិត​​​ជា​​​ទឹក​​​ប្រាក់​​​រាប់​​​ម៉ឺន​​​ដុល្លារ​​​។ សេចក្តី​ជូន​ដំណឹង​​​​នៅក្នុង​​​គេហទំព័រ​​​នគរបាល​​​ជាតិ​​​នេះ​​​លើ​​ក​​​ឡើង​​​ទៀត​​​ថា "​​​ឧត្តម​​​សេនីយ៍ នេត​​​ សាវឿន ​​​អគ្គស្នងការ​​​នគរបាល​​​ជាតិ​​​​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​បន្ទាន់​​​​​​ដល់​​​នគរបាល​​​ទូ​​​ទាំង​​​ប្រទេស​ឲ្យ​​​ពង្រឹង​​​​​​ និង​​​ការ​​​ពារ​​​សន្តិសុខ​​​ និង​​​សុវត្ថិភាព​​​​​​នៅតាម​ទីប្រជុំជន ជា​​​ពិសេស​​​​​​នៅតាម​​កន្លែង​​​លក់គ្រឿង​​​អលង្ការ​​​ និង​​​កន្លែង​​​ប្តូរ​​​ប្រាក់​​។ នៅក្នុង​​​បទ​​​បញ្ជា​​​បន្ទាន់​​​ដែល​​​បាន​​​ផ្សព្វ​ផ្សាយ​​​ដល់​​​នគរ​​​បាល​​​ទូ​​​ទាំង​​​ប្រទេស​​​​​​កាលពី​​​ថ្ងៃសៅរ៍នោះ ឧត្តម​​​សេនីយ៍ នេត​​​ សាវឿន ក៏បាន​​​ចាត់​​​តាំង​​​​​​ឲ្យ​​​ស្នងការ​​​ដ្ឋាន​​​នគរបាល​​​ទាំង​​​អស់​​​​​​ដាក់​​​កម្លាំង​​​ការ​​​ពារ​​​២៤ម៉ោង​​​លើ​​​២៤ម៉ោង​​​​​​នៅ​​​តាម​​​ទីផ្សារ​​​ និង​​​ទីប្រជុំជន​​នានា ជាពិសេសនៅកន្លែង​​​លក់គ្រឿង​​​អលង្ការ​​​ និង​​​កន្លែង​​​ប្តូរ​​​ប្រាក់​​​ដែលអាច​​​មាន​​​អំពើ​​​ប្លន់​​​ប្រដាប់​​​អាវុធកើត​ឡើង​"។ សេចក្តី​ជូន​ដំណឹង​នេះ​​​បាន​ឲ្យ​ដឹង​ថា "​​​នៅក្នុង​​​បទ​​​បញ្ជានេះ ឧត្តម​​​សេនីយ៍ នេត​​​ សាវឿន ​​​ក៏បាន​​​ព្រមាន​​​ជាមុន​​​ថា នាយនគរបាល​​​និង​​​កម្លាំង​​​នគរបាល​​​​​​ដែល​​​ទទួល​​​ខុសត្រូវ​​​នៅ​​​គ្រប់​​​គោលដៅ​​​ទាំង​​​អស់​​​ អាច​​​ប្រឈម​​​ការ​​​ធ្វើ​​​អធិការ​​​កិច្ច​​​ ឬ​​​ដក​​​ចេញ​​​ពី​​​តួនាទី ប្រសិន​​​បើ​​​ពួកគេ​​​ ធ្វេ​​​សប្រហែស ហើយ​​​បណ្តោយ​​​ឲ្យ​​​មាន​​​អំពើ​​​ប្លន​​់​​​ប្រដាប់​​​អាវុធ​​​កើត​​​ឡើង​​​ដោយ​​​មិនមាន​ការ​​​ទទួល​​​ខុសត្រូវការ​​​ពារ​​​សន្តិសុខ និង​​​សុវត្ថិភាពនោះ"។ លោក វង សាវ៉េត អធិការ​​​នគរបាលស្រុក​​​ភ្នំក្រវាញ​​​​​​កន្លែង​​​ដែល​​​អំពើ​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​បាន​​​កើត​​​ឡើង​​​កាលពី​​​ថ្ងៃសៅរ៍​​​​​​បានមាន​​​ប្រសាសន៍ថា លោក​​​មិន​​​បារម្ភ​​​ពី​​​ការ​​​គំរាម​​​បាត់​​​បង់​​​ការ​​​ងារ​​​ឡើយ។ លោក​​​បានមាន​​​ប្រសាសន៍ថា "ខ្ញុំស្វាគមន៍​​​បទ​​​បញ្ជា​​​នេះ និង​​​ត្រៀម​​ខ្លួន​​​អនុវត្ត​​​តាមបទ​​​បញ្ជា។​ វា​​​ជាការ​ល្អ​​​​​ ហើយ​​​យើង​​​បាន​​​ត្រៀមខ្លួន​​​ការ​​​ពារ​​​​​​ប្រជាពល​​​រដ្ឋ២៤ម៉ោង​​​លើ​​​២៤ម៉ោង​​​ ហើយ​​​បាន​​​ដាក់​​​ពង្រាយ​​​កម្លាំង​​​របស់​​​យើង​​​រួច​រាល់ហើយ​ដើម្បី​​​ទប់ស្កាត់​​​បទ​​​ឧក្រិដ្ឋ"។ លោក ជូ សំអាន ស្នងការ​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ធំ​​​កន្លែង​​​ដែល​​​មាន​​​អំពើ​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​ជា​​​ច្រើន​​​បាន​​​កើត​​​ឡើង​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា បទ​​​បញ្ជា​​​នេះ​​​ត្រូវ​​​បាន​​​ចេញ​​​ដល់​​​នគរ​​​បាល​​​ទាំង​​​អស់​​​​​​កាល​​​ពី​​​ចុង​​​សប្តាហ៍។ លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា "វា​​​ជា​​ការ​​​​ល្អ​​​ ដើម្បី​​​ឲ្យកម្លាំង​​​របស់​​​យើង​​​ប្រឹងប្រែង​បំពេញ​​​ការ​​​ងារ​​​បន្ថែម​ទៀត​​​​ ឬ​តែងតែ​គិតថា មានស​ភាព​ស្ងប់ស្ងាត់​នោះ​។ វា​​​ជា​​​ការ​​​ក្រើន​​​រំឭក​​​ដល់​​​កម្លាំង​​​របស់​​​យើង​​​"៕សារុន​​​​​​​​​  

លោក ហ៊ុន សែន ចេញ​បទ​បញ្ជា​​ជុំវិញ​ការ​បូម​​ខ្សាច់ ដើម្បី​បញ្ចប់​​ការ​មិន​ចុះ​សម្រុង​​របស់​ក្រសួង​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា សេចក្ដី​សម្រេច​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ ដើម្បី​ដាក់​ឲ្យ​ក្រសួង​រ៉ែ និង​ថាម​ពល​ទទួល​ខុស​​ត្រូវលើ​​គ្រប់ទិដ្ឋភាព​​នៃ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សារ​តែ​អាជ្ញាធរ​មិន​ព្រមទទួល​ខុស​ត្រូវ​ចំពោះ​ដំណើរ​ការ​មួយ​ដែល​បាន​បណ្ដាល​ឲ្យ​​ស្រុត​បាក់​ច្រាំងបង្កភាព​ចម្រូង​ចម្រាស​​។ នៅ​ក្នុងសារាចរណែនាំមួយ​ចេញពី​កាលពី​ថ្ងៃសុក្រ លោក​នាយក​រដ្ឋមន្ត្រី​បាន​ដាក់​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​​ទទួល​ខុស​ត្រូវ​ភ្លាមៗ។ ដើម​ឡើយ ​គណៈកម្មការ​គ្រប់​គ្រង​ធនធាន​ខ្សាច់​នៃ​ក្រសួងធនធាន​ទឹក​ ត្រូវ​អនុម័ត​ និង​ចុះ​ហត្ថលេខា​សម្រេច​លើ​ការ​សិក្សា​អំ​ពី​ប្រព័ន្ធធារាសាស្ត្រ មុនពេល​ក្រសួង​រ៉ែ​ និង​ថាមពល​អាច​េចញ​អាជ្ញាប័ណ្ណ​ពិត​ប្រាកដ​បាន​។

ស្ត្រី​ទី​១​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ថា ការ​អប់រំ​ផ្តល់​អំណាច​ដល់​ក្មេង​ស្រី

ក្រុង​សៀមរាប-លោក​ស្រី មីសែល អូបាម៉ា ស្ត្រី​ទី​១​សហរដ្ឋ​អាមេរិក​ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​កាលីពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​មក​ប្រទេស​កម្ពុជា​ ដោយ​ភរិយា​ប្រធានាធិបតី​អាមេរិក​កំពុង​ស្ថិត​ក្នុង​តំណែង ដែល​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ចនេះ​ លោក​ស្រី​បាន​អំពាវនាវ​ឲ្យ​មាន​សេរីភាព​និង​សមភាព​ច្រើន​ឡើង​ក្នុង​ការ​អប់រំ​និង​ការ​ផ្តល់​អំណាច​ដល់​យុវនារី។ លោក​ស្រី​ភរិយា​ប្រធានាធិបតី​អាមេរិក...

ជន​រង​គ្រោះ​នៃ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីត​​​ស្លាប់ដោយ​សារ​របួស​ធ្ងន់​ធ្ងរ

យោង​​​តាម​​​ឪពុក​​​ស្ត្រី​​​រងគ្រោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​រងគ្រោះ​​​នៃ​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីតដោយស្នាដៃ​​​​ប្រពន្ធ​​​ដែល​​​ប្រចណ្ឌ​​​​​​ដែល​​​បាន​​​រង​​​កា​​​ររលាក​​​ធ្ងន់​​​ធ្ងរ​​​ត្រង់​​​ផ្ទៃមុខ និង​​​ដង​​​ខ្លួន​​​នោះ បាន​​​ស្លាប់​​​ដោយ​​​សារ​​​របួស​​​​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់ម៉ែត​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃសៅរ៍។ មាស វណ្ណី អាយុ​​​២០ឆ្នាំ​​​​​​ជា​​​សន្តិសុខ​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង Ho Hsin Tai ក្នុង​​​ខណ្ឌ​​​ពោធិ៍សែន​​​ជ័យ​​​  ត្រូវ​​​បាន​​​រងការ​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត​​​ពី​​​សំណាក់​​​កម្មការ​​​ិនី​​​ឈ្មោះ ស្រឿន ណាន់ ​​​បន្ទាប់ពី​​​ចេញពី​​​ផ្ទះ​​​របស់ខ្លួន​​​កាលពី​​​ព្រឹក​​​ថ្ងៃទី​​​៦ ខែមីនា។ អ្នកស្រី ណាន់ អាយុ​​​៣៨ឆ្នាំ​​​​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​​​​នៅថ្ងៃដដែល​​​​​​ ហើយ​​​បាន​​​សារ​​​ភាព​​​ថា បាន​​​វាយ​​​ប្រហារ​​​មកលើ​​​នាង មាស វណ្ណី បន្ទាប់ពី​​​ដឹង​​​ថា ស្ត្រីរូបនេះ​​​និង​​​ប្តី​​​របស់ខ្លួន​​​មាន​​​ស្នេហា​លួច​លាក់​។ លោក ស៊ិន ស៊ីនឿន ឪពុករបស់​​​​​​ មាស វណ្ណី បាន​​​និយាយថា កូនស្រី​​​របស់​​​គាត់​​​បាន​​​ស្លាប់ដោយ​​​សារ​​​របួស​​​ធ្ងន់​​​ធ្ងរ​​​កាលពី​​​ថ្ងៃសៅរ៍ ហើយ​​​សពត្រូវ​​​បាន​​​បញ្ចុះ​​​នៅ​​​ក្បែរ​​​ផ្ទះរបស់ខ្លួន​ក្នុង​​​ខេត្ត​​​ពោធិ៍​​​សាត់កាលពី​​​ម្សិលមិញ។ លោក​​​បាន​​​និយាយ​ថា "​​​កូនស្រី​​​របស់​​​ខ្ញុំ​​​បាន​​​ស្លាប់​​​នៅ​​​ម៉ោង​​​២​​​រសៀលកាលពី​​​រសៀល​​​ម្សិល​មិញ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់ម៉ែត។ យើង​​​ក្រៀម​​​ក្រំណាស់​​​ ពីព្រោះ​​​យើង​​​បាន​​​បាត់​​​បង់​​​​​​សមាជិក​​​គ្រួសារ​​​របស់​យើង"។ លោក​​​បាននិយាយថា "​​​កូនស្រី​​​របស់ខ្ញុំ​​​ជាមនុស្ស​​​ល្អ។ ហេតុអ្វី​​​បាន​​​ជា​​​នាង​​​ត្រូវ​​​គេ​​​វាយ​​​ប្រហារ​​​ដូច​​​នេះទៅវិញ?”។ លោក ស៊ីនឿន បាន​​​និយាយថា លោក​​​ចង់​​​ឲ្យ​​​តុលាការ​​​ផ្តន្តាទោស​​​ស្ត្រី​​​ឈ្មោះ​​​ ណាន់ នេះ​​​ឲ្យ​​​ធ្ងន់​​​ធ្ងរ​​​ ហើយ​​​បង្គាប់​​​ឲ្យ​​​នាង​​​​​​ផ្តល់សំណង​​​ដល់​​​គ្រួសារ​​​របស់​​​លោកចំនួន​​​១០០លាន​​​រៀល។ លោក​​​បាននិយាយ​​​ថា "ខ្ញុំបាន​​​ទាម​​​ទារ​​​ឲ្យ​​​ចាប់​​​ជន​​​សង្ស័យរូបនេះ​​​​​​ដាក់​​​ពន្ធនាគារ​​​ ពីព្រោះនាង​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ធ្ងន់​​​ធ្ងរ​​​​​​​​​មក​​​លើ​​​កូនស្រី​​​របស់​​​ខ្ញុំ"។ លោក អ៊ុំ សុភក្ត្រ ព្រះ​​​រាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​ភ្នំពេញ​​​ដែល​​​ទទួល​​​បន្ទុក​​​ដោះ​ស្រាយ​​​រឿង​​​ក្តី​​​នេះ​​​​​​បានមាន​​​ប្រសាសន៍ថា លោក​​​នឹង​​​ស្នើ​​​ឲ្យ​​​តុលាការ​​​កែប្រែ​​​បទ​​​ចោទប្រកាន់​​​លើ​​​ស្ត្រីឈ្មោះ ណាន់ នៅពេល​​​លោក​​​ទទួលបាន​​​ការ​​​បញ្ជាក់​​​ជា​​​ផ្លូវ​​​ការ​​​ពី​​​ការ​​​ស្លាប់​​​របស់​​​​​​ មាស វណ្ណី។ លោក​​​បានមាន​​​ប្រសាសន៍ថា "​​​យើង​​​នឹង​​​​​​កែប្រែ​​​ការ​​​ចោទប្រកាន់​​​ពី​​​បទ​​​ប៉ុនប៉ង​​​មនុស្ស​​​ឃាតទៅ​​​ជា​​​បទ​​​មនុស្ស​​​ឃាតដោយ​​​គិត​​​ទុក​​​ជាមុន។ ស្ត្រីរូបនេះនឹង​​​ប្រឈម​​​ការ​​​ចាប់​​​ពន្ធនាគារ​​​អស់​​​មួយ​​​ជីវិត​​​ ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​រកឃើញ​​​ពិរុទ្ធភាព"។ ព្រះ​​​រាជ​​​អាជ្ញារង​​​រូបនេះ​​​បានមាន​​​សង្ឃដីកា​​​ថា លោក​​​ក៏សង្ឃឹម​​​ថា នឹង​​​ឃើញ​​​នគរ​​​បាល​​​ស្វែង​​​រក​​​អ្នក​​​ដែល​​​ផ្តល់ទឹក​​​អាស៊ីត​​​ដល់​​​អ្នកស្រី ណាន់  និង​​​ធ្វើការ​​​ចោទ​​​ប្រកាន់​​​លើ​​​ពួកគេ​​​ផង​ដែរ។ លោក ជា សុវណ្ណ នាយ​​​នគរបាល​​​ព្រហ្មទណ្ឌ​​​ខណ្ឌ​​​ពោធិ៍សែន​​​ជ័យ​​​​​​បានមាន​​​ប្រសាសន៍ថា ​​​អាជ្ញាធរ​​​​​​កំពុង​​​ស្វែង​​​រក​​​ពួកគេ​​​ហើយ។ លោក សុវណ្ណ បាន​​​មាន​​​ប្រសាសន៍ថា "​​​អ្នកស្រី ណាន់ បាន​​​សារភាព​​​ថា គាត់​​​បាន​​​សុំឲ្យ​​​អ្នក​​​រត់​​​ម៉ូតូឌុប​​​​​​ទិញ​​​ទឹក​​​អាស៊ីត​​​ឲ្យ​​​គាត់​​​មួយ​​​ដប​​​តម្លៃ​​​១២.០០០រៀល​​​"។ លោក​​​បានមាន​​​ប្រសាសន៍ថា "ដូច្នេះ​​​បុរស​​​រូបនោះ ប្រាកដ​​​ជា​​​ជាប់​​​ពាក់ព័ន្ធក្នុង​​​ករណី​​​នេះ ពីព្រោះ​​​គាត់​​​បាន​​​ទិញ​​អាស៊ីត​ខ្លាំង​​​ដែល​​​អាជ្ញាធរ​​​​​​បាន​​​ហាម​​​ឃាត់ ដើម្បី​​​ឲ្យ​​​ស្ត្រី​​​រូបនេះអាច​​​​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ។ ហើយ​​​នៅពេល​​​យើង​​​រក​​​ឃើញ​​​​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​រូបនេះ ពេលនោះ​​យើង​​​នឹង​​​រក​​​ឃើញ​​​ម្ចាស់​​​ហាង​​​​​​ដែល​​​បាន​​​លក់​​​ទឹក​​​អាស៊ីត​​​មិន​​​ខាន"។ រដ្ឋាភិបាល​​​បាន​​​អនុម័ត​​​​​​ច្បាប់​​​ស្តីពី​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត​​​​​​កាលពី​​​ឆ្នាំ​​​២០១២ ចំពេល​​​ដែលមាន​​​បទ​​​ឧក្រិដ្ឋ​​​វាយ​​​ប្រហារទឹក​​​អាស៊ីត​​​ជាច្រើន​​​ ហើយ​​​បាន​​​ចេញ​​​អនុក្រឹត្យ​​​​​​ដាក់​កម្រិត​​​លើការ​​​លក់​​​ទឹក​​​អាស៊ីត​​​នៅ​​​ឆ្នាំ​​​បន្ត​​​បន្ទាប់មក៕សារុន​​​​​​​​​  

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​កំពុង​រត់​គេចខ្លួន​បន្ទាប់ពី​បាញ់​ ចងនិង​វាយ​ដំ​អ្នក​បើក​បរ​រថយន្ត

ក្រុម​​មន្ត្រី​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា អាជ្ញាធរ​​​​​​ខេត្ត​​​ព្រៃវែង កំពុង​​​ស្វែង​​​រក​​​​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ងហត្ថ​​​​​​​​​មួយ​​​ក្រុម​​​​​​ដែល​បាន​​​បាញ់ ចង​​ និង​វាយ​​​ដំ​​​​​អ្នក​​​បើក​​​រថ​​​យន្ត​​​ពីរនាក់​​​​​​ដែល​បាន​​​បើក​​​កាត់ប៉ុស្ត​ិ៍ត្រួត​ពិនិត្យពីរ​កន្លែង​​​​​​ដោយ​​​មិន​​​បាន​​​ឈប់​​​​​​ ខណៈដែល​​​​​​ដឹក​​​អង្ករ​​​​​​ពេញ​​​តាម​​​​​​ផ្លូវជាតិ​​​លេខ​​​១១កាលពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍។ យោង​​​តាម​​​លោក ពុំ កាន អធិការ​​​នគរបាលស្រុក​​​ស្វាយ​​​អន្ទរ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក នេន ស៊ីដា អាយុ​​​៣០ឆ្នាំ ជាអ្នក​​​បើក​​​រថយន្ត​​​ និង​​​ ធឿន ​​​នឿប អាយុ​​​២០ឆ្នាំ​​​​​​ជា​​​ជំនួយ​​​ការ​​​​​​​​​ត្រូវ​​​បាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ឃាត់​​​​​​​​​ក្នុង​​​ស្រុក​​​ស្វាយ​​​អន្ទរ​​​ ខេត្ត​​​ព្រៃវែង​​​នៅម៉ោង​​​ប្រហែល​​​​​​១១យប់ បន្ទាប់ពី​​​បើក​​​បុក​​​​​​រថយន្ត​​មួយ​​​គ្រឿង​​​ ហើយ​​​បន្ទាប់មក​​​​​​បើក​​​កាត់​​​ប៉ុស្ត​ិ៍ត្រួត​ពិនិត្យពីរកន្លែង​​​​​​ រួមទាំង​​​​​​កន្លែង​​​ថ្លឹង​​​រថយន្ត​​​ចល័ត​​​ ក្នុង​​​ស្រុក​​​អូរ​​​រាំង​​​ឪ ខេត្ត​​​ត្បូង​​​ឃ្មុំផង។ លោក កាន ដែល​​​បាន​​​ចូលរួម​​​ដេញ​​​តាម​​​​​​បន្ទាប់ពីទទួលបាន​​​ព័ត៌មាន​​​ពី​​​ការ​​​បុក​​​​​​ដំបូង​នោះ​​​​​​បាន​​​និយាយថា ​​​កង​​​រាជ​​​អាវុធហត្ថ​​​ខេត្ត​​​​​​ត្បូង​​​ឃ្មុំ​​​​​​បាន​​​ដាក់​​​ប៉ុស្ត​ិ៍ត្រួត​ពិនិត្យ ហើយ​​​​​​​​​បាន​​​ព្យាយាម​​​បាញ់​​​បំបែក​​​កង់​​​រថយន្ត​នេះ​មិន​បាន​ជោគ​ជ័យ​​​​ ប៉ុន្តែកម្លាំងខេត្ត​​​នៅ​ខាងត្បូង​បានដាក់់កម្លាំង​ដើម្បី​​​​ឃាត់​​​រថយន្ត​​​នោះ ។ លោក​​​បាន​​​មានប្រ​​​សាសន៍​​​ថា "យើង​​​បាន​​​ឃើញ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ព្រៃ​​​វែង​​​បើក​​​រថយន្ត​​​ស៊ីរ៉ែន​​​ដេញ​​​តាម​​​ពី​​​ក្រោយ​​​រថយន្ត​​​នោះ ហើយ​​​បាន​​​បាញ់​​​ជា​​​ច្រើន​​​គ្រាប់​​​"។លោក​​​បាន​​​បន្ថែម​​​ថា បន្ទាប់​​​មក​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​បាន​​​បើក​​​វ៉ា​​​រថយន្ត​​​នោះ​​​ ហើយ​​​បន្ទាប់់មក​បានយក​កាំភ្លើង​​​អាកា៤៧​​​បាញ់សំដៅ​​​​អ្នក​​​បើក​​​បរ​​​​ត្រូវ​​​​​កញ្ចក់​​​រថយន្ត​​​ខាង​​​មុខ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ពេល​​​លោក​​​តាម​​​ទាន់​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​​​​ប្រហែល​​​ពីរ​​​បី​​​នាទី​​​ក្រោយ​​​មក​​​នៅ​​​ម៉ោង​​​ប្រហែល​​​១១​​​យប់​​​ ពួក​​​គេ​​​បាន​​​ទាញ​បុរស​​​ពី​​​រ​​​នាក់​​​ចេញ​​​ពី​​​រថយន្ត ហើយ​​​បានយក​ច្រវាក់​​​​ចង​​​ដៃ​​​និង​​​ជើងពួកគេ​​​​​​​។ ផ្ទៃមុខ​បុរស​​​ទាំង​​​ពីរ​​​​​​មាន​​​ស្នាម​​​ជាំ និង​​​បែក​​​ឈាម។ លោ​​​ក​​​បាន​​​មាន​ប្រសាសន៍​​​ថា "​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​បាន​​​ព្យាយាម​​​ប្រគល់​​​អ្នក​​​ទាំង​​​ពីរ​​​មកឲ្យ​​​មន្ត្រី​​​នគរ​​​បាល​​​របស់​​​ខ្ញុំ​​​ ប៉ុន្តែ ខ្ញុំ​​​បាន​​​បដិសេធ ពីព្រោះ​​​ខ្ញុំ​​​បារម្ភថា មន្ត្រី​​​របស់​​​ខ្ញុំ​​​នឹង​​​ត្រូវ​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា បាន​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​ពួក​​​គេ​​​"។ លោក​​​​​​បាន​​​បន្ថែម​​​ថា ទោះជា​​​យ៉ាង​​​ណា​​​មន្ត្រី​កងរាជ​អាវុធហ​ត្ថទាំងនោះ​បាន​ដឹក​បុរស​​​ដែល​​​ត្រូវ​​​បាន​​​ចង​​​ដៃ​​​ចង​​​ជើង​​​នោះ​​​​​​ទម្លាក់​​​ចោល​​​នៅ​​​ខាង​​​ក្រៅ​​​អធិការ​​​ដ្ឋាន​​​នគរ​​​បាល​​​ស្រុក​​​ស្វាយ​​​អន្ទរ។ លោក ស៊ីដា ដែ​​​ល​​​ជា​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​បាន​​​រៀប​រាប់ពី​​​ហេតុការណ៍​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍ផ្សេងពីនេះ​ថា លោក​​​គ្រាន់​​​តែ​​​បើក​​​រថយន្ត​​​កាត់​​​ប៉ុស្តិ៍ត្រួត​​​ពិនិត្យ​​​ពីរ​​​កន្លែង​​​ប៉ុណ្ណោះ ពីព្រោ​​​ះ​​​លោក​​​ធ្វើ​​​ដំណើ​​​រ​​​តាម​​​ផ្លូវ​​នោះ​​​ជា​​​ញឹក​​​ញាប់​​​ ហើយ​​​ជឿ​​​ថា  ប៉ុស្តិ៍ត្រួត​​​ពិនិត្យទាំង​​​នេះ​​​ត្រូវ​​​បាន​​មន្ត្រី​​​ពុក​​​រលួយ​​​ដាក់​​​ដោយ​​​ខុស​​​ច្បាប់​​​​​​ក្នុង​​​គោល​​​បំណង​​​គំរាម​​​ទារ​​​ប្រាក់​​​ពីអ្នក​​​បើក​​​បរ​​​រថយន្ត​​​តែ​​​ប៉ុណ្ណោះ​​​។ លោក​​​បាន​​​និយាយ​​​ថា ទីបំផុត​​​លោក​​​បាន​​​ឈប់​​​រថយន្ត​​​បន្ទាប់​​​ពី​​​មន្ត្រី​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​​​​បាន​​​បាញ់​​​៤គ្រាប់​​​ចូល​​​ផ្នែក​​​ខាង​​​មុខ​​​នៃ​​​រថយន្ត​​​របស់​​​លោក ដែល​​​មួយ​​​គ្រាប់​​​ធ្លុះកញ្ចក់​​​ខាង​​​មុខ​​​។ លោក ស៊ីដា បាន​​​និយាយ​​​ថា "ខ្ញុំ​​​បាន​​​ឈប់​​​រថយន្ត ហើយ​​​បាន​​​ចេញ​​​មក​​​ក្រៅ។ បន្ទាប់មក​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ម្នាក់​​​ក្នុ​​​ង​​​ចំណោម​​​ពួកគេ​​​ប្រាំ​​​មួយ​​​នាក់​​​បាន​​​​​​បាញ់​​​ឡើង​​​លើ​​​បីគ្រាប់ ហើយ​​​បាន​​​យក​​​ស្វាយ​​​កាំភ្លើង​​​អាកា-៤៧វាយ​​​ខ្ញុំត្រូវ​​​ភ្នែក​​​ខាង​​​ឆ្វេង ហើយ​​​ខ្ញុំ​​​បាន​ដួល​​​​។ បន្ទាប់​​​មក​​​ពួក​​​គេ​​​បាន​​​ចង​​​ស្លាប​​​សេក​​​ខ្ញុំ​​​ ហើយ​​​បាន​​​ធាក់ខ្លួន​ខ្ញុំ​​​មួយ​​​ជើង ហើយ​​​ជាន់​​​ក្បាលរបស់​​​​ខ្ញុំ​​​ទៀត​​​"។ លោក​​​បាន​​​បន្ថែម​​​ថា សហសេវិករបស់​​​ខ្ញុំ​​​បាន​​​រង​​​ការ​​​វាយ​​​ដំ​​ស្រដៀងគ្នា​នេះដែរ​​​មុន​​​ពេល​​​យើង​​​ទាំង​​​ពី​​​រត្រូវ​បាន​ដឹក​​​​ទៅអធិការ​​​ដ្ឋាន​​​នគរ​​​បាលស្រុក​​​ដែល​​​នៅ​​​ពេល​​​នោះ​​​ខ្ញុំ​​​សន្លប់​​​។ លោក​​​បាន​​​និយាយ​​​ថា "​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​បាន​​​ឲ្យ​​​មនុស្ស​​​ប្រាំ​​​មួយ​​​នាក់​​​យាម​​​ខ្ញុំ​​​ និង​​​​​​សហសេវិក​រ​​​របស់​​​ខ្ញុំ​​​ ប៉ុន្តែ ពួកគេ​​​បាន​​​ទៅ​​​បាត​​់អស់​​​នៅ​​​ពេល​​​ខ្ញុំ​​​ភ្ញាក់​​​ដឹង​​​ខ្លួន​​​នៅ​​​ម៉ោង​​​៤​​​ទៀ​​​ប​​​ភ្លឺ។ លោក ស៊ីដា បាន​​​និយាយ​​​ថា លោក​​​ត្រូវ​បានគេបញ្ជូន​​​​ទៅ​​​ព្យាបាល​​​របួស​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ព្រៃ​​​វែង​​​កាល​​​ពីថ្ងៃ​​​សៅរ៍ ហើយ​​​បាន​​​​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​នគរ​​​បាល​​​ខេត្ត​​​ និង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​នៅ​​​ល្ងាច​​​ថ្ងៃ​​​នោះ​​​។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​កាល​​​ពីម្សិល​​​មិញ លោក ស្រេង​​​ ជា ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​ព្រៃ​​​វែង​​​បាន​​​បញ្ជាក់ថា បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ជា​​​មួយ​​​មន្ត្រី​​​របស់​​​លោក ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​បើក​​​​​​ការ​​​សើុប​​​អង្កេត​​​ករណី​​​នេះ​​​ហើយ​។ លោក​​​ ស្រេង​​​ ជា បាន​​​​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​រក​​​ឃើញ​​​ថា ...កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​រថយន្ត​​​នោះ ប៉ុន្តែ យើង​​​មិន​​​ទាន់​​​ប្រាកដ​​​ថា នរណា​​​ជា​​​អ្នក​​​បាញ់​​​ពិត​​​ប្រាកដ​​​នៅ​​​ឡើយ​​​ទេ។ យើង​​​ដឹង​​​ហើយ​​​ថា អ្នក​​​បើក​​​រថយន្ត​​​មាន​​​កំហុស ប៉ុន្តែ ហេតុ​​​អ្វី​​​បាន​​​ជា​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ខេត្ត​​​ឃាត់​​​អ្នក​​​បើ​​​ក​​​បរ​​​រថយន្ត​​​ ហើយ​​​វាយ​​​ដំ​​​ពួក​​​​​​គេ​​​ទៅ​​​វិញ​​​?”។ លោកស្រី អ៊ាង​​​ គឹមលី អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​ព្រៃ​​​វែង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គការ​​​របស់​​​លោក​​​ស្រី​​​នឹង​​​សើុប​​​អង្កេត​​​​​​ករណី​​​នេះ​​​ ដោយ​​​ហៅ​​​ការ​​​ប្រព្រឹត្ត​​​មក​​​លើ​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ថា ជា "ការ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​ធ្ងន់​​​ធ្ងរ​​​​​​"។ ទោះជាយ៉ាង​​​ណា លោក ខេង​​​ ទីតូ អ្នក​​​នាំពាក្យ​​​កង​​​រាជអាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​មូលដ្ឋានគួរ​​​ចៀស​​​វាង​​​ការ​ចង្អុល​​​ដាក់​​​មន្ត្រី​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ លុះ​​​ណា​​​តែ​​​ការ​​​សើុប​​​អង្កេតពេញលេញ​​​​រួច​​​រាល់​​​សិន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ ថា "ខ្ញុំ​​​គិត​​​ថា វា​​​រហ័ស​​​ពេក​​​ហើយ​​​ក្នុង​​​ការ​​​និយាយ​​​ថា មន្ត្រី​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​មនុស្ស​​​នោះ ហើយ​​​ការ​​​ចោទ​​​ប្រកាន់​​​អាច​​​មិន​​​ទាន់​​​ត្រឹម​​​ត្រូវ​​​ទាំង​​​ស្រុង​​​​​​ទេ ហេតុ​​​ដូច្នេះ​​​ហើយ​​​យើង​​​​​​ត្រូវធ្វើការ​​​​សើុប​​​អង្កេត​​​ ដើម្បី​​​ស្វែង​​​រក​​​ការ​​​ពិត​​​"៕សារុន​​​​  

អ្នក​​​ភូមិ​​​ជីក្រែង​​​ប្រមូល​​​ផ្តុំ​​​​​​គ្នា​​​ដើម្បី​​​រំឭក​​​ខួប​​​នៃការ​​​បណ្តេញ​​​ចេញ​​​ដ៏​​​ហិង្សា

ព្រះ​​​សង្ឃ ​​​អ្នក​​​ភូមិ និង​​​សកម្មជន​​​ការ​​​ពារ​​​សិទ្ធិ​​​ដី​​​ធ្លី​​​​​​ប្រហែល​​​២០០​​​អង្គ​​​នាក់​​​​​​បាន​​​និមន្ត​​​និង​​​មក​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​នៅ​​​ក្នុង​​​ស្រុក​​​ជីក្រែង ខេត្ត​​​សៀម​​​រាប​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ដើម្បី​​​ប្រារព្ធ​​​ខួប​​​៦​​​​​ឆ្នាំ​​​នៃ​​​ថ្ងៃ​​​ដែល​​​នគរ​​​បាល​​​បាន​​​បើក​​​ការ​​​វាយ​​​បាញ់​​​ប្រហារ​​​លើ​​​កសិករ​​​មួយ​​​ក្រុម​​​ដែល​​​តវ៉ា​​​អំពី​​​ការ​​​បណ្តេញ​​​​​​​​​ចេញ​​​​​​ពី​​​ដីធ្លី ដែល​​​ឥឡូវ​​​មិនទាន់​​​មាន​​​ការ​​​ដោះ​​​ស្រាយ។ បុរស​​​បួន​​​នាក់​​​បាន​​​រង​​​របួស​​​នៅ​​​ក្នុង​​​ការ​​​បាញ់​​​ប្រហារ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២​​​២ ខែ​​​មីនា ឆ្នាំ​​​២០០៩​​​​​​ រីឯ​​​អ្នក​​​ភូមិ​​​ចំនួន​​​១២នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន និង​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ពី​​​បទ​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ល្មើស​​​ផ្សេង​​​ៗ​​​ទៀត​​​ បន្ទាប់​​​ពី​​​ការ​​​តវ៉ា​​​។ អ្នក​​​ដែល​​​បាញ់​​​កសិករ​​​ទាំង​​​នេះ​​​មិន​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន ឬ​​​​​​នាំ​​​មក​​​ផ្តន្ទាទោស​​​ឡើយ​​​។ អ្នក​​​ភូមិ​​​ចំនួន​​​១៧៥​​​គ្រួសារ​​​ ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ដី​​​ទំហំ​​​៤៧៥​​​ហិកតា បាន​​​អះ​​​អាង​​​ថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​​​​បាន​​​ឃុំ​​​ឃិត​​​លក់​​​ដី​​​ដែល​​​ពួកគាត់​​​​​បាន​​​កាន់​​​កាប់​​​​​​​​​។ការ​​​រំឭក​​​ខួប​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ក៏​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដើម្បី​​​​​​ដាក់​​​ញត្តិ​​​ទាម​​​ទារ​​​​​​​​​រដ្ឋាភិបាល​​​ឲ្យ​​​ធ្វើ​​​តាម​​​​​​កិច្ច​​​សន្យា​​​ឆ្នាំ​​​២០១០​​​ដែល​​​ថា នឹង​​​ស្វែង​​​រក​​​ដី​​​ថ្មី​​​ឲ្យ​​​គ្រួសារ​​​ទាំង​​​នេះ​​​ផង​​​ដែរ​​​។ លោក យី សាវង្ស ប្រធាន​​​សហគមន៍​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា "ខ្ញុំ​​​​​​សូម​​​ស្នើ​​​ឲ្យ​​​អភិបាល​​​ខេត្ត​​​សៀម​​​រាប​​​ផ្តល់​​​ដី​​​ស្រែ​​​មក​​​ឲ្យ​​​គ្រួសារ​​​រង​​​គ្រោះ​​​របស់​​​​​​យើ​​ង​​​វិញ"។ ព្រះតេជគុណ លួន សុវាត ដែល​​​ក្លាយ​​​ជា​​​សកម្ម​​​ជន​​​ការ​​​ពារ​​​​​​សិទ្ធិ​​​មនុស្ស​​​ដ៏លេច​​​ធ្លោ បន្ទាប់​​​ពី​​​សាច់​​​ញាតិ​​​របស់​​​ព្រះតេជ​​​គុណ​​​ពីរ​​​នាក់​​​បាន​​​រ​​​ង​​​របួស​​​នៅ​​​ក្នុង​​​ការ​​​បាញ់​​​ប្រហារ​​​នេះ​​​ ក៏​​​បាន​​​និមន្ត​​​មក​​​ចូល​​​រួម​​​ព្រឹត្តិការ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ជាមួយ​​​ព្រះ​​​សង្ឃ​​​ជា​​​ច្រើន​​​អង្គ​​​ផ្សេង​​​ទៀត​​​ផង​​​ដែរ​​​។ ព្រះតេជគុណ​​​បា​​​ន​​​មាន​​​សង្ឃដីកា​​​ថា បន្ថែម​​​ពី​​​លើ​​​ការ​​​រំឭក​​​ខួប​​​នៃ​​​ការ​​​បណ្តេញ​​​ចេញ​​​ សហគមន៍​​​ធ្វើ​​​ការ​​​តវ៉ា​​​ដើម្បី​​​ប៉ុន​​​ប៉ង​​​ទាញ​​​ចំណាប់​​​អារម្មណ៍​​​របស់​​​​​​លោក​​​ស្រី មីសែល អូបាម៉ា (Michelle Obama) ស្ត្រី​​​ទី​​​១​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​ ដែល​​​បាន​​​ស្ថិត​​​នៅ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​។ ព្រះតេជគុណ លួន សុវាត បាន​​​មាន​​​សង្ឃដីកា​​​បន្ថែម​​​ថា "ពិធី​​​រំឭក​​​ខួប​​​៦​​​ឆ្នាំ​​​របស់​​​យើង​​​ គឺ​​​ដើម្បី​​​បង្ហាញ​​​អំពី​​​មតិយោបល់​​​របស់​​​គ្រួសារ​​​រង​​​គ្រោះ​​​របស់​​​យើង​​​ ហើយ​​​ច​​​ង់​​​ប្រាប់​​​ឲ្យ​​​លោក​​​ស្រី មីសែល អូបាម៉ា ភរិយា​​​របស់​​​លោក បារ៉ាក់​​​ អូបាម៉ា ប្រធានាធិបតី​​​អាមេរិក​​​​​​​​​ដឹង​​​រឿង​​​នេះ​​"។ លោក ពៅ ប៊ុនធឿន អភិបាល​​​ស្រុក​​​ជីក្រែង​​​ បាន​​​លើក​​​ឡើង​​​ថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​កំពុង​​​តែ​​​ស្វែង​​​រក​​​ដី​​​ថ្មី​​​ជូន​​​គ្រួសារ​​​ទាំង​​​នេះ​​​នៅ​​​ឡើយ​​​។ លោក ប៊ុនធឿន បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​កំពុង​​​​​​តែ​​​ធ្វើការ​​​លើ​​​ករ​​​ណី​​​នេះ​​​សម្រាប់​​​ពល​​​រដ្ឋ​​​ដែល​​​មាន​​​​​​​​​វិវាទ​​​ដីធ្លី​​នៅ​​​ជីក្រែង ហើយ​​​យើង​​​បាន​​​បញ្ជូន​​​សំណើ​​​ទៅ​​​កាន់​​​អភិបាល​​​ខេត្ត​​​ដើម្បី​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​ផ្តល់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​សម្រាប់​​​ពួក​​​គាត់​​​ ប៉ុន្តែ យើង​​​នៅ​​​មិន​​​ទាន់​​​​​​ទទួល​​​បាន​​​ការ​​​ឆ្លើយ​​​តប​​​ពី​​​សាលា​​​ខេត្ត​​​នៅ​​​ឡើយ​​​ទេ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "វា​​​អាច​​​ចំណាយ​​​ពេល​​​យូរ​​​ ព្រោះ​​​វា​​​គឺ​​​ជា​​​កាតព្វកិច្ច​​​របស់​​​អភិបាល​​​ខេត្ត​​​សៀម​​​រាប​​​"។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក ឃឹម ប៊ុនសុង អភិបាល​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​ឡើយ​​​កាល​​​ពីម្សិលមិញ​​​៕ស៊ុយឈាង​​​​​​​​​ ​​

តុលាការ​កោះហៅ​ព្រះសង្ឃ​វត្ត​សាមគ្គីរង្សីមួយ​ចំនួន​មក​សាកសួរ​ ជុំវិញ​អធិករណ៍​នៅ​វត្ត​នេះ

សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​កោះ​​​ហៅ​​​ព្រះ​​​សង្ឃ​​​ប្រាំ​​​អង្គ​​​គង់​​​នៅ​​​វត្ត​​​សាមគ្គី​​​រង្សី​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​មក​​​សាកសួរ​​​​​​ជុំវិញ​​​ពាក្យ​​​បណ្តឹង​​​ដែលបាន​ប្តឹងកាលពី​​​ខែមុន​​​ដោយ​​​​ព្រះ​​​សង្ឃ​​​មួយ​​អង្គ​​​​​ដែលបាន​ចោទប្រកាន់​​​ព្រះ​​​សង្ឃ​​​ទាំង​​​នេះ​​​ថា បាន​​​វាយ​​ខ្លួន​ដោយ​​​ហិង្សា។ ព្រះ​​​សង្ឃ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​នោះ​​​ព្រះនាម សុត ឆាយា បាន​​​អះ​​​អាង​​​ថា ព្រះ​​​តេជគុណ ថាច់ ហា សំអាង​​​ ព្រះ​​​ចៅ​​​អធិការ​​​ស្តី​​​ទី​​​​​​​​​បាន​​​បញ្ជា​​​ឲ្យ​​​ព្រះ​​​សង្ឃ​​​បួន​​​អង្គ​​​វាយ​​​​​​ព្រះ​​​អង្គ​​​ និង​​​ព្រះ​​​សង្ឃ​​​ប្រាំមួយ​​អង្គ​​​ទៀត​​​ដោយ​​​កាំបិត​​​និង​​​ដុំ​​​ថ្ម​​​ជុំវិញ​​​អធិករណ៍​​​នៅ​​​ក្នុង​​​វត្ត​​​​​​កាលពី​​​ខែ​​​មករា។ ព្រះ​​​តេជគុណ​​​ ថាច់ វណ្ណា ព្រះ​​​សង្ឃ​​​មួយ​​​អង្គ​​​ក្នុង​​​ចំណោម​​​ព្រះសង្ឃ​​​ដែល​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​​​​បាន​​​មាន​​​សង្ឃដីកា​​​ថា លិខិត​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក គី ប៊ុណ្ណារ៉ា ព្រះ​​​រាជ​​​អាជ្ញា​​​រង​​​បាន​​​ណែនាំ​​​ឲ្យ​​​ព្រះ​​​អង្គ​​​​​បង្ហាញ​​​ខ្លួន​​​ដើម្បី​​​​​ធ្វើការ​​​សាកសួរ​​​នៅ​​​សាលាដំបូង​​​​​​​​រាជ​​ធានី​​​ភ្នំពេញ​​​នៅ​ថ្ងៃពុធ។ ព្រះ​​​តេជគុណ ថាច់ វណ្ណា បានមាន​​​សង្ឃដីកា​​​ថា ព្រះ​​​សង្ឃដែលរងការ​ចោទប្រកាន់​ផ្សេង​​​ទៀត​​​​​​ព្រះនាម លីវ ណេង ថាច់ ដែន និង​​​ លីវ នឿ។ ព្រះអង្គ​បាន​​​មាន​​​សង្ឃដីកា​​​ថា "​​​យើង​​​មិន​​​បារម្ភ​​​​​​​​​​​​​ពី​​​ពាក្យ​​​បណ្តឹង​​​នេះទេ ពីព្រោះ​​​យើង​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ឡើយ"។ ព្រះ​​​តេជគុណ ថាច់ វណ្ណា បាន​​​មាន​​​សង្ឃ​​​ដីកាថា ព្រះ​​​សង្ឃ​​​ទាំង​​​អស់​​​នឹង​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​រួម​​​ការ​​​សាកសួរ​​​នោះ​​​ទេ ពីព្រោះ​​​ព្រះ​​​អង្គ​​​ជឿ​​​ថា ដីកាកោះ​​​នោះ​​​មិន​​​មាន​​​សុពល​​​ភាព​​​ទេ​​​ ពីព្រោះ​​​ដីកា​​​នោះ​​​សរសេរ​​​ខុស​​​ច្រើន​​​ និង​​​មាន​​​កំហុស​​​ផ្សេង​​​ៗ​​​ទៀត។ ព្រះ​​​អង្គ​​​បាន​​​បន្ថែម​​​ថា ជន​​​ជាតិ​​​វៀត​​​ណាម​​​មិន​​​ចេញ​​​ឈ្មោះ​​​ទំនង​​​ជា​​​នៅ​​​ពីក្រោយ​​​ពាក្យ​​​បណ្តឹង​​​នេះ។ ព្រះ​​​អង្គ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា "​​​ប្រាកដ​​​ជាមានយួន​​​នៅ​​​ពីក្រោយ​​​​​​ព្រះ​សង្ឃអង្គនេះ​ ពីព្រោះ​​​​​​វត្ត​​​របស់យើង​​​តែង​​​តែ​​​ក្រោ​​​ក​​​ឈរ​​​តស៊ូប្រឆាំង​​​នឹង​​​យួន ហេតុ​​​នេះហើយ​​​​​​ពួកគេ​​​ចង់​​​​​​លុប​ប​​​ំបាត់​​​វត្ត​​​នេះ​​​តែម្តង"៕សារុន​​​  

នគរ​​​បាល​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​​​​ម្នាក់​​​ក្នុង​​​ហេតុការណ៍​​​វាយ​​​ប្រហារ​​​នៅលើ​​​កោះរ៉ុង​​​

​​​យោង​​​តាម​​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពីម្សិលមិញ នគរ​​​បាល​​​ក្រុង​​​ព្រះសីហនុ​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​មនុស្ស​​​ដែល​​​ស្ថិត​​​នៅ​​​ពីក្រោយ​​​ការ​​​វាយ​​​ប្រហារ​​​ដ៏​​​ហិង្សា​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​លើ​​​ជន​​​បរទេស​​​ចំនួន​​​ពីរ​​​នាក់​​​នៅ​​​លើ​​​កោះ​​​រ៉ុង​​​ ដោយ​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​នេះ​​​ថា ជា​​​បុគ្គលិក​​​នៅ​​​ផ្ទះ​​​សំណាក់​​​មួយ​​​ដែល​​​ហេតុការណ៍​​​វាយ​​​ប្រហារ​​​បាន​​​កើត​​​ឡើង​​​។ នគរ​​​បាល​​​ក្រុង​​​ព្រះ​​​សីហនុ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក Jouni Niemi អាយុ​​​៤៩​​​ឆ្នាំ​​​ជា​​​ជន​​​ជាតិ​​​ហ្វាងឡង់ ដែល​​​ជា​​​ម្ចាស់​​​ផ្ទះសំណាក់​​​ Broken Heart ​​​នៅ​​​លើ​​​កោះ​​​រ៉ុង​​​ និង​​​ លោក Michael Hay អាយុ​​​២៧​​​ឆ្នាំ​​​ជា​​​ជន​​​ជាតិ​​​កាណាដា​​​ធ្វើ​​​ការ​​​នៅផ្ទះ​​​សំណាក់​​​នេះ​​​បាន​​​រង​​​ការ​​​វាយ​​​ប្រហារ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ដោយ​​​បុរស​​​មួយ​​​ក្រុម​​​ប្រដាប់​​​ដោយ​​​កាំបិទ និង​​​ដំបង ដែល​​​គេច​​​ខ្លួន​​​ជា​​​មួយ​​​ប្រាក់​​​ប្រមាណ​​​៣.០០០​​​ដុល្លារ​​​ កុំ​​​ព្យូទ័រ​​​យូរ​​​ដៃ​​​មួយ​​​គ្រឿង​​​ និង​​​ឧបករណ៍​​​អេឡិចត្រូនិក​​​ផ្សេង​​​ៗ​​​ទៀត​​​។​​​​​​​​​

ព័ត៌មានថ្មីៗ