31 C
Phnom Penh

ក្រុម​សង្គម​ស៊ីវិល​ខកចិត្ត​នឹង​សាលក្រម​តុលាការ​កំពូល​ជុំវិញ​សំណុំរឿង​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សង្គម​ស៊ីវិល សហជីព និង​សហព័ន្ធ​ជាច្រើន សម្ដែង​ការ​ខកចិត្ត​ចំពោះ​សាលដីកា​តុលាការ​កំពូល កាលពី​ដើម​ខែ​ឧសភា ដែល​បាន​តម្កល់​សេចក្តី​សម្រេច​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ឱ្យ​ពួកគេ​មាន​ទោស​បន្ត​ទៀត។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ៥០​ស្ថាប័ន ដូចជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សហព័ន្ធ​សហជីព​កម្ពុជា (CATU) និង​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា (ADHOC) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​កាលពី​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា មក​ដល់​ពេលនេះ អាជ្ញាធរ និង​តុលាការ​នៅតែ​មិន​ទាន់​អាច​ផ្តល់​នូវ​យុត្តិធម៌​ជូន​សកម្មជន​សហជីព​ណាហ្គា​វើលដ៍​នៅឡើយ​ទេ។

ប្រភព​ដដែល​បន្ថែម​ថា អាជ្ញាធរ​ត្រូវតែ​ដោះលែង​ប្រធាន​សហជីព​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ និង​ផ្តល់​នូវ​សេរីភាព​ពេញលេញ​ដល់​ជន​ជាប់ចោទ​ទាំងអស់​នៅ​ក្នុង​សំណុំរឿង​នេះ​ដោយ​ឥត​លក្ខខណ្ឌ។

ក្រុម​សង្គម​ស៊ីវិល​ខាងលើ​លើកឡើង​ថា ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ខាងលើ ក្រៅពី​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​តាមរយៈ​ប្រព័ន្ធ​តុលាការ ពួកគេ​ក៏​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​តាម​គ្រប់​រូបភាព​ពី​កង​សន្តិសុខ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​ដែរ ដោយ​ការ​រំលោភ​បំពាន​លើ​រូបរាងកាយ និង​ផ្លូវភេទ ជាដើម។

ប្រភព​ខាងលើ​បន្ថែម​ថា អាជ្ញាធរ​តែង​ចាប់​ខ្លួន​កម្មករ និង​ដាក់​អ្នក​ទាំងនោះ​នៅ​ក្នុង​ទីតាំង​មួយ​ចំនួន ក្រោម​ហេតុផល​អនុវត្ត​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ដែល​សកម្មភាព​នេះ​បង្ហាញ​ថា អាជ្ញាធរ​ព្យាយាម​បំភិតបំភ័យ គំរាមកំហែង រំលោភ​បំពាន និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​កូដករ​ដោយ​ហិង្សា ជាជាង​ជួយ​ដោះស្រាយ​បញ្ហា​ដែល​សហជីព និង​សហព័ន្ធ​សហជីព​កំពុង​ជួប​ប្រទះ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​របស់​ពួកគេ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង ៥០​ស្ថាប័ន អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ដោយ​ឥត​លក្ខខណ្ឌ និង​ផ្តល់​នូវ​សេរីភាព​ពេញលេញ​ដល់​ជន​ជាប់ចោទ​ផ្សេង​ទៀត ដោយ​លុប​បំបាត់​នូវ​ការ​ភ័យខ្លាច​ពី​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ឬ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួកគេ​បន្ត​ទៀត។

ក្រុម​សង្គម​ស៊ីវិល​ដដែល​នេះ​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ គឺ​ជា​មធ្យោបាយ​មួយ​ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ចំពោះ​ការ​ចោទប្រកាន់ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​មិន​ត្រឹមត្រូវ​ទៅ​លើ​សមាជិក​សហជីព​ដែល​កំពុង​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​កម្មករ​សព្វថ្ងៃ​នេះ ចំណែក​អាជ្ញាធរ​ត្រូវតែ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត និង​បញ្ឈប់​ការ​ចាត់ទុក​សកម្មភាព​អហិង្សា​របស់​សហជីព​ជា​បទល្មើស​ព្រហ្មទណ្ឌ​តទៅទៀត​ដែរ។

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៣ ខែ​ឧសភា កន្លង​ទៅ ដោយ​សម្ដែង​ក្ដី​ព្រួយបារម្ភ និង​ស្នើ​ដល់​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ផង​ដែរ បន្ទាប់ពី​តុលាការ​កំពូល​តម្កល់​ការ​ផ្ដន្ទាទោស​លើ​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ចំនួន ៩​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១​ឆ្នាំ​ដល់ ២​ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់» ទាំង​អយុត្តិធម៌​នោះ។

កាលពី​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤ តុលាការ​កំពូល​ក្រុង​ភ្នំពេញ សម្រេច​បើក​សវនាការ​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​សមាជិក​សហជីព ៦​នាក់​ផ្សេង​ទៀត ដោយ​សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ផ្ដន្ទាទោស​លើ​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៧​នាក់​ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ទុក​ជា​បាន​ការ​ដដែល។

កាលពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ដាក់​ពន្ធនាគារ​រយៈពេល ០២​ឆ្នាំ ចំណែក​សមាជិក​សហជីព​ដទៃ​ទៀត ដូចជា កញ្ញា ឈឹម សុខន និង​អ្នកស្រី សុន ស្រីពេជ្រ ជាដើម ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ១៨​ខែ។ ដោយឡែក​អ្នកស្រី រី សុវណ្ណឌី លោក សុខ ណារិទ្ធិ និង​លោក សុខ គង្គា ក៏​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​រយៈពេល ១​ឆ្នាំ​ដែរ ប៉ុន្តែ​ពួកគេ​តម្រូវ​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ក្នុង​នោះ សាលា​ឧទ្ធរណ៍​ភ្នំពេញ​ក៏​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៣ ទុក​ជា​បាន​ការ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស