31 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​ទម្លាយ​ថា​លោក ហ៊ុន សែន គ្រោង​លើក​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​បក្ស​ប្រជាជន​ក្រោយ​សង់​ព្រែកជីក​ហ្វូណន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រភព​មន្ត្រី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទម្លាយ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន មាន​ផែនការ​តែងតាំង​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជំនួស​រូបលោក ក្រោយ​សាងសង់​ព្រែកជីក​ហ្វូណន​ដោយ​ជោគជ័យ ខណៈ​លោក ហ៊ុន ម៉ានី ក៏​ទំនង​ជា​ត្រូវ​តែងតាំង​ជា​អនុប្រធាន​បក្ស​ក្នុង​ពេល​ជាមួយ​គ្នា​ដែរ។

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​កាន់​អំណាច ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៧ ឧសភា នេះ​ថា ប្រសិនបើ​ផែនការ​សាងសង់​ព្រែកជីក​ហ្វូណន​ទទួល​បាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​ពលរដ្ឋ និង​មជ្ឈដ្ឋាន​នានា ដូចជា ក្រុម​អ្នកវិភាគ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល ជាដើម លោក ហ៊ុន សែន នឹង​ឆ្លៀត​យក​ឱកាស​នេះ​ប្រកាស​តែងតាំង​លោក ហ៊ុន ម៉ាណែត ឱ្យ​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជំនួស​គាត់​តែម្តង។

ប្រភព​ដដែល​បាន​រៀបរាប់​ថា ដើម្បី​ជួយ​ទប់​លំនឹង​អំណាច​លោក ហ៊ុន ម៉ាណែត ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ផ្លាស់ប្ដូរ​សមាសភាព​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​ដើម្បី​ឱ្យ​ទៅ​នៅ​ក្បែរ​លោក ហ៊ុន ម៉ាណែត ក្នុង​បំណង​ជួយ​ជ្រោមជ្រែង និង​ការពារ​អំណាច​កូនប្រុស​របស់​គាត់ ដូចជា ការ​ផ្លាស់ប្ដូរ​អតីត​មេ​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន ឱ្យ​កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ការ​តែងតាំង​លោក ហ៊ុន ម៉ានី ឱ្យ​កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី ជាដើម។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ការ​សាងសង់​ព្រែកជីក​ហ្វូណន​ត្រឹម​រយៈពេល ៥​ឆ្នាំ ដូច្នេះ​ក៏​ដល់​អាណត្តិ​បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​ដែរ ក្នុង​នោះ បើ​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ដូច​ឆ្នាំ​២០០៨ ដែល​កម្ពុជា​មាន​ទំនាស់​ជាមួយ​ប្រទេស​ថៃ នោះ​ក៏​ជា​វេលា​សមរម្យ​សម្រាប់​លោក ហ៊ុន សែន ក្នុង​ការ​ផ្ទេរ​តំណែង​ប្រធាន​បក្ស​ឱ្យ​កូនប្រុស​របស់​គាត់​ដែរ ហើយ​ក៏​ជា​ហេតុផល​ដែល​ឱ្យ​មន្ត្រី​ក្នុង​បក្ស​របស់​ខ្លួន​អាច​ទទួល​យក​បាន​ថែម​ទៀត។

