31 C
Phnom Penh

លោក ហ៊ុន សែន ស្នើសុំ​ជួប​សួរ​សុខទុក្ខ​អ្នកស្រី អ៊ុងសាន ស៊ូជី ក្នុង​នាម​ជា​សហការី​នៅ​ក្នុង​កិច្ចការ​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាមរយៈ​កិច្ចសន្ទនា​ជាមួយ​លោក មីន អ៊ុងឡាំង (Min Aung Hlaing) មេ​រដ្ឋប្រហារ​យោធា​ភូមា តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​៧ ឧសភា លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ស្នើសុំ​ជួប​សួរ​សុខទុក្ខ​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​គេហដ្ឋាន​ក្នុង​ទីក្រុង​ណៃពិដោរ។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៧ ឧសភា នេះ​ដែល​បាន​ស្រង់​ខ្លឹមសារ​នៃ​កិច្ចពិភាក្សា​គ្នា​នេះ បាន​ឲ្យ​ដឹង​ថា សំណើសុំ​ជួប​នេះ គឺ​ក្នុង​បំណង​សួរ​សុខទុក្ខ ដោយសារ​លោក និង​អ្នកស្រី អ៊ុងសាន ស៊ូជី ធ្លាប់​ជា​សហការី​ជាមួយ​គ្នា​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​កិច្ចការ​អាស៊ាន។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជាក់​ពី​សារសំខាន់​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ប្រាំ​ចំណុច ហើយ​រំពឹង​ថា​ការ​រីកចម្រើន​នេះ​នឹង​ចូលរួម​ចំណែក​ដល់​ដំណើរការ​ស្វែងរក​សន្តិភាព​ដែល​មាន​មីយ៉ាន់ម៉ា​ខ្លួនឯង​ជា​អ្នក​ដឹកនាំ និង​ជា​ម្ចាស់។

លោក ហ៊ុន សែន ក៏​បាន​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ ដែល​បាន​បញ្ជូន​តំណាង​មិន​នយោបាយ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ចង្អៀត​របស់​រដ្ឋមន្ត្រី​ការបរទេស​កាលពី​ខែ​មករា និង​លើក​ទឹកចិត្ត​ឱ្យ​មីយ៉ាន់ម៉ា បន្ត​ចាត់​តំណាង​ចូលរួម​ក្នុង​កិច្ចប្រជុំ​សំខាន់ៗ​របស់​អាស៊ាន​ដែរ។

ជា​ការ​ឆ្លើយតប ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បាន​សន្យា​ថា លោក​នឹង​យក​ទៅ​ពិចារណា​ដោយ​យកចិត្ត​ទុកដាក់​ខ្ពស់ ជាពិសេស​នឹង​បញ្ជូន​ប្រេសិត​ពិសេស​របស់​ខ្លួន​មក​កាន់​កម្ពុជា​នា​ពេល​ខាងមុខ ដើម្បី​បន្ត​ពិភាក្សា​ទៅ​លើ​សំណើ​ទាំងនេះ ព្រមទាំង​ទទួល​យក​ការ​ចែករំលែក​បទពិសោធន៍​ល្អៗ​ពី​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា សម្រាប់​ការ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​សេរី យុត្តិធម៌ និង​មាន​តម្លាភាព។

លោក សេក សុជាតិ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ ឧសភា នេះ​ថា ប្រសិនបើ​លោក មីន អ៊ុងឡាំង អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី មែន វា​គឺជា​សញ្ញា​មួយ​បង្ហាញ​វិបត្តិ​របស់​ភូមា អាច​នឹង​មាន​ដំណោះស្រាយ ប៉ុន្តែ​បញ្ហា​គឺ​នៅ​ត្រង់​ថា តើ​លោក មីន អ៊ុងឡាំង បើក​ផ្លូវ​តាម​សំណើ​នេះ ឬ​ក៏​អត់​ប៉ុណ្ណោះ។

លោក សេក សុជាតិ លើកឡើង​ថា បើ​មាន​ជំនួប​នេះ​មែន ក៏​ជា​សញ្ញា​មួយ​បង្ហាញ​ដែរ​ថា របប​សឹក​របស់​លោក មីន អ៊ុងឡាំង ក៏​ទំនង​ជា​មិន​អាច​បន្ត​បាន​យូរ​ដែរ ប៉ុន្តែ​បើ​លោក មីន អ៊ុងឡាំង មិន​បើក​អនុញ្ញាត​ឲ្យ​មាន​ជំនួប​នេះ​ទេ នោះ​គឺ​មាន​ន័យ​ថា របប​សឹក​នៅតែ​ប្រកាន់​ជំហរ​ដូច​មុន​ដដែល ហើយ​វិបត្តិ​ភូមា ក៏​ពិបាក​នឹង​រក​វិធី​រំលត់​បាន​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​មាន​ការ​ជជែក​គ្នា​ផ្ទៃក្នុង​ណា​មួយ​បន្ត​ទៀត នោះ​ប្រហែលជា​អាច​មាន​ពន្លឺ​ខ្លះ​ក្នុង​ការ​ស្វះ​ស្វែងរក​ជំនួប​ជាមួយ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​នេះ​ក៏​ជា​ឱកាស​សម្រាប់​លោក ហ៊ុន សែន ជួយ​បន្ធូរបន្ថយ​វិបត្តិ​នៅ​ភូមា ដែរ។

អតីត​មេដឹកនាំ​មីយ៉ាន់ម៉ា អ្នកស្រី អ៊ុងសាន ស៊ូជី មាន​វ័យ ៧៨​ឆ្នាំ ត្រូវ​បាន​យោធា​មីយ៉ាន់ម៉ា​ចាប់​ឃុំ​ខ្លួន​តាំងពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០២១ មក​ម្ល៉េះ។

អ្នកស្រី​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ពី​បទ​ឧក្រិដ្ឋកម្ម រាប់​ចាប់ពី​ការ​ក្បត់​ជាតិ និង​ការ​ស៊ីសំណូក រហូត​ដល់​ការ​រំលោភ​ច្បាប់​ទូរគមនាគមន៍ ដែល​ការ​ចោទប្រកាន់​ទាំងនេះ​ត្រូវ​បាន​អ្នកស្រី​បដិសេធ។ អ្នកស្រី​ត្រូវ​បាន​យោធា​មីយ៉ាន់ម៉ា ផ្លាស់ប្ដូរ​ពី​ការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ទៅ​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នៅ​ក្រុង​ណៃពិដោរ ក្រោម​ហេតុផល​អាកាសធាតុ​ក្តៅ​ខ្លាំង។

កន្លង​មក រដ្ឋាភិបាល​អូស្ត្រាលី សម្រេច​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​ស្ថាប័ន​ចំនួន ៥​ថែម​ទៀត ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​របប​សឹក​ភូមា ក្រោយពី​របប​យោធា​នេះ​បាន​ប្រកាស​ដាក់​លក់​ភូមិគ្រឹះ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ក្នុង​តម្លៃ ៩០​លាន​ដុល្លារ។ វីឡា​របស់​អ្នកស្រី ស៊ូជី គឺជា​មរតក​ឪពុក​របស់​អ្នកស្រី គឺ​លោក អ៊ុងសាន។ វីឡា​នេះ​មាន​រចនាបថ​ជា​លំនៅឋាន​សម័យ​អាណានិគម​អង់គ្លេស។

របប​សឹក​ភូមា បាន​សម្លាប់​ក្រុម​ប្រឆាំង​មិន​តិច​ជាង ៦​ពាន់​នាក់​នោះ​ទេ ខណៈ​ជិត ២​ម៉ឺន​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ហើយ​ក្នុង​នោះ​មាន​អ្នក​នយោបាយ​កំពូលៗ​ដល់​ទៅ ៣០០​នាក់ មាន​ទាំង​សមាជិក​សភា សមាជិក​គណៈរដ្ឋមន្ដ្រី ប្រធានាធិបតី មីនម្យីន និង​អ្នកស្រី ស៊ូជី ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស