27.5 C
Phnom Penh

លោក ស ខេង ​​មាន​ប្រសាសន៍​​ថា ភាព​អសកម្ម​នៃ​​ការ​គ្រប់​គ្រង​អាច​បង្ក​​ឲ្យ​​​​មាន​​​​​​បដិវត្ដន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា ”បដិវត្តន៍ពណ៌” អាចនឹងកើតមាននៅកម្ពុជា នោះក៏ដោយសារតែភាពអសកម្មនៃការគ្រប់គ្រង ខណៈគណបក្សកាន់អំណាចបានបន្តបង្ក្រាបការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ”។

សុន្ទរកថារបស់លោក ស ខេង បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ្នកតវ៉ាដោយសន្តិវិធីចំនួនប្រាំនាក់ត្រូវបានចាប់ខ្លួនកាលពីពេលព្រឹក ខណៈកំពុងរង់ចាំចូលរួមការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅលើកទី២ ប្រឆាំងការចាប់ខ្លួនសកម្មជនអង្គការសង្គមស៊ីវិលកាលពីពេលថ្មីៗនេះ។

ថ្លែងក្នុងមិទ្ទិញរំឭកខួបលើកទី៧១ នៃការបង្កើតកងកម្លាំងនគរបាលជាតិ លោកបានមានប្រសាសន៍ថា “ខ្ញុំចង់បញ្ជាក់ថា យោងតាមការយល់ឃើញរបស់ខ្ញុំ បដិវត្តន៍ពណ៌អាចនឹងកើតមានដោយសារភាពអសកម្មនៃការគ្រប់គ្រងរបស់យើង។ បើការគ្រប់គ្រងរបស់យើងអាចនឹងរួមរស់បាន សុខសាន្តទាំងអស់គ្នា វាគ្មានហេតុផលត្រូវធ្វើបដិវត្តន៍ពណ៌នោះទេ”។

នគរបាល និងសន្តិសុខខណ្ឌចាប់ស្ត្រីសកម្មជនសិទ្ធិដីធ្លីរុញឡើងលើរថយន្តរបស់សមត្ថកិច្ចពីបទប៉ុងប៉ងចូលរួមការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅ មុនពេលបញ្ជូនខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
នគរបាល និងសន្តិសុខខណ្ឌចាប់ស្ត្រីសកម្មជនសិទ្ធិដីធ្លីរុញឡើងលើរថយន្តរបស់សមត្ថកិច្ចពីបទប៉ុងប៉ងចូលរួមការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅ មុនពេលបញ្ជូនខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវម្ដងហើយម្ដងទៀតឲ្យថ្នាក់ដឹកនាំនៃកងកម្លាំងសន្តិសុខរួមទាំងលោក ស ខេង ផង ធ្វើយ៉ាងណាធានាថា “បដិវត្តន៍ពណ៌” មិនចាក់ឫសនៅកម្ពុជា ហើយគំរាមកំហែងដល់ស្ថិរភាពសង្គមដែលលោកអះអាងថាបានធ្វើឲ្យប្រសើរឡើងក្នុងរយៈពេល៣១ឆ្នាំនៃការកាន់អំណាចរបស់លោក។

កាលពីម្សិលមិញ លោក ស ខេង បានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលត្រូវបង្ការជាមុននៅក្នុងការកំណត់មូលហេតុនៃការប្រឆាំង។ លោកបានលើកយកបញ្ហាព្រៃឈើមកធ្វើជាឧទាហរណ៍ថា “ពេលខ្លះប្រជាពលរដ្ឋនិយាយពីមាត់មួយទៅមាត់មួយ ដូច្នេះយើងមិនដឹងថាបដិវត្តន៍ពណ៌ជាអ្វីនោះទេ។ បើប្រជាពលរដ្ឋរិះគន់ចំពោះការគ្រប់គ្រងព្រៃឈើមិនបានល្អ ដូច្នេះយើងត្រូវខិតខំការពារព្រៃឈើឲ្យបានល្អ ហើយស្វែងរកដំណោះស្រាយតាមរយៈយុត្តិធម៌តាមផ្លូវច្បាប់ ហើយយើងមិនចាំបាច់បង្ក្រាបប្រជាពលរដ្ឋនោះទេ”។

ការព្រួយបារម្ភចុងក្រោយនេះចំពោះបដិវត្តន៍ពណ៌បានកើតមានឡើង នៅពេលបណ្ដាអង្គការសង្គមស៊ីវិលបានរៀបចំយុទ្ធនាការអំពាវនាវឲ្យប្រជាពលរដ្ឋពាក់អាវខ្មៅរៀងរាល់ថ្ងៃច័ន្ទ ដើម្បីគាំទ្រមន្ត្រីដែលត្រូវបានចាប់ខ្លួនបួនរូបមកពីសមាគមសិទ្ធិមនុស្សអាដហុក និងអតីតមន្ត្រីសមាគមនេះមួួយរូបដែលពេលនេះគឺជាមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

cam-photo-front-1នៅម៉ោងជាង៨បន្តិចកាលពីម្សិលមិញ សកម្មជនសិទ្ធិដីធ្លីប្រាំនាក់ត្រូវបានឃាត់ខ្លួនក្នុងរាជធានីភ្នំពេញ អំឡុងការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” លើកទី២ ដោយអាជ្ញាធរចាត់វិធានការតាមការគំរាមកំហែងរបស់ខ្លួនដែលបានបណ្ដាលឲ្យដឹកនាំធ្វើយុទ្ធនាការសំខាន់ៗជាច្រើនលុបចោលការតវ៉ានៅសប្ដាហ៍នេះ។

ស្ត្រីទាំងនេះដែលសុទ្ធតែជាសកម្មជនសិទ្ធិដីធ្លីមកពីសហគមន៍ដែលរងការបណ្ដេញចេញនៅក្នុងរាជធានីភ្នំពេញ បានព្យាយាមប្រមូលផ្ដុំគ្នាក្បែររោងភាពយន្តចេនឡា កាលពីពេលព្រឹក ប៉ុន្តែបានពើបប្រទះនឹងនគរបាលប្រដាប់ដោយឧបករណ៍បង្ក្រាបកុបកម្មដែលបានប្រាប់ថា ការតវ៉ារបស់ពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យបន្តឡើយ។

បន្ទាប់ពីប្រកែកគ្នាមួយប្រាវជាមួយនគរបាល ស្ត្រីទាំងនេះបានចាប់ផ្ដើមដើរតាមមហាវិថីមុនីរេត ស្រាប់តែភ្លាមនោះសន្តិសុខខណ្ឌទួលគោក ពីររថយន្តបានទៅដល់ ហើយបានចាប់ស្ត្រីទាំងនោះរុញឡើងរថយន្ត មុនពេលនាំខ្លួនពួកគាត់ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ។

លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ស្ត្រីឈ្មោះច្រាយ នឹម យិន ស្រីន ង៉ូវ ណារី អុឹម ស្រីទូច និង ភោគ សុភីន គ្រាន់តែត្រូវនគរបាល”អញ្ជើញ” ទៅសួរនាំប៉ុណ្ណោះ។ លោកបានបន្តថា ”យើងមិនបានឃាត់ខ្លួនពួកគាត់ទេ យើងគ្រាន់តែអញ្ជើញពួកគាត់ទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកប៉ុណ្ណោះ។ មានមនុស្សបីបួនប្រាំនាក់ដែលពាក់អាវពណ៌ខ្មៅ និងកាន់បដា” មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀត។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានលើកឡើងផ្ទុយស្រឡះពីលោក ឃួង ស្រេង នៅក្នុងថ្ងៃនោះ ដោយបញ្ជាក់ថា អ្នកតវ៉ាទាំងប្រាំនាក់នេះត្រូវបានចាប់ខ្លួន ដោយសារពួកគាត់បំពានបម្រាមមិនឲ្យពាក់អាវខ្មៅអំឡុងពេលតវ៉ា។

cam-photo-black-monday_JUMPលោកបានមានប្រសាសន៍ទៀតថា “ការប្រមូលផ្តុំគ្នារបស់ពួកគេបានបំពានបម្រាមរបស់សាលារាជធានី ដែលមិនអនុញ្ញាតឲ្យនរណាម្នាក់ប្រមូលផ្ដុំគ្នាបែបនេះឡើយ។ ពួកគេប្រឆាំងសមត្ថកិច្ច ដូច្នេះយើងចាំបាច់ត្រូវនាំខ្លួនពួកគាត់មកសួរនាំពាក់ព័ន្ធសកម្មភាពរបស់ពួកគាត់”។

អ្នកស្រី ភោគ សុភីន ត្រូវបានដោះលែងមុនគេនៅម៉ោងប្រហែល៤រសៀល បន្ទាប់ពីគាត់យល់ព្រមផ្ដិតមេដៃលើកិច្ចសន្យាដែលបញ្ជាក់ថា គាត់នឹងលែងចូលរួមការតវ៉ាទៀតទៅថ្ងៃខាងមុខ។ ហើយអ្នកស្រី ង៉ូវ ណារី និងអ្នកស្រី យិន ស្រីន ត្រូវបានដោះលែងនៅម៉ោងប្រហែល៧និង៣០នាទីយប់ បន្ទាប់ពីយល់ព្រមផ្ដិតមេដៃលើកិច្ចសន្យានោះនៅទីបំផុត។

ចំណែកឯអ្នកស្រី អុឹម ស្រីទូច និងអ្នកស្រី ច្រាយ នឹម បានបដិសេធមិនចុះហត្ថលេខាលើឯកសារនេះទេ រហូតទីបំផុតនគរបាលយល់ព្រមដកប្រការមួយចេញដែលរារាំងពួកគាត់មិនឲ្យពាក់អាវយឺតពណ៌ខ្មៅ ហើយត្រូវបានដោះលែងបន្ទាប់ពីផ្តិតមេដៃនៅម៉ោងប្រហែល ១០ យប់ នេះបើយោងតាមការឲ្យដឹងពីអ្នកស្រី ង៉ូវ ណារី។

អ្នកស្រីនិយាយថា ”ប៉ូលិសបានសួរខ្ញុំថាអង្គការណាខ្លះនៅពីក្រោយពួកយើង ឬអ្នកណាជាមេខ្លោងរបស់ពួកយើង។ ខ្ញុំបានឆ្លើយថា គ្មានអ្នកណានៅពីក្រោយពួកយើងទេ គឺយើងធ្វើដោយខ្លួនឯង”។

អ្នកស្រី ឆាយ គឹមហ៊ន អាយុ៣៩ឆ្នាំ ជាសកម្មជនសិទ្ធិដីធ្លីមកពីសហគមន៍បុរីកីឡា ក្នុងរាជធានីភ្នំពេញនិយាយថា នគរបាលបង្ក្រាបកុបកម្ម និងកម្លាំងសន្តិសុខប្រដាប់អាវុធរាប់សិបនាក់បានចុះទៅសហគមន៍នេះនៅពេលព្រឹកដើម្បីធ្វើឲ្យប្រាកដថា ក្នុងចំណោមពួកគាត់គ្មាននរណាម្នាក់ចូលរួមការតវ៉ា។ គាត់និយាយបន្តថា “ប៉ូលិស និងសន្តិសុខទាំងនោះបានរារាំងយើងមិនឲ្យចេញពីសហគមន៍ទៅចូលរួមការតវ៉ាទេ។ ពួកគេក៏បានប្រាប់ឲ្យយើងដូរសម្លៀកបំពាក់ខ្មៅចេញដែរ”។

កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន មន្ត្រីអង្គការសិទ្ធិមនុស្ស និងសកម្មជនស្លៀកពាក់ខ្មៅប្រាំបីនាក់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ និងដោះលែងវិញក្បែរពន្ធនាគារព្រៃស នៅក្នុងការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅលើកទី១ ដែលបានកើតឡើងស្របពេលរដ្ឋាភិបាលបង្កើនការស៊ើបអង្កេតរបស់ខ្លួនលើរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។

មន្ត្រីសមាគមអាដហុក រួមជាមួយលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប. ត្រូវបានដាក់ពន្ធនាគារកាលពីថ្ងៃទី២ ខែឧសភា ពីបទសមគំនិតសូកប៉ាន់ស្រីកំណាន់វ័យ២៥ឆ្នាំរបស់លោក កឹម សុខា ដើម្បីឲ្យនាងបដិសេធស្នេហាលួចលាក់របស់ខ្លួន។ មន្ត្រីអង្គការសហប្រជាជាតិមួយរូបក៏ត្រូវបានចោទប្រកាន់ដោយកំបាំងមុខដែរពាក់ព័ន្ធករណីនេះ ប៉ុន្តែនៅមានសេរីភាពនៅឡើយ៕ សុខុម

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស