លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីមិនបានខ្ជះខ្ជាយពេលវេលាទេដោយទាញយកការកោតសរសើរពីម្ចាស់ជំនួយដ៏ធំបំផុតរបស់ប្រទេសកម្ពុជាកាលពីម្សិលមិញ ក្នុងពេលដែលសមភាគីចិនរបស់លោកបានមកធ្វើទស្សនកិច្ចជាផ្លូវការលើកទីមួួយនៅកម្ពុជាចាប់តាំងពីលោក សុខុន បានទទួលតំណែងពីលោក ហោ ណាំហុង កាលពីដើមខែនេះ។
ឈរជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិននៅឯសន្និសីទកាសែតក្នុងក្រុងភ្នំពេញ លោក សុខុន បានមានប្រសាសន៍អំពីភក្តីភាពជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាជាមួយប្រទេសមហាអំណាចអាស៊ីមួយនេះ និងក៏បានបញ្ជាក់ឡើងវិញនូវសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំងពីរដែរ។

លោក សុខុន បានមានប្រសាសន៍ថា “យើងទាំងពីរមានទស្សនដូចគ្នាក្នុងការវាយតម្លៃខ្ពស់លើទំនាក់ទំនងរបស់យើង…យូរលង់មកហើយ។ ជាទំនាក់ទំនងដែលបង្កើតឡើងដោយអតីតព្រះមហាក្សត្ររបស់យើង [ព្រះបាទ នរោត្តម សីហនុ] ជាមួយអតីតមេដឹកនាំចិន។ ទំនាក់ទំនងនេះត្រូវបានពង្រឹងនិងពង្រីកដោយសម្តេចតេជោនាយករដ្ឋមន្ត្រី [ហ៊ុន សែន]”។
រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីជម្លោះសមុទ្ទចិនខាងត្បូងដែលកើតមានយូរមកហើយ គឺជាជម្លោះដែលឃើញប្រទេសកម្ពុជាប្រឈមនឹងការរិះគន់យ៉ាងចាស់ដៃដោយសារតែគេគិតថាមានការកាន់ជើងប្រទេសចិន ក្នុងជម្លោះទឹកដីជាមួយប្រទេសអាស៊ានមួយចំនួនដែលទាមទារយកបណ្តុំកោះនិងសមុទ្ទ។
ជាប្រធានអាស៊ានក្នុងឆ្នាំ២០១២ ប្រទេសកម្ពុជាត្រូវបានចោទថាបានរារាំងមិនឲ្យប្រើភាសាធ្ងន់ៗប្រឆាំងនឹងចិនទាក់ទងនឹងជម្លោះនោះ ហើយសមាគមនេះបានខកខានមិនបានចេញសេចក្តីថ្លែងការណ៍រួមទេក្រោយពីកិច្ចប្រជុំនោះ។
លោក សុខុន បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា “កម្ពុជានៅតែមានជំហរអព្យាក្រឹត។ ជំហររបស់ប្រទេសកម្ពុជាតែងតែអំពាវនាវគ្រប់ភាគីដែលពាក់ព័ន្ធឲ្យប្រឹងប្រែង ដើម្បីដោះស្រាយដោយសន្តិវិធី។ ប្រសិនបើប្រទេសទាំងអស់ប្រកាន់យកនយោបាយដូចប្រទេសកម្ពុជា យើងនឹងមិនមានបញ្ហាកើតឡើងទេ”។
លោក យី បានបញ្ជាក់ថា ប្រទេសចិនចង់រក្សាសន្តិភាព ក្នុងពេលមានជម្លោះ ហើយបន្ទាប់មកក៏រិះគន់ខ្លាំងៗចំពោះប្រទេសហ្វីលីពីន ដែលបានដាក់ពាក្យប្តឹងប្រទេសចិនទៅតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ក្នុងក្រុងឡាអេ ទាក់ទងនឹងការទាមទាររបស់ក្រុងប៉េកាំងទៅលើផ្នែកនៃសមុទ្ទនោះ។
លោក យី បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា ” យើងព្រួយបារម្ភថា មានមហាអំណាចខ្លះយកបញ្ហាសមុទ្ទចិនខាងត្បូង ដើម្បីពង្រឹងបន្ថែមសកម្មភាពយោធានៅក្នុងតំបន់នេះ។ ទង្វើទាំងអស់នេះពុំបានផ្តល់ផលប្រយោជន៍ដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់សមុទ្ទចិនខាងត្បូងទេ។
លោករដ្ឋមន្ត្រីក្រសួងការបរទេសចិនរូបនេះបានមានប្រសាសន៍ថា “ការប្តឹងរបស់ប្រទេសហ្វីលីពីនបានរំលោភច្បាប់អន្តរជាតិ”។
លោក ខាលិល ថេយើ អ្នកជំនាញខាងអាស៊ីអាគ្នេយ៍នៅបណ្ឌិត្យសភាកងកម្លាំងការពារជាតិអូស្ត្រាលីក្នុងក្រុងកង់ប៊ឺរ៉ា បានមានប្រសាសន៍ថា ការប្រឹងប្រែងបន្តរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងសេចក្តីស្មោះត្រង់របស់ខ្លួនជាមួយប្រទេសចិន ជាប្រទេសដែលផ្តល់ជំនួយបរទេសដ៏ធំបំផុតតែមួយគត់របស់ខ្លួនចាប់តាំងពីឆ្នាំ២០១០ គឺមិនគួរឲ្យភ្ញាក់ផ្អើលទេ។
លោក ខាលិល បានមានប្រសាសន៍ក្នុងសារអុីម៉េលថា “សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសវៀតណាមយូរមកហើយ ចាត់ទុកតួនាទីរបស់ប្រទេសកម្ពុជាថាជាអ្នកបញ្ជោរលុតក្រាបក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន។ ប្រទេសកម្ពុជាពឹងផ្អែកចិនលើជំនួយ ជំនួញ និងវិនិយោគទុន។ ក្នុងភាសាទំនាក់ទំនងអន្តរជាតិ ប្រទេសកម្ពុជាកំពុងតែគាំទ្រប្រទេសចិនដោយរំពឹងថាបានរង្វាន់ខាន់ខៅ”។
អ្នកជំនាញរូបនេះបានមានប្រសាសន៍ថា “មេដឹកនាំកម្ពុជាពុំដែលសញ្ជឹងគិតលើសំណួរ “ចុះបើ” នៅពេលដែលប្រទេសវៀតណាមបានលុកលុយប្រទេសកម្ពុជា ហើយប្រសិនបើប្រទេសហ្វីលីពីនបានប្រកាន់យកជំហរថា វាជាបញ្ហាទ្វេភាគី ហើយមិនមែនជារឿងរបស់អាស៊ាន តើមេដឹកនាំកម្ពុជានឹងនៅឯណា សព្វថ្ងៃនេះ? មួយគឺស្លាប់នៅក្រោមរបបខ្មែរក្រហម ឬក៏ជាកូនជឹងនៅក្នុងរដ្ឋមួយដែលគ្រប់គ្រងដោយវៀតណាម”៕