37 C
Phnom Penh

មនុស្ស​ម្នាក់​ស្លាប់​ និង​២៥នាក់​រ​ងរបួស​​ក្នុ​ងគ្រោះ​ថ្នាក់​រថយន្ត​ក្រុង​ក្នុង​ខេត្ត​បាត់​ដំបង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិលមិញ​​​ថា មនុស្ស​​​ម្នាក់​​​បាន​​​ស្លាប់ និង​​​​​​ជាង​​​២៤​​​នាក់​​​បាន​​​រង​​​របួស​​​កាល​​ពី​​​ថ្ងៃ​​​អាទិត្យ នៅ​​​ពេល​​​រថយន្ត​​​ក្រុង​​​មួយ​​​គ្រឿង​​​បាន​​​រេ​​​ចង្កូត​​​ធ្លាក់​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥ ហើយ​​​បាន​​​ជ្រុល​​​ទៅ​​​បុក​​​ដើម​​​ឈើ​​​មួយ​​​ដើម​​​ បន្ទាប់​​​ពី​​​អ្នក​​​បើក​​​បរ​​​បាន​​​ដេក​​​លក់​​​មួយ​​​ភាំង​​​។

គ្រោះ​​​ថ្នាក់​​​​​​នេះ​​​បាន​​​កើត​​​ឡើង​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​ បន្ទាប់ ពី​​​រថយន្ត​​​ក្រុង​​​ដឹក​​​ភ្ញៀវ​​​ទេសចរ​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​២៤​​​នាក់​​​បាន​​​បុក​​​ជាមួយ​​​រថយន្ត​​​ធុន​​​ធំ​​​មួយ​​​គ្រឿង​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ បណ្តាល​​​ឲ្យ​​​មនុស្ស​​​ម្នាក់​​​ស្លាប់ និង​​​១១នាក់​​​ទៀត​​​រង​​​របួស​​​។

យោង​​តាម​លោក វុធ ប៊ុនធឿន អធិការ​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា គ្រោះ​​​ថ្នាក់​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ បាន​​​កើត​​​ឡើង​​​នៅ​​​ម៉ោង​​​ប្រហែល​​​២និង​​​៣០​​​នាទី​​​រំលង​​​អធាត្រ​​​ ខណៈ​​​ដែល​​​រថយន្ត​​​ក្រុង​​​របស់​​​ក្រុម​​​ហ៊ុន លី ហុង ដឹក​អ្នក​ដំណើរ​បាន​​​បើក​ឆ្លងកាត់​ឃុំ​​​កំពង់​​​ព្រៀង​​​ ស្រុក​​​សង្កែ​​​ទៅ​​​ក្រុង​​​ប៉ោយ​​​ប៉ែត។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា រថយន្ត​​​ក្រុង​​​នេះ​​​បាន​​​រេ​​​ចង្កូត​​​ទៅ​​​ចិញ្ចើមផ្លូវ​ខាង​​​ស្តាំ​​​ ហើយ​​​បាន​​​បុក​​​ដើម​​​ឈើ​​​មួយ​ដើម​បាក់មុន​​​ពេល​​​ធ្លាក់​​​ចូល​​​ប្រឡាយ​​​។ ស្ត្រី​​​ម្នាក់​​​បាន​​​ស្លាប់ និ​​​ងអ្នក​​​ដំណើរ​​​២៥​​​នាក់​​​ទៀត​​​បាន​​​រង​​​របួស​​​”។

អធិការ​​​នគរ​​​បាល​​​រូបនេះ​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​អ្នកស្លាប់​​​ថា ឈ្មោះ អ៊ុំ អូន អាយុ​​​៤១​​​ឆ្នាំ មក​​​ពី​​​ខេត្ត​​​កំពង់​​​ឆ្នាំង។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​អ្នក​​​ដំណើរ​​​បី​​​នាក់​​​ដែល​​​រង​​​របួស​​​ធ្ងន់​​​ត្រូវ​​​បាន​​​ប្រញាប់​​​ប្រញាល់​​បញ្ជូន​​​ទៅ គ្លីនិក​​​ឯកជន​​​ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​។

លោក ប៊ុន​​​ធឿន បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​ដែល​​​លោក​​​មិន​​​ស្គាល់​​​ឈ្មោះ បាន​​​ចុះ​រត់​​​គេច​​​ខ្លួន​​​។  លោក​​​បាន​​​មានប្រសាសន៍​​​ថា “ភ្លាម​​​ៗ បន្ទាប់​​​ពី​​​គ្រោះ​​​ថ្នាក់​​​ មន្ត្រី​​​របស់​​​យើង​​​បាន​​​មក​​​ដល់​​​កន្លែង​​​កើត​​​ហេតុ…ប៉ុន្តែ យើង​រក​​​អ្នក​​​បើក​​​បរ​​​មិន​ឃើញ​​​ឡើយ​​​”។

លោក សាត​​​ គឹមសាន្ត​​​ នាយ​​​នគ​​​របាល​​​ចរាចរ​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​មានប្រសាសន៍​​​ថា គ្រោះ​​​ថ្នាក់​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ពេល​​​អ្នក​​​បើក​​​បរ​​​ងោក​​​​មួយ​​​ភាំង​​​ ខណៈ​​​ពេលកំពុង​​​​បើក​​​បរ​​​ក្នុង​​​ល្បឿន​​​លឿន។ លោក​​​ក៏​​​បាន​​​មានប្រសាសន៍​​​ផង​​​ដែរ​​​ថា លោក​​​មិន​​​ស្គាល់​​​ឈ្មោះ អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​នោះ​​​ឡើយ​​​។

លោក គឹមសាន្ត បាន​​​មានប្រសាសន៍​​​ថា “នគរ​​​បាល​​​បាន​​​វាយ​​​តម្លៃ​​​កន្លែង​​​គ្រោះ​​​ថ្នាក់​​​ ហើយ​​​បាន​​​សម្រេច​​​ថា គ្រោះ​​​ថ្នាក់​​​នេះ​​កើត​​ឡើង​ដោយ​​​សារ​​​អ្នក​​​បើក​​​បរ​​​ងងុយ​​​ដេក​​​។ មិន​​​មាន​​​សញ្ញា​​​ណា​​​ថា មាន​​​មនុស្ស​​​ឆ្លង​​​ផ្លូវ​​​ឡើយ​​​ ពីព្រោះ​​​រថយន្ត​​​ក្រុង​​​នោះ​​​បាន​​​រេ​​​ចង្កូត​​​ធ្លាក់​​​ផ្លូវ​​​តែ​​​ម្តង”។

លោក​​​បាន​​​​​​បន្ថែម​​​ថា “អ្នក​​​ដំណើរ​​​ភាគច្រើន​​​រង​​​របួស​​​នៅ​​​ពេល​​​រថយន្ត​​​នេះ​​​បាន​​​បុក​​​ដើម​​​ឈើ​​​ ហើយ​​​ពួក​​​គាត​់បាន​​​បោក​​​ក្បាល​​​ផ្ទប់​​​នឹង​​​ជញ្ជាំង​រថយន្ត​​​”។

លោក គឹម​​​សាន្ត បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​ក្រោមឱវាទរបស់​​​លោក​​​បាន​​​ទាក់ទង​​​​ជា​​​មួយ​​​​​​ព្រូឡាន​ដែល​​​កំពុង​​​សម្រាក​​​ព្យាបាល​​​របួស​​​​​បាក់​​​ជើង​​​ម្ខាង​​​។ ប៉ុន្តែ នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​ពួក​​​គេ​​​បាន​​ព្យាយាម​ទទួលបាន​អត្ត​​​សញ្ញាណ​​​អ្នក​​​បើក​​​រថយន្តពីព្រូឡាន​នេះ​ឬ​​​យ៉ាង​ណានោះ ​​​គាត់​​បាន​​​ឆ្លើយ​​​ពង្វាងម្តងហើយ​ម្តងទៀត​​​។

លោក​​​ក៏​​​បាន​​​មានប្រសាសន៍​​​ផង​​​ដែរ​​​ថា លោក​​​មិន​​​ចាំ​​​ឈ្មោះ​​​ព្រូឡាន​នោះ​​​ទេ​​​ ហើយ​​​មិន​​​មាន​​​ព័ត៌​​​មាន​​​ទាក់​​​ទង​​​ក្រុម​​​ហ៊ុន​​​រថយន្ត​​​ក្រុង​​​នោះ​​​ដែរ​​​។ លោក​​​បាន​​​​​​មានប្រសាសន៍​​​ថា “ក្រុម​​​ហ៊ុន​​​ធានា​​​រ៉ាប់​​​រង​​​របស់​​​ [ក្រុមហ៊ុន លី ហុង ដឹក​អ្នក​ដំណើរ​ ] នឹង​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​គ្រោះ​​​ថ្នាក់​​​នេះ​​​ ព្រម​​​ទាំងអ្នក​​​ដំណើរ​​​ដែល​​​រង​​​របួស​​​ទាំង​​​អស់​​​”៕សារុន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស