27 C
Phnom Penh

ផ្ទុះ​អំពើ​ហិង្សា​​​​នៅ​​ក្រៅ​រដ្ឋសភា​ ខណៈ​​តំណាង​រាស្ត្រ​កំពុង​អនុ​ម័ត​​​​​​​​ច្បាប់​សហជីព​​ដ៏​ចម្រូង​ចម្រាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​អនុម័ត​​ច្បាប់​សហជីព​​ដ៏​ចម្រូងចម្រាស​​ជា​ឯកតោភាគី​កាលពី​ម្សិលមិញ ទោះបី​ជាមាន​ការ​តវា៉​ពី​សំណាក់​សហជីព​​ ​ការ​ព្រួយ​បារម្ភ​ក្នុង​​​​​ចំណោម​​និយោជក និង​ការ​ព្រមាន​​ពីសំណាក់​​​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)ថា​​​ច្បាប់​នេះ​​បំពាន​ច្បាប់​ក្នុង​ស្រុក​ និង​អនុសញ្ញា​ស្ដីពី​ការ​ងារ​​ដែល​កម្ពុជា បាន​ចុះ​ហត្ថ​​​លេខា​​​ទទួល​​​ស្គាល់​​​យ៉ាង​ណា​ក្ដី។

​អំឡុង​ពេល​​​តវ៉ា​​ប្រឆាំង​ច្បាប់​នេះ​នៅ​ខាង​​​ក្រៅ​រដ្ឋសភា​​កាលពី​​​ពេល​ព្រឹក សន្តិសុខ​របស់​​​រដ្ឋាភិបាល​​​​បាន​ដាល់​មុខ​មន្ត្រី​សហ​​​ជីព​ម្នាក់​​ និង​ចាប់​គ្រវែង​ប្រធាន​សហជីព​ម្នាក់​ទៀត​​​ឲ្យ​ដួល​ទៅ​នឹង​ដី​ ខណៈ​​​កំពុង​​ស្រែក​ដាក់​​គ្នា​។

​លោក វន់ ពៅ ប្រធាន​​​សហជីព​​​ ធ្វើ​​​ការ​​​ប្រមូល​​​ផ្តុំ​​​សកម្ម​​​ជន​​​អំឡុងការ​​​តវ៉ា​​​មួយ​​​នៅ​ខាងក្រៅ​​​រដ្ឋ​​​សភា​​​កាលពី​​​ម្សិលមិញ ប្រឆាំង​​​​​​ច្បាប់សហជីព​​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​កាល​​​ពី​​​ពេល​​​រសៀល​​​។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
​លោក វន់ ពៅ ប្រធាន​​​សហជីព​​​ ធ្វើ​​​ការ​​​ប្រមូល​​​ផ្តុំ​​​សកម្ម​​​ជន​​​អំឡុងការ​​​តវ៉ា​​​មួយ​​​នៅ​ខាងក្រៅ​​​រដ្ឋ​​​សភា​​​កាលពី​​​ម្សិលមិញ ប្រឆាំង​​​​​​ច្បាប់សហជីព​​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​កាល​​​ពី​​​ពេល​​​រសៀល​​​។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

នៅ​ក្នុង​ការ​ពិភាក្សា​ដេញ​ដោល​​កាលពី​រសៀល​ម្សិលមិញ តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​​បាន​និយាយ​ការ​ពារ​​​ច្បាប់​នេះ​​ប្រឆាំង​ការ​តវ៉ា​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ​ ដែល​តំណាង​រាស្ត្រ​របស់​ខ្លួន​បាន​ដើរ​ចេញ​​​ពី​រដ្ឋសភាម្នាក់​​​ម្តងៗ​​​ពេញ​​​​​​មួយ​​​​​​ថ្ងៃ​នោះ ហើយ​ទីបំផុត​បានបោះឆ្នោត​​​ប្រឆាំង​​​នៅ​ម៉ោង​​ជាង​៦​បន្តិច​។

លោក​​ ប៉ែន បញ្ញា ​តំណាង​រាស្ត្រ​គណ​បក្ស​​​ប្រជាជន​កម្ពុជា និង​​​​ជា​ប្រធាន​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​នៃ​រដ្ឋសភា​​​បាន​គូស​បញ្ជាក់​​ថា ច្បាប់​​ដែល​កំណត់​វិធាន​​ថ្មី​ៗ​សម្រាប់​ការ​បង្កើត ដំណើរ​​​ការ និង​បិទ​សហជីព​​នេះ​ ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង​​អស់​រយៈ​ពេល​៧​ឆ្នាំ​​ហើយ។

លោក​បាន​​​​ថ្លែង​ថា ​”​សេចក្ដី​ព្រាង​ច្បាប់​នេះ​​​​​ទទួល​បាន​មតិយោបល់​​ជាច្រើន​ពី​គ្រប់ភាគី​ពាក់​​ព័ន្ធ ជា​ពិសេស​សហជីព និយោជក និង​អង្គការ​ ILO ហើយ​ច្បាប់​នេះ​​​ឆ្លើយ​តប​គ្រប់​សំណើ​​របស់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​”។

ទោះ​ជាយ៉ាង​ណា អ្នក​ដែល​ពាក់​ព័ន្ធ​ក្នុង​ដំណើរ​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​បន្ត​​​បញ្ចេញ​មតិ​ប្រឆាំង​​​ច្បាប់​នេះ​​រហូត​ដល់​​ពេល​​​​អនុម័ត​ ដោយ​សហជីព​​​​​នានា​​​បាន​នាំ​​​គ្នា​​​ធ្វើ​​​​ការ​​​​​​​​​​​​​តវ៉ា​​​​​​​​រហូត​​​​​​ឈាន​​​​​​​​​​​​ដល់​​​​​​ការ​​​​​​ផ្ទុះ​អំពើហិង្សា​។

នៅ​ម៉ោង​ប្រហែល​១០ព្រឹក សន្តិសុខ​ខណ្ឌ​​​ដូន​ពេញ​ បាន​ចូល​ទៅ​បំបែក​​​​​​​ហ្វូង​​​មន្ត្រី​សហ​​​ជីព និង​សកម្មជន​រាប់​សិបនាក់​ដែល​​​​​​​​​​ប្រមូល​​​​​​​​​​ផ្តុំ​​​គ្នា​​នៅ​​ខាង​ក្រៅ​រដ្ឋសភាដើម្បី​​​បង្ហាញ​​ពី​​​​ការ​​​តវ៉ា​​​​​​​​របស់​​​​​​​​​ខ្លួន​​​​​​​ចំពោះ​ច្បាប់​នេះ​។

សន្តិសុខ​ទាំង​នោះ ​បាន​​​ទាញ​​​​លោក ស៊ុត ចិត្រ ​មន្ត្រី​សហព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា ចេញពី​រដ្ឋសភា​ ហើយ​ពេល​នោះ​សន្តិ​​​សុខ​ម្នាក់​ដែល​​​ពាក់​មួយ​សុវត្ថិភាព​​ពណ៌​ស​មាន​​ក្បាំង​​បិទ​មុខ​ជិត​ បាន​ដាល់​​មន្ត្រី​សហ​ជីព​​​​​​រូប​នោះចំចំណុច​​ក្បែរ​ភ្នែក​ខាងឆ្វេង​​​បណ្ដាល​​​​ឲ្យ​បែក​ឈាម។ ក្រោយ​ហេតុការណ៍​នោះ ​​​លោក ស៊ុត ចិត្រ ​បាន​និយាយ​ថា ​”​ខ្ញុំ​មិន​បាន​និយាយ​ទៅ​កាន់​​ពួកគេ​ទេ ​​​គេ​​​​​​​​​​​​​​​បាន​​​​​​ចាប់​​​​​​​ក្រៀក​​​ខ្ញុំ​​​​ចេញ ​​ហើយ​ក៏​មក​វ៉ៃ​ខ្ញុំ​តែ​ម្ដង”។

cam-photo-union-law-jump-noelអ្នកស្រី យ៉ាង សុភ័ណ្ឌ ជា​ប្រធាន​សហជីព​​ដ៏​សំខាន់​មួយ​រូប​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ ក៏​​​​មាន​​​​​​​​​​​​​វត្ត​​​មាន​​​​ចូល​រួម​​ក្នុង​ហេតុការណ៍​ស្រែក​​ដាក់​គ្នា​​​​ជាមួយ​សន្តិសុខ​ដែរ ហើយ​​​ពេល​នោះ​​​លោក ​​​​គឹម វុត្ថា ដែល​ជា​ប្រធាន​សន្តិសុខ​​​​​​​​​​ខណ្ឌ​បាន​ចាប់​​​​​​​ទាញ​​​​​​​​​ដៃ​​​គាត់​​​គ្រវែង​ឲ្យ​​ដួល​ទៅ​នឹង​ដីដែល​ទំនង​ជា​​ឆ្លើយ​តប​​ទៅ​​​នឹង​​​​ពាក្យ​សម្ដី​របស់​គាត់​ដែល​និយាយ​ថា “​កុំប៉ះ​ខ្ញុំ”។ បន្ទាប់ពី​ក្រោក​ឈរ​ឡើង អ្នកស្រី យ៉ាង សុភ័ណ្ឌ ​​​បាន​​​​​​​​​​​​​​លើក​​​ឡើង​​​​​​ថា អាកប្បកិរិយា​របស់​សន្តិសុខ​​ទាំង​នេះ​​​​​​ជា​និមិត្តរូប​​​​​តំណាង​​​​​​​ឲ្យ​​​ឥរិយាបថ​របស់​រដ្ឋាភិបាល​​មក​លើ​កម្មករ​។

អ្នកស្រី​​​បាន​ចោទ​សួរ​ថា “​យើង​គ្រាន់​តែ​​តវ៉ា​ដោយ​សន្តិវិធី​ ហើយ​មិន​បាន​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​ទេ ហេតុ​អី​បាន​ជា​​អ្នក​ឯង​​ប្រើ​ហិង្សា​មក​លើ​ពួកយើង​? នេះ​ឆ្លុះ​បញ្ចាំងឲ្យ​​​ឃើញ​​​​​​​ថា រដ្ឋាភិបាល​​ខ្មែរ មិន​ការ​ពារ​កម្មករ​របស់​យើង​​ទេ”។

​​​​​​​​​​ទាក់​​​ទិន​​​​​​​​​​​​អំពើ​ហិង្សា​កាលពី​ម្សិលមិញ​នេះ ​​លោក គឹម វុត្ថា និង​លោក គួច ចំរើន អភិបាល​ខណ្ឌ​ដូន​ពេញ​ ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​​​​​​​ឡើយ។ ចំណែក​​​ឯលោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​បាន​មាន​ប្រសាសន៍​ថា សាលា​រាជធានី​មិន​ទាន់​ពិនិត្យ​​មើល​​​វីដេអូ​​​នៃ​ហេតុការណ៍​​​​នេះ​ទេ ប៉ុន្តែ​​​​បាន​​​លើក​ឡើង​ថា ​​​​​​​សហជីព​គឺ​ជាអ្នក​ខុស​។ លោក​​បាន​ថ្លែង​ថា “​ពួកគាត់​ធ្វើ​ការ​តវ៉ា​ដោយ​មិន​សុំ​ការ​អនុញ្ញាត​​​​ពី​​អាជ្ញាធរ​”។

​នៅ​​​​​​ក្នុង​​​​​​ការ​​​អំពាវ​នាវចុង​ក្រោយ​​សុំ​ឲ្យ​ពន្យារ​​​​​ពេល​អនុម័ត​ច្បាប់​​នេះ​កាល​​​​​​ពី​​​​ពេល​រសៀល​ លោក សុន ឆ័យ ​តំណាង​រាស្ត្រ​​​គណបក្ស​ប្រឆាំង​​​​​​បាន​​ថ្លែង​ប្រាប់​រដ្ឋ​​​សភា​​ថា ធាតុ​ផ្សំ​ដែល​មាន​បញ្ហា​មួយ​ចំនួន​នៃ​ច្បាប់​នេះនៅ​តែមិន​ទាន់​មាន​ការ​កែប្រែ​ពី​សេចក្ដី​ព្រាង​មុនៗ​​ទេ​។

ជាពិសេស​​​​​លោក​​​បាន​មាន​ប្រសាសន៍​ថា ច្បាប់​នេះ​​មិន​បាន​រាប់​បញ្ចូល​បទប្បញ្ញត្តិ​ដែល​​​​​រារាំង​ប្រធាន​សហជីព​មិន​ឲ្យ​​ធ្វើ​ការបម្រើ​​​​និយោជក​ ឬ​រដ្ឋាភិបាល​ ឬ​បង្កើត​​តុលាការ​ការ​ងារ​ឯករាជ្យដែល​នឹង​ដំណើរ​​​ការ​​​​​​ដាច់​ដោយ​​​​ឡែក​ពី​ប្រព័ន្ធ​តុលាការ​​​មាន​ស្រាប់​​​​ឡើយ​។

​​​ទោះ​​​ជា​​​​​​យ៉ាងណា លោក អុិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​​បាន​មាន​ប្រសាសន៍​ថា តុលាការ​ការ​ងារ​នឹង​ត្រូវ​បង្កើត​ឡើង​​​នៅ​​​​​ត្រឹម​ឆ្នាំ​២០១៧។

cam-photo-front-channa-1អង្គការ ILO ​​ទើប​​​តែ​​​បាន​​ផ្ញើ​មតិយោបល់​​ទៅ​រដ្ឋាភិបាល​កាលពី​ខែ​មុន​ ដោយ​បង្ហាញ​​​ពី​​​មាត្រា​ដែលអាច​​​បំពាន​ការ​ប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​​ចំពោះ​ការ​ការ​ពារ​សិទ្ធិកម្មករ។ ​បទប្បញ្ញត្តិ​មួយ​ចំនួន​ក្នុង​ចំណោម​នោះអាច​នឹង​​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​​រារាំង​បុគ្គល​មិន​ឲ្យ​​ដំណើរ​ការ​សហជីព​ ប្រសិន​បើពួកគេ​​ធ្លាប់​មាន​ប្រវត្តិ​​ប្រព្រឹត្ត​បទល្មើស​​ព្រហ្មទណ្ឌ។

តាម​​​​​​រយៈ​​​​​​​សេចក្ដី​ថ្លែងការណ៍​​មួយ​ចេញ​បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​កាលពី​ម្សិលមិញ អង្គការ​ ILO បាន​លើក​ឡើង​ថា គណៈកម្មការ​​​ត្រួត​​​ពិនិត្យ​​​​​​​របស់​​​​​​ខ្លួន​​​នឹង​ពិភាក្សា​ដេញ​ដោល​អំពី​ភាព​ស្រប​ច្បាប់​​នៃ​កំណែ​ច្បាប់​​​​ដែល​ត្រូវ​បាន​អនុម័ត​។

លោក មឿន តុលា ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការ​ងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា Central បាន​មាន​ប្រសាសន៍​ថា ការ​អនុម័ត​របស់​អង្គការ​ ILO មាន​សារៈសំខាន់​​​ចំពោះ​វិស័យ​កាត់ដេរ​ដែល​ផ្ដល់​ការ​ងារ​ដល់​កម្មករ​ប្រមាណ​​៧០០.០០០​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី​វ័យ​ក្មេង​។

លោក​លើក​ឡើង​ថា “​សេចក្ដី​ព្រាង​ច្បាប់​នេះ​​​ពិតជា​​​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​​​​ទេ ​ហើយ​​​ប្រឆាំង​នឹង​អនុសញ្ញា។ ដូច្នេះ​នៅ​ពេល​ច្បាប់​​​បំពាន​រដ្ឋធម្មនុញ្ញ និង​អនុសញ្ញា វាក៏​​​​នឹងប៉ះ​ពាល់​​ដល់​យីហោសម្លៀក​​​បំពាក់​​​​អន្តរជាតិ​​ដែរ​។ ដោយ​សារ​យីហោសម្លៀក​​​​​​​​​បំពាក់​​​ទាំង​នោះ​ នៅពេល​គេ​និយាយ​ជាមួយ​អ្នក​​​​​​​​​ប្រើ​​​ប្រាស់​​​នៅ​សហរដ្ឋអាមេរិក​ ឬ​សហភាព​អឺរ៉ុប​ គេ​និយាយ​ថា កម្ពុជា​មាន​ច្បាប់​ល្អ​។ ប៉ុន្តែ​នៅ​ពេល​​មាន​ច្បាប់​ដែល​បំពាន​រដ្ឋធម្មនុញ្ញ​ នោះ​នឹង​​​ប៉ះពាល់​ដល់​ការ​ជឿទុក​ចិត្ត​​ដែល​គេ​មាន​ជាមួយ​អ្នក​ប្រើ​ប្រាស់​”។

​លោក​​​​បាន​មាន​ប្រសាសន៍​​​​​​ទៀត​​​​ថា ​បណ្តា​​​​​ប្រធាន​សហជីព​​នឹង​ជួប​ជុំគ្នា​ដើម្បី​ពិភាក្សា​​​អំពី​​​របៀប​​​រៀបចំ ​នៅ​ពេល​ច្បាប់​នេះ​​ធ្លាក់​​​​ដល់​​ដៃ​​​​ព្រឹទ្ធសភា និង​ទីបំផុត​ទៅ​ដល់​ព្រះ​មហា​​ក្សត្រ នរោត្តម សីហមុនី ដែល​​គេ​សុទ្ធតែ​រំពឹង​ថានឹង​អនុម័ត​​វា។

លោក កែន លូ អគ្គលេខាធិការ​​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​មាន​ប្រសាសន៍​ថា ​បន្ទាប់ពី​​​​បញ្ចេញ​​​​​​មតិ​​​​ប្រឆាំង​​​​​បទប្បញ្ញត្តិ​​​​​​​នានា​​​នៅ​​​ក្នុង​ច្បាប់​នេះ​អស់​រយៈ​ពេល​ជាច្រើន​ខែ ពេល​នេះ​និយោជក​​​នឹង​បង្វែរ​​​​​​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន​ទៅ​លើ​របៀប​​​​អនុវត្ត​​​ច្បាប់​​​​នេះ​​​​​​វិញ​​​ម្តង។

​លោក​​​​​​​​​​ថ្លែង​​​ថា “​ជា​ការ​ពិត យើង​នឹង​លែង​​​ស្នើ​​​​សុំ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ធ្វើ​វិសោធន​កម្ម​​​​ច្បាប់​នេះ​ទៀត​ហើយ ពីព្រោះ​ច្បាប់​នេះ​ត្រូវ​​​​បាន​អនុម័ត​ហើយ” ហើយ​ថា ក្ដី​បារម្ភនៅ​តែ​មាន​ចំពោះ​ការ​កម្រិត​ទាប​សម្រាប់​ចំនួន​កម្មករ​​ដែល​ត្រូវ​ការ​ដើម្បី​បង្កើត​សហជីព​មួយដែល​ច្បាប់​កំណត់​ត្រឹម​១០​នាក់​។

លោក​មាន​ប្រសាសន៍​​​ទៀត​​​ថា “​នោះជា​​​បញ្ហា​ ប៉ុន្តែ​ប្រសិន​បើ​រដ្ឋាភិបាល​ម៉ឺង​​​ម៉ាត់​ចំពោះ​មាត្រា​ផ្សេង​ទៀតៗ​នៃ​ច្បាប់​នេះ ​វា​ជា​​​​​​ការ​​​ប្រសើរ​​​។ បើ​​​​សហជីព​​គោរព​ច្បាប់​​ យើង​នឹង​គ្មាន​បញ្ហា​ច្រើន​ដូច​​​សព្វ​ថ្ងៃ​ទេ ហើយ​​​​សហ​​​​ជីព​ទាំង​អស់​សុទ្ធ​​​​​​​​​តែ​​​អាច​​​ដំណើរ​​​ការ​​​​​​បាន​​ជា​​​​​​មួយ​​​នឹង​​​​​និទណ្ឌភាព​”៕ សុខុម (រាយការណ៍​បន្ថែម​ដោយ Colin Meyn)​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស