30.4 C
Phnom Penh

នគរ​បាល​រុះរើ​តង់​របស់​អ្នក​ភូមិ​នៅ​ក្នុង​ខេត្ត​ក្រចេះជាលើកទី២ បន្ទាប់​ពី​ពួក​គាត់​​បាន​វិល​មក​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​​មិញ នគរ​បាល​ខេត្ត​ក្រចេះ​​​បាន​រុះ​រើ​តង់​​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​របស់​អ្នក​​ភូមិ​​ប្រហែល​៣០០​គ្រួសារ ដែល​ជាប់​ចោទ​​ថា បាន​រស់​នៅ​លើ​ដីរបស់​រដ្ឋ​ស្ថិត​​នៅ​ក្នុង​តំបន់​អភិរក្ស​មួយ គឺ​មាន​រយៈ​ពេល​ពីរ​សប្ដា​ហ៍​បន្ទាប់​ពី​ពួកគេ​បាន​បង្ខំ​​ឲ្យ​គ្រួសារ​ជា​ច្រើនក្នុង​ចំណោម​គ្រួសារ​ដដែល​នេះ​ចេញ​ពី​តំបន់​នេះ​។


គ្រួសារ​មួយ​ចំនួន​និយាយ​ថា ពួក​គាត់​​បាន​រស់​នៅ​លើ​ដីនេះរយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ​ប៉ុន្តែ​​ពួកគាត់​មិន​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ទេ​ ហើយ​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៧៦​​អស់​រយៈ​​ពេ​ល​ជាច្រើន​ម៉ោង​កាល​ពីថ្ងៃ​ទី​១២ខែ​កុម្ភៈ​បន្ទាប់ពី​នគរ​បាល​បាន​ដុត​បំផ្លាញ​ផ្ទះ​របស់​ពួកគាត់​អស់​ជា​ច្រើន​ខ្នង​។ ប៉ុន្តែ​នៅ​ពេល​ដែល​​គ្រួសារ​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ​នគរ​បាល​ក៏​បាន​ត្រឡប់​មក​​ចាត់​វិធាន​ការ​​ម្តង​ទៀត​ដែរ។ លោក កែវ ជា មេ​បញ្ជា​ការ​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​ក្រចេះបាន​មាន​ប្រសាសន៍​ថា “  យើង ​បាន​ប្រើ​កម្លាំង​នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​​ជាង​៥០​នាក់​ទៅ​រុះ​រើ​តង់​​ស្នាក់​នៅ​របស់​អ្នក​​ភូមិ​​ ពីព្រោះ​ពួកគាត់​បាន​ត្រឡប់​​មក​រស់​នៅ​ទីនេះវិញ​ បន្ទាប់ពី​យើង​បាន​បណ្ដេញ​​ពួក​គាត់​ចេញ​ប្រហែល​ពីរ​សប្ដាហ៍​មុន​”។ លោក​បាន​បន្ថែម​ថា “ យើង​បាន​រុះរើ​តង់​របស់​អ្នក​ភូមិ​ទាំង​នោះ ពីព្រោះ​ពួកគាត់​​មក​​រស់​នៅ​លើ​ដីរបស់​រដ្ឋ​ ហើយ​នេះជា​លើក​ទី២​ហើយ​ដែល​យើង​​បាន​រុះ​រើ​តង់​ដោយ​សារ​ពួកគាត់​បាន​ត្រឡប់​មក​វិញ”។ លោក​បាន​មាន​ប្រសាសន៍​ថា“ យើង​បាន​ជូន​ដំណឹង​ជា​ច្រើន​លើក​ច្រើន​សាមក​ហើយ​ឲ្យ​ពួកគាត់ចាក​ចេញពីដីនេះ ​និង​កុំរាន​ដីព្រៃ​របស់​រដ្ឋ​ទៀត​ ពីព្រោះ​នេះ​ជា​តំបន់​អភិរក្ស​ ប៉ុន្តែ​ ពួកគាត់​មិន​ស្ដាប់​អាជ្ញា​ធរ​ឡើយ​”។

លោក ចាន់ សុគីម អធិការ​នគរ​បាល​ស្រុក​ស្នួល​បាន​មាន​ប្រសាសន៍​ថា ​តង់​ចំនួន​១០០​ត្រូវ​បាន​រុះរើ​​កាល​ពីម្សិល​មិញ​។ អ្នកស្រី ស៊ិន ណារី ដែល​​តង់​របស់​គាត់​ត្រូវ​បាន​​រុះ​រើ​នោះ បាន​និយាយ​ថា នគរ​បាល​បាន​យក​រណារ​អារផ្តាច់​បង្គោល​តង់​របស់​ពួកគាត់​ផ្ដួល​តែ​ម្ដង​ ហើយ​អ្នកស្រី​បាន​ចោទ​រដ្ឋាភិបាល​ថា បាន​ប្លន់​យក​ដី​របស់​ពួកគាត់​។ អ្នក​ស្រី​បាន​និយាយ​ថា “ ខ្ញុំ​មិន​ព្រម​ចាក​ចេញពីដីនេះ​ទេ ពីព្រោះ​គ្រួសារ​ខ្ញុំ​​​រស់​នៅ​ទីនេះ​​រយៈ​ពេល​​ជាង​១០​ឆ្នាំ​មក​ហើយ”។
ដោយ​មិន​ខ្លាច​​បាត់​បង់​ជម្រក​ អ្នក ស្រី​ ណារី បាន​និយាយ​ថា អ្នកស្រី​នឹងមិនចាក​ចេញពី​កន្លែង​នេះទេ ហើយ​នឹង​បន្ត​ធ្វើការ​ងារ​នៅ​ចម្ការ​ដំឡូង​មី​របស់​គាត់​នៅ​ក្បែរ​នោះ​​ដដែល​។

លោក​ ហេង ភារក្ស អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ បាន​មាន​ប្រសាសន៍​ថា គ្រួសារ​ជា​ច្រើន​អះ​អាង​ថា ពួកគាត់​បាន​​​រស់​នៅ​លើ​ដីនេះ​អស់​រយៈ​ពេល​​មួយ​ទសវត្សរ៍​ ឬ​យូរ​ជាង​នេះ​ទៅ​ទៀត ប៉ុន្តែ​តាមពិត​ពួកគាត់​បាន​ផ្លាស់​មក​រស់​នៅ​ទីនេះ​ទើប​តែ​បាន​បី​ឆ្នាំ​ប៉ុណ្ណោះ។ លោក​បាន​មាន​ប្រសាសន៍​ថា ទោះ​ជា​ដូច្នេះ​ក្ដី ​សារាចរដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​កាលពីឆ្នាំ​មុន​ឲ្យ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​​ដី​ដល់ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​នៅ​ទូទាំង​ប្រទេស​ដែល​រស់​នៅ​លើ​ដីរបស់​រដ្ឋ​គឺ​​សារាចរ​លេខ​០០១​នោះ​​​​គួរ​​ផ្ដល់​ការ​ការ​ពារ​ដល់​ពួកគាត់​។ លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​គិត​ថា ប្រជាពល​រដ្ឋ​ដែល​រស់​នៅ​លើ​ដីនេះ បាន​រំលោភ​ច្បាប់​​ ពីព្រោះ​ពួក​គាត់​បាន​រាន​ដី​ដោយ​​ខុស​ច្បាប់​ ប៉ុន្តែ​ប្រសិន​បើ​យើង​ក្រឡេក​​ ទៅ​​​មើល​សារាចរ​លេខ​០០១​វិញ ពួកគេ​គួរ​រក​ដំណោះ​ស្រាយ ​ពីព្រោះ​ពួកគាត់​បាន​មក​រស់​នៅ​លើ​ដីនេះ​មុន​ពេល​មាន​សារាចរ​លេខ​០០១​ទៅ​ទៀត​”៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស