33 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​អះអាង​​ថា ខ្លួន​មាន​យុត្តាធិការ​​លើ​ករណី​របស់​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​​របស់​កម្ពុជា​​បាន​សម្រេច​ថា ខ្លួន​មាន​​​​​យុត្តាធិការ​​លើ​ការ​ចោទ​ប្រកាន់​​បទ​ពុក​រលួយ​​​​​ប្រឆាំង​លោក កឹម សុខា អនុប្រធាន​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ចំពោះ​ការ​សន្យា​​​​ផ្ដល់​ជីវភាព​ហ៊ឺហារ​​​ដល់​នារី​ម្នាក់​ដែល​គេ​អះអាង​ថា ​ជា​ស្រី​កំណាន់​​​របស់លោក​​​​តាម​រយៈ​ខ្សែអាត់​សំឡេង​បែក​ធ្លាយ។

លោក កឹម សុខា នៅ​តែ​រក្សា​ភាព​ស្ងាត់​ស្ងៀម​​​​​​​​ពាក់​​​ព័ន្ធ​​​​រឿង​អាស្រូវ​នេះ ចាប់តាំង​ពី​ខ្សែ​អាត់​សំឡេង​​សន្ទនា​​​​គ្នា​​​រវាងរូប​លោក និង​ស្រី​កំណាន់​ម្នាក់​ចាប់​ផ្ដើម​​បែក​ធ្លាយ​តាម​ហ្វេសប៊ុក​​​​​​​នៅ​​​​ដើម​ខែ​នេះ​។ អង្គភាព​ប្រឆាំង​​​​អំពើ​ពុករលួយ​​បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា ការដែល​​​​​​លោក​​​​​​ កឹម សុខា ​មិន​បដិ​សេធ​​​​ថា​សំឡេង​ក្នុង​ខ្សែអាត់​​ដែល​​​​បែក​ធ្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​មិន​មែនជា​សំឡេង​របស់​ខ្លួន​គឺ​ជា​ការ​សារភាព​​ដោយ​ប្រយោល​ថាវា​ជា​សំឡេង​របស់​លោក។

ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​ផ្នែក​ច្បាប់​ដែល​លេច​ធ្លោ​មួយ​រូប ​បាន​ចោទ​សួរ​អំពី​ហេតុ​​​ផល​របស់​រដ្ឋាភិបាល​​​ទាក់​ទិន​ករណី​នេះ​។

ក្រុម​​​និស្សិត​​​ដែល​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​សើុបអង្កេត​​​លើលោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​​​​ទាក់​​​ទិន​​​រឿង​​​អាស្រូវ​​​ផ្លូវ​​​ភេទ​​​ ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​មួយ​​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/The Cambodia Daily
ក្រុម​​​និស្សិត​​​ដែល​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​សើុបអង្កេត​​​លើលោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​​​​ទាក់​​​ទិន​​​រឿង​​​អាស្រូវ​​​ផ្លូវ​​​ភេទ​​​ ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​មួយ​​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/The Cambodia Daily

និស្សិត​មួយ​ក្រុម​ដែល​អះអាង​ថាខ្លួន​គ្មាន​ហេតុ​ផល​នយោបាយ​ ឬ​ជាប់​​ពាក់ព័ន្ធ​នយោ​បាយ បាន​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ស៊ើបអង្កេតលោក កឹម សុខា ទាក់​ទិន​ការ​ចោទ​ប្រកាន់​​​រឿង​​​ផិត​ក្បត់​ដែល​ខុស​ច្បាប់​​យោង​តាម​ច្បាប់​ស្ដីពី​អំពើ​ផិត​ក្បត់​ដែល​គេ​មិន​សូវ​ប្រើ​ និង​​​​​​អំពើ​ពុករលួយ​។

នៅ​ឯ​កិច្ច​ប្រជុំ​មួយ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ម្សិលមិញ លោក ឱម យ៉ិនទៀង ដែល​ជា​ប្រធាន​អង្គភាព​នេះ​​បាន​មាន​ប្រសាសន៍​ថា អំពើ​ផិត​ក្បត់​​មិន​មែន​​ជា​​កិច្ច​​ការ​ដែលអង្គភាព​​​​របស់​​​​​​លោក​​​ត្រូវ​​​​​​​​​​​ដោះ​​​​​​ស្រាយ​​​​​​​​ទេ។ ប៉ុន្តែ​លោក​បាន​​ថ្លែង​ថា អំពើ​ពុក​រលួយ​​​​គឺជា​កិច្ច​ការដែល​​​​អង្គភាព​​​​របស់​​​លោក​​​​ត្រូវ​​​​​​​​​​​​​​​​​ដោះ​​​ស្រាយ ហើយ​​អង្គភាព​​​​​​នេះ​នឹង​សម្រេច​ថា តើ​ត្រូវ​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ឬ​ក៏អត់​នៅ​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍។

លោក​មាន​ប្រសាសន៍​ថា ”​កិច្ច​ប្រជុំ​នេះ​មិន​​​​​មែន​ដើម្បី​​កាត់​ទោស​នរណាម្នាក់​ទេ។ កិច្ច​ប្រជុំ​នេះ​គឺ​ដើម្បី​ពិភាក្សា​គ្នា​ថា តើ​ត្រូវ​ទទួល​យក​ពាក្យ​បណ្ដឹង​ឬ​ក៏អត់​ ហើយ​វា​ស្ថិត​ក្រោម​​​យុត្តា​​​ធិការ​​​​​​​​​របស់​យើង​”។

ដោយប្រើ​​​​​​​ឈ្មោះ​ហ្វេសប៊ុក​របស់​នារី​​​ម្នាក់​ឈ្មោះ ខឹម ចាន់តារាទី ​វ័យ​២៥​ឆ្នាំ ដែល​បម្រើ​​​​ការ​នៅ​ហាង​កាត់​សក់​  លោក​​​​​​​​​​​​​​មាន​​​ប្រសាសន៍​​​​​​ថា ”​យើង​អាច​សុំ​ឲ្យ​គាត់​បញ្ជាក់​​​​បាន​​​​​​តាម​រយៈ​ការ​ផ្ញើ​លិខិតសុំ​​​ឲ្យ​​គាត់​​​បក​ស្រាយ​​​​​​​​ថា ​តើ​គាត់​បាន​ប្រាក់​នោះ​ពី​ណា។ ប៉ុន្តែ​យើង​​​​​នឹង​​​​មិន​​សួរ​​គាត់​ថា តើ​គាត់​មាន​ស្រី​កំណាន់​​ម្នាក់​ឈ្មោះ ស្រីមុំ ឬ​អត់​​​ទេ​”។

លោក ឱម យ៉ិនទៀង ​​​​​បាន​​​គូស​​​បញ្ជាក់​​​​ថា អង្គភាព​​​របស់​​​លោក​​​​​​​ក៏​ប្រហែល​ជា​បើក​​​​​​មើល​​​​​​​របាយការណ៍​ប្រកាស​​​ទ្រព្យសម្បត្តិ​​​របស់​លោក កឹម សុខា ដែល​តំណាង​រាស្ត្រ​ទាំង​អស់​តម្រូវ​ឲ្យ​ដាក់​ជូន​ក្រោម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​​​​​​​ផង​​​ដែរ។ ច្បាប់​​​នេះ​ចែង​ថា ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​អាច​​ពិនិត្យ​​​​​​ផ្ទៀង​​​ផ្ទាត់​​​​​​​​​​បាន​​​នូវ​​​របាយការណ៍​ប្រកាស​​​​​ទ្រព្យ​សម្បត្តិ​​​​​​​​​ដែល​​​​នៅតែ​​​ហាម​ឃាត់​​​សម្រាប់​​​​សាធារណជន “សម្រាប់ការ​ស៊ើបអង្កេត​​​​​ក្នុង​​​ករណី​​​ចាំបាច់​”។

មុន​​ពេល​សម្រេច​ថា ​តើ​ខ្លួន​មាន​​​​​យុត្តា​​​ធិការ​​​​​​​លើ​សំណុំរឿង​នេះ​​ឬ​ក៏អត់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​​បាន​ពិចារណា​យ៉ាង​ល្អិត​ល្អន់​ថា តើ​ខ្សែ​អាត់​សំឡេង​បែក​ធ្លាយ​ទាំង​នោះ​​​អាច​នឹង​​ប្រើ​ការ​លែង​កើត​​ដោយ​សារ​​​​ក្រម​ព្រហ្មទណ្ឌ​ដែល​ធ្វើ​ឲ្យ​វា​ខុស​ច្បាប់​​​​ក្នុង​ការ​​ថត​ការ​សន្ទនា​​​​ជា​​​​​​​លក្ខណ​​​ឯកជន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​​ពាក់​ព័ន្ធ ឬ​​​យ៉ាង​​​ណា។ ​​​

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រូប​​​នេះ​អះអាង​​​ថា ការ​ស្ងាត់​ស្ងៀម​របស់​លោក កឹម សុខា ទាក់ទិន​​ខ្សែ​​​អាត់សំឡេង​​​ទាំង​​​​​​នេះ​​​​ចាប់​​​តាំង​ពី​វា​​បែក​ធ្លាយ​មក គឺ​ជា​ភ័ស្តុតាង​​​​បង្ហាញ​​​​​ថា សំឡេង​របស់​បុរស​ម្នាក់នៅ​​​ក្នុង​​​​​​​​​​​​ខ្សែ​អាត់​​​ទាំង​​​​​​​​នោះ​​​គឺ​ជា​សំឡេង​របស់​លោក ​ហើយ​​លោក​​​​​​​​​បាន​យល់​ព្រម​​​ឲ្យ​​គេ​​​​​​​​​​​​​​​ថត។​

លោក​​បន្ត​ថា “​វា​មាន​ន័យ​ថា លោក កឹម សុខា បាន​​​ទទួល​ស្គាល់​រួច​ទៅ​ហើយ​ថា ខ្សែ​អាត់​សំឡេង​ទាំង​​​​នេះ​​​​ពិត​ជា​សំឡេង​របស់​គាត់​មែន គាត់​ទទួល​ស្គាល់​​​​​​តាម​​​​​​​​​រយៈ​​​​ការ​រក្សា​ភាព​ស្ងាត់ស្ងៀម​ជុំ​​​​​វិញ​​​បញ្ហា​នេះ។ សំខាន់​ជាង​​​នេះ​ទៅ​ទៀត​​ គាត់​មិន​ត្រឹម​តែ​រក្សា​​​​​​​​​ភាព​​​​​​​​​ស្ងាត់​​​ស្ងៀម​ទេ គាត់​ថែម​ទាំង​បញ្ចេញ​​ ‘បី​មិន​’ ទៀត​ផង។ នោះជា​​​​​​​​​​​​សារ​​​​​​​​​​​​បញ្ជាក់​​​ថា គាត់​មិន​អើ​ពើ​​​​នឹង​​​​​វា។ ដូច្នេះ ខ្សែអាត់​សំឡេង​ទាំង​នេះ​អាច​​​​​​​​ប្រើ​ប្រាស់​​​​បាន​​​ដើម្បី​តតាំងគ្នា​​​​​​ក្នុង​តុលាការ​”។

“​មិនបី​” សំដៅ​ដល់​​ជំហរ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​​​បាន​​​​​​ប្រកាន់​​​​​​យក​​​​​អំឡុង​​​​​​​​​​កិច្ច​​​ប្រជុំ​​​​​​​​​​​​របស់​​​​​​​បក្ស​កាលពី​ពេល​ថ្មីៗ​នេះដែល​​​មា​ន​​​​​​ដូច​​​ជា​​​ “​មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ” ក្នុង​​​ករណី​​​​​​​​​ប្រឈម​​​​​​​​​​​ការ​បង្ករឿង​ផ្នែក​នយោបាយ​​​​​បន្ថែម​​​​​​​​​ទៀត​​​។

ប៉ុន្តែ​លោក សុខ សំអឿន មេធាវី​សិទ្ធិ​មនុស្ស​​ដ៏លេច​ធ្លោ​មួយរូប​បាន​​​​​​ចោទ​​​​​​សួរ​​​​​​ហេតុ​​ផល​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ចំពោះ​ការ​អះអាង​​ថា ខ្លួន​មាន​​​​​​​យុត្តា​​​ធិការ​​​​​​លើ​​ការ​ចោទ​ប្រកាន់​បទ​ពុករលួយ។ លោក​គូស​បញ្ជាក់​ថា ការ​​មិន​​ជំទាស់​ឲ្យ​គេ​ថត​សំឡេង ​និង​​​​​​ការ​មិន​​​បដិសេធ​​​ថាអ្នក​​​ត្រូវ​គេ​លួច​ថត​សំឡេង​ គឺមិន​ដូច​គ្នា​ឡើយ។

​​​លោក​​​​​បន្ត​​​​​​​​​ថា “ច្បាប់​​មិន​ចែង​ថា បើ​អ្នក​មិន​​​​​​បដិសេធ​មាន​​​ន័យ​​​​​​ថា​​​ អ្នក​យល់​ព្រម​​​​នោះ​​​ទេ” ​​ហើយ​​​ “មន្ទិលសង្ស័យ​​​​សម​ហេតុផល” ​ចំពោះ​​​ការ​យល់​ព្រម “​គួរ​តែ​​គាំទ្រ​​​​ជន​ជាប់​ចោទ”។

cam-photo-acu-channa-WEB-ONLYលោក​ក៏​ចោទ​សួរ​​ដែរ​ថា តើ​ការ​ចំណាយ​​​​​​ប្រាក់​លើ​ស្រីកំណាន់​ចាត់​ទុក​ស្មើ​អំពើ​ពុក​រលួយ ឬ​ក្រោម​រង្វង់​សមត្ថកិច្ច​របស់​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ត្រូវ​បាន​រឹត​បន្តឹង​​​ចំពោះ​ការ​ប្រើ​ប្រាស់​ធនធាន​របស់​​​​​​​រដ្ឋ​​​​​​​​​ដោយ​​​​មិន​ត្រឹម​ត្រូវ​។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​​​​​និយាយ​​​ថា ​ខ្សែអាត់​ទាំងនោះ​រួម​មាន​ទាំង​ការ​​​​ពិភាក្សា​​គ្នា​​​​​​​​​អំពី​​​​​​​​​ផែនការ​ទិញ​ផ្ទះ​ល្វែង​ដោយ​ប្រើ​​​លុយ​​​​​​​​​បាន​ពី​សកម្ម​ភាព​​រៃអង្គាស​​ដែល​គ្មាន​ការ​បញ្ជាក់​​​​ផង​​​ដែរ​​​។

លោក​​​​​គូស​​​​​​បញ្ជាក់​​​ថា “​ទាល់​​​តែ​​​​​​លុយ​​​​​​របស់​​​​រដ្ឋ​” ទើប​​​អាច​​​​​​​​​ចាត់​​​ទុក​​​​​​​​​ថា​​​​​​ជា​​​​​​​​​អំពើ​​​​​​ពុក​​​រលួយ​​​​​​ហើយ​​​វា​​​​​​ក៏​​​មិន​​​​​​ច្បាស់​​​ថា តើ​​​ទីបំផុត​​​​​​​​​ការ​​​ទិញ​​​​​​នោះ​​​នឹង​​​​​​​​​ធ្វើ​​​​​​​​​ឡើង​​​​​​​​​តាម​​​​​​​​​វិធី​​​ណា​​​ឡើយ។ ”បើ​​​​គាត់​​​​​​គ្រាន់​​​តែ​​​និយាយ ប៉ុន្តែ​​​​​​គ្មាន​​​​​​សកម្ម​​​ភាព​​​ជាក់​​ស្តែង ខ្សែ​​​អាត់សំឡេង​​​នោះ​​​​​​ប្រហែល​​​ជា​​​​​​មិន​​​ពិតទេ”។​​​​​​​​​

យុវជន​ ស្រី ចំរើន ​ជា​សកម្ម​ជន​​​និស្សិត​​ដែល​ដាក់​ពាក្យ​ប្ដឹង​លោក កឹម សុខា និយាយ​​​​​ថា រូប​គេ​នឹង​​ត្រឡប់​ទៅ​អង្គភាព​ប្រឆាំង​​​​អំពើ​ពុក​​រលួយ​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ជំរុញ​ឲ្យ​អង្គភាព​នេះ​​ធ្វើ​ការ​ស៊ើបអង្កេត​ពេញលេញ​។

រូប​គេ​និយាយ​ថា “​យើង​នឹង​តាម​គាត់​​ទៅ​​​គ្រប់​វេទិកា​រហូត​ទាល់​តែ​លោក កឹម សុខា បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​យើង​”។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ក្រុម​​​និស្សិត​​ត្រូវ​បាន​​រារាំង​ម្ដង​ហើយ​ម្ដង​ទៀត​មិន​ឲ្យ​ចូលទៅ​​​​ក្នុង​ពិធីជួប​​​ជុំ​​​​​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​បណ្ដា​​ខេត្ត។

យុវជន​​​រូប​​​នេះ​​​និយាយ​​​​​​ទៀត​​​ថា “បើ​គាត់​​​​បន្ត​​​មិន​អើពើ​ចំពោះ​ការ​ទាម​ទារ​របស់​យើង ​យើង​នឹង​ចាត់​វិធានការ​ផ្សេង ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​មិន​អាច​ប្រាប់​​​​​បាន​​​​​​ទេ​​​ថា​​​វា​​​ជា​​​​​​ផែន​​​ការ​​​អ្វី”។

ក្រុម​និស្សិត​ដែល​ស្ថិត​នៅ​​ពី​ក្រោយ​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក កឹម សុខា បាន​បដិសេធ​មិន​និយាយ​ថា ខ្លួន​រៀន​នៅ​សាលា​ណា​ឡើយ​​​​​​​​​​​ដោយ​សារ​​បារម្ភ​ចំពោះ​សុវត្ថិភាព​​​​របស់​​​​​​ខ្លួន។ ​​យុវជន ស្រី ចំរើន​ ​​​អះអាង​​​​​​ថា ខ្លួន​​​​​​​ធ្លាប់​​​ទទួល​ការ​​​​គំរាម​​ប្រើ​អំពើ​ហិង្សា​លើ​រាងកាយ។

​​​ទោះជា​​​​​​យ៉ាង​​​ណា ​​​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​​​ជុំ​​​វិញ​​​​​​​​​បញ្ហា​​​​​​​​​នេះ​​​៕ សុខុម (រាយការណ៍​បន្ថែម​ដោយ Zsombor Peter)​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស