26 C
Phnom Penh

ឯកសារ​​​​ប៉ាណាម៉ា​ភ្ជាប់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ទៅ​នឹង​ក្រុម​លួច​បន្លំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​លួច​បន្លំ​ជា​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​ពីរ​នាក់​ដែល​ជាប់​ទោស​មាន​ឈ្មោះ​ក្នុង​ចំណោម​កូន​ហ៊ុន​ប្រាំ​នាក់ ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អង្គ វង្សវឌ្ឍានា ម្នាក់​ដែរ នៅ​ក្នុង​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ដែល​លែង​មាន​រូបរាង​ទៅ​ហើយ មាន​មូលដ្ឋាន​នៅ​កោះ វឺហ្ជីន (Virgin Islands) របស់​អង់គ្លេស ក្នុង​ឯកសារ​​​​​​​​​​ដ៏​ច្រើន​ចុង​ក្រោយ​របស់ “ឯកសារ​​​​ប៉ាណាម៉ា” ដែល​បាន​បញ្ចេញ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ។

ព័ត៌មាន​សម្រាំង​ស្តីពី​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ជាង​២០០.០០០​ក្រុមហ៊ុន​ត្រូវ​បាន​ចេញ​ឲ្យ​ដឹង​ជា​សាធារណ​ដោយ​​​​​​ក្រុម​​​អ្នក​​​កាសែត​​​ស៊ើបអង្កេត​​​អន្តរជាតិ​​​ (ICIJ) ជា​សេចក្តីរាយកាណ៍​ទី​២​នៃ​ទិន្នន័យ​ដែល​ផ្អែកលើ​១១​លាន​ឯកសារ ដែល​លេច​ធ្លាយ​ពី​ក្រុមហ៊ុន​ច្បាប់​ប៉ាណាម៉ា ម៉ូសាក់ ហ្វុនសេកា (Mossack Fonseca)។

សេចក្តីរាយការណ៍​ដំបូង​របស់ ICIJ កាលពី​ខែ​មុន​បង្ហាញ​ឲ្យ​ដឹង​ថា លោក អង្គ វង្សវឌ្ឍានា បាន​ចំណាយ​៥.០០០​ដុល្លារ​សម្រាប់​ទិញ​ហ៊ុន​ក្នុង​ក្រុមហ៊ុន RCD International Limited ដែល​កើត​មាន​តែ​ក្នុង​រយៈ​ពេល​ជាង​បី​ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់ពី​បាន​ចុះ​បញ្ជី​នៅ​ដើម​ឆ្នាំ​២០០៧។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​គំរាម​ថា​នឹង​ប្តឹង​ទាក់ទិន​នឹង​ព័ត៌មាន​នេះ។

បើ​ទោះ​ជា​ក្រុមហ៊ុន​នានា​នៅ​ក្រៅ​ប្រទេស​អាច​ត្រូវ​គេ​ប្រើ​សម្រាប់​លាង​លុយ​កខ្វក់​និង​ការ​គេច​ពន្ធ​ក៏​ដោយ ក៏​គោល​បំណង​របស់​ក្រុមហ៊ុន RCD International Limited នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

កូនហ៊ុន​បួន​នាក់​ដូច​គ្នា​នឹង​លោក អង្គ វង្សវឌ្ឍានា ក្នុង​ក្រុមហ៊ុន​នេះ ក៏​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ​កាលពី​ថ្ងៃ​អង្គារ​ដែរ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​គឺ​មាន​បុរស​ពីរ​នាក់​ជាប់​ចោទ​ពី​បទ​ក្លែង​ឯកសារ​នៅ​ក្រុង​ភ្នំពេញ​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១០ តែ​ពីរ​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុមហ៊ុន RCD ត្រូវ​បាន​លុប​ចេញ​ពី​ការ​ចុះ​បញ្ជី​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង។

លោក គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យ​នគរបាល​ជាតិ បាន​និយាយ​នៅ​ពេល​នោះ​ថា រេ ឆាត ដាំ (Ray Chhat Dam) និង សួស សារឿន (Soush Saroeun) ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​ធ្នូ​ ឆ្នាំ​២០១០​ដោយ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​ក្រសួង​មហាផ្ទៃ រួម​ជាមួយ​សហការី​ពីរ​អ្នក​ផ្សេង​ទៀត ពី​បទ​សង្ស័យ​ថា​បាន​បញ្ជូន​ប្រាក់​៥០០​លាន​ដុល្លារ​ជា​មូលប្បទានប័ត្រ​ក្លែងក្លាយ។

ឈ្មោះ​របស់​លោក សារឿន ត្រូវ​បាន ICIJ ប្រកប​ខុស​ទៅ​ជា សាឃឿន (Sakoeun) យ៉ាង​នេះ​ក្តី ក្រុមហ៊ុន​បាន​ចេញ​សេចក្តី​ថ្លែង​បដិសេធ​ថា ឈ្មោះ​មួយ​ចំនួន​អាច​ប្រកប​ខុស​ដោយសារតែ​គុណភាព​អន់​នៃ​ឯកសារ​ស្គេន។

cam-photo-vathana-channaលោក ដាំ ដែល​នាម​ត្រកូល​របស់​គាត់​ត្រូវ​គេ​ប្រកប​ខុស​ទៅ​ជា បាំ (Bam) នោះ នៅ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជា​ប្រធាន​ការិយាល័យ​គ្រប់គ្រង​រតនាគារ​អន្តរជាតិ (Office of International Treasury Control) ជា​អង្គការ​ក្លែងក្លាយ​មួយ​ដែល​អះអាង​លើ​វិបសាយ​របស់​ខ្លួន​ថា ខ្លួន​ទទួល​បាន​ឋានៈ​ជា​អង្គភាព​អធិបតេយ្យ​ពី​អង្គការ​សហ​ប្រជាជាតិ។

កាលពី​ថ្ងៃ​អង្គារ លោក សុវណ្ណា ម៉ាន់ (Sovanna Mann) អ្នកនាំពាក្យ​អង្គការ​សហ​ប្រជាជាតិ បាន​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​ណាមួយ​រវាង​អង្គការ​សហប្រជាជាតិ​និង​ក្រុមហ៊ុន​នេះ ដែល​អះអាង​លើ​វិបសាយ​របស់​ខ្លួន​ថា “ធ្វើ​អំពើ​ល្អ​ច្រើន​សម្បើម​សម្រាប់​ប្រជាជាតិ​និង​ប្រជាជន​លើ​ពិភព​លោក” ដោយ​ចំណាយ​ធនធាន​ដែល​ខ្លួន​មាន”។

វេបសាយ​នោះ​អះអាង​ថា អង្គការ​នេះ “ជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​និង​តែ​មួយ​គត់​ផ្នែក​មាស​និង​ប្លាទីន​ក្នុង​ពិភពលោក” ដែល​ខ្លួន​ប្រើ​ដើម្បី “ផ្តល់​ហិរញ្ញវត្ថុ​ឲ្យ​ប្រទេស​ណាមួយ”។

កាសែត ហ្វីជី សាន់ (Fiji Sun) បាន​រាយការណ៍​នៅ​ឆ្នាំ​២០០៦​ថា អង្គការ​នេះ​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​ថា “ក្លែងក្លាយ” បន្ទាប់ពី​មាន​ការ​សន្យា​បំផ្លើស​ច្រើន​ថា​នឹង​វិនិយោគ​៣,៥​ពាន់​លាន​ដុល្លារ ដើម្បី​បង្កើត​ធនាគារ​ហ្វីជី​ក្នុង​ស្រុក​មួយ​ដែល​បាន​ដួល​រលំ។

អ៊ុច សុផល មេធាវី​តំណាង​លោក ដាំ នៅ​ក្រុង​ភ្នំពេញ បាន​បញ្ជាក់​ថា កូន​ក្តី​របស់​លោក និង​លោក សារឿន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​ធ្នូ​ ឆ្នាំ២០១០ និង​ជាប់​ចោទ​ពី​បទ​ក្លែង​ឯកសារ។

លោក​បាន​និយាយ​ថា “រេ ដាំ (Ray C Dam) បាន​ជាប់​ពន្ធនាគារ​ប្រហែល​ពីរ​ខែ ហើយ​បន្ទាប់​មក​គាត់​ត្រូវ​បាន​ដោះ​លែង ប៉ុន្តែ​ខ្ញុំ​មិន​ដឹង ថា​តើ សួស សារឿន ត្រូវ​បាន​ដោះលែង​ក្នុង​ពេល​តែ​មួយ​ឬ​យ៉ាង​ណា​ទេ”។ លោក​បាន​និយាយ​បន្ថែម​ថា លោក​មិន​បាន​ពាក់ព័ន្ធ​ទៀត​នឹង​ករណី​នេះ​ទេ។

លោក កែម សារិន ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​និយាយ​ថា លោក​មិន​បាន​ដឹង ថា​តើ​អ្នក​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឬ​ទេ។

នាយកដ្ឋាន​ផ្តល់​សេវា​ឥឡូវ​នេះ​ស្ថិត​នៅ​ទីតាំង​ក្នុង​ខណ្ឌ​ដូន​ពេញ ដែល​លំនៅ​របស់​លោក សារឿន ត្រូវ​ចុះ​ក្នុង​ឯកសារ ICIJ។ អ្នក​ទទួល​ភ្ញៀវ​ម្នាក់​នៅ​អគារ​ផ្ទះ​ល្វែង​នោះ​បាន​និយាយ​ថា គ្មាន​នរណា​​មាន​ឈ្មោះ​លោក សារឿន បាន​រស់​នៅ​ទីនោះ​ទេ។

យោង​តាម​ឯកសារ​រដ្ឋាភិបាល​ដែល​អាច​ទទួល​បាន​តាម​អីុនធឺណិត​ឲ្យ​ដឹង​ថា កូន​ហ៊ុន​ផ្សេង​ទៀត​ក្នុង​ក្រុមហ៊ុន RCD International Limited គឺ Arthur Chan Wai Kong ស្ថិត​នៅ​ឥណ្ឌូណេស៊ី និង ឡឹក បុប្ផា (Lek Bopha) ដែល​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​នៅ​ទីស្តីការគណៈ​រដ្ឋមន្ត្រី ហើយ​មាន​ងារ “ឧកញ៉ា” សម្រាប់​អ្នក​ដែល​បាន​ផ្តល់​អំណោយ​ច្រើន​ដល់​រដ្ឋ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា លោក​មិន​ដែល​បាន​ឮ​ឈ្មោះ​លោក បុប្ផា ទេ។

លោក អង្គ វង្សវឌ្ឍានា មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​អង្គារ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ធ្លាប់​បាន​បដិសេធ​ថា លោក​មិន​ដែល​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​នៅ​ក្រៅ​ប្រទេស​ទេ។

លោក​បាន​និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ​សេវា​ព័ត៌មាន​ថ្មីៗ​កាលពី​ខែ​មេសា​ថា “ខ្ញុំ​មិន​ស្គាល់​ក្រុមហ៊ុន​នោះ​ទេ។ តើ​ខ្ញុំ​អាច​ទិញ​ភាគ​ហ៊ុន​របៀប​ណា”?។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ ថា​តើ​លោក​រដ្ឋមន្ត្រី​បាន​ស្គាល់​លោក ដាំ ឬ លោក សារឿន ឬ​ទេ ព្រោះ​វា​ជា​រឿង​ផ្ទាល់​ខ្លួន។

ឯកសារ​ដ៏​ច្រើន​ចុង​ក្រោយ​នេះ​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​ដោយ ICIJ តាម​រយៈ​មូលដ្ឋាន​ទិន្នន័យ​ដែល​អាច​ស្វែងរក​បាន។ បើ​ទោះ​ជា​មនុស្ស​៣០​នាក់ “ដែល​ជាប់​ទាក់ទង​នឹង” ប្រទេស​កម្ពុជា ត្រូវ​គេ​បញ្ចេញ​ឈ្មោះ​ក្តី ក៏​លោក អង្គ វង្សវឌ្ឍានា និង​លោក បុប្ផា ទំនង​ជា​មន្ត្រី​សាធារណៈ​ពីរ​នាក់​ប៉ុណ្ណោះ​ក្នុង​ក្រុម​មួយ ដែល​សុទ្ធតែ​ជា​ពលរដ្ឋ​ឯកជន៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស