31 C
Phnom Penh

នៅ​​​ពេល​​​កូដកម្ម​​​ជិត​​​កើត​​​មាន​​​ឡើង​​​​​​ ទាហាន​​​​​​បន្ត​​​ឃ្លាំមើល​​​សកម្មភាព​​​នៅ​​​តាម​​​រោងចក្រ​​​​​​នានា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេបញ្ជាការ​​​រង​​​​​​កង​​​ពល​​​តូច​​​លេខ​​​៧០​​​នៃ​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​​​​បាន​​​មាន​​​ប្រសា​​​សន៍​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​ថា ទាហាន​​​ប្រដាប់​​​អាវុធ​​​​​​​​​នឹង​​​​​​បន្ត​​​​​​ល្បាត​​​នៅ​​​ផ្លូវ​​​វេង​​​ស្រេង​​​ ​​​ដែល​​​មាន​​​រោងចក្រ​​​ជា​​​ជួរ​​​អម​​​សង​​​ខាង​​​ក្នុង​​​​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ រាជធានីភ្នំពេញ​​​ ទីដែល​​​​​​កម្លាំង​​​កង​​​រាជអាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​សម្លាប់​​​​​​កម្មករ​​​​​​ប្រាំ​​​​​​នាក់អំឡុង​​​កូដកម្ម​​​ទូទាំង​​​ប្រទេស​​​មួយ​​​កាល​​​ពី​​​ខែ​​​មុន​​​ រហូត​​​ទាល់​​​តែ​​​​​​ស្ថាន​​​ភាព​​​ចលាចល​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​​​​​​​ស្ងប់ស្ងាត់​​​ទៅ​​​វិញ​​​។


ទាហាន​​​មក​​​ពី​​​កង​​​ពល​​​តូច​​​លេខ​​​៧០ និង​​​កង​​​ពល​​​តូច​​​លេខ​​​៩៩​​​​​​នៃ​​​កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ​​​ ដែល​​​​​​ស្ពាយ​​​សម្ញែង​​​​​​កាំភ្លើង​​​វែង​​​អាកា​​​៤៧​​​ និង​​​ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅកាន់​​​តំបន់​​​នោះ​​​​​​ជា​​​លើក​​​ដំបូង​​​ បន្ទាប់​​​ពី​​​មាន​​​​​​ការ​​​បង្ក្រាប​​​បង្ហូរ​​​ឈាម​​​​​​លើ​​​កូដកម្ម​​​កាល​​​ពីខែ​​​មុន​​​ បាន​​​បង្ហាញ​​​​​​វត្តមាន​​​​​​នៅ​​​តាម​​​បណ្ដោយ​​​​​​ផ្លូវ​​​វេង​​​ស្រេង​​​​​​ចាប់​​​​​​តាំងពី​​​ការ​​​​​​បដិសេធរបស់​​​កម្មករ​​​​​​​​​មិន​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​​​​ ដែល​​​ដឹក​​​នាំ​​​​​​ដោយ​​​សហជីព​​​បាន​​​ចាប់ផ្ដើម​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​មក។​​​

នៅ​​​ពេល​​​សាក​​​សួរ​​​​​​អំពី​​​វត្តមាន​​​​​​នៃ​​​កង​​​​​​កម្លាំង​​​របស់​​​ខ្លួន​​តាម​​​បណ្ដោយ​​​ផ្លូវ​​​នេះ​​​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ​ ឧត្តម​​​សេនីយ៍​​​ ហែម ថា មេបញ្ជា​​​ការ​​​រង​​​​​​​​​កង​​​ពល​​​តូច​​​​​​លេខ​​​៧០​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​​​​ដាក់​​​ពង្រាយ​​​កម្លាំង​​​របស់​​​យើង​​​​​​ដើម្បី​​​​​​ការពារ​​​សន្ដិសុខ​​​ជូន​​​ប្រជាពលរដ្ឋ​​​​​​និង​​​កម្ម​​​​​​ករ​​​ និង​​​​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​វិនិយោគិនមាន​​​ការ​​​​​​ជឿ​​​ទុក​​​ចិត្ត”។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​​​​ទៀត​​​ថា “នៅពេល​​​​​​ស្ថាន​​​ភាព​​​វិល​​​ទៅ​​​​​​រក​​​​​​​​​សភាព​​​​​​ធម្មតា​​​ យើ​​​ង​​​នឹង​​​បញ្ជូន​​​ពួក​​​គេ​​​ទៅ​​​​​​កាន់​​​​​​អង្គ​​​ភាព​​​របស់​​​ពួក​​​គេ​​​វិញ​​”។

កម្ម​​​ករ​​​ដែល​​​ដើរ​​​ចេញ​​​ពី​​​រោងចក្រ​​​​​​នានា​​​​​​នៅ​​​ពេល​​​ចប់​​​​​​ម៉ោង​​​​​​ការងារ​​​របស់​​​ខ្លួន​​​​​​​​​​​​នៅ​​​ម៉ោង​​​​​​៤​​​រសៀល​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ និង​​​​​​ដែល​​​ភាគ​​​ច្រើន​​​​​​បាន​​​​​មើល​​​​​​ឃើញ​​​​​​សកម្មភាព​​​​​​កម្លាំង​​​កង​​​រាជអាវុធ​​​ហត្ថ​​​​​​បង្ក្រាប​​​​​​បង្ហូរ​​​ឈាម​​​​​​លើ​​​កូដកម្ម​​​របស់​​​កម្ម​​​ករ​​​​​​រោងចក្រ​​​កាត់ដេរ​​​​​​កាល​​​ពី​​​ខែ​​​មុន​​​​​​​​​បណ្ដាល​​​ឲ្យ​​​អ្នក​​​តវ៉ា​​​​​​​​ប្រាំ​​​នាក់​​​​​​ត្រូវ​​​គ្រាប់​​​កំាភ្លើង​​​​​​បាត់​​​បង់​​​​​​ជីវិត​​​​​​នោះ​​​​​​ បាន​​​និយាយ​​​​​​ថា ពួកគេ​​​មិន​​​ដឹង​​​ពី​​​គោល​​​បំណង​​​​​​របស់​​​ទាហាន​​​​​​ទាំង​​​នេះ​​​ទេ​​​។ “ពេល​​​ខ្លះ​​​​​​នៅ​​​ពេល​​​ពួក​​​យើង​​​​​​ចេញ​​​ពី​​​ធ្វើ​​​ការ​​​លឿន​​​ ពួក​​​គេសួរ​​​រក​​​មូល​​​ហេតុ​​​” ​នេះ​​​ជា​​​ការ​​​​​​លើក​​​ឡើ​​​ង​​​របស់​​​កម្មការិនី​​​ម្នាក់​​​ឈ្មោះ​​​​​​ វុន អ៊ីតាន អាយុ​​​២៧​​​ឆ្នាំ ដែល​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​កូដកម្ម​​​មិន​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោងនេះ​​​​​​ ប៉ុន្តែ​​​នាង​​​មាន​​​ការព្រួយបារម្ភ​​​​​​ចំពោះ​​​សមត្ថភាព​​​​​​របស់​​​​​​សហជីព​​​នៅ​​​ក្នុង​​​ការ​​​បន្ត​​​ផែន​​​ការ​​​សម្រាប់​​​​​​កូដកម្ម​​​​​​ទូទាំង​​​ប្រទេស​​​លើក​​​ទី​​​២ ដែល​​​នឹង​​​ធ្វើ​​​ឡើង​​​​​​នៅ​​​ខែ​​​ក្រោយ​​​នេះ​​​ ។
នាង​​​បាន​​​និយាយ​​​ទៀត​​​ថា “អ្នក​​​ខ្លះ​​​​​​មិន​​​ហ៊ាន​​​ធ្វើ​​​បាតុកម្ម​​​ទៀត​​​ទេ​​​ ពីព្រោះ​​​ពួក​​​គេ​​​​​​ភ័យ​​​ខ្លាច​​​ជា​​​ខ្លាំង​​​។ នៅ​​​ពេល​​​ទាហាន​​​​​​បង្ហាញ​​​មុខ​​​ អ្នក​​​គ្រប់គ្នា​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​​​​ជា​​​ខ្លាំង​​​”។

កម្មករ​​​​​​ម្នាក់​​​ទៀត​​​ឈ្មោះ​​​​​​ ឃុំ បារំាង​​​ អាយុ​​​២៤​​​ឆ្នាំបាន​​​​​​បញ្ចេញ​​​ទស្សន​​​យល់​​​ឃើញ​​​ដូច​​​កម្មករ​​​ផ្សេង​​​ៗ​​​ទៀត​​​​​​ដែរ​​​ ពាក់ព័ន្ធ​​​នឹង​​​ការ​​​ដើរ​​​ចេញពី​​​វេន​​​​​​ការងារ​​​របស់​​​ខ្លួន​​​ថា “យើង​​​កំពុង​​​​​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​លំបាក​​​។​​​ យើងមាន​​​កា​​​រ​​​​​​ភ័យ​​​ខ្លាច​​​  ពីព្រោះ​​​យើង​​​​​​ដឹង​​​ថា  ពួក​​​គេ​​​​​​នឹង​​​បាញ់​​​មក​​​លើ​​​ពួក​​​យើង​​​ ប៉ុន្តែ​​​ប្រសិន​​​បើ​​កម្មករ​​​ផ្សេងៗ​​​​​​ទៀត​​​​​​ធ្វើ​​​​​​កូដកម្ម​​​ យើង​​​ត្រូវ​​​តែ​​​ចូល​​​រួម​​​ជាមួយ​​​ពួក​​​គេ​​​​​​”។

នៅ​​​ខាង​​​ក្នុងសួន​​​ឧស្សាហកម្ម​​​កាណាឌីយ៉ា​​​​​​​​​ ដែល​​​ជា​​​ចំណុច​​​​​​ស្នូល​​​នៃ​​​ការ​​​ផ្ទុះ​​​បាតុកម្ម​​​នៅ​​​លើ​​​កំណាត់​​​ផ្លូវ​​​វេង​​​ស្រេង​​​កាលពី​​​ខែ​​​មុន​​​ អង្គ​​​ភាព​​​មួយ​​​មក​​​ពី​​​កង​​​ពល​​​តូច​​​​​​លេខ​​​៩៩​​​ បាន​​​​​​បង្កើត​​​​​​ប៉ុស្ដិ៍​​​ប្រចាំ​​​ការ​​​​​​តូច​​​មួយ​​​នៅ​​​​​​ច្រក​​​ចូល​​​​​​ទៅ​​​កាន់​​​រោង​​​ចក្រ​​​​​​ចំនួន​​​ពីរ​​​។

ទាហាន​​​ម្នាក់​​​​​​ ដែល​​​​​​​​​ចាំ​​​ឃ្លាំ​​​មើល​​​​​​សកម្ម​​​ភាព​​​នៅ​​​ប៉ុស្ដិ៍​​​ប្រចាំ​​​ការ​​​​​​តូច​​​នេះ​​​​​​បាន​​​​​​ប្រាប់​​​​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​ ដែល​​​ដើរ​​កាត់​​​ទីនោះ​​​ថា “ប្រសិន​​​បើ​​​អ្នក​​​ឯង​​​ចូល​​​ទៅ​​​ទីនោះ​​​ នឹងមាន​​​បញ្ហា​​​ធំ​​​” ប៉ុន្តែ​​​ទាហាន​​​ម្នាក់​​​នេះ​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​សំណួរ​​​​​​ពាក់ព័ន្ធ​​​នឹង​​​វត្ត​​​មាន​​​របស់​​​យោធា​​​នេះ​​​ទេ​​​។ ទាហាន​​​ដដែល​​​​​​បាន​​​និយាយ​​​ទៀត​​​ថា “យើង​​​​​​គ្រាន់តែ​​​មក​​​ទីនេះ​​​ ដើម្បី​​​ការពារ​​​សន្ដិសុខ​​​តែ​​​ប៉ុណ្ណោះ​​​”។

នៅ​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​វេង​​​ស្រេង​​​ ទា​​​ហាន​​​ម្នាក់​​​ដែល​​​អះអាង​​​ថា ខ្លួន​​​​​​ជា​​​មេដឹកនាំ​​​​​​អង្គភាព​​​​​​មួយ​​​​​​នៃ​​​កង​​​ពល​​​តូច​​​លេខ​​​៧០​​​ ប៉ុន្តែ​​​ដែល​​​​​​សុំ​​​មិន​​​​​​បញ្ចេញ​​​ឈ្មោះ​​​​​​បាន​​​លើកឡើ​​​ងថា កង​​​​​​កម្លាំង​​​របស់លោក​​​​​​ដឹង​​​ច្បាស់​​​ពី​​​ផែនការ​​​​​​ធ្វើ​​​កូដ​​​កម្ម​​​​​​ជា​​​ថ្មី​​​នេះ​​​​​​។

អង្គុយ​​​​​​នៅ​​​ឯហាង​​​កាហ្វេ​​​មួយ​​ឆ្លង​​​​​​ផ្លូវ​​​ពី​​​សួន​​​​​​ឧស្សាហកម្ម​​​នេះ​​​ លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “យើង​​​បាន​​​ឮ​​​ថា ស្ថានភាព​​​ប្រហែល​​​ជា​​​​​​​​​មិន​​​​​​ធ្ងន់​​​ធ្ងរ​​​ខ្លាំង​​​ប៉ុន្មាន​​​ទេ។​​​ មាន​​​អាជ្ញាធរ​​​នៅ​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​នេះ​​​ ហើយ​​​​​​ប្រសិន​​​បើ​​​មាន​​​បញ្ហា​​​​​​​​​កើត​​​ឡើង​​​នៅ​​​កន្លែង​​​ផ្សេង​​​​​​ យើង​​​នឹង​​​​​​ទៅ​​​កាន់​​​​​​ទីនោះ​​​ ហើយ​​​ប្រាប់​​​ឲ្យ​​​ពួក​​​​​​គេ​​​បំបែក​​​គ្នា​​​”។

លោក​​​ អាត់ ធន់​​​ ប្រធានសម្ព័ន្ធ​​​សហ​​​ជីព​​​ប្រជាធិបតេយ្យ​​​​​​កម្មករ​​​កាត់​​​ដេរ​​​​​​កម្ពុជា​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វត្តមាន​​​របស់​​​យោធា​​​​​​​​​នេះ​​​គួរ​​​ឲ្យ​​​ភ័យ​​​ខ្លាច​ ប៉ុន្តែ​​​មិន​​​អាច​​​រារាំង​​​កូដកម្ម​​​ទូទាំង​​​ប្រទេស​​​លើក​​​​​​ទី២​​​​​​បាន​​​ឡើយ​​​។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “នឹង​​​គ្មាន​​​បញ្ហា​​​​​​អ្វី​​​កើតឡើងទេ​​​ ពីព្រោះ​​​កម្មករ​​​​​​​​​អាច​​​​​​នៅ​​​តែ​​​ផ្ទះ​​​។ វា​​​អាច​​​មាន​​​បញ្ហា​​​ប្រសិន​​​បើ​​​កម្ម​​​ករ​​​​​​ព្យាយាម​​​​​​​​​ប្រមូល​​​ផ្ដុំ​​​ឬ​​​ហែ​​​ក្បួន​​​ ប៉ុន្តែ​​​យើង​​​មិន​​​ទាន់​​​មាន​​​​​​ផែន​​​ការ​​​ធ្វើ​​​បែប​​​នោះ​​​​​​នៅ​​​​​​​​​ឡើយ​​​ទេ​​​”៕​​​សុខុម​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស