វាមិនមែនជាពេលល្អប្រសើរសម្រាប់អ្នករិះគន់លើរដ្ឋាភិបាលកម្ពុជាទេ។ឆ្នាំកន្លងមកនេះ មានអ្នករិះគន់ជាង២០នាក់កំពុងជាប់ពន្ធនាគារ ហើយបញ្ជីឈ្មោះនៃអ្នកដែលជាប់ពន្ធនាគារមានចាប់តាំងពីតំណាងរាស្ត្រនិងអ្នកប្រើហ្វេសប៊ុករហូតដល់អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាន់ខ្ពស់មួយរូប។
នៅក្នុងយុទ្ធនាការបោសសម្អាតជាក់ស្តែងប្រឆាំងនឹងអ្នកដែលរំខានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាច៣១ឆ្នាំ ឬអ្នកដែលឆាឆៅគម្រោងរបស់លោកនៅតែកាន់អំណាចក្រោយពីការបោះឆ្នោតជាតិនាឆ្នាំ២០១៨នោះ អាជ្ញាធរថែមទាំងចោទប្រកាន់មន្ត្រីអង្គការសហប្រជាជាតិមួយរូបដែរ។
លោក ហ៊ុន សែន បានគំរាមបុរសម្នាក់កាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ថា អភ័យឯកសិទ្ធិរបស់គាត់ជាមន្ត្រីសហប្រជាជាតិ នឹងមិនអាចការពារគាត់ពីការអះអាងថា គាត់បានជួយបញ្ចុះបញ្ចូលស្ត្រីមួយរូបឲ្យបដិសេធរឿងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងថា “អ្នកឯងសូកប៉ាន់សាក្សី អ្នកឯងគាបសង្កត់ពួកគេ”។
មេឃុំមួយរូបរបស់គណបក្សប្រឆាំងកំពុងជាប់ពន្ធនាគារពីការអះអាងដូចគ្នានេះ ហើយមានអ្នកចូលជាប់ពន្ធនាគារជាមួយគាត់នៅសប្តាហ៍នេះ គឺបុគ្គលិកសមាគមសិទ្ធិមនុស្សអាដហុកជាន់ខ្ពស់បួនរូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប គឺលោក នី ចរិយា។
រហូតមកដល់ពេលនេះ គ្មានភ័ស្តុតាងណាមួយត្រូវបានបង្ហាញឲ្យដឹងជាសាធារណៈដើម្បីបញ្ជាក់ថា មន្ត្រីណាមួយក្នុងបណ្តាមន្ត្រីទាំងប្រាំមួយនាក់ពិតជាប៉ុនប៉ងសូកប៉ាន់ស្រីកំណាន់ ឬក៏មានហេតុផលអ្វីនោះទេ។
ប៉ុន្តែ រឿងនោះមិនបានបញ្ឈប់តុលាការពីការផ្តន្ទាទោសអ្នករិះគន់រដ្ឋាភិបាលកាលពីមុនបានទេ។
មន្ត្រីគណបក្សប្រឆាំងបីរូបត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំកាលពីឆ្នាំមុនពីបទដឹកនាំកុបកម្ម ដោយសារតែពួកគេមានវត្តមាននៅឯការតវ៉ាមួយដែលក្លាយទៅជាការប្រវាយប្រតប់គ្នារវាងអ្នកតវ៉ានិងក្រុមសន្តិសុខរដ្ឋដែលល្បីខាងប្រើហិង្សា។
គ្មានភ័ស្តុតាងណាមួយត្រូវបានបង្ហាញនៅក្នុងតុលាការ ដើម្បីបញ្ជាក់ថា មន្ត្រីទាំងនោះបានញុះញង់ឲ្យមានអំពើហិង្សា ឬបញ្ជាឲ្យមានហិង្សាទេ។សកម្មជនគណបក្សសង្គ្រោះជាតិប្រាំបីរូបផ្សេងទៀតក៏ជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំដែរ ដោយសារតែការតវ៉ានេះ។ សកម្មជនបីរូបទៀតកំពុងជាប់ពន្ធនាគារចាប់តាំងពីលោក ហ៊ុន សែន បានបញ្ជាឲ្យចាប់ខ្លួនពួកគេកាលពីខែសីហា។
ក្នុងបញ្ជីឈ្មោះកាន់តែវែង ពួកគេចូលរួមជាប់ក្នុងពន្ធនាគារព្រៃសក្នុងក្រុងភ្នំពេញ ដោយមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក អ៊ុំ សំអាន និងសមាជិកព្រឹទ្ធសភា គឺលោក ហុង សុខហួរ ដែលត្រូវនគរបាលចាប់ខ្លួនដោយសារតែការបង្ហោះតាមហ្វេសប៊ុកកាលពីខែមុន និងក្នុងខែសីហា ទោះបីជាពួកគេមានអភ័យឯកសិទ្ធិតាមរដ្ឋធម្មនុញ្ញដែលរួចផុតពីការចាប់ខ្លួនក៏ដោយ។
គង់ យ៉ារ៉ា និស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយអាយុ២៥ឆ្នាំ ដែលបានបង្ហោះតាមហ្វេសប៊ុក ដោយអំពាវនាវឲ្យមានបដិវត្តន៍ពណ៌ដើម្បីនាំប្រជាធិបតេយ្យមកប្រទេសកម្ពុជា គឺកំពុងតែអនុវត្តទោសរយៈពេល១៨ខែពីបទញុះញង់ដែរ។
លោក ចន ខាហ្វក្លែន អ្នកស្រាវជ្រាវអង្គការលើកលែងទោសអន្តរជាតិសម្រាប់កម្ពុជាបានមានប្រសាសន៍ថា “នេះគឺជាយុទ្ធនាការបោសសម្អាត ដើម្បីរំលាយចោលគណបក្សប្រឆាំង និងធ្វើលែងឲ្យមានប្រសិទ្ធភាពលើការងារដ៏មានតម្លៃរបស់ក្រុមសិទ្ធិមនុស្សឯករាជ្យរបស់ប្រទេសនេះ”។

អ្នកស្រាវជ្រាវអង្គការលើកលែងទោសអន្តរជាតិសម្រាប់កម្ពុជារូបនេះបានមានប្រសាសន៍ថា “ដោយពឹងផ្អែកលើតុលាការ អាជ្ញាធរកំពុងព្យាយាមផ្តល់ភាពស្របច្បាប់ដល់យុទ្ធនាការមួយដែលជារឿងនយោបាយសុទ្ធសាធនិងខុសច្បាប់ទាំងស្រុង”។
បញ្ជីឈ្មោះនៃអ្នកប្រឆាំងរដ្ឋាភិបាលដែលស្ថិតក្រោមគំនាបនៃប្រព័ន្ធច្បាប់ គឺរឹតតែវែងទៅទៀត ប្រសិនបើអ្នកដែលប្រឈមមុខនឹងការចាប់ខ្លួនត្រូវគេរាប់បញ្ចូល គឺមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប ឥឡូវនេះត្រូវកោះហៅមកបំភ្លឺទាក់ទងនឹងពេស្យាចាររបស់លោក សុខា អនុប្រធានគណបក្សប្រឆាំង។ លោក សុខា ក៏ត្រូវតុលាការកោះហៅកាលពីម្សិលមិញដែរ ដើម្បីបំភ្លឺការអះអាងដ៏ចម្លែកដែលថា លោកបានបរិហារកេរ្តិ៍សកម្មជនវ័យក្មេងគឺ ធី សុវណ្ណថា ក្នុងពេលសាសងតាមទូរស័ព្ទជាលក្ខណៈឯកជនជាមួយស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់ ជាសំឡេងខ្សែអាត់ដែលបែកធ្លាយបង្ហោះតាមអ៊ិនធឺណែតកាលពីខែមុន ដោយបង្កឲ្យរឿងអាស្រូវផ្ទុះឡើង។
ការកាត់ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំចំពោះមេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ក៏ត្រូវលាតត្រដាងភ្លាមៗមួយរំពេចដោយក្រុមមន្ត្រីក្នុងខែវិច្ឆិកា។ លោក រង្ស៊ី បានភៀសខ្លួនទៅកាន់ប្រទេសបារាំង ដែលលោកទទួលរងបទចោទប្រកាន់ព្រហ្មទណ្ឌថ្មីៗមួយចំនួនដែលអាចធ្វើឲ្យលោកជាប់ពន្ធនាគារពីរទសវត្សរ៍។តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាំពីររូបផ្សេងទៀត គឺមាន អ្នកស្រី មួរ សុខហួរ លោក កែវ ភីរម្យ លោក ម៉ែន សុថាវរិន្រ្ទ លោក ហូរ វ៉ាន់ លោក រៀល ខេមរិន្ទ លោក នុត រំដួល និង ឡុង រី ក៏ត្រូវបានចោទប្រកាន់ពីបទដឹកនាំកុបកម្ម ដោយសារតែពួកគាត់មានវត្តមាននៅឯការតវ៉ាដែលក្លាយទៅជាការប្រវាយប្រតប់គ្នា ដែលធ្វើឲ្យពួកគាត់ជាប់គុកមួយរយៈពេលខ្លី មុននឹងពួកគាត់ស្បថចូលសភាជាតិ។
លោក ហ៊ុន សែន បានព្រមានថា តំណាងរាស្ត្រទាំងប្រាំពីររូបអាចជាប់ពន្ធនាគារជាថ្មី ពីព្រោះពួកគាត់មិនបានទទួលអភ័យឯកសិទ្ធិរួចផុតពីការចាប់ខ្លួនបានទេ ប្រសិនបើពួកគេមិនទាន់បានស្បថចូលសភា។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល បានមានប្រសាសន៍អំពីការប្រើប្រព័ន្ធតុលាការប្រឆាំងនឹងអ្នករិះគន់ថា “តាមពិតទៅ នេះជាសញ្ញាវិជ្ជមាន”។
លោក បញ្ញា បានមានប្រសាសន៍ថា “ពីមុនមានអំពើហិង្សាច្រើន។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ មានហិង្សាដល់រាងកាយច្រើន ជួនកាលរហូតឈានដល់សម្លាប់។ ឥឡូវប្រព័ន្ធយុត្តិធម៌កំពុងត្រូវគេប្រើប្រាស់ដើម្បីចាប់សកម្មជនដាក់គុក”។
លោក បញ្ញា បានមានប្រសាសន៍បន្ថែមថា “តាមសតិអាម្មណ៍ ពលរដ្ឋនៅតែភ័យខ្លាច។ គឺជាការបង្កើតបរិយាកាសភ័យខ្លាចដល់ពលរដ្ឋ អង្គការសិទ្ធិមនុស្សនិងសង្គមស៊ីវិល។ ប៉ុន្តែ មានច្រើនតែសកម្មជនគណបក្សប្រឆាំងប៉ុណ្ណោះដែលត្រូវប៉ះពាល់”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា លោកមិនមានការភ្ញាក់ផ្អើលទេដែលថា សកម្មជននិងសមាជិកសង្គមស៊ីវិលដែលចាប់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើស គឺបន្ទោសលើនយោបាយ។
លោក ឥសាន បានពន្យល់ថា “កុំច្រឡំនឹងការផ្សាយរឿងនេះ គឺវាមិនមែនរដ្ឋាភិបាលដាក់គុកអ្នកណាដែលរិះគន់នោះទេ”។ លោក ឥសាន បានមានប្រសាន៍ថា អ្នករិះគន់រដ្ឋាភិបាលទាំងអស់ដែលជាប់ពន្ធនាគារ គឺបានប្រព្រឹត្តបទល្មើសពិតប្រាកដ។
អ្នកនាំពាក្យគណបក្សប្រជាជនរូបនេះបានមានប្រសាសន៍ថា “ជាធម្មតាចំពោះអ្នកដែលមានទោសគឺមិនដែលទទួលស្គាល់ការពិតលើសកម្មភាពរបស់ខ្លួនទេ អ៊ីចឹងនៅពេលតុលាការចាត់វិធានការផ្លូវច្បាប់ គឺពួកគេរិះគន់។ ប៉ុន្តែ យើងមិនខ្វល់ទេ ពីព្រោះយើងអនុវត្តតាមច្បាប់”។
លោក រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនចាំថា សម័យណាមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាបច្ចុប្បន្នដែលមានអ្នករិះគន់រដ្ឋាភិបាលនិងសមាជិកសង្គមស៊ីវិលច្រើននាក់ ត្រូវគេចាប់ដាក់គុកក្នុងពេលដូចគ្នាទេ។
លោក រង្ស៊ី បានលើកឡើងពីរលកនៃការចាប់ខ្លួនដោយសារតែការដឹងខ្លួនកាន់តែខ្លាំងនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលថា ខ្លួនមិនអាចឈ្នះការបោះឆ្នោតដែលរៀបចំឡើងដោយគ.ជ.ប.ថ្មី ដែលបង្កើតឡើងក្នុងខែមេសា ឆ្នាំ២០១៥ ដោយមានសមាជិកមកពីគណបក្សប្រឆាំងនិងសង្គមស៊ីវិលនៅក្នុងគណៈកម្មការនិងមានតំណែងរដ្ឋបាលជាន់ខ្ពស់។
លោក រង្ស៊ី បានមានប្រសាសន៍ថា “ពីទស្សនៈច្បាប់ កម្ពុជារបស់លោក ហ៊ុន សែន បានក្លាយជារដ្ឋក្រៅច្បាប់ ហើយគួរចាត់ទុកជាអន្តរជាតិថាជាប្រទេសបែបនេះ។ ច្បាប់ទាំងអស់របស់យើងដែលចាប់ផ្តើមពីរដ្ឋធម្មនុញ្ញគឺត្រូវគេរំលោភយ៉ាងចំហ និងដោយឥតកេរ្តិ៍ខ្មាស។ រដ្ឋាភិបាលក៏រំលោភសន្ធិសញ្ញានិងអនុសញ្ញាអន្តរជាតិដែរ”។
លោក រង្ស៊ី បានមានប្រសាសន៍បន្ថែមថា “ឥឡូវនេះច្បាស់ក្រឡែតថា ហ៊ុន សែន កំពុងព្យាយាមធ្វើឲ្យខូច ឬធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់លើដំណើរការបោះឆ្នោត ពីព្រោះគាត់ដឹងថា គណបក្សប្រជាជនកម្ពុជារបស់គាត់នឹងចាញ់ឆ្នោតពិតប្រាកដក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដែលរៀបចំដោយ គ.ជ.ប. ថ្មី។ ដូច្នេះការប្រឹងប្រែងរបស់លោក ហ៊ុន សែន ដើម្បីបំផ្លាញបក្សប្រឆាំងនិងសង្គមស៊ីវិល ដោយប្រើមធ្យោបាយថោកទាបបំផុតដែលបង្ហាញឲ្យឃើញជាក់ស្តែងតាមរយៈការចាប់ខ្លួននាពេលថ្មីៗកន្លងមកនេះ ដោយមានមនុស្សថែមទៀតនឹងត្រូវចាប់ខ្លួន”។
មនុស្សមួយចំនួនដូចជា អ្នកធ្វើអត្ថាធិប្បាយនយោបាយគឺលោក កែម ឡី បានផ្តល់ទឡ្ហីករណ៍ថា រលកនៃការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង និងបុគ្គលិកសិទ្ធិមនុស្ស តាមពិតមានឥទ្ធិពលតិចតួចក្នុងការបង្ក្រាបបក្សប្រឆាំងដែលកាន់តែកើនឡើងប្រឆាំងនឹងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
លោក ឡី បានមានប្រសាសន៍ថា “មនុស្សខ្លាចកាលពី១០ឆ្នាំមុន ប្រហែលបីឆ្នាំមុន ប៉ុន្តែ ពេលនេះគេស៊ាំនឹងការភិតភ័យ គឺសូម្បីតែខ្ញុំក៏អ៊ីចឹងដែរ។ ខ្ញុំជឿទុកចិត្តលើការនិយាយខ្លាំងៗ ហើយរិះគន់ក្នុងលក្ខណៈត្រឹមត្រូវ។ គេគ្រប់គ្នាចាត់ទុកការបោះឆ្នោតនាឆ្នាំ២០១៣ថា ជាចំណុចរបត់”។
ទោះជាយ៉ាងនេះក្តី សកម្មជនបឹងកក់ អ្នកស្រី ទេព វណ្ណី ដែលតែងតែជាប់ពន្ធនាគារហើយចេញមកវិញម្តងហើយម្តងទៀត ដោយសារតែតវ៉ា ប៉ុន្តែ នៅថ្មីៗនេះបានជាប់ពន្ធនាគារពីខែវិច្ឆិកា ឆ្នាំ២០១៤ដល់ខែមេសា ឆ្នាំ២០១៥ បានមានប្រសាសន៍ថា ការភ័យខ្លាចជាប់គុកអាចបណ្តាលឲ្យសកម្មជនដ៏ក្រាញននៀលបំផុតត្រូវគិតពិចារណាទ្វេដង។
អ្នកស្រី វណ្ណី បានមានប្រសាសន៍ថា “រដ្ឋាភិបាលចង់លុបបំបាត់អ្នកស្នេហាជាតិ ហើយគេមិនចង់ឲ្យមានអ្នករិះគន់ទេ។ ឥឡូវវាកៀកនឹងការបោះឆ្នោត អ៊ឹចឹងគេមិនចង់ឲ្យមានការតស៊ូមតិដែលធ្វើឲ្យប៉ះពាល់ដល់យុទ្ធនាការរបស់គេទេ”។
អ្នកស្រី វណ្ណី បាននិយាយបន្ថែមថា “ជីវិតក្នុងគុកធ្វើឲ្យអ្នកព្រាត់ប្រាស់ពីគ្រួសារ កូននិងប្តី។ គេខ្លាចជាប់គុក ពីព្រោះគេយល់ថា គ្មានសិទ្ធិសេរីភាពក្នុងគុកទេ ហើយគេនឹងបាត់អនាគតរបស់គេ”៕