29 C
Phnom Penh

រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ចុះទៅមើល​ក្រុម​ហ៊ុន UDG នៅ​ខេត្ត​កោះកុង តែ​​មិនបាន​ទៅ​ជួប​អ្នក​ភូមិ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​ម្នាក់​និង​មន្ត្រី​ខេត្ត​ម្នាក់​បាន​ឲ្យ​ដឹង​ថា លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​មិន​បាន​ទៅ​​ជួប​ក្រុម​អ្នកភូមិ​​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុងវិវាទ​ដីធ្លី​ដ៏​យូរ​មកហើយ​ជា​មួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​សហជីព​(UDG) ជាក្រុម​ហ៊ុន​​ចិន​​ឡើយ ថ្វីបើ​​​លោកបាន​ចុះ​ទៅ​​ជួប​​បុគ្គលិក​​​របស់​ក្រុមហ៊ុន​នេះ​​នៅក្នុង​ខេត្ត​កោះ​កុង​កាល​ពី​ម្សិលមិញ​ក៏​ដោយ​។


លោក សាយ សំអាល់ បាន​​ទៅ​ដល់​ខេត្ត​កោះកុង​​តាម​​ឧទ្ធម្ភាគចក្រ​ ដោយ​បាន​ឈប់​​មួយ​ភ្លែត​ដើម្បី​ចុះទៅ​ពិនិត្យ​មើល​ស្នាក់ការ​កណ្តាល​របស់​គម្រោង​សាង​សង់​រមណី​យ​ដ្ឋាន​ដែលចំណាយ​ទឹក​ប្រាក់​៣,៨​ពាន់​លាន​ដុល្លារ​ ដែល​​​ដី​សម្ប​ទាន​ទំហំ​៤៥​.០០០​ហិកតារបស់ក្រុមហ៊ុន​នេះ​​ត្រូវ​បាន​កាត់​ចេញ​​ពីឧទ្យាន​ជាតិ​បទុម​សាគរ​ ធ្វើ​ឲ្យ​​អ្នក​ភូមិមានការ​ខក​ចិត្ត​ និង​ស្រងាកចិត្ត ហើយ​​និយាយ​​ថា ពួកគាត់​មិន​ទាន់​​ទទួល​​បាន​សំណង​នៅឡើយ​ទេ​ បន្ទាប់​ពី​ផ្ទះ​សំបែង​របស់​ខ្លួន​ត្រូវ​បាន​ដុត​បំផ្លាញ​កាល​​ពីខែ​មករា​។

លោក  អ៊ិន គង់ចិត្រ អ្នក​សម្រប​សម្រួល​នៅ​អង្គ​ការ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំខេត្ត​នេះ​បាន​មាន​​​ប្រសាសន៍ថា “ រដ្ឋមន្ត្រី​​​បាន​ចុះ​ទៅ​​មើល​​ទីតាំង​របស់​ក្រុម​ហ៊ុន​តែ​ប៉ុណ្ណោះ ​ប៉ុន្តែ លោក​មិន​បាន​ទៅពិនិត្យ​​មើល​​កន្លែង​ដែល​ក្រុមហ៊ុន​នេះ​កំពុង​ឈូស​ឆាយ​ដី​របស់​ប្រជា​ពល​​រដ្ឋ​ឡើយ​”។ លោក អ៊ិន គង់ចិត្រ បាន​មាន​ប្រសា​សន៍​ថា​ “ ការ​ចុះ​មក​នេះមិន​បាន​​ស្វែ​ងរក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ​ទេ​ ហើយ​​មាន​តែ​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​អស់​សង្ឃឹមទៅវិញ​។​​លោក​បាន​បន្ថែម​ថា លោក សាយ សំអាល់​​ បាន​​​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ចាក​​​ចេញ​យ៉ាង​លឿន ទៅ​កាន់​ខេត្ត​ប៉ៃ​លិន​​​​បន្ទាប់​ពី​បាន​​ជួប​ជាមួយ​បុគ្គលិក​ក្រុម​ហ៊ុន​អភិវឌ្ឍ​ន៍​សហជីព និងមន្ត្រី​ខេត្ត​រួច​មក​។

អ្នកស្រី​ ស៊ុន គឹមសឿន អាយុ​៥៨​ឆ្នាំ ជា​អ្នក​ភូមិ​ម្នាក់​មក​ពីឃុំតានួន ស្រុក​បទុម​សាគរ​បាន​និយាយថា គាត់ និង​អ្នក​ភូមិដទៃ​​​ទៀត​ចង់​​​ធ្វើ​ដំណើរ​ពី​កន្លែង​តាំ​ង​ទីលំនៅ​​ថ្មី​របស់​ខ្លួន​​ដែល​​ហុយដីទ្រលោម ​ទៅ​ជួប​លោក សាយ​​ សំអាល់ ។ អ្នកស្រី​បាន​និយាយថា “អ្នក​ភូមិ​ជា​ច្រើន​ចង់​ជួប​លោក​ ប៉ុន្តែ ពួកគាត់​មិន​អាច​ជួប​លោក​ទាន់ពេល​ទេ​។ ការ​ចុះ​មក​ពិនិត្យ​មើល​របស់​លោក​គ្មាន​​ប្រយោជន៍​ឡើយ​ ពីព្រោះ​លោកមិនអាចជួយអ្វីបាន​សោះ​”។បន្ថែម​ពីលើសំណង​ អ្នកភូមិ​រស់​នៅ​ក្នុង​ស្រុក​បទុម​សាគរ​ និង​គិរីសាគរ​ដែល​រង​ផល​ប៉ះពាល់​ នៅសប្តាហ៍​នេះ​ក៏បាន​លើ​ក​ឡើង​ផងដែរ​ថា ពួកគាត់​ចង់​ដឹង​ពីមូល​ហេតុ​ដែល​ក្រុម​ហ៊ុន​ចាប់​ផ្តើម​ដាំដំឡូង​មី​នៅ​លើ​ដី​សម្បទាន​មួយផ្នែក​ដែល​ទុក​សម្រាប់​សាង​សង់អាកាស​យានដ្ឋាន​។

លោក ស៊ុន តារា អភិបាល​រង​ខេត្ត​បាន​មាន​ប្រសាសន៍ថា លោក សាយ សំអាល់ និង​មន្ត្រីខេត្ត​មិន​បាន​ដោះស្រាយ​បញ្ហា​ពាក់​ព័ន្ធ​សំណងមែន​​ ​ប៉ុន្តែ បាន​​​ផ្តោត​ទៅ​លើ​ទីតាំង​មួយ​ចំនួន​របស់​គម្រោង​​អភិវឌ្ឍន៍​ដូចជា​កំពង់​ផែ​​ជាដើម​។

បើទោះជា​លោក សាយ សំអាល់ ធ្វើ​​ដំណើរ​តាម​​ឧទ្ធម្ភាគចក្រ​ក៏​ដោយ​ ក៏លោក តារា លើកឡើង​ថា វា​មាន​ការ​លំបាក​សម្រាប់​​​លោក សាយ​ សំអាល់ ក្នុងការ​ចុះ​ទៅ​តំបន់​​ដែល​មាន​វិវាទ​ដើម្បីជួប​ជាមួយ​អ្នក​ភូមិ​ណាស់​ ពីព្រោះផ្លូវ​ស្ថាបនា​មិន​ទាន់​រួច​រាល់​។ លោ​កបាន​មាន​ប្រសាសន៍ថា “យើង​មិន​​បាន​ពិភាក្សា​​អំពី​បញ្ហា​ផ្តល់​សំណង​ទេ​ ពី​ព្រោះ​​​លោក​គ្រាន់​តែចុះមក​​ពិនិត្យមើល​ស្ថាន​ភាព​ទូទៅ​នៃការ​អភិវឌ្ឍរបស់​ក្រុម​ហ៊ុន​​ប៉ុណ្ណោះ​”។ លោក​បាន​បន្ថែមថា “ ប៉ុន្តែ អាជ្ញាធរ​មូល​ដ្ឋានបាន​​លើក​ឡើង​ពីបញ្ហា​ផ្ត​ល់​សំណង​ទាំង​អស់​ ហើយ​លោក​ សាយ សំអាល់ បាន​មាន​ប្រសាសន៍ថា លោក​នឹង​ពិនិត្យ​មើល​ឯក​សារ​ដែល​បាន​ដាក់​ជូន”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស