TAG
paywall
អ្នករាជានិយមសួរពីគតិបណ្ឌិតរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ ដែលចង់ប្រឡូកក្នុងឆាកនយោបាយវិញ
មេដឹកនាំជាន់ខ្ពស់គណបក្សហ៊្វុនស៊ីនបិុច ដែលព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ធ្លាប់បានដឹកនាំឲ្យទទួលជោគជ័យក្នុងព្រឹត្តិការណ៍បោះឆ្នោតឧបត្ថម្ភដោយអង្គការសហប្រជាជាតិកាលពីក្នុងឆ្នាំ១៩៩៣នោះ បានចោទសំណួរទាក់ទងទៅនឹងគតិបណ្ឌិតរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្នុងការធ្វើសេចក្តីសម្រេចព្រះទ័យវិលត្រឡប់មកប្រឡូកក្នុងឆាកនយោបាយវិញ ដោយបង្កើតគណបក្សនយោបាយថ្មីមួយ។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលត្រូវបានបង្ខំឲ្យចុះចេញពីតំណែងជាប្រធានគណបក្សហ៊្វុនស៊ីនបិុច កាលពីឆ្នាំ២០០៦ មុនពេលបង្កើតគណបក្ស នរោត្តម រណឫទ្ធិ បានប្រកាសកាលពីថ្ងៃអាទិត្យសប្តាហ៍មុន អំពីការបង្កើតគណបក្សសហគមន៍អ្នករាជានិយម។ គួរបញ្ជាក់ផងដែរថា គណបក្ស នរោត្តម រណឫទ្ធិ ត្រូវបានច្របាច់បញ្ចូលក្នុងគណបក្ស ហ៊្វុនស៊ីនបិុច។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានមានព្រះបន្ទូលក្នុងកិច្ចសម្ភាសតាមវិទ្យុមួយក្នុងសប្តាហ៍នេះថា ព្រះអង្គកំពុងបង្កើតគណបក្សថ្មីនេះ ដើម្បីជួយបង្រួបបង្រួមប្រទេស បន្ទាប់ពីបញ្ហាជាច្រើនបានកើតឡើងក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំមុន និងដើម្បីលើកកម្ពស់ទស្សននយោបាយបែបរាជានិយមរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មានព្រះបន្ទូលថា “ខ្ញុំចង់ប្រមូលទស្សនជាតិនិយម និងសីហនុនិយម ដើម្បីបង្កើតគណបក្សរបស់ខ្ញុំ និងលើកស្ទួយរាជវង្សានុវង្សឡើងវិញ”។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន ដែលធ្លាប់ធ្វើជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងរដ្ឋាភិបាលចម្រុះរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្នុងទសវត្សរ៍ ឆ្នាំ១៩៩០ បានមានព្រះបន្ទូលថា ស្មារតីស្វែងរកអំណាចនយោបាយរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អាចនឹងរងសម្ពាធពីមតិដែលយល់ឃើញថា ព្រះធ្លាប់គ្រប់គ្រងដោយគ្មានការប្រុងប្រយ័ត្ន។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថុ សិរីរ័ត្ន បានមានព្រះបន្ទូលថា “មេដឹកនាំមួយរូបត្រូវទទួលបានក្តីស្រឡាញ់ និងការលើកតម្កើងពីប្រជាជន។ ដូច្នេះហើយ ព្រះអង្គត្រូវមានជំហរឲ្យរឹងមាំ”។ ព្រះអង្គក៏បានមានព្រះបន្ទូលបន្ថែមទៀតថា សេចក្តីអះអាងសារជាថ្មីរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ថានឹងត្រឡប់មកប្រឡូកក្នុងឆាកនយោបាយវិញនោះ អាចខ្វះមូលដ្ឋានរៀបចំ។
លោក កែវ ពុទ្ធរស្មី ដែលបានកាន់តំណែងជាប្រធានគណបក្សហ៊្វុនស៊ីនបិុច ជំនួសព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ កាលពីឆ្នាំ២០០៦នោះ និងត្រូវជាស្វាមីរបស់ព្រះអង្គម្ចាស់ក្សត្រីនរោត្តម អរុណរស្មី ដែលបានដឹកនាំគណបក្សហ៊្វុនស៊ីនបិុច ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំមុន បានលើកឡើងថា គណបក្សនេះ និងចាំមើលគណបក្សរាជានិយមថ្មីរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
លោកបានមានប្រសាសន៍ថា “ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានត្រឡប់មក និងត្រឡប់ទៅវិញជាច្រើនលើកច្រើនសារមកហើយ។ និយាយតាមត្រង់ទៅ ពិបាកព្យាករណាស់ ដូច្នេះ ខ្ញុំសូមរង់ចាំមើលរយៈពេលប្រាំមួយខែ ឬក៏មួយឆ្នាំដើម្បីឲ្យឃើញភាពច្បាស់លាស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ឬក៏ចាំមើលថា តើព្រះអង្គគ្រាន់តែមកស្រែករំខានខ្លះៗ ឬយ៉ាងណា”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ យើងនឹងរង់ចាំមើលថា តើព្រះអង្គមានភាពច្បាស់លាស់គ្រប់គ្រាន់សម្រាប់ដឹកនាំគណបក្សហ្វុ៊នស៊ីនបិុចដែរឬទេ”។
លោក ញឹក ប៊ុនឆៃ ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលបច្ចុប្បន្ន និងជាសមាជិកគណបក្សហ៊្វុនស៊ីនបិុចដែលកាន់តំណែងក្នុងកិច្ចការសាធារណៈបានលើកឡើងថា សេចក្តីសម្រេចព្រះទ័យរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ថា នឹងបង្កើតគណបក្សថ្មីនោះគឺជាការបិទបាំងចេតនារបស់ព្រះអង្គក្នុងការជួយបង្រួបបង្រួមជាតិ។
លោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ មានប្រសាសន៍ថា “ព្រះអង្គមា្ចស់អង្គឯងស្ថិតក្នុងរាជវង្សានុវង្ស និងជាព្រះរាម ហើយព្រះមហាក្សត្រី អារុណ រស្មី ជាព្រះអនុជ។ តើព្រះអង្គអាចរួបរួមគ្នាបានដែរឬទេ? បើមិនអាចទេនោះ តើព្រះអង្គទៅរួបរួមជាមួយអ្នកផ្សេងដោយរបៀបណា?”។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនបានឆ្លើយតបទៅនឹងសំណើសុំធ្វើសេចក្តីអត្ថាធិប្បាយទាក់ទងនឹងសេចក្តីសម្រចព្រះទ័យ របស់ព្រះអង្គក្នុងការបង្កើតគណបក្សរាជានិយមថ្មីមួយឡើយ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធមិ្មកោ ដែលជាសមាជិកស្ថាបនិកគណបក្សហ្វុ៊នស៊ីនប៉ិច និងបានយាងចូលជាសមាជិកគណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុននោះ បានមានព្រះបន្ទូលថា ពេលវេលាសម្រាប់នយោបាយរាជានិយមនៅក្នុងប្រទេសកម្ពុជា ធ្លាប់មាន ប៉ុន្តែបានលេចបាត់ទៅវិញហើយ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលដូច្នេះថា “នៅប្រទេសកម្ពុជា មិនមានកន្លែងសម្រាប់នយោបាយរាជានិយមទៀតទេ”។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏បានមានព្រះបន្ទូលបន្ថែមដូច្នេះថា “នៅពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា ឆាកនយោបាយ មានតែគណបក្សនយោបាយតែពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សមួយទៀតគឺគណបក្សសង្គ្រោះជាតិ” ៕ សុធា
កម្មករនៅរោងចក្រកាត់ដេរចំនួនពីរកន្លែងបានដួលសន្លប់ដោយសារស្រូបក្លិនអាស៊ីត និងក្លិនកាវ
យោងតាមក្រុមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា កម្មកររោងចក្រកាត់ដេរ និងរោងចក្រស្បែកជើងជាង១០០នាក់បានដួលសន្លប់នៅក្នុងឧបទ្ទវហេតុពីរដាច់ដោយឡែកពីគ្នាកាលពីម្សិលមិញ ដែលនេះជាការដួលសន្លប់លើកដំបូងនៅរោងចក្រនៅឆ្នាំនេះ។
មន្ត្រីស្រុកម្នាក់បានឲ្យដឹងថា កម្មកររោងចក្រកាត់ដេរ៨២នាក់បានដួលសន្លប់នៅរោងចក្រ Crystal Martin នៅក្នុងខេត្តកណ្តាល បន្ទាប់ពីបានស្រូបក្លិនអាសុីតដែលលេចចេញពីអាគុយ។
លោក ខៀវ សុខណាត អភិបាលរងស្រុកខ្សាច់កណ្ដាលបានមានប្រសាសន៍ថា ទឹកអាសីុតបានហូរចេញពីអាគុយរថយន្តស្ទូច ដើម្បីលើកសម្លៀកបំពាក់ចេញពីធុងបោកសម្លៀកបំពាក់ដែលបានបណ្ដាលឲ្យកម្មករជាច្រើននាក់ដួលសន្លប់។
លោក សុខណាត បានមានប្រសាសន៍ថា “យើងបានបញ្ជូនកម្មករមួយចំនួនដែលបានដួលសន្លប់នោះទៅមន្ទីរពេទ្យបង្អែកស្រុក ហើយកម្មករមួយចំនួនទៀតត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពឃុំវិហារសួគ៌”។
លោកបានបន្ថែមថា កម្មករពីរនាក់ក្នុងចំណោមកម្មករទាំងនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញដោយសារស្ថានភាពរបស់ពួកគេធ្ងន់ធ្ងរ។ លោកបានមានប្រសាសន៍ថា “យើងបានរកឃើញមូលហេតុដែលបានបណ្ដាលឲ្យកម្មករដួលសន្លប់ហើយ គឺទឹកអាស៊ីតមានសារធាតុពុល ដែលបានហូរចេញពីអាគុយ ហើយបណ្ដាលឲ្យមានក្លិនស្អុយ”។
លោកបានបន្ថែមថា អ្នកគ្រប់គ្រងនៅរោងចក្រ Crystal Martin កាន់កាប់ដោយជនជាតិចិនហុងកុង ដែលមានកម្មករបម្រើការងារប្រហែល៣.១០០នាក់ បានអនុញ្ញាតឲ្យកម្មករទាំងអស់ចេញទៅផ្ទះនៅពេលលាងសម្អាតកន្លែងហៀរទឹកអាសីុតនោះ។
នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឯណោះវិញ កម្មករ២៦នាក់នៅរោងចក្រស្បែកជើង Shimano កាន់កាប់ដោយជនជាតិជប៉ុនបានដួលសន្លប់ ដែលក្នុងនោះមន្ត្រីសហជីពម្នាក់បានបន្ទោសទៅលើការស្រូបក្លិនកាវ និងប្រាក់ឈ្នួលទាប។
អ្នកស្រី យ៉ាង...
តុលាការចោទប្រកាន់បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ពីបទចាប់រំលោភកូនចុងអាយុ១២ឆ្នាំរបស់ខ្លួន
នគរបាលបានឲ្យដឹងថា កាលពីម្សិលមិញ សាលាដំបូងខេត្្តកណ្តាលបានចោទប្រកាន់ បុរសអ្នករត់ម៉ូតូឌុបអាយុ២៧ឆ្នាំម្នាក់ពីបទចាប់រំលោភកូនចុងអាយុ១២ឆ្នាំរបស់ខ្លួន។
លោក កឹម យ៉ុង អធិការរងនគរបាលស្រុកខ្សាច់កណ្តាលបានមានប្រសាសន៍ថា ទាវសាវឿន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីម្តាយក្មេងស្រីរងគ្រោះបានដាក់ពាក្យ បណ្តឹងទៅនគរបាលចោទប្រកាន់ប្តីរបស់គាត់ពីបទចាប់រំលោភកូនស្រីរបស់គាត់។
លោកបានបន្ថែមថា “ជនសង្ស័យសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនចុងរបស់ខ្លួនច្រើនលើកមកហើយមែនក្នុងពេលកន្លងមក”។ លោក កឹម យ៉ុង មានប្រសាសន៍ថា បុរសរូបនេះបានចាប់រំលោភនាងយ៉ាងហោចណាស់ប្រាំមួយលើកដែរចាប់តាំងពីឆ្នាំ២០១២មក។
លើកចុងក្រោយ គាត់បានចាប់រំលោភក្មេងស្រីរូបនេះកាលពីរសៀលថ្ងៃច័ន្ទ ពេលម្តាយរបស់នាងមិននៅផ្ទះ។ក្មេងស្រីរូបនេះបានប្រាប់ម្តាយមីងនាង ដែលបានប្រាប់ម្តាយនាង ហើយស្ត្រីជាម្តាយបានរាយការណ៍ប្រាប់នគរបាល។ លោកបានថ្លែងថា “ក្មេងស្រីរងគ្រោះមិនហ៊ាននិយាយប្រាប់នរណាម្នាក់ទេ អស់រយៈពេលយូរមកហើយ ពីព្រោះឪពុកចុងរបស់នាងបានគំរាមសម្លាប់នាងបើនាងនិយាយរឿងនេះ”។
ឥឡូវនេះ ទាវ សាវឿន កំពុងត្រូវឃុំខ្លួនបណ្តោះអាសន្ន។ លោក កឹម សុគន្ធ អនុប្រធាននគរបាលយុត្តិធម៌ខេត្តបានមានប្រសាសន៍ថា “យើងបាននាំបុរសរូបនេះទៅតុលាការកាលពីថ្ងៃព្រហស្បតិ៍ហើយតុលាការបានចោទប្រកាន់ពីបទរំលោភអនីតិជន”។ អង្គការអាដហុក ឲ្យដឹងថា ខ្លួនទទួលបានករណីរំលោភកុមារ១៧៧ករណីកាលពីឆ្នាំមុន៕សារុន
នៅពេលកូដកម្មជិតកើតមានឡើង ទាហានបន្តឃ្លាំមើលសកម្មភាពនៅតាមរោងចក្រនានា
មេបញ្ជាការរងកងពលតូចលេខ៧០នៃកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ទាហានប្រដាប់អាវុធនឹងបន្តល្បាតនៅផ្លូវវេងស្រេង ដែលមានរោងចក្រជាជួរអមសងខាងក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទីដែលកម្លាំងកងរាជអាវុធហត្ថបានបាញ់សម្លាប់កម្មករប្រាំនាក់អំឡុងកូដកម្មទូទាំងប្រទេសមួយកាលពីខែមុន រហូតទាល់តែស្ថានភាពចលាចលនៅក្នុងវិស័យកាត់ដេរស្ងប់ស្ងាត់ទៅវិញ។
ទាហានមកពីកងពលតូចលេខ៧០ និងកងពលតូចលេខ៩៩នៃកងយោធពលខេមរភូមិន្ទ ដែលស្ពាយសម្ញែងកាំភ្លើងវែងអាកា៤៧ និងដែលត្រូវបានបញ្ជូនទៅកាន់តំបន់នោះជាលើកដំបូង បន្ទាប់ពីមានការបង្ក្រាបបង្ហូរឈាមលើកូដកម្មកាលពីខែមុន បានបង្ហាញវត្តមាននៅតាមបណ្ដោយផ្លូវវេងស្រេងចាប់តាំងពីការបដិសេធរបស់កម្មករមិនធ្វើការបន្ថែមម៉ោង ដែលដឹកនាំដោយសហជីពបានចាប់ផ្ដើមកាលពីថ្ងៃច័ន្ទមក។
នៅពេលសាកសួរអំពីវត្តមាននៃកងកម្លាំងរបស់ខ្លួនតាមបណ្ដោយផ្លូវនេះកាលពីថ្ងៃអង្គារ ឧត្តមសេនីយ៍ ហែម ថា មេបញ្ជាការរងកងពលតូចលេខ៧០បានមានប្រសាសន៍ថា “យើងដាក់ពង្រាយកម្លាំងរបស់យើងដើម្បីការពារសន្ដិសុខជូនប្រជាពលរដ្ឋនិងកម្មករ និងដើម្បីធ្វើឲ្យវិនិយោគិនមានការជឿទុកចិត្ត”។លោកបានមានប្រសាសន៍បន្ថែមទៀតថា “នៅពេលស្ថានភាពវិលទៅរកសភាពធម្មតា យើងនឹងបញ្ជូនពួកគេទៅកាន់អង្គភាពរបស់ពួកគេវិញ”។
កម្មករដែលដើរចេញពីរោងចក្រនានានៅពេលចប់ម៉ោងការងាររបស់ខ្លួននៅម៉ោង៤រសៀលកាលពីម្សិលមិញ និងដែលភាគច្រើនបានមើលឃើញសកម្មភាពកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបង្ហូរឈាមលើកូដកម្មរបស់កម្មកររោងចក្រកាត់ដេរកាលពីខែមុនបណ្ដាលឲ្យអ្នកតវ៉ាប្រាំនាក់ត្រូវគ្រាប់កំាភ្លើងបាត់បង់ជីវិតនោះ បាននិយាយថា ពួកគេមិនដឹងពីគោលបំណងរបស់ទាហានទាំងនេះទេ។...
យុទ្ធនាការអប់រំផ្សព្វផ្សាយមានសារៈសំខាន់ខ្លាំងក្នុងការលុបបំបាត់ការប្រើកម្មវិធីកុំព្យូទ័រខុសច្បាប់
កាលពីម្សិលមិញ មន្ត្រីសហរដ្ឋអាមេរិក និងនាយកគ្រប់គ្រងអាជីវកម្មជាច្រើនរូបទៀត បានសំណូមពរឲ្យរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយជាសាធារណៈ ដើម្បីណែនាំប្រជាជន កុំឲ្យប្រើកម្មវិធីកុំព្យូទ័រដែលមិនមានអាជ្ញាប័ណ្ណ។ គួរបញ្ជាក់ថា កម្មវិធីកុំព្យូទ័រទាំងនេះនៅតែជាបទល្មើសកម្មសិទ្ធិបញ្ញាធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។
ការប្រើប្រាស់កម្មវិធីកុំព្យូទ័រមិនស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែមានវិសាលភាពទូលំទូលាយខ្លាំង ពោលគឺមានហាងកុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិក ដែលលក់កម្មវិធីបែបនេះ ជាហេតុនាំឲ្យប្រជាជនមួយចំនួនឆ្ងល់ថា តើគម្រោងផ្តួចផ្តើមនេះអាចនឹងមានជោគជ័យពិតប្រាកដដែលឬទេ។
លោក ភីតធើ ហ្វោល័រ (Peter Fowler) អនុព័ន្ធកម្មសិទ្ធិបញ្ញាប្រចាំតំបន់ នៅការិយាល័យប្រកាសនីយប័ត្រតក្កកម្ម និងនិក្ខិត្តសញ្ញាសហរដ្ឋអាមេរិក (U.S Patent and Trade-mark Office) នៅទីក្រុងបាងកក ប្រទេសថៃ បានមានប្រសាសន៍ថា “ ខ្ញុំគិតថា ដើម្បីចាប់ផ្តើម ចាំបាច់ត្រូវមានយុទ្ធនាការអប់រំផ្សព្វផ្សាយជាសាធារណៈដ៏ខ្លាំងក្លាមួយដែលអាចត្រូវបានអនុវត្តក្នុងភាពជាដៃគូសហការជាមួយសមាគមឧស្សាហកម្មកម្ពុជាកុំព្យូទ័រ ដើម្បីឲ្យប្រជាជនមានការយល់ដឹងអំពីសារ:សំខាន់នៃការទិញកម្មវិធីកុំព្យូទ័រដើម្បីប្រើប្រាស់ ហើយរដ្ឋាភិបាលគួរតែធ្វើសកម្មភាពជាគំរូ ដោយដាក់ចេញនូវគោលការណ៍ណែនាំឲ្យមានការអនុវត្តដំណើរការដេញថ្លៃទិញកម្មវិធីកុំព្យូទ័រស្របច្បាប់នៅតាមទីភ្នាក់ងារ ការិយាល័យ និងស្ថាប័នរបស់រដ្ឋាភិបាល ដូចជា សាលារៀន មន្ទីរពេទ្យ និងសហគ្រាសដែលស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋ”។ លោក ហ្វោល័រ បានថ្លែងទៅកាន់អ្នកចូលរួមដែលជាអ្នកជំនួញមានទាំងស្រីទាំងប្រុសប្រហែល៧៥នាក់នៅក្នុងសិក្ខាសាលាមួយឧបត្ថម្ភដោយការិយាល័យប្រកាសនីយប័ត្រតក្កកម្ម និងនិក្ខិត្តសញ្ញាសហរដ្ឋអាមេរិក ដែលត្រូវបានរៀបចំឡើងកាលពីម្សិលមិញ ដើម្បីពិភាក្សាគ្នាអំពីសកម្មភាពធ្វើអាជីវកម្មមិនមានយុត្តិធម៌។
លោកស្រី ប៊ីលី ជិនស្លុត (Billie Jean Slott) មេធាវីនៅក្រុមហ៊ុនច្បាប់ក្នុងស្រុកមួយដែលមានឈ្មោះថា ស្ក៊ែររ៉ូនី អេន អាសូស៊ីអេត (Sciaroni and Associates) និងជាមេធាវីនៅសភាពាណិជ្ជកម្មអាមេរិក ដែលបានចូលរួម និងបញ្ចេញមតិនៅក្នុងសិក្ខាសាលានៅក្នុងសណ្ឋាគារអាំងទែរកង់ទីណង់តាល់ (InterCon tinental Hotel) ក្នុងរាជធានីភ្នំពេញបានសង្កត់ធ្ងន់ថា កម្មវិធីអប់រំផ្សព្វផ្សាយជាសាធារណៈគឺជាគន្លឹះក្នុងការជូនដំណឹង និងណែនាំប្រជាជនខ្មែរអំពីកម្មវិធីកុំព្យូទ័រដែលមិនមានអាជ្ញាប័ណ្ណ និងកម្មសិទ្ធិបញ្ញា។ លោកស្រី ជីនស្លុត បានមានប្រសាសន៍ថា “ ការអប់រំផ្សព្វផ្សាយនៅតែជាបញ្ហាដែលត្រូវដោះស្រាយ។ ប្រសិនបើយើងមិនទាររកកម្មវិធីកុំព្យូទ័រស្របច្បាប់នោះទេ យើងនឹងទទួលបានកម្មវិធីកុំព្យូទ័រមិនស្របច្បាប់ជាមិនខាន...។ នៅប្រទេសកម្ពុជា មិនមានវប្បធម៌ការពារកម្មសិទ្ធិបញ្ញាទេ”។ មេធាវីរូបនេះបានមានប្រសាសន៍បន្ថែមទៀតថា “ យើងកំពុងតែដោះស្រាយបញ្ហាសាធារណៈមួយ ដែលសាធារណជនមិនយល់អំពីកម្មសិទ្ធិបញ្ញាទេ”។ លោកស្រី ជីនស្លុត បានមានប្រសាសន៍បន្តថា “ ពួកគាត់មិនយល់សោះថា ការប្រើប្រាស់កម្មវិធីកុំព្យូទ័រមិនស្របច្បាប់ជាសកម្មភាពលួចកម្មសិទ្ធិបញ្ញាទេ”។ លោកស្រីមេធាវីក៏បានលើកឡើងផងដែរថា លោកស្រីមានជំនឿជឿជាក់ទៅលើកម្មវិធីអប់រំផ្សព្វផ្សាយជាសាធារណៈ។ លោកស្រីបានមានប្រសាសន៍ថា “ យើងស្ថិតក្នុងប្រទេសក្រីក្រមួយ ហើយយើងស្ថិតក្នុងសតវត្សរ៍ទី២១។ វាត្រូវការពេលវេលា។ គ្មានអ្វីកើតឡើងភ្លាមៗនោះទេ”។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តច្បាប់មួយចំនួន ដើម្បីគ្រប់គ្រងកម្មសិទ្ធិបញ្ញា ក្នុងឆ្នាំ២០០៤ បន្ទាប់ពីប្រទេសនេះបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization)។ ច្បាប់កម្មសិទ្ធិបញ្ញារបស់ប្រទេសកម្ពុជាត្រូវបានអនុម័តកាលពីឆ្នាំ២០០៣។
លោក ហ្វោល័រ បានថ្លែងបន្ថែមទៀតថាច្បាប់មានគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងបញ្ហានេះ ក៏ប៉ុន្តែ កង្វះសកម្មភាពអនុវត្តទាំងផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌ បានចូលរួមចំណែកក្នុងការជំរុញឲ្យសកម្មភាពលួចថតចម្លងកម្មវិធីកុំព្យូទ័ររីករាលដាលយ៉ាងទូលំទូលាយ “ ដោយសារមិនមានការចាប់អារម្មណ៍ ពីសំណាក់មន្ត្រីអនុវត្តច្បាប់ ក្នុងការអនុវត្តច្បាប់ ហើយសកម្មភាពរំលោភបំពានកម្រិតរដ្ឋប្បវេណីត្រូវការពេលវេលាសម្រាប់ធ្វើការតាមប្រព័ន្ធតុលាការ”។ លោកបានលើកឡើងបន្តទៀតថា ដូច្នេះ កម្មវិធីអប់រំពិតជាមានសារៈសំខាន់ណាស់។
លោក វ៉ា រ័ត្នសាន ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ទទួលបន្ទុកកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋាកម្មសិទ្ធិបញ្ញា
នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការិយាល័យរបស់លោកកំពុងធ្វើប្រតិបត្តិការជំរុញយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញា ដោយឆ្លងកាត់ទីស្តីការគណៈរដ្ឋមន្ត្រីក្នុងរយៈពេលពីរខែបន្ទាប់ ។ នៅក្នុងឯកសារយុទ្ធសាស្ត្រនោះក៏មានសេចក្តីបង្ហាញអំពីគំនិតផ្តួចផ្តើមឲ្យមានសកម្មភាពអប់រំផ្សព្វផ្សាយជាសាធារណៈផងដែរ។លោកបានមានប្រសាសន៍ថា “ ឯកសារយុទ្ធសាស្ត្រនេះ នឹងត្រូវដាក់ចេញយ៉ាងយូរនៅក្នុងខែមីនា ឬក៏ខែមេសា”។ លោកបានបន្ថែមថា បញ្ហាខ្វះការអនុវត្តច្បាប់នាពេលបច្ចុប្បន្ន គឺដោយសារតែនាយកដ្ឋានរបស់លោកមានថវិកាតិចតួច។ លោកបានមានប្រសាសន៍ថា “ យើងប្រឈមនឹងការលំបាកផ្នែកថវិកាសម្រាប់បណ្តុះបណ្តាល និងអប់រំប្រជាជន”៕ សុធា
នគរបាលរុះរើតង់របស់អ្នកភូមិនៅក្នុងខេត្តក្រចេះជាលើកទី២ បន្ទាប់ពីពួកគាត់បានវិលមកវិញ
កាលពីម្សិលមិញ នគរបាលខេត្តក្រចេះបានរុះរើតង់ស្នាក់នៅបណ្ដោះអាសន្នរបស់អ្នកភូមិប្រហែល៣០០គ្រួសារ ដែលជាប់ចោទថា បានរស់នៅលើដីរបស់រដ្ឋស្ថិតនៅក្នុងតំបន់អភិរក្សមួយ គឺមានរយៈពេលពីរសប្ដាហ៍បន្ទាប់ពីពួកគេបានបង្ខំឲ្យគ្រួសារជាច្រើនក្នុងចំណោមគ្រួសារដដែលនេះចេញពីតំបន់នេះ។
គ្រួសារមួយចំនួននិយាយថា ពួកគាត់បានរស់នៅលើដីនេះរយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគាត់មិនមានប័ណ្ណកម្មសិទ្ធិដីទេ ហើយបានបិទផ្លូវជាតិលេខ៧៦អស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃទី១២ខែកុម្ភៈបន្ទាប់ពីនគរបាលបានដុតបំផ្លាញផ្ទះរបស់ពួកគាត់អស់ជាច្រើនខ្នង។ ប៉ុន្តែនៅពេលដែលគ្រួសារទាំងនោះវិលត្រឡប់មកវិញ នគរបាលក៏បានត្រឡប់មកចាត់វិធានការម្តងទៀតដែរ។ លោក កែវ ជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានមានប្រសាសន៍ថា “ យើង បានប្រើកម្លាំងនគរបាល និងកងរាជអាវុធហត្ថជាង៥០នាក់ទៅរុះរើតង់ស្នាក់នៅរបស់អ្នកភូមិ ពីព្រោះពួកគាត់បានត្រឡប់មករស់នៅទីនេះវិញ បន្ទាប់ពីយើងបានបណ្ដេញពួកគាត់ចេញប្រហែលពីរសប្ដាហ៍មុន”។ លោកបានបន្ថែមថា “ យើងបានរុះរើតង់របស់អ្នកភូមិទាំងនោះ ពីព្រោះពួកគាត់មករស់នៅលើដីរបស់រដ្ឋ ហើយនេះជាលើកទី២ហើយដែលយើងបានរុះរើតង់ដោយសារពួកគាត់បានត្រឡប់មកវិញ”។ លោកបានមានប្រសាសន៍ថា“ យើងបានជូនដំណឹងជាច្រើនលើកច្រើនសាមកហើយឲ្យពួកគាត់ចាកចេញពីដីនេះ និងកុំរានដីព្រៃរបស់រដ្ឋទៀត ពីព្រោះនេះជាតំបន់អភិរក្ស ប៉ុន្តែ ពួកគាត់មិនស្ដាប់អាជ្ញាធរឡើយ”។
លោក ចាន់ សុគីម អធិការនគរបាលស្រុកស្នួលបានមានប្រសាសន៍ថា តង់ចំនួន១០០ត្រូវបានរុះរើកាលពីម្សិលមិញ។ អ្នកស្រី ស៊ិន ណារី ដែលតង់របស់គាត់ត្រូវបានរុះរើនោះ បាននិយាយថា នគរបាលបានយករណារអារផ្តាច់បង្គោលតង់របស់ពួកគាត់ផ្ដួលតែម្ដង ហើយអ្នកស្រីបានចោទរដ្ឋាភិបាលថា បានប្លន់យកដីរបស់ពួកគាត់។ អ្នកស្រីបាននិយាយថា “ ខ្ញុំមិនព្រមចាកចេញពីដីនេះទេ ពីព្រោះគ្រួសារខ្ញុំរស់នៅទីនេះរយៈពេលជាង១០ឆ្នាំមកហើយ”។
ដោយមិនខ្លាចបាត់បង់ជម្រក អ្នក ស្រី ណារី បាននិយាយថា អ្នកស្រីនឹងមិនចាកចេញពីកន្លែងនេះទេ ហើយនឹងបន្តធ្វើការងារនៅចម្ការដំឡូងមីរបស់គាត់នៅក្បែរនោះដដែល។
លោក ហេង ភារក្ស អ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា គ្រួសារជាច្រើនអះអាងថា ពួកគាត់បានរស់នៅលើដីនេះអស់រយៈពេលមួយទសវត្សរ៍ ឬយូរជាងនេះទៅទៀត...
រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះទៅមើលក្រុមហ៊ុន UDG នៅខេត្តកោះកុង តែមិនបានទៅជួបអ្នកភូមិ
យោងតាមបុគ្គលិកអង្គការសិទ្ធិមនុស្សម្នាក់និងមន្ត្រីខេត្តម្នាក់បានឲ្យដឹងថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនបានទៅជួបក្រុមអ្នកភូមិដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីដ៏យូរមកហើយជាមួយក្រុមហ៊ុនអភិវឌ្ឍន៍សហជីព(UDG) ជាក្រុមហ៊ុនចិនឡើយ ថ្វីបើលោកបានចុះទៅជួបបុគ្គលិករបស់ក្រុមហ៊ុននេះនៅក្នុងខេត្តកោះកុងកាលពីម្សិលមិញក៏ដោយ។
លោក សាយ សំអាល់ បានទៅដល់ខេត្តកោះកុងតាមឧទ្ធម្ភាគចក្រ ដោយបានឈប់មួយភ្លែតដើម្បីចុះទៅពិនិត្យមើលស្នាក់ការកណ្តាលរបស់គម្រោងសាងសង់រមណីយដ្ឋានដែលចំណាយទឹកប្រាក់៣,៨ពាន់លានដុល្លារ ដែលដីសម្បទានទំហំ៤៥.០០០ហិកតារបស់ក្រុមហ៊ុននេះត្រូវបានកាត់ចេញពីឧទ្យានជាតិបទុមសាគរ ធ្វើឲ្យអ្នកភូមិមានការខកចិត្ត និងស្រងាកចិត្ត ហើយនិយាយថា ពួកគាត់មិនទាន់ទទួលបានសំណងនៅឡើយទេ បន្ទាប់ពីផ្ទះសំបែងរបស់ខ្លួនត្រូវបានដុតបំផ្លាញកាលពីខែមករា។
លោក អ៊ិន គង់ចិត្រ អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តនេះបានមានប្រសាសន៍ថា “ រដ្ឋមន្ត្រីបានចុះទៅមើលទីតាំងរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ ប៉ុន្តែ លោកមិនបានទៅពិនិត្យមើលកន្លែងដែលក្រុមហ៊ុននេះកំពុងឈូសឆាយដីរបស់ប្រជាពលរដ្ឋឡើយ”។ លោក អ៊ិន គង់ចិត្រ បានមានប្រសាសន៍ថា “ ការចុះមកនេះមិនបានស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋទេ ហើយមានតែធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមទៅវិញ។លោកបានបន្ថែមថា លោក សាយ សំអាល់ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រចាកចេញយ៉ាងលឿន ទៅកាន់ខេត្តប៉ៃលិនបន្ទាប់ពីបានជួបជាមួយបុគ្គលិកក្រុមហ៊ុនអភិវឌ្ឍន៍សហជីព និងមន្ត្រីខេត្តរួចមក។
អ្នកស្រី ស៊ុន គឹមសឿន អាយុ៥៨ឆ្នាំ ជាអ្នកភូមិម្នាក់មកពីឃុំតានួន ស្រុកបទុមសាគរបាននិយាយថា គាត់ និងអ្នកភូមិដទៃទៀតចង់ធ្វើដំណើរពីកន្លែងតាំងទីលំនៅថ្មីរបស់ខ្លួនដែលហុយដីទ្រលោម ទៅជួបលោក សាយ សំអាល់ ។ អ្នកស្រីបាននិយាយថា “អ្នកភូមិជាច្រើនចង់ជួបលោក ប៉ុន្តែ ពួកគាត់មិនអាចជួបលោកទាន់ពេលទេ។ ការចុះមកពិនិត្យមើលរបស់លោកគ្មានប្រយោជន៍ឡើយ ពីព្រោះលោកមិនអាចជួយអ្វីបានសោះ”។បន្ថែមពីលើសំណង អ្នកភូមិរស់នៅក្នុងស្រុកបទុមសាគរ និងគិរីសាគរដែលរងផលប៉ះពាល់ នៅសប្តាហ៍នេះក៏បានលើកឡើងផងដែរថា ពួកគាត់ចង់ដឹងពីមូលហេតុដែលក្រុមហ៊ុនចាប់ផ្តើមដាំដំឡូងមីនៅលើដីសម្បទានមួយផ្នែកដែលទុកសម្រាប់សាងសង់អាកាសយានដ្ឋាន។
លោក ស៊ុន តារា អភិបាលរងខេត្តបានមានប្រសាសន៍ថា លោក សាយ សំអាល់ និងមន្ត្រីខេត្តមិនបានដោះស្រាយបញ្ហាពាក់ព័ន្ធសំណងមែន ប៉ុន្តែ បានផ្តោតទៅលើទីតាំងមួយចំនួនរបស់គម្រោងអភិវឌ្ឍន៍ដូចជាកំពង់ផែជាដើម។
បើទោះជាលោក សាយ សំអាល់ ធ្វើដំណើរតាមឧទ្ធម្ភាគចក្រក៏ដោយ ក៏លោក...
មហាសេដ្ឋីក្រុមហ៊ុនសំណង់សូមអភ័យទោសចំពោះការចោទប្រកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
មហាសេដ្ឋីសំណង់ម្នាក់ដែលកន្លងមកបានចោទប្រកាន់លោក ស៊ុន ចាន់ថុល ដែលជាបងថ្លៃរបស់ខ្លួន ថាបានប្រឌិតករណីព្រហ្មទណ្ឌដ៏ធំមួយ ដើម្បីទទួលបានចំណែកនៃទ្រព្យសម្បត្តិដ៏ធំនៅក្នុងគ្រួសារនេះ បានដកការចោទប្រកាន់របស់ខ្លួននៅក្នុងលិខិតសុំអភ័យទោសមួយ។
លោក ខូវ ផល្លាបុត្រ ប្រធានក្រុមហ៊ុនសំណង់ Khaou Chuly MKK Co. ជាក្រុមហ៊ុនបង្កើតឡើងលោក ខូវ ជឺលី ជាឪពុករបស់លោក បានផ្ញើលិខិតមួយច្បាប់ទៅលោក ចាន់ថុល កាលពីក្នុងខែវិច្ឆិកា ដោយសុំទោចំពោះការចោទប្រកាន់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា បានមួលបង្កាច់ម្ដាយចុងរបស់ខ្លួនឈ្មោះ ខូវ សេងចន្តា ដែលជាប់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទមានគម្រោងចាប់រំលោភហើយសម្លាប់ភរិយា និងកូនស្រីរបស់លោក ស៊ុន ចាន់ថុល។
លិខិតនេះមានខ្លឹមសារថា លោក ផល្លាបុត្រ បានផ្ញើលិខិតនេះដែលលោកបានចុះហត្ថលេខា និងផ្ដិតមេដៃថា “ សូមអភ័យទោសចំពោះកំហុសរបស់លោក និងសូមកុំឲ្យអ្នកនៅក្នុង ឬនៅក្រៅប្រទេសយល់ខុសអំពីក្រុមគ្រួសាររបស់ឯកឧត្តម ចាន់ថុល”។លោក ផល្លាបុត្រ បានសរសេរថា “ ពាក្យសម្តីដែលខ្ញុំបានចោទប្រកាន់ឯកឧត្តម ស៊ុន ចាន់ថុល និងលោកជំទាវ ស៊ុន សូថា ថា បានបង្កើតរឿងក្ដីនេះក្នុងគោលបំណងចោទអ្នកស្រី សេង ចន្តា និងឈ្មោះ ឡាយ ហួង ដើម្បីកាន់កាប់ទ្រព្យសម្បត្តិរបស់គ្រួសារលោក ខូវ ជឺលី គឺជាការយល់ខុស ហើយពិតជាខុសទាំងស្រុង”។លិខិតនេះបានឲ្យដឹងបន្តទៀតថា “ ឯកឧត្តម ស៊ុន ចាន់ថុល និងលោកជំទាវ ស៊ុន សូថា មិនដែលចង់បានទ្រព្យសម្បត្តិពីគ្រួសាររបស់លោក ខូវ ជឺលី សូម្បីតែ១ដុល្លារ”។ លោក ផល្លាបុត្រ បានឲ្យដឹងថា លោកដឹងថា លោកស្រី សេង ចន្តា និង ឡាយហួង ជាស្ត្រី ដែលលោកចាត់ទុកថា ជាស្រីកំណាន់របស់គាត់ តាមពិតគឺជាមនុស្សបោកប្រាស់ដែលមានផែនការចាប់រំលោភ និងធ្វើឃាតភរិយា និងកូនស្រីរបស់លោក ចាន់ថុល ដើម្បីលួចទ្រព្យសម្បត្តិរបស់គ្រួសារលោក ជឺលី។ លិខិតនេះមានខ្លឹមសារថា “ ខ្ញុំសូមសម្ដែងនូវការសោកស្ដាយបំផុត ដែលខ្ញុំបានការពារលោកស្រី សេង ចន្តា និង ឡាយ ហួង ដែលសមគំនិតគ្នា និងមានផែនការចាប់រំលោភ និងសម្លាប់បងស្រីរបស់ខ្ញុំឈ្មោះ ស៊ុន សូថា និងក្មួយស្រីរបស់ខ្ញុំ”។
ក្នុងខែកុម្ភៈ ឆ្នាំ២០១១ លោកស្រី សេង ចន្តា ត្រូវបានផ្ដន្ទាទោសពីបទសមគំនិតជា មួយឈ្មោះ ចាន់ សុខា ជាអ្នកបម្រើម្នាក់ក្នុងចំណោមអ្នកបម្រើរបស់គាត់នៅពេលនោះ ដើម្បីជួលឈ្មោះ នាង ស៊ីណាត ជាអ្នកបម្រើដែលធ្វើការឲ្យលោក ស៊ុន ចាន់ថុល ដើម្បីអាចឲ្យចូលជិត និងចេញចូលភូមិគ្រិះរបស់អ្នកស្រី សូថា ក្នុងរាជធានីភ្នំពេញនៅពេលយប់ក្នុងការធ្វើឃាតតាមការគ្រោងទុកក្នុងខែមិថុនា ឆ្នាំ២០១០។គ្មានជនសង្ស័យណាម្នាក់ត្រូវបានគេឃើញនៅឯភូមិគ្រិះរបស់លោក ស៊ុន ចាន់ថុល នៅពេលយប់ដែលប៉ុនប៉ងធ្វើឃាតនោះទេ ហើយមិនមានប៉ះពាល់ដល់ភរិយា ឬកូនស្រីរបស់លោកឡើយ។ ភ័ស្តុតាងសំខាន់ពាក់ព័ន្ធនឹងអ្នកស្រី សេង ចន្តា ត្រូវបានបំភ្លឺ ដោយអ្នកបម្រើគឺអ្នកស្រី សុខា និងអ្នកស្រី ស៊ីណាត ដែលថា ខ្លួនមិនបានធ្វើអ្វីខុសឡើយនៅក្នុងការជំនុំជម្រះក្ដីដំបូងនៅឯសាលាដំបូងរាជធានីភ្នំពេញ ហើយក្រោយមកបានសារភាពពីតួនាទីរបស់ខ្លួនក្នុងការធ្វើឃាតមិនបានសម្រេចនេះ។
អ្នកស្រី ហ៊ុយ សុខលាភ ប្អូនស្រីរបស់អ្នកស្រី សេង ចន្តា បានលើកឡើកថា អ្នកស្រីជឿថា លោក ផល្លាបុត្រ ត្រូវជាបងប្រុសចុងរបស់អ្នកស្រី ត្រូវបានបង្ខំឲ្យសរសេរលិខិតសារភាពកំហុស។ អ្នកស្រី សុខលាភ បាននិយាយថា “ ខ្ញុំគិតថា មានអ្នកបង្ខំគាត់ ឲ្យធ្វើបែបនេះ ហើយប្រហែលជាគាត់ខ្លាចអំណាចរបស់ឯកឧត្តម ស៊ុន ចាន់ថុល។ ករណីដែលបងប្រុសរបស់ខ្ញុំត្រូវបានចោទប្រកាន់នោះមិនពិតទេ ព្រោះម្តាយរបស់ខ្ញុំមិនបានប្រព្រឹត្តបទល្មើសទេ”។ អ្នកស្រី សុខលាភ បានមានប្រសាសន៍បន្តទៀតថា “ ឯកឧត្តម ស៊ុន ចាន់ថុល បានដាក់សម្ពាធទៅលើបងប្អូនរបស់ម្តាយឯកឧត្តម។ ខ្ញុំឮគេនិយាយថា គាត់ក៏បានគំរាមខ្ញុំផងដែរ។សូមប្រយ័ត្ន។ខ្ញុំខ្លាចដូចជាម្តាយរបស់ខ្ញុំ”។ លោក ស៊ុន ចាន់ថុល បានលើកឡើងថា លោករវល់ណាស់មិនអាចធ្វើសេចក្តីអត្ថាធិប្បាយអំពីការសូមអភ័យទោសរបស់លោក ផល្លាបុត្រទេ៕ ប៊ុននី
ម្ចាស់ស៊ីសាបារយ៉ាងតិច១៥កន្លែង បិទហាងជាបណ្តោះអាសន្ន បន្ទាប់ពីរដ្ឋាភិបាលព្រមានឲ្យបិទ
ម្ចាស់ស៊ីសាបារយ៉ាងតិច១៥កន្លែងបានបិទហាងរបស់ខ្លួនជាបណ្តោះអាសន្នកាលពីម្សិលមិញ មួយថ្ងៃបន្ទាប់ពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានប្រកាសផែនការឲ្យបិទទីកន្លែងបែបនេះ ពីព្រោះលោកជឿថា ការជក់ខ្សៀនេះ ធ្វើឲ្យប៉ះពាល់ដល់យុវជន និងមិនអាចឲ្យពួកគេអានសៀវភៅបាន។
វាទំនងថា លោក ប៉ា សុជាតិវង្ស មិនមែនធ្វើយុទ្ធនាការនេះតែឯងប្រឆាំងនឹងបារដែលកំពុងពេញនិយមក្នុងចំណោមយុវជនក្នុងរាជធានីភ្នំពេញ និងរីករាលដាលទូទាំងរាជធានីនោះឡើយ។ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិកម្ចាត់គ្រឿងញៀន បានសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ ដោយជំរុញឲ្យលោកបិទបារទាំងនោះ។
ម្ចាស់ស៊ីសាបារមួយកន្លែង ដែលគ្រាន់តែប្រាប់ឈ្មោះថា ដា បានឲ្យដឹងថា ខ្លួនត្រូវបានមន្ត្រីនគរបាលសង្កាត់ផ្សារកណ្តាល១ ព្រមានរួចហើយថា គាត់ត្រូវបិទអាជីវកម្ម ដែលគាត់បានវិនិយោគប្រាក់ចំនួន១០០.០០០ដុល្លារ។ ម្ចាស់បាររូបននេះបានឲ្យដឹងថា “ ពេលនេះ យើងនឹងបិទស៊ីសាបាររបស់យើងជាបណ្តោះអាសន្ន ប៉ុន្តែយើងមិនចង់ឲ្យសាលារាជធានី និងរដ្ឋាភិបាលធ្វើឲ្យរឿងនេះខុសច្បាប់នោះទេ។ សូមសាលារាជធានីបង្កើតច្បាប់មួយ និងចេញអាជ្ញាប័ណ្ណដល់អាជីវកម្មស៊ីសាបារ បើមិនដូច្នោះទេ ម្ចាស់ហាងនឹងខាតបង់ប្រាក់យ៉ាងច្រើន”។ម្ចាស់បាររូបនេះបានឲ្យដឹងថា “ ស៊ីសាមិនមែនជាថ្នាំញៀនទេ ហើយវាពេញនិយមនៅអឺរ៉ុបដែរ។ រដ្ឋាភិបាលបាននិយាយថា យើងមិនត្រូវបានអនុញ្ញាតឲ្យបម្រើសិស្សទេប៉ុន្តែអាជីវកម្មរបស់យើងក៏បម្រើភ្ញៀវទេសចរផងដែរ”។
នៅក្នុងលិខិតមួយច្បាប់ជូនលោក ហ៊ុន សែន លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិកម្ចាត់គ្រឿងញៀនបានមានប្រសាសន៍ថា អង្គភាពប្រឆាំងគ្រឿងញៀននេះ ត្រៀមជួយបិទបារទាំងនេះ ប្រសិនបើទទួលបានបទបញ្ជា។លោកបានមានប្រសាសន៍ថា “ យើងចង់ឲ្យសម្តេច ហ៊ុន សែន អនុញ្ញាតឲ្យយើងបិទស៊ីសាបារទំាងអស់ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ពីព្រោះមានស៊ីសាបារច្រើន និងប៉ះពាល់ដល់សិស្សទាំងឡាយ។ នៅតាមខេត្តផ្សេងទៀត សិស្សសាលានៅទីនោះក៏ចង់ព្យាយាមជក់ស៊ីសាដែរ ដូច្នេះបន្ទាប់នេះ អាជ្ញាធរផ្សេងទៀតត្រូវអនុវត្តបទបញ្ជាឲ្យបិទបារទាំងនោះ ពីព្រោះអ្នកខ្លះគិតថា វាក៏
ជាប្រភេទគ្រឿងញៀនដែរ”។
ទាក់ទងបានតាមទូរស័ព្ទ លោក មាស វីរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិកម្ចាត់គ្រឿងញៀនបានមានប្រសាសន៍ថា ស្ថាប័នកម្ចាត់គ្រឿងញៀននឹងជួយអនុវត្តបទបញ្ជា ប្រសិនបើចេញដោយនាយករដ្ឋមន្ត្រី។លោក វីរិទ្ធ បានមានប្រសាសន៍បន្ថែមទៀតថា “ វាមិនមែនជាគ្រឿងញៀនទេ ក៏ប៉ុន្តែយើងត្រូវធ្វើតាមបទបញ្ជារបស់រដ្ឋាភិបាល ពីព្រោះនៅក្នុងសង្គម មនុស្សជាច្រើនមានការបារម្ភថា កូនៗរបស់ខ្លួននឹងមិនទៅរៀនឡើយ”៕ ប៊ុននី
ខ្មាន់កាំភ្លើងបាញ់ប្លន់អាជីវករលក់មាសនៅផ្សារព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
ចោរប្លន់មួយក្រុមប្រដាប់ដោយកាំភ្លើងខ្លីមួយដើម និងកំាភ្លើងវែងអាកា៤៧មួយដើម បានបាញ់ទៅលើអាជីវករលក់មាសបីនាក់ បណ្ដាលឲ្យរងរបួសនៅផ្សារព្រែកតាមាក់ ក្នុងខេត្តកណ្ដាលកាលពីថ្ងៃអង្គារ ដោយប្រមូលបានមាស និងសាច់ប្រាក់សរុបជាង៨១.០០០ដុល្លារ នេះបើយោងតាមនគរបាលក្នុងមូលដ្ឋានបានលើកឡើងកាលពីម្សិលមិញ។
លោក អ៊ុន យ៉ុង អធិការរងស្រុកខ្សាច់កណ្ដាលបានមានប្រសាសន៍ថា ក្រុមចោរប្លន់ ដែលមានគ្នាពីបួនទៅប្រាំនាក់បានមកដល់ផ្សារព្រែកតាមាក់ នៅម៉ោង៦ និង៣០នាទីល្ងាច រួចក៏ធ្វើសកម្មភាពប្លន់តូបលក់មាសមួយ ហើយបានផ្ទុះអាវុធសរុបចំនួន១០គ្រាប់។ លោកបានមានប្រសាសន៍បន្ថែមទៀតថា បន្ទាប់ពីការបាញ់ប្រហារ ក្រុមចោរប្លន់បានគេចខ្លួនជាមួយនឹងមាស២៣តម្លឹង (មានតម្លៃប្រហែល៣៦.៨០០ដុល្លារ) ប្លាទីនចំនួន២៥តម្លឹង (មានតម្លៃប្រហែល៤១.៩០០ដុល្លារ) ប្រាក់ដុល្លារចំនួន៦.០៥០ដុល្លារ...
Latest news
© 2021, ដេលី. All rights reserved.