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​ដដែល​នេះ​បញ្ជាក់​ថា បញ្ហា​ចម្រូងចម្រាស​ជុំវិញ​ការ​សាងសង់​ព្រែកជីក​ហ្វូណន​ជាមួយ​នឹង​វៀតណាម ក៏​ជា​ហេតុផល​នយោបាយ​ដែល​អាច​ជួយ​លោក ហ៊ុន ម៉ាណែត ស្វែងរក​ប្រជាប្រិយភាព​ពី​ពលរដ្ឋ​ខ្មែរ​សម្រាប់​ការ​បោះឆ្នោត​នៅ​អាណត្តិ​ខាងមុខ​ទៀត​ដែរ គួបផ្សំ​នឹង​មាន​ការ​គាំទ្រ​លើ​ការ​សាងសង់​ព្រែកជីក​នេះ​ទៀត​នោះ លោក ហ៊ុន សែន គិត​ថា​កូនប្រុស​របស់​គាត់ នឹង​ទទួល​បាន​ការ​គាំទ្រ​ដោយ​ពេញ​មុខ​នៅ​ពេល​បោះឆ្នោត​ខាងមុខ ដូច្នេះ​ក៏​ជា​ពេលវេលា​ដែល​គាត់​ត្រូវ​ប្រគល់​តំណែង​ប្រធាន​បក្ស​ឱ្យ​ទៅ​លោក ហ៊ុន ម៉ាណែត នៅ​ពេល​នោះ​ដែរ។

កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​មហាសន្និបាត​វិសាមញ្ញ​របស់​ខ្លួន ដើម្បី​បញ្ចូល​សមាជិក​គណៈកម្មាធិការ​នាយក​ជិត ៥០០​នាក់ (៤៩៦​នាក់) ក្នុង​នោះ សមាជិក​មហាសន្និបាត​បក្ស​ទាំងអស់​ក៏​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ជ្រើសរើស​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

បន្ទាប់ពី​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើសរើស​ជា​អនុប្រធាន​គណបក្ស​បាន ១​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត ក៏​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ផង​ដែរ ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​មេដឹកនាំ​វៀតណាម​ជាច្រើន​នាក់ ដូចជា នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ លោក ង្វៀន ហ្វូចុង អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក វ៉ វ៉ាន់ធឿង ប្រធាន​រដ្ឋ​វៀតណាម និង​លោក វឿង ឌិញហ្វេ ប្រធាន​រដ្ឋសភា​វៀតណាម ផង​ដែរ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​រវាង​កម្ពុជា និង​វៀតណាម។

ក្រោយ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ជ្រើសរើស​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ព្រះករុណា​ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​តាម​សំណើ​របស់​លោក ហ៊ុន ម៉ាណែត ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ធ្លាប់​ព្រមាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​ផ្ដាច់មុខ​នៃ​គ្រួសារ​និយម​របស់​ត្រកូល​ហ៊ុន​ថែម​មួយ​កម្រិត​ទៀត ក្រោយ​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត និង​ការ​រៀបចំ​តែងតាំង​សាច់ញាតិ និង​បក្ខពួក​ខ្លួនឯង​ឱ្យ​ចូល​ទៅ​កាន់​តួនាទី​ខ្ពស់ៗ​ដោយ​កម្ចាត់​អ្នកដទៃ​ឱ្យ​ចេញ​ផុត​ពី​តួនាទី​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​នេះ។

ជាក់ស្តែង ក្រោយ​រដ្ឋសភា​ជាតិ​បោះឆ្នោត​ផ្ដល់​សេចក្តី​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ថ្មី លោក ហ៊ុន​ម៉ាណែត បាន​តែងតាំង​មន្ត្រី​រដ្ឋាភិបាល​តាម​សែស្រឡាយ​បក្ខពួក​របស់​ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​នោះ សមាជិក​រដ្ឋាភិបាល​ទាំង​ជាង ១​ពាន់​នាក់ (១៥៤៧​នាក់) ត្រូវ​គេ​មើល​ឃើញ​ថា​សុទ្ធតែ​ជា​បក្ខពួក និង​សែស្រឡាយ​សាច់ញាតិ​របស់​ត្រកូល​ហ៊ុន​ទាំងអស់ ខណៈ​ស្ថាប័ន​កំពូល​របស់​ប្រទេស ដូចជា​ស្ថាប័ន​រដ្ឋសភា ស្ថាប័ន​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ ក៏​ត្រូវ​បាន​ក្តោប​ក្តាប់​ដោយ​វង្ស​ត្រកូល​របស់​លោក ហ៊ុន សែន ដែរ​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស