មេដឹកនាំជាន់ខ្ពស់គណបក្សហ៊្វុនស៊ីនបិុច ដែលព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ធ្លាប់បានដឹកនាំឲ្យទទួលជោគជ័យក្នុងព្រឹត្តិការណ៍បោះឆ្នោតឧបត្ថម្ភដោយអង្គការសហប្រជាជាតិកាលពីក្នុងឆ្នាំ១៩៩៣នោះ បានចោទសំណួរទាក់ទងទៅនឹងគតិបណ្ឌិតរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្នុងការធ្វើសេចក្តីសម្រេចព្រះទ័យវិលត្រឡប់មកប្រឡូកក្នុងឆាកនយោបាយវិញ ដោយបង្កើតគណបក្សនយោបាយថ្មីមួយ។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលត្រូវបានបង្ខំឲ្យចុះចេញពីតំណែងជាប្រធានគណបក្សហ៊្វុនស៊ីនបិុច កាលពីឆ្នាំ២០០៦ មុនពេលបង្កើតគណបក្ស នរោត្តម រណឫទ្ធិ បានប្រកាសកាលពីថ្ងៃអាទិត្យសប្តាហ៍មុន អំពីការបង្កើតគណបក្សសហគមន៍អ្នករាជានិយម។ គួរបញ្ជាក់ផងដែរថា គណបក្ស នរោត្តម រណឫទ្ធិ ត្រូវបានច្របាច់បញ្ចូលក្នុងគណបក្ស ហ៊្វុនស៊ីនបិុច។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានមានព្រះបន្ទូលក្នុងកិច្ចសម្ភាសតាមវិទ្យុមួយក្នុងសប្តាហ៍នេះថា ព្រះអង្គកំពុងបង្កើតគណបក្សថ្មីនេះ ដើម្បីជួយបង្រួបបង្រួមប្រទេស បន្ទាប់ពីបញ្ហាជាច្រើនបានកើតឡើងក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំមុន និងដើម្បីលើកកម្ពស់ទស្សននយោបាយបែបរាជានិយមរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មានព្រះបន្ទូលថា “ខ្ញុំចង់ប្រមូលទស្សនជាតិនិយម និងសីហនុនិយម ដើម្បីបង្កើតគណបក្សរបស់ខ្ញុំ និងលើកស្ទួយរាជវង្សានុវង្សឡើងវិញ”។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន ដែលធ្លាប់ធ្វើជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងរដ្ឋាភិបាលចម្រុះរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្នុងទសវត្សរ៍ ឆ្នាំ១៩៩០ បានមានព្រះបន្ទូលថា ស្មារតីស្វែងរកអំណាចនយោបាយរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អាចនឹងរងសម្ពាធពីមតិដែលយល់ឃើញថា ព្រះធ្លាប់គ្រប់គ្រងដោយគ្មានការប្រុងប្រយ័ត្ន។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថុ សិរីរ័ត្ន បានមានព្រះបន្ទូលថា “មេដឹកនាំមួយរូបត្រូវទទួលបានក្តីស្រឡាញ់ និងការលើកតម្កើងពីប្រជាជន។ ដូច្នេះហើយ ព្រះអង្គត្រូវមានជំហរឲ្យរឹងមាំ”។ ព្រះអង្គក៏បានមានព្រះបន្ទូលបន្ថែមទៀតថា សេចក្តីអះអាងសារជាថ្មីរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ថានឹងត្រឡប់មកប្រឡូកក្នុងឆាកនយោបាយវិញនោះ អាចខ្វះមូលដ្ឋានរៀបចំ។
លោក កែវ ពុទ្ធរស្មី ដែលបានកាន់តំណែងជាប្រធានគណបក្សហ៊្វុនស៊ីនបិុច ជំនួសព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ កាលពីឆ្នាំ២០០៦នោះ និងត្រូវជាស្វាមីរបស់ព្រះអង្គម្ចាស់ក្សត្រីនរោត្តម អរុណរស្មី ដែលបានដឹកនាំគណបក្សហ៊្វុនស៊ីនបិុច ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំមុន បានលើកឡើងថា គណបក្សនេះ និងចាំមើលគណបក្សរាជានិយមថ្មីរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
លោកបានមានប្រសាសន៍ថា “ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានត្រឡប់មក និងត្រឡប់ទៅវិញជាច្រើនលើកច្រើនសារមកហើយ។ និយាយតាមត្រង់ទៅ ពិបាកព្យាករណាស់ ដូច្នេះ ខ្ញុំសូមរង់ចាំមើលរយៈពេលប្រាំមួយខែ ឬក៏មួយឆ្នាំដើម្បីឲ្យឃើញភាពច្បាស់លាស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ឬក៏ចាំមើលថា តើព្រះអង្គគ្រាន់តែមកស្រែករំខានខ្លះៗ ឬយ៉ាងណា”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ យើងនឹងរង់ចាំមើលថា តើព្រះអង្គមានភាពច្បាស់លាស់គ្រប់គ្រាន់សម្រាប់ដឹកនាំគណបក្សហ្វុ៊នស៊ីនបិុចដែរឬទេ”។
លោក ញឹក ប៊ុនឆៃ ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលបច្ចុប្បន្ន និងជាសមាជិកគណបក្សហ៊្វុនស៊ីនបិុចដែលកាន់តំណែងក្នុងកិច្ចការសាធារណៈបានលើកឡើងថា សេចក្តីសម្រេចព្រះទ័យរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ថា នឹងបង្កើតគណបក្សថ្មីនោះគឺជាការបិទបាំងចេតនារបស់ព្រះអង្គក្នុងការជួយបង្រួបបង្រួមជាតិ។
លោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ មានប្រសាសន៍ថា “ព្រះអង្គមា្ចស់អង្គឯងស្ថិតក្នុងរាជវង្សានុវង្ស និងជាព្រះរាម ហើយព្រះមហាក្សត្រី អារុណ រស្មី ជាព្រះអនុជ។ តើព្រះអង្គអាចរួបរួមគ្នាបានដែរឬទេ? បើមិនអាចទេនោះ តើព្រះអង្គទៅរួបរួមជាមួយអ្នកផ្សេងដោយរបៀបណា?”។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនបានឆ្លើយតបទៅនឹងសំណើសុំធ្វើសេចក្តីអត្ថាធិប្បាយទាក់ទងនឹងសេចក្តីសម្រចព្រះទ័យ របស់ព្រះអង្គក្នុងការបង្កើតគណបក្សរាជានិយមថ្មីមួយឡើយ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធមិ្មកោ ដែលជាសមាជិកស្ថាបនិកគណបក្សហ្វុ៊នស៊ីនប៉ិច និងបានយាងចូលជាសមាជិកគណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុននោះ បានមានព្រះបន្ទូលថា ពេលវេលាសម្រាប់នយោបាយរាជានិយមនៅក្នុងប្រទេសកម្ពុជា ធ្លាប់មាន ប៉ុន្តែបានលេចបាត់ទៅវិញហើយ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលដូច្នេះថា “នៅប្រទេសកម្ពុជា មិនមានកន្លែងសម្រាប់នយោបាយរាជានិយមទៀតទេ”។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏បានមានព្រះបន្ទូលបន្ថែមដូច្នេះថា “នៅពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា ឆាកនយោបាយ មានតែគណបក្សនយោបាយតែពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា [ដែលជាគណបក្សកំពុងកាន់អំណាច] និងគណបក្សមួយទៀតគឺគណបក្សសង្គ្រោះជាតិ[ដែលជាគណបក្សប្រឆាំង]” ៕ សុធា