27 C
Phnom Penh

ស្ត្រី​ទី​១​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ថា ការ​អប់រំ​ផ្តល់​អំណាច​ដល់​ក្មេង​ស្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុង​សៀមរាប-លោក​ស្រី មីសែល អូបាម៉ា ស្ត្រី​ទី​១​សហរដ្ឋ​អាមេរិក​ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​កាលីពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​មក​ប្រទេស​កម្ពុជា​ ដោយ​ភរិយា​ប្រធានាធិបតី​អាមេរិក​កំពុង​ស្ថិត​ក្នុង​តំណែង ដែល​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ចនេះ​ លោក​ស្រី​បាន​អំពាវនាវ​ឲ្យ​មាន​សេរីភាព​និង​សមភាព​ច្រើន​ឡើង​ក្នុង​ការ​អប់រំ​និង​ការ​ផ្តល់​អំណាច​ដល់​យុវនារី។cam-photo-front8

លោក​ស្រី​ភរិយា​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​មក​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​កាលពី​យប់​ថ្ងៃ​សុក្រ​ពី​ប្រទេស​ជប៉ុន​មក ជា​ផ្នែក​មួយ​នៃ​ការ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ប្រាំ​ថ្ងៃ​នៅ​ទ្វីប​អាស៊ី ដើម្បី​ជំរុញ​គំនិត​ផ្តួចផ្តើម​អប់រំ​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក ដែល​មាន​ឈ្មោះ​ថា ឲ្យ​ក្មេង​ស្រីរៀន ។ កម្មវិធី​បង្ហាត់​បង្រៀន​នៅ​តាម​សហគមន៍​មាន​បន្ត​ការ​អប់រំ​ក្មេងស្រី​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ចំនួន​១០​ផ្សេង​ទៀត និង​ឲ្យ​បាន​ទៅ​ដល់​សិស្ស​ប្រមាណ​៦២​លាន​នាក់។

មុន​ដំណើរ​មក​ដល់​របស់​លោក​ស្រី មាន​ការ​គិត​ទុក​ដែល​ផ្តោត​លើ​ថាតើ​លោក​ស្រី អូបាម៉ា នឹង​ប្រឈម​នឹង​ប្រវត្តិ​សិទ្ធិ​មនុស្ស​អាក្រក់​របស់​ប្រទេស​កម្ពុជា ឬ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ថ្មីៗ ដែល​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​រិះគន់ ក្នុង​នោះ​មាន​ទាំង​ឯកអគ្គរដ្ឋទូត​អាមេរិក លោក វីលៀម ថូដ ផងដែរ។

នៅ​ទី​បញ្ចប់ លោកស្រី អូបាម៉ា បាន​បង្ហាញ​នូវ​ការ​ថ្លឹង​ថ្លែង​យ៉ាង​ប្រុងប្រយ័ត្ន ដោយ​លើក​ឡើង​នូវ​ភាព​អយុត្តិធម៌ និងវិសមភាព ដោយ​សង្កត់​បញ្ជាក់​លើ​អំណាច​នៃ​ការ​អប់រំ​ដើម្បី​ជម្នះ​បញ្ហា​ទាំង​នោះ និង​អាច​ឲ្យ​អ្នក​រិះគន់​រដ្ឋាភិបាល​ស្ងប់​ចិត្ត ដោយ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​លោក​ស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក​ស្រី អូបាម៉ា បាន​ប្រាប់​មេដឹកនាំ​សង្គម​ស៊ីវិល អ្នក​មុខ​អ្នក​ការ និង​អ្នក​ស្ម័គ្រ​ចិត្ត Peace Corps ពេញ​មួយ​បន្ទប់ អំឡុង​ការ​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃ​សៅរ៍​នៅ​សណ្ឋាគារសូហ្វីតែល អង្គរ ភូគិត្រា ថា “ពេល​ដែល​ក្មេង​ស្រី​ទទួល​បាន​ការ​អប់រំ​និង​ពេល​ដែល​ពួកគេ​រៀន​អាន សរសេរ និង​គិត ទាំង​នេះ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ចំណេះ​ឲ្យ​ហ៊ាន​និយាយ និង​វែកញែក​អំពី​អយុត្តិធម៌ និង​ទាមទារ​ឲ្យ​មាន​ការ​យកចិត្ត​ទុកដាក់​ស្មើ​ភាព​គ្នា។ វា​ជួយ​ពួកគេ​ឲ្យ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​នៃ​ប្រទេស​របស់​ខ្លួន និង​ឲ្យ​មេដឹកនាំ​របស់​ខ្លួន​មាន​ការ​ទទួល​ខុសត្រូវ”។

ស្ត្រី​ទី​១​រូប​នេះ​មាន​គម្រោង​ដ៏​មមាញឹក​កាលពី​ថ្ងៃ​សៅរ៍ ដែល​បាន​ចាប់​ផ្តើម​ការ​ធ្វើ​ទស្សនកិច្ច​មួយ​រួម​ជាមួយ​លោក​ស្រី រ៉ានី ទៅ​សាលារៀន​មួយ​កន្លែង ដែល​នៅ​ទី​នោះ​លោក​ស្រី​បាន​និយាយ​ទៅ​កាន់​សិស្ស ដែល​ចូលរៀន​ក្នុង​កម្មវិធី​គំនិត​ផ្តួចផ្តើម​របស់​អង្គការ​រ៉ូមធូរីដ ដែល​ដឹកនាំ​ដោយ​អាមេរិក​ផងដែរ។

លោក​ស្រី អូបាម៉ា បាន​ចែក​រំលែក​ការ​យល់​ឃើញ​របស់​លោក​ស្រី​ពី​ការ​ធ្វើ​ទស្សនកិច្ច ក្នុង​ទស្សនាវដ្តី​ដំណើរ​តាម​អីុនធឺណិត ដោយ​បាន​រៀបរាប់​រឿង​ជាច្រើន​ដែល​ប្រាប់​ដោយ​សិស្ស​ពីរ​នាក់ ដែល​លោក​ស្រី​បាន​ជួប គឺ​សិស្ស​ឈ្មោះ សុហង វៀន និង ឡន ភូណាំ។

លោក​ស្រី​បាន​សរសេរ​ថា “ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​បាន​ជួប​ជាមួយ​ក្មេង​ស្រី​ទាំង​នេះ ហើយ​ពួកគេ​ល្អ​ណាស់ ត្រេកអរ​ចង់​រៀនសូត្រ​ណាស់ និង​តាំង​ចិត្ត​បន្ត​ការ​សិក្សា​ដើម្បី​សម្រេច​សុបិន​របស់​ខ្លួន”។

ជិត​អធ្រាត្រ​ទៅ​ហើយ​ពេល​ដែល​ស្ត្រី​ទី​១​បាន​ត្រឡប់​ទៅ​សណ្ឋាគារ​សូហ្វីតែល​ដើម្បី​ថ្លែង​សន្ទរកថា ដោយ​ថ្លែង​ទៅ​កាន់​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​នឹង​អនុវត្ត​កម្មវិធី ឲ្យ​ក្មេង​ស្រី​រៀន រូម​ជាមួយ​មេដឹកនាំ​សហគមន៍​ក្មេងៗ និង​សកម្មជន​នៅមូលដ្ឋាន។

អ្នក​យក​ព័ត៌មាន​ភាគច្រើន​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប ដើម្បី​រាយការណ៍​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី អូបាម៉ា បាន​ខក​ចិត្ត​ត្រូវ​អង្គុយ​រង់ចាំ​នៅ​ឯ​សណ្ឋាគារ​សូហ្វីតែល ខណៈ​ដែល​ស្ថានទូត​អាមេរិក​ជ្រើសយក​អ្នក​កាសែត​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ដើម្បី​រួម​ដំណើរ​ជាមួយ​ក្បួន​រថយន្ត​របស់​ស្ត្រី​ទី​១ ដែល​ចាកចេញ​ដំណើរ​ទៅ​មើល​ទេសភាព​អង្គរវត្ត​នា​ពេល​សៀល។

លោក ជេ រ៉ាម៉ាន អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​បាន​មាន​ប្រសាសន៍​ថា អ្នក​កាសែត​មួយ​ក្រុមតូច​ត្រូវ​បាន​ផ្តល់​អាទិភាព។

លោក រ៉ាម៉ាន បាន​ឲ្យ​ដឹង​តាម​រយៈ​សារ​អេឡិចត្រូនិច​ថា “ដោយសារ​កន្លែង​មាន​កម្រិត​ក្នុង​ក្រុម​ក្នុង​ការ​ធ្វើ​ដំណើរ​រួម​គ្នា យើង​ត្រូវ​ជ្រើសរើស​ការ​ផ្សំ​គ្នា​នៃ​បណ្តាញ​ព័ត៌មាន ដែល​ល្អ​បំផុត​អាច​ជួយ​យើង​ពាំនាំ​សារ​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​ស្ត្រី​ទី១​ដល់​អ្នក​ស្តាប់​ដ៏​ច្រើន។ តែ​គួរ​ឲ្យ​ស្តាយ យើង​មិន​អាច​ទទួល​យក​បាន​គ្រប់​គ្នា​ទេ”។

នៅ​ពេល​ដែល​ស្ត្រី​ទី​១​មិន​បាន​ឆ្លើយតប​នឹង​បញ្ហា​រសើប​ណា​មួយ​ដោយ​ផ្ទាល់ លោក​ស្រី​បាន​ប្រើ​សុន្ទរកថា​របស់​លោក​ស្រី​ពន្យល់ ថាតើ​ការ​អប់រំ​អាច​ផ្តល់​អំណាច​ដល់​មនុស្ស​ដើម្បី​ប្រឆាំង​យ៉ាង​សកម្ម​នឹងអសមភាព​និង​ភាព​អយុត្តិ​ធម៌បែបណា។ លោក​ស្រី អូបាម៉ា ក៏បាន​ពណ៌នា​អំពី​លោក​ស្រី​ខ្លួន​ឯង​ផ្ទាល់​បាន​ជម្នះ​ការ​លំបាក​ជាច្រើន​តាម​រយៈ​ការ​ខិតខំ​ធ្វើការ​និង​ការតាំង​ចិត្ត ជា​ប្រធានបទ​មួយ​ដែល​មាន​ឥទ្ធិពល​យ៉ាង​ច្បាស់​លើ​អ្នក​ស្តាប់​របស់​លោក​ស្រី។

លោក​ស្រី ប៉ោ ឡាយហៀង គ្រូ​បង្រៀន​អាយុ​២៧​ឆ្នាំ​មកពី​ខេត្ត​កំពង់​ធំ ដែល​បាន​បង្រៀន​ភាសា​ខ្មែរ​ដល់​អ្នក​ស្ម័គ្រ​ចិត្ត Peace Corps រយៈ​ពេល​បួន​ឆ្នាំ​កន្លង​មក​នេះ បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​សប្បាយ​រីករាយ​ដែល​ស្ត្រី​ទី១​បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​លើ​សារៈ​សំខាន់​នៃ​ការ​អប់រំ​សម្រាប់​ក្មេង​ស្រី។

លោក​ស្រី​មាន​ប្រសាសន៍​ថា “មាន​ក្មេង​ស្រី​ច្រើន​ទៀត​ស្ថិត​ក្នុង​ការ​សិក្សា ប៉ុន្តែ​ពេល​ដែល​ពួកគេ​រៀន​ដល់​ថ្នាក់​វិទ្យាល័យ ពួកគេ​ត្រូវ​គ្រួសារ​បង្ខំ​ឲ្យ​ឈប់​រៀន​ដើម្បី​ជួយ​បង​ប្រុស ឬ​បងស្រី​ឲ្យ​បាន​រៀន​នៅ​សាកល​វិទ្យាល័យ នេះ​មិន​មែន​ស្ថានភាព​ល្អ​សម្រាប់​ស្ត្រី​កម្ពុជា​ទេ”។

លោក​ស្រី អូបាម៉ា ដែលគេ​ច្រើនតែ​ហៅ​ថា FLOTUS មាន​ន័យ​ថា​ស្ត្រី​ទី១​នៃ​សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​គ្រប់គ្រាន់​ក្នុង​សុន្ទរកថា​របស់​លោក​ស្រី ដើម្បី​ឆ្លើយតប​នឹង​លោក ហ្វីល រ៉ូប៊ឺតសុន នាយករង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​អាស៊ី Human Rights Watch ដែល​បាន​ប្រើ​បណ្តាញ​សង្គម​ធ្វីតធឺ​ស្នើ​ឲ្យ​លោក អូបាម៉ា អនុវត្ត​តាម​ការងារ​មូលដ្ឋាន​របស់​ភរិយា​លោក។

លោក​បាន​សរសេរ​ថា “ល្អ! @FLOTUS បាន​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​នៅ​ក្នុង​ប្រទេស​ខ្មែរ ឥឡូវ​ដល់​ពេល​ស្វាមី គឺ បារ៉ាក់ អូបាម៉ា អនុវត្ត​តាម​គោលការណ៍​ចម្បង​ទាំង​នេះ”។

ប៉ុន្តែ​សកម្មជន​លំនៅដ្ឋាន​ជាង​១០០​នាក់​មកពី​សហគមន៍​នានា​ដែល​បាន​មក​ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​កាលពី​ព្រឹក​ថ្ងៃសៅរ៍ សង្ឃឹម​ថា​នឹង​មាន​របៀប​ដោះស្រាយ​ផ្ទាល់​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ស្ត្រី​១០​នាក់​ដែល​ជាប់​ពន្ធនាគារ​ពីបទ​ចោទ​ទាក់ទង​នឹង​ការ​តវ៉ា​កាលពី​ឆ្នាំ​មុន។

ប៊ូវ សោភា តំណាង​សហគមន៍​បឹងកក់​ដែលទទួល​រង​ការ​បណ្តេញចេញ បាន​និយាយ​ថា “យើង​ជឿ​ថា លោក​ស្រី​នឹង​លើក​បញ្ហា​នេះ​ឡើង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ពីព្រោះ​យើ​ងបាន​ឮ​ថា លោក​ស្រី​បាន​លើក​បញ្ហា​ជាច្រើន​ទាក់ទិន​នឹង​សិទ្ធិ​របស់​ស្ត្រី។ លោក​ស្រី​អាច​ប្រើ​ឱកាស​នេះ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​របស់​ស្ត្រី”។

មុន​ពេល​លោក​ស្រី​ចាកចេញ លោក​ស្រី អូបាម៉ា បាន​មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​របស់​លោក​ស្រី​នៅ​សណ្ឋាគារ​សូហ្វីតែល​ថា លោក​ស្រី​សង្ឃឹម​ថា សារ​របស់​លោក​ស្រី និង​គំនិត​ផ្តួចផ្តើម ឲ្យ​ក្មេង​ស្រីរៀន អាច​ជា​មូលដ្ឋាន​គ្រឹះ​ឋិតឋេរ​សម្រាប់​ក្មេង​ស្រី​ក្នុង​ប្រទេស​នេះ។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “លោក​អ្នក​ទាំង​អស់​គ្នា​កំពុង​ខិតខំ​ធ្វើការ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ហើយ​លោក​អ្នក​គួរ​មាន​មោទន​ភាព​អំពី​ខ្លួន​ឯង។ ដូច្នេះ​សូម​បន្ត​ទៀត… សន្យា?”៕ និត (រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស