យោងតាមក្រុមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា កម្មកររោងចក្រកាត់ដេរ និងរោងចក្រស្បែកជើងជាង១០០នាក់បានដួលសន្លប់នៅក្នុងឧបទ្ទវហេតុពីរដាច់ដោយឡែកពីគ្នាកាលពីម្សិលមិញ ដែលនេះជាការដួលសន្លប់លើកដំបូងនៅរោងចក្រនៅឆ្នាំនេះ។

មន្ត្រីស្រុកម្នាក់បានឲ្យដឹងថា កម្មកររោងចក្រកាត់ដេរ៨២នាក់បានដួលសន្លប់នៅរោងចក្រ Crystal Martin នៅក្នុងខេត្តកណ្តាល បន្ទាប់ពីបានស្រូបក្លិនអាសុីតដែលលេចចេញពីអាគុយ។
លោក ខៀវ សុខណាត អភិបាលរងស្រុកខ្សាច់កណ្ដាលបានមានប្រសាសន៍ថា ទឹកអាសីុតបានហូរចេញពីអាគុយរថយន្តស្ទូច ដើម្បីលើកសម្លៀកបំពាក់ចេញពីធុងបោកសម្លៀកបំពាក់ដែលបានបណ្ដាលឲ្យកម្មករជាច្រើននាក់ដួលសន្លប់។
លោក សុខណាត បានមានប្រសាសន៍ថា “យើងបានបញ្ជូនកម្មករមួយចំនួនដែលបានដួលសន្លប់នោះទៅមន្ទីរពេទ្យបង្អែកស្រុក ហើយកម្មករមួយចំនួនទៀតត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពឃុំវិហារសួគ៌”។
លោកបានបន្ថែមថា កម្មករពីរនាក់ក្នុងចំណោមកម្មករទាំងនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញដោយសារស្ថានភាពរបស់ពួកគេធ្ងន់ធ្ងរ។ លោកបានមានប្រសាសន៍ថា “យើងបានរកឃើញមូលហេតុដែលបានបណ្ដាលឲ្យកម្មករដួលសន្លប់ហើយ គឺទឹកអាស៊ីតមានសារធាតុពុល ដែលបានហូរចេញពីអាគុយ ហើយបណ្ដាលឲ្យមានក្លិនស្អុយ”។
លោកបានបន្ថែមថា អ្នកគ្រប់គ្រងនៅរោងចក្រ Crystal Martin កាន់កាប់ដោយជនជាតិចិនហុងកុង ដែលមានកម្មករបម្រើការងារប្រហែល៣.១០០នាក់ បានអនុញ្ញាតឲ្យកម្មករទាំងអស់ចេញទៅផ្ទះនៅពេលលាងសម្អាតកន្លែងហៀរទឹកអាសីុតនោះ។
នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឯណោះវិញ កម្មករ២៦នាក់នៅរោងចក្រស្បែកជើង Shimano កាន់កាប់ដោយជនជាតិជប៉ុនបានដួលសន្លប់ ដែលក្នុងនោះមន្ត្រីសហជីពម្នាក់បានបន្ទោសទៅលើការស្រូបក្លិនកាវ និងប្រាក់ឈ្នួលទាប។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាបានមានប្រសាសន៍ថា បន្ទាប់ពីកម្មករពីរបីនាក់បានចាប់ផ្ដើមដួលសន្លប់ កម្មករច្រើនទៀតក៏បានដួលសន្លប់ដែរ។
អ្នកស្រីបានមានប្រសាសន៍ថា “យើងគិតថា កម្មករប្រហែលជាពុលដោយសារក្លិនកាវតែម្តង ពីព្រោះរោងចក្រនេះបានប្រើកាវថ្មី ដើម្បីបិទស្បែកជើងបន្ទាប់ពីកាវចាស់បិទមិនជាប់”។ អ្នកស្រីបានបន្ថែមថា “ ខ្ញុំគិតថា ប្រាក់ឈ្នួលទាប គឺជាហេតុផលទី២ បណ្ដាលឲ្យមានការដួលសន្លប់នេះ ពីព្រោះប្រាក់ដែលពួកគេទទួលបានមិនគ្រប់គ្រាន់សម្រាប់ចំណាយលើអាហារហូបចុកឡើយ ដូច្នេះសុខភាពរបស់ពួកគេចុះខ្សោយ ហើយពួកគេមិនអាចទប់ទល់នឹងបរិស្ថានការងារមិនល្អបានឡើយ”។
កម្មករដែលដួលសន្លប់នោះ កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ថ្លែងតាមទូរស័ព្ទ កម្មការិនី ហ៊ុន ចាន់ធី អាយុ៣៥ឆ្នាំបាននិយាយថា គាត់បានដួលសន្លប់ដោយសារតែក្លិនកាវ។ គាត់បាននិយាយថា “ខ្ញុំបានបើកកំប៉ុងកាវ ហើយវាមានក្លិនស្អុយណាស់ ដូច្នេះខ្ញុំបានទៅក្អួតនៅក្នុងបន្ទប់ទឹកមុនពេលសន្លប់បាត់ស្មារតី”។
គាត់បាននិយាយទៀតថា“ ខ្ញុំបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយសុខភាពរបស់ខ្ញុំបានធូរស្រាលបន្ដិចហើយ ប៉ុន្តែខ្ញុំនៅតែឈឺក្បាលដដែល”។ គេមិនអាចទាក់ទងអ្នកគ្រប់គ្រងរោងចក្រទាំងពីរបានទេ៕ សារុន