38 C
Phnom Penh

អង្គការ​តម្លាភាព​អូស្ត្រាលី​ព្រមាន​ថា​ច្បាប់​ថ្មី​នឹង​ចាត់​វិធានការ​លើ​ប្រភព​លុយ​ខ្មៅ​ដែល​ហូរ​ចូល​ពី​កម្ពុជា​និង​ប្រទេស​ផ្សេង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​តម្លាភាព​អន្តរជាតិ​អូស្ត្រាលី ព្រមាន​ថា ច្បាប់​ថ្មី​របស់​អូស្ត្រាលី មាន​គោលដៅ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ជួញដូរ​គ្រឿងញៀន អំពើពុករលួយ និង​ការ​លាង​លុយ​កខ្វក់​ដែល​កំពុង​ហូរ​ចូល​ក្នុង​ទីផ្សារ​អចលនទ្រព្យ​អូស្ត្រាលី ខណៈ​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​អាមេរិក​ដែល​គួរ​ឱ្យ​សង្ស័យ​ពី​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កន្លង​មក ក៏​មាន​ការ​ហូរ​ចេញពី​ប្រទេស​កម្ពុជា​ដែរ។

សារព័ត៌មាន ABC (Austria Broadcasting Corporation) ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា ក្នុង​មួយ​ឆ្នាំៗ​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​អាច​ហូរ​ចេញពី​ប្រទេស​កម្ពុជា ចូល​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ក្រោម​ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​របស់​ប្រទេស​អូស្ត្រាលី ដែល​បាន​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​អូស្ត្រាលី​ក្លាយ​ជា​គោលដៅ​ទាក់ទាញ​ការ​លាង​លុយ​កខ្វក់​កាន់តែ​ច្រើន​ឡើងៗ។

សារព័ត៌មាន​ដដែល​បាន​លាតត្រដាង​អំពី​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​អូស្ត្រាលី ថា ក្នុង​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​២០២២ មក យ៉ាងហោច​ណាស់​មាន​អចលនទ្រព្យ​ជាង ១០០​កន្លែង (១១៨​កន្លែង) ដែល​មាន​តម្លៃ​សរុប​ជាង ១០០​លាន​ដុល្លារ​អាមេរិក (១១០​លាន​ដុល្លារ) ត្រូវ​បាន​ជនបរទេស​កម្ពុជា​វិនិយោគ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២០ ថវិកា​សរុប​ជាង ៥១៦​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​ផ្ទេរ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ដែល​ភាគច្រើន​អាច​ជា​សកម្មភាព​ហិរញ្ញវត្ថុ​ស្រប​ច្បាប់​ក្រោម​ការ​វិនិយោគ ប៉ុន្តែ​ទំហំ​សាច់ប្រាក់​ដែល​ហូរ​ចេញពី​ប្រទេស​កម្ពុជា​មក​កាន់​ប្រទេស​អូស្ត្រាលី នេះ មិន​សមាមាត្រ​គ្នា​នឹង​ទ្រព្យសម្បត្តិ​របស់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​ក្រីក្រ​ឡើយ ស្រប​ពេល​ដែល​កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​មជ្ឈមណ្ឌល​ក្នុង​តំបន់​សម្រាប់​ការ​លាង​លុយ​កខ្វក់ ការ​ជួញដូរ​មនុស្ស និង​ការ​ជួញដូរ​គ្រឿងញៀន​នោះ។

ការ​ចុះផ្សាយ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គេ​រក​ឃើញ​ថា កម្ពុជា​កំពុង​ក្លាយ​ជា​ប្រទេស​ដែល​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ប្រព្រឹត្ត​អំពើពុករលួយ និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាច្រើន​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា និង​គ្រួសារ​អ្នក​មាន​អំណាច​សព្វថ្ងៃ​នេះ។

តំណាងរាស្ត្រ​អូស្ត្រាលី លោក ជូលៀន ហៀល (Julian Hill) ធ្លាប់​បាន​លើកឡើង​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​សភា​តំណាងរាស្ត្រ​អូស្ត្រាលី កាលពី​ពេល​កន្លង​ទៅ​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​មួយ​ចំនួន ដូចជា ការ​លាង​លុយ​កខ្វក់ ការ​បំភិតបំភ័យ និង​ការ​រត់ពន្ធ​គ្រឿងញៀន​ប្រភេទ​ហេរ៉ូអ៊ីន រត់ពន្ធ​បារី និង​រត់ពន្ធ​ស្រា​ខុស​ច្បាប់ ជាដើម។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​សាច់ញាតិ​លោក ហ៊ុន សែន ត្រូវ​គេ​រក​ឃើញ​ថា​មាន​ផ្ទះ និង​ដីធ្លី​ក្នុង​ប្រទេស​អូស្ត្រាលី ក្នុង​តម្លៃ​រាប់​សែន​ដុល្លារ រហូត​ដល់​រាប់​លាន​ដុល្លារ​អាមេរិក ចាប់​តាំង​ពី​ឆ្នាំ​២០១៨ មក ដូចជា អ្នកស្រី ហ៊ុន ម៉ាណា កូនស្រី​របស់​លោក ហ៊ុន សែន ត្រូវ​គេ​ដឹង​ថា​មាន​ផ្ទះ​ដែល​មាន​តម្លៃ​ជាង ១​លាន ៥​សែន​ដុល្លារ​ក្នុង​ប្រទេស​អូស្ត្រាលី ផង​ដែរ។

ជាង​នេះ​ទៀត អគ្គនាយក​នៃ​អគ្គនាយក​ពន្ធដារ​កម្ពុជា លោក គង់ វិបុល ត្រូវ​គេ​រក​ឃើញ​ថា លោក​មាន​ដី​មួយ​កន្លែង​ដែល​លក់​កាលពី​ខែ​មីនា ឆ្នាំ​២០០៧ មាន​តម្លៃ​ជាង ២១​លាន​ដុល្លារ ហើយ​លោក​ក៏​មាន​ទ្រព្យ​ជាច្រើន​កន្លែង​ទៀត​នៅ​ប្រទេស​អូស្ត្រាលី ផង​ដែរ។ សូម្បី​ផ្ទះ​មួយ​ខ្នង​របស់​លោក មាន​តម្លៃ​ដល់​ទៅ ៦​សែន​ដុល្លារ​ថែម​ទៀត។

ប៉ុន្តែ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ Aljazeera កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ លោក គង់ វិបុល បាន​បដិសេធ​ពី​ទ្រព្យសម្បត្តិ​ដែល​លោក​មាន​ទាំងអស់ ក្រោម​ហេតុផល​ថា អ្វី​ដែល​ទូរទស្សន៍ Aljazeera ទទួល​បាន គឺជា​ព័ត៌មាន​ខុស។

ចំណែក​ក្មួយប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ក៏​ត្រូវ​គេ​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ដែល​ជាប់​ទាក់ទិន​ទៅ​នឹង​បណ្ដាញ​ឧក្រិដ្ឋជន​ជនជាតិ​ចិន ព្រមទាំង​បើក​ក្រុមហ៊ុន​ឆបោក និង​ជួញដូរ​មនុស្ស​ដោយ​ឆ្លងកាត់​ប្រទេស​អូស្ត្រាលី ផង​ដែរ។

តំណាង​សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី កាលពី​អំឡុង​ឆ្នាំ​២០២២ ក៏​ធ្លាប់​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ប្រទេស​អូស្ត្រាលី បើក​ការ​ស៊ើបអង្កេត​លើ​ប្រភព​ចំណូល​របស់​ឧកញ៉ា ហ៊ុន តូ នា​ពេល​កន្លង​មក​ដែរ​ជុំវិញ​ករណី​នេះ។

សារព័ត៌មាន ឌឹ អូស្ត្រាលាន (The Australian) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដោយ​ដាក់​ចំណងជើង​ធំៗ​ថា «ក្មួយប្រុស​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ជាប់​សង្ស័យ​ជា​ថ្មី​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក និង​ជួញដូរ​មនុស្ស​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា ដែល​សហការ​ជាមួយ​ឧក្រិដ្ឋជន​ជនជាតិ​ចិន និង​ប្រភព​លុយ​រាប់​រយ​លាន​ដុល្លារ ដែល​មាន​ការ​សង្ស័យ​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​លុយ​ខ្មៅ​កខ្វក់ ហើយ​លាក់​ទុក​នៅ​ប្រទេស​អូស្ត្រាលី»។

ចំណែក​កាសែត The Sydney Morning Herald និង​កាសែត The Age បាន​ចុះផ្សាយ​ដោយ​ដកស្រង់​ការ​ស៊ើបអង្កេត​ពី​គណៈកម្មការ​ឧក្រិដ្ឋកម្ម​អូស្ត្រាលី កាលពី​ឆ្នាំ​២០១២ ថា អាជ្ញាធរ​អូស្ត្រាលី បាន​តាមដាន​ការ​ផ្ទេរ​លុយ​ជាច្រើន ដោយ​សង្ស័យ​ថា​ជា​លុយ​បាន​ពី​ការ​រត់ពន្ធ​គ្រឿងញៀន​ចេញពី​បនល្បែង​កាស៊ីណូ Crown នៅ​ទីក្រុង​ម៉ែលប៊ន ដែល​គេ​សង្ស័យ​ថា​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​លោក ហ៊ុន តូ។

ជាង​នេះ​ទៀត សារព័ត៌មាន​ក្នុង​ស្រុក​របស់​អូស្ត្រាលី ខ្លះ បាន​រក​ឃើញ​ថា អ្នកស្រី Jackie Thai ដែល​ជា​ភរិយា​លោក ហ៊ុន តូ កំពុង​កាន់កាប់​ភូមិគ្រឹះ​ជាច្រើន​កន្លែង​នៅ​ជុំវិញ​ក្រុង​ម៉ែលប៊ន ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។

ជាក់ស្តែង អំឡុង​ឆ្នាំ​២០១៦ អ្នកស្រី​បាន​ទម្លាក់​លុយ​ជិត ១​លាន​ដុល្លារ​អូស្ត្រាលី ឬ​ស្មើ​នឹង​ជាង ៨​សែន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​ដី​ឡូត៍​ពីរ​កន្លែង​ជាប់​គ្នា ហើយ​បាន​សាងសង់​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​នៅ​ទីនោះ​ផង​ដែរ។

សព្វថ្ងៃ​នេះ ប្រទេស​កម្ពុជា គឺជា​ប្រទេស​មួយ​ដែល​ជាប់​ចំណាត់ថ្នាក់​ទាប​គ្រប់​យ៉ាង ដូចជា​អំពើពុករលួយ ចំណាត់ថ្នាក់​ស្ដីពី​នីតិរដ្ឋ ចំណាត់ថ្នាក់​ស្ដីពី​សុភមង្គល ជាដើម ដែល​ត្រូវ​បាន​ចាត់ទុក​ជា​ប្រទេស​ផ្ដាច់ការ​ដែល​រឹតត្បិត​សេរីភាព​ក្នុង​ចំណោម​ប្រទេស​កុម្មុយនីស្ត​មួយ​ចំនួន​ផង​ដែរ។ ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ផ្សេងៗ​ដែរ ដូចជា ការ​ជួញដូរ​មនុស្ស លាង​លុយ​កខ្វក់ ការ​ជួញដូរ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ខុស​ច្បាប់​ជាច្រើន​ទៀត ដែល​ត្រូវ​សហរដ្ឋ​អាមេរិក​ដាក់​ក្នុង​បញ្ជី​តាមដាន​ពី​កម្រិត​២ មក​កម្រិត​៣ សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស