កាលពីម្សិលមិញ មន្ត្រីសហរដ្ឋអាមេរិក និងនាយកគ្រប់គ្រងអាជីវកម្មជាច្រើនរូបទៀត បានសំណូមពរឲ្យរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយជាសាធារណៈ ដើម្បីណែនាំប្រជាជន កុំឲ្យប្រើកម្មវិធីកុំព្យូទ័រដែលមិនមានអាជ្ញាប័ណ្ណ។ គួរបញ្ជាក់ថា កម្មវិធីកុំព្យូទ័រទាំងនេះនៅតែជាបទល្មើសកម្មសិទ្ធិបញ្ញាធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។
ការប្រើប្រាស់កម្មវិធីកុំព្យូទ័រមិនស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែមានវិសាលភាពទូលំទូលាយខ្លាំង ពោលគឺមានហាងកុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិក ដែលលក់កម្មវិធីបែបនេះ ជាហេតុនាំឲ្យប្រជាជនមួយចំនួនឆ្ងល់ថា តើគម្រោងផ្តួចផ្តើមនេះអាចនឹងមានជោគជ័យពិតប្រាកដដែលឬទេ។
លោក ភីតធើ ហ្វោល័រ (Peter Fowler) អនុព័ន្ធកម្មសិទ្ធិបញ្ញាប្រចាំតំបន់ នៅការិយាល័យប្រកាសនីយប័ត្រតក្កកម្ម និងនិក្ខិត្តសញ្ញាសហរដ្ឋអាមេរិក (U.S Patent and Trade-mark Office) នៅទីក្រុងបាងកក ប្រទេសថៃ បានមានប្រសាសន៍ថា “ ខ្ញុំគិតថា ដើម្បីចាប់ផ្តើម ចាំបាច់ត្រូវមានយុទ្ធនាការអប់រំផ្សព្វផ្សាយជាសាធារណៈដ៏ខ្លាំងក្លាមួយដែលអាចត្រូវបានអនុវត្តក្នុងភាពជាដៃគូសហការជាមួយសមាគមឧស្សាហកម្មកម្ពុជាកុំព្យូទ័រ ដើម្បីឲ្យប្រជាជនមានការយល់ដឹងអំពីសារ:សំខាន់នៃការទិញកម្មវិធីកុំព្យូទ័រដើម្បីប្រើប្រាស់ ហើយរដ្ឋាភិបាលគួរតែធ្វើសកម្មភាពជាគំរូ ដោយដាក់ចេញនូវគោលការណ៍ណែនាំឲ្យមានការអនុវត្តដំណើរការដេញថ្លៃទិញកម្មវិធីកុំព្យូទ័រស្របច្បាប់នៅតាមទីភ្នាក់ងារ ការិយាល័យ និងស្ថាប័នរបស់រដ្ឋាភិបាល ដូចជា សាលារៀន មន្ទីរពេទ្យ និងសហគ្រាសដែលស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋ”។ លោក ហ្វោល័រ បានថ្លែងទៅកាន់អ្នកចូលរួមដែលជាអ្នកជំនួញមានទាំងស្រីទាំងប្រុសប្រហែល៧៥នាក់នៅក្នុងសិក្ខាសាលាមួយឧបត្ថម្ភដោយការិយាល័យប្រកាសនីយប័ត្រតក្កកម្ម និងនិក្ខិត្តសញ្ញាសហរដ្ឋអាមេរិក ដែលត្រូវបានរៀបចំឡើងកាលពីម្សិលមិញ ដើម្បីពិភាក្សាគ្នាអំពីសកម្មភាពធ្វើអាជីវកម្មមិនមានយុត្តិធម៌។
លោកស្រី ប៊ីលី ជិនស្លុត (Billie Jean Slott) មេធាវីនៅក្រុមហ៊ុនច្បាប់ក្នុងស្រុកមួយដែលមានឈ្មោះថា ស្ក៊ែររ៉ូនី អេន អាសូស៊ីអេត (Sciaroni and Associates) និងជាមេធាវីនៅសភាពាណិជ្ជកម្មអាមេរិក ដែលបានចូលរួម និងបញ្ចេញមតិនៅក្នុងសិក្ខាសាលានៅក្នុងសណ្ឋាគារអាំងទែរកង់ទីណង់តាល់ (InterCon tinental Hotel) ក្នុងរាជធានីភ្នំពេញបានសង្កត់ធ្ងន់ថា កម្មវិធីអប់រំផ្សព្វផ្សាយជាសាធារណៈគឺជាគន្លឹះក្នុងការជូនដំណឹង និងណែនាំប្រជាជនខ្មែរអំពីកម្មវិធីកុំព្យូទ័រដែលមិនមានអាជ្ញាប័ណ្ណ និងកម្មសិទ្ធិបញ្ញា។ លោកស្រី ជីនស្លុត បានមានប្រសាសន៍ថា “ ការអប់រំផ្សព្វផ្សាយនៅតែជាបញ្ហាដែលត្រូវដោះស្រាយ។ ប្រសិនបើយើងមិនទាររកកម្មវិធីកុំព្យូទ័រស្របច្បាប់នោះទេ យើងនឹងទទួលបានកម្មវិធីកុំព្យូទ័រមិនស្របច្បាប់ជាមិនខាន…។ នៅប្រទេសកម្ពុជា មិនមានវប្បធម៌ការពារកម្មសិទ្ធិបញ្ញាទេ”។ មេធាវីរូបនេះបានមានប្រសាសន៍បន្ថែមទៀតថា “ យើងកំពុងតែដោះស្រាយបញ្ហាសាធារណៈមួយ ដែលសាធារណជនមិនយល់អំពីកម្មសិទ្ធិបញ្ញាទេ”។ លោកស្រី ជីនស្លុត បានមានប្រសាសន៍បន្តថា “ ពួកគាត់មិនយល់សោះថា ការប្រើប្រាស់កម្មវិធីកុំព្យូទ័រមិនស្របច្បាប់ជាសកម្មភាពលួចកម្មសិទ្ធិបញ្ញាទេ”។ លោកស្រីមេធាវីក៏បានលើកឡើងផងដែរថា លោកស្រីមានជំនឿជឿជាក់ទៅលើកម្មវិធីអប់រំផ្សព្វផ្សាយជាសាធារណៈ។ លោកស្រីបានមានប្រសាសន៍ថា “ យើងស្ថិតក្នុងប្រទេសក្រីក្រមួយ ហើយយើងស្ថិតក្នុងសតវត្សរ៍ទី២១។ វាត្រូវការពេលវេលា។ គ្មានអ្វីកើតឡើងភ្លាមៗនោះទេ”។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តច្បាប់មួយចំនួន ដើម្បីគ្រប់គ្រងកម្មសិទ្ធិបញ្ញា ក្នុងឆ្នាំ២០០៤ បន្ទាប់ពីប្រទេសនេះបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization)។ ច្បាប់កម្មសិទ្ធិបញ្ញារបស់ប្រទេសកម្ពុជាត្រូវបានអនុម័តកាលពីឆ្នាំ២០០៣។
លោក ហ្វោល័រ បានថ្លែងបន្ថែមទៀតថាច្បាប់មានគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងបញ្ហានេះ ក៏ប៉ុន្តែ កង្វះសកម្មភាពអនុវត្តទាំងផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌ បានចូលរួមចំណែកក្នុងការជំរុញឲ្យសកម្មភាពលួចថតចម្លងកម្មវិធីកុំព្យូទ័ររីករាលដាលយ៉ាងទូលំទូលាយ “ ដោយសារមិនមានការចាប់អារម្មណ៍ ពីសំណាក់មន្ត្រីអនុវត្តច្បាប់ ក្នុងការអនុវត្តច្បាប់ ហើយសកម្មភាពរំលោភបំពានកម្រិតរដ្ឋប្បវេណីត្រូវការពេលវេលាសម្រាប់ធ្វើការតាមប្រព័ន្ធតុលាការ”។ លោកបានលើកឡើងបន្តទៀតថា ដូច្នេះ កម្មវិធីអប់រំពិតជាមានសារៈសំខាន់ណាស់។
លោក វ៉ា រ័ត្នសាន ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ទទួលបន្ទុកកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋាកម្មសិទ្ធិបញ្ញា
នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការិយាល័យរបស់លោកកំពុងធ្វើប្រតិបត្តិការជំរុញយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញា ដោយឆ្លងកាត់ទីស្តីការគណៈរដ្ឋមន្ត្រីក្នុងរយៈពេលពីរខែបន្ទាប់ ។ នៅក្នុងឯកសារយុទ្ធសាស្ត្រនោះក៏មានសេចក្តីបង្ហាញអំពីគំនិតផ្តួចផ្តើមឲ្យមានសកម្មភាពអប់រំផ្សព្វផ្សាយជាសាធារណៈផងដែរ។លោកបានមានប្រសាសន៍ថា “ ឯកសារយុទ្ធសាស្ត្រនេះ នឹងត្រូវដាក់ចេញយ៉ាងយូរនៅក្នុងខែមីនា ឬក៏ខែមេសា”។ លោកបានបន្ថែមថា បញ្ហាខ្វះការអនុវត្តច្បាប់នាពេលបច្ចុប្បន្ន គឺដោយសារតែនាយកដ្ឋានរបស់លោកមានថវិកាតិចតួច។ លោកបានមានប្រសាសន៍ថា “ យើងប្រឈមនឹងការលំបាកផ្នែកថវិកាសម្រាប់បណ្តុះបណ្តាល និងអប់រំប្រជាជន”៕ សុធា

