32.2 C
Phnom Penh

TAG

paywall

ជន​ដៃដល់​ប្រដាប់ដោយ​ដាវ​សាម៉ូ​រ៉ៃ​ធ្វើ​ឲ្យ​មនុស្ស​ប្រាំមួយ​នាក់​រង​របួស ​នៅ​ពិធី​មង្គលការ​មួយ

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មនុស្ស​​​ប្រាំ​​​ំមួយ​​​នាក់​រង​​​របួស​​​ធ្ងន់​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ នៅ​​​ពេល​​​បុរ​​ស​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​​​​ឲ្យ​ចេញ​ពី​ពិធី​​​មង្គល​​​ការ​​​មួយ​​​ក្នុង​​​ខេត្ត​​​ពោធិ៍សាត់ ​​​បាន​​​ត្រឡប់​​​​​​មក​​​វិញ​​​ដោយ​នាំ​​​មិត្ត​​​ភក្តិ​ប្រហែល​​​១០​​​នាក់​​​ទៀត​មក​​​ ហើយ​​​បាន​​​កាប់​លើ​ភ្ញៀវ​ចូល​រួម​​​ដោយ​​​ប្រើ​​​ដាវ​​​សាម៉ូរ៉ៃ។ លោក ម៉ោល សុត​ អធិការ​​​រង​​​នគរបាល​​​ស្រុក​​​ក្រគរ​​​បានមាន​​​ប្រសាសន៍​​​ថា បុរស​​​ទាំង​​​ពីរ​​​នាក់​​​​​​នេះ​​​ឈ្មោះ​​​ សៀក សាវ័ន និង​​​ ខេង វិបុល​​​ អាយុ​​​២៥​​​ឆ្នាំ​​​ដូច​​​គ្នា ដែល​​​ក៏​​​បាន​​​រង​​​របួស​​​នៅ​ក្នុង​​​ហេតុ​ការណ៍​នោះ​​​ដែរ​​​ត្រូវ​​​បាន​​​ប្រាប់​​​ឲ្យ​​​ចេញ​​​ពី​​​ពិធី​​​មង្គល​​​ការ​​​ បន្ទាប់​​​ពី​​​ភ្ញៀវ​​​ម្នាក់​​​បាន​​​ជាន់​​​ជើង​​​បុរ​​​សម្នាក់​​​ខណៈ​ពេល​​កំពុង​​​រាំ​កម្សាន្ត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​ថា "ពួក​​​គេ​​​មាន​​​ជម្លោះ​​​ជា​​​មួយ​​​ភ្ញៀវ​​​ដែល​​​មក​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​មង្គល​​​ការ​​​នោះ​​​​​​នៅ​​​ពេល​​​ពួក​​​គេ​​​កំពុង​​​រាំ ប៉ុន្តែ មនុស្ស​​​ផ្សេង​​​ទៀត​​​បា​​​ន​​ឃាត​់​​​កុំ​​​ឲ្យ​​​ពួក​​​គេ​​​វាយ​​​តប់​គ្នា​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "ប្រហែល​​​កន្លះម៉ោង​​​ក្រោយ​​​មក​​​ ពួក​​​គេ​​​បាន​​​ហៅ​​​មិត្ត​​​ភត្តិរ​​បស់​​​ខ្លួន​មក​ ហើយ​​​មនុស្ស​​​ប្រហែល​​​១០​​​នាក់​​​ទៀត​​​ប្រដាប់​​​ដោយ​​​ដាវ​​​បាន​​​ជិះ​ម៉ូតូ​​​មក​​​កាន់​​​ពិធី​​​មង្គល​​​ការ​​​នោះ​​​ ដើម្បី​​​វាយ​ប្រហារ​ទៅលើ​មនុស្សទាំងនោះ​​​"។ លោក សុត បាន​​​មាន​​​ប្រសាសន៍​​​ថា ភ្ញៀវ ​​​ដែល​​​ចូល​​​រួម​​​ពិធី​​​មង្គល​​​ការ​​​បាន​​​យក​​​កៅ​​​អី​​​វាយ​​​ជន​​​ទាំង​​​នោះ​​​។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ភ្ញៀវ​​​បាន​​​យក​​​កៅ​​​អី​​​វាយ​​​ពួ​​​កគេ​បណ្តាល​​​ឲ្យ​​​ សាវ័ន និង​​​វិបុល​​​ រង​​​របួស​​​ក្បាល​​​ មុន​​​ពេល​​​នគរ​​​បាល​​​ឃុំ​​​បាន​​​មក​​​ធ្វើ​​​អន្តរាគមន៍​​​ ហើយ​បាន​ចាប់​​​ខ្លួន​​​ពួក​​​គេ។ លទ្ធផល​​​នៃ​​​ការ​​​វាយ​​​តប​​់គ្នា​​​បាន​​​បណ្តាល​​​ឲ្យ​​​ភ្ញៀវ​​​ប្រាំ​​​មួយ​​​នាក់​​​រង​​​របួស​​​ធ្ងន់​​​ត្រង់​​​ក្បាល និង​​​ដង​​​ខ្លួន​​​"។ លោក សុត បាន​មាន​​​ប្រសាសន៍​​​ថា ជន​​​ដែល​​​ប្រដាប់​​​ដោយ​​​ដាវ​​​សាម៉ូ​រ៉ៃ​​​ដទៃ​​​ទៀត​​​អាច​​​រត់​​​គេ​​​ខ្លួន​​​រួច​ បើ​​​ទោះ​​​ជា​​​មន្ត្រី​​​នគរ​​​បាល​​​ឃុំ​​​ពីរ​​​នាក់​​​មាន​​​វត្តមាន​​​នៅ​​​ក្នុង​​​ពិធី​​​មង្គល​​​ការ​​​នោះ​​​ក៏​​​ដោយ​​​។ លោក​​​បាន​មាន​​​ប្រសាសន៍​​​ដល់​​​មន្ត្រី​​​ទាំង​​​នោះ​​​ថា "ពួក​​​គេ​​​មិន​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ទេ ពីព្រោះ​​​មាន​​​ក្មេង​​​ទំនើង​​​ច្រើន​​​ណាស់​​​។ ពួក​​​គេ​​​គ្រាន់​​​តែ​​​ប្រាប់​​​ឲ្យ​​​ឈប់​តែ​ប៉ុណ្ណោះ​​​​​​​​​​​​ ប៉ុន្តែ ពួក​​​គេ​​​មិន​​​ស្តាប់​​​ឡើយ​​​"។ លោក សុត បាន​​​មាន​​​ប្រសាសន៍​​​ថា មនុស្ស​​​ប្រាំ​​​នាក់ រួម​​​មាន​ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​ផង​​​ បច្ចុប្បន្ន​​​នេះ​​​កំពុង​​​សម្រាក​​​ព្យាបាល​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​"។ លោក កែវ សុគន្ធា ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញ​ធរ​​​បាន​​​កំណត់​​​អត្ត​សញ្ញាណ​​​ជន​​​ដៃ​​​ដល់​​​បន្ថែម​​​ទៀត​​​ ហើយ​​​បច្ចុប្បន្ន​​​នេះ​​​កំពុង​​​ស្វែង​​​រក​​​ពួក​​​គេ​​​។ លោក សុគន្ធា បាន​​​មាន​​​ប្រសាសន៍​​​ថា  "យើង​​​​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​បន្ថែម​ទៀត​​​ដូច្នេះ​​​យើង​​​សង្ឃឹម​​​ថា យើង​​​នឹង​​​ចាប់​​​ខ្លួន​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះ។ លោក​​​បាន​​​បន្ថែម​​​ថា "មន្ត្រី​នគរ​​​បាល​​​របស់​​យើង​​​បាន​​​ព្យាយាម​​​សុំ​​​ការ​​​អនុញ្ញាត​​​ពី​​​គ្រូពេទ្យ​ដើម្បី​​​យក​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ចេញ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​ដើម្បី​​​សាក​​​សួរ ប៉ុន្តែ គ្រូពេទ្យ​​​និយាយ​​​ថា ពួក​​​គេ​​​ត្រូ​​​វ​​​សម្រាក​ព្យាបាល​បន្ត​ទៀត​​​​"៕សារុន​​​  

ស្ត្រី​ម្នាក់​កំពុង​​រត់​គេចខ្លួន​បន្ទាប់ពី​យក​កាំភ្លើង​បាញ់​ប្តី​របស់​ខ្លួន​ដោយ​សារ​មាន​ស្រី​ច្រើន

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា ស្ត្រី​ម្នាក់​កំពុង​រត់​គេចខ្លួន​បន្ទាប់ពី​យក​កាំភ្លើង​អាកា​៤៧បាញ់​ប្តី​របស់​ខ្លួន​​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃអង្គារ​​ទំនង​ជា​ខឹង​ដោយសារ​ប្តី​របស់​ខ្លួន​មាន​ភាព​មិនស្មោះត្រង់។ យោង​តាម​លោក អិុន លន អធិការរង​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា អ្នកស្រី សែម ធារី អាយុ​៣០ឆ្នាំ​ តាម​ចោទ​ថា បាន​យក​កាំភ្លើង​បាញ់​ប្តី​របស់​ខ្លួន​នៅ​ពេល​ប្តី​របស់​គាត់​នៅ​បន្ទាយ​កង​យោធពល​ខេមរភូមិន្ទ​ស្ថិត​ក្នុង​ត្រពាំងប្រាសាទ ដែល​គាត់​បាន​ឈរជើង​នៅ​ទី​នោះ។ លោក លន បាន​មាន​ប្រសាសន៍​ថា ស្ត្រី​រូប​នេះ​​បាន​បាញ់​បី​គ្រាប់​ ដោយ​មួយ​គ្រាប់​ត្រូវ​បុរស​ជា​ប្តី​​ឈ្មោះ ណែម វ៉ាង អាយុ​២៨ឆ្នាំ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ។ លោក​បាន​មាន​ប្រសាសន៍​ថា "គាត់​ត្រូវ​មួយ​គ្រាប់​ដែល​ចូល​ពីក្រោម​ផ្ចិត ហើយ​ធ្លាយ​មក​កំប៉េះ​គូទ"។ លោក​បាន​បន្ថែម​ថា ដំបូង​លោក...

ស្ត្រី​ម្នាក់​ជាប់ពន្ធនាគារ​ពី​បទ​ប្លន់​ប្រដាប់​អាវុធ​ដើម្បី​យក​លុយ​មក​រៀបការ​

ក្រុម​មន្ត្រី​បាន​និយាយ​ថា សាលាដំបូង​ខេត្ត​ស្វាយ​រៀង​​បាន​ចោទប្រកាន់​ស្ត្រី​ម្នាក់​ដែល​បាន​ចាក់​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ដោយ​ប៉ុនប៉ង​ប្លន់​ បន្ទាប់ពី​ស្ត្រី​រូប​នេះ​ចាញ់​ល្បែង​អស់​ប្រាក់​ដែល​ខ្លួន​​ទុក​សម្រាប់​រៀប​ការ​នៅ​ពេល​ខាងមុខ។ យោង​តាម​លោក គាង ស៊ុន​ថារ៉ូ ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ខុន ស្រីឌី អាយុ​២០ ជា​កម្មការិនី​រោងចក្រ​ ត្រូវ​បាន​ចោទ​ប្រកាន់​​កាលពី​ថ្ងៃសៅរ៍ ហើយ​បច្ចុ​ប្បន្ន​នេះ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​។ លោក​បាន​មាន​ប្រសាសន៍​ថា "​ជន​សង្ស័យ​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ប្លន់​ដោយ​មានទាំង​ការ​ប្រើ​អំពើ​ហិង្សា​ ពីព្រោះ​គាត់​បាន​ចាក់​ទៅ​លើ​ជន​រងគ្រោះ"។ លោក កែវ សុថា នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា ស្រីឌី​​ ដែល​ធ្វើការ​នៅ​រោងចក្រ​មួយ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ម៉ាន់​ហាតាន់​​​ក្នុង​ក្រុ​​​ង​​​បាវិត​​​ ដែល​​​គ្រោង​​​រៀប​​​ការ​​​នៅ​​​ខែ​​​មករា​​​នេះ បាន​ចាញ់ល្បែង​អស់​ប្រាក់​ដែល​​​ក្រុម​​​គ្រួសារ​​​កូន​​​កំលោះបាន​ផ្តល់​​​ឲ្យ​​​។ លោក សុថា បាន​​​មាន​​​ប្រសាសន៍​​​ថា "បន្ទាប់​​​ពី​នាង​​​ចាញ់​​ល្បែង​​​អស់​​​ប្រាក់​​​នៅ​​​កាសីុណូ​​​ក្នុង​​​ក្រុង​​​បាវិត ម្តាយ​​​របស់​​​នាង​​​បាន​​​សួរ​​​រក​​​លុយ​​​នោះ​​​ ដើម្បី​គាត់​យក​ទៅ​ចាត់ចែង​​​រៀប​​​មង្គលការ​​​​"។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ដឹង​​​ពី​​​ចំនួន​​​ទឹក​ប្រាក់​នោះ​​​ឡើយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ស្ត្រី​​​រូប​​​នេះ​​​បាន​​​ប្រាប់​​​ម្តាយ​​​របស់​​​នាង​​​ថា នាងបាន​​​ឲ្យ​​​លុយ​​​នេះ​​​ទៅ​​​មិត្ត​​​ភក្តិ​​​ខ្ចី ហើយ​​​នឹង​​​យក​​​មក​​​វិញ​​​នៅ​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​ ប៉ុន្តែ តាម​​​ពិត​​​នាង​​​មាន​​​គម្រោង​​​ប្លន់​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ម្នាក់​​​ ដើម្បី​​​បាន​​​លុយនោះ​​​មក​​​វិញ"។ លោក សុថា បាន​មាន​​​ប្រសាសន៍​​​ថា ស្រីឌី បាន​​​ទៅ​​​ផ្សារ​​​នៅ​​​ជិត​​​កន្លែង​​​ធ្វើ​​​ការ​​​របស់​​​នាង​​​នៅ​​​ក្នុង​​​សង្កាត់​​​បាវិត​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ហើយ​​​នៅ​​​ពេល​​​នោះ​​​នាង​​​បាន​​​ហៅ​ម៉ូតូ​​​ឌុប​​​ជិះ​​​ ហើយ​​​បាន​​សុំ​​​ឲ្យ​​​ដឹកទៅ​​​បរិវេណ​​​រោង​​​ចក្រ​​​ក្បែរ​​​នោះ ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស តៃសេង ​​​បាវិត​​​។ លោក​​​បាន​មាន​​​ប្រសាសន៍​​​ថា នៅ​​​ពេល​​​ទៅ​​​ដល់​​​ទី​​​នោះ​​​នាង​​​បាន​​​ទិញ​​​កាំបិត​​​ពី​​​ផ្សារ​​​ ហើយ​​​មក​​​ជិះ​ម៉ូតូ​​​នោះ​វិញ ដោយ​​​ប្រាប់​​​អ្នក​​​រត់​​​ម៉ូតូ​​​ឲ្យ​​​ទៅតាម​​​ផ្លូវ​​​មួយ​​​ក្នុង​​​កន្លែង​​​ស្ងាត់​​​ស្ថិត​​​ក្នុង​​សង្កាត់​ព្រៃ​​​អង្គុញ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​ពេល​​​នោះ​​​ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​ដក​​​កាំបិត​​​ភ្ជង់​​​ខ្នង​​​ជន​​​រង​​​គ្រោះ ហើយ​ជន​​​រង​​​គ្រោះ​​​​​​បាន​​​ឈប់​​​មូ៉តូ​​​​​​​​​​​​​។ បន្ទាប់​​​មក​​​ពួក​​​​​​គេ​​​បាន​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​ ហើយ​​​នាង​បាន​​​ចាក់​​​គាត់​​​ត្រូវ​​​ត្រង់​​​ពោះ​​​"។ លោក សុថា បាន​មាន​​​ប្រសាសន៍​​​ថា មិត្ត​​​ភក្តិ​​​ម្នាក់ និង​​​សាច់​​​ញាតិ​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុ​​​ប ដែល​​​បាន​​​ឃើញ​​​ស្ត្រី​​​រូប​​​នេះ​​​ទិញ​​​កាំបិត​​​ និង​​​មាន​​​ការ​​​សង្ស័យ​​​ ហើយ​​​បាន​​​មក​​​​​​ដល់​​​កន្លែង​​​កើត​​​ហេតុ​​​ភ្លាម​​​ៗ​​​ បន្ទាប់​​​ពី​​​សកម្មភាព​កើត​ឡើង​​​​ ហើយ​​​បាន​​​ចាប់​​ ស្រីឌី ទុករហូត​​​ដល់​​​នគរ​​​បាល​​​​​​ក្រុង​​​បាវិត បាន​​​មក​​​ដល់​​​ ហើយ​​​បានចាប់​​​ខ្លួន​​​នាង​​​។ លោក គឹម ឡៃ នាយ​​​នគរ​​​បាល​​​ព្រហ្ម​ទណ្ឌ​កម្រិត​​​ធ្ងន់​ខេត្ត​​​បាន​មាន​​​ប្រសាសន៍​​​ថា ជន​​​រង​​​គ្រោះ​​​បាន​​​ធូរ​​​ស្រាល​​​ពី​​​របួ​​​ស​ហើយ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​។ លោក​​​បាន​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​ខ្វល់​​​ថា នាង​​​ព្យាយាម​​​យក​​​លុយ​​​មក​​​​រៀប​​​ការ​​​​​​​​ឡើយ​​​។ នាង​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ ហើយ​​​ធ្វើ​ឲ្យ​​​​ជន​​​រង​​​គ្រោះ​​​រង​របួស​ធ្ងន់"៕សារុន​​​​​​  

លោក ហ៊ុន សែន សរសើរ​​រដ្ឋាភិបាល​ចំពោះ ‘សមិទ្ធផល​ធំ​ធេង​’ ក្នុង​ឆ្នាំ២០១៤

នៅ​​​ក្នុង​​​សារលិខិត​​​ជូន​​​ជន​​​រួ​​​ម​​​ជាតិ​​​សម្រាប់​​​ឆ្នាំ​​​ថ្មី​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​សរសើរ​​​រដ្ឋាភិបាល​​​របស់​​​លោក​​​ ចំពោះ​​"សមិទ្ធផល​​​ធំធេង"​​​​​​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​មាន​​​សុខ​​​សន្តិភាព និង​​​វិបុល​​​ភាព​​​ក្នុង​​​ឆ្នាំ​​​២០១៤។ នៅ​​​ក្នុង​​​សារ​​​លិខិត​​​ជូន​​​ពរ​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ដែល​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី ថ្ងៃ​​​ទី​​​២៩​​​ ខែ​​​ធ្នូ​​​ បាន​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​អ្វី​​​ដែល​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ជា​​​ជោគ​​​ជ័យ​​​តាមរយៈ"កិច្ច​​​​ប្រឹង​​​ប្រែង​​​​​​របស់​​​​​គ្រប់​​​ភាគី​​​ពាក់​​​ព័ន្ធ​​​ទាំង​​​រដ្ឋ​​​ និង​​​ឯកជន"។ សារលិខិត​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ថា "កម្ពុជា​​​បច្ចុប្បន្ន​​​មាន​​​សុខ​​​សន្តិភាព​​​ ស្ថិរភាព​​​នយោបាយ​​​ សណ្តាប់​​​ធ្នាប់​​​បរិបូរណ៍ ប្រព័ន្ធ​​​ហេដ្ឋា​​​រចនា​​​សម្ព័ន្ធ​​​ល្អ​​​ប្រសើរ និង​​​មាន​​​ការ​​​អភិវឌ្ឍ​​​លើ​​​គ្រប់​វិស័យ ដែល​​​ជា​​​កត្តា​​​ធានា​​​ដល់​​​ការ​​​រស់​​​នៅ​​​របស់​​​ប្រជា​​​ជន​​​ប្រកប​​​ដោយ​​​សេច​ក្តី​​​សុខ​​​ សុភមង្គល​​​ក្នុង​​​ភាព​​​សុខដុម​​​រមនា និង​​​មាន​​​ជីវភាព​​​រស់​​​នៅ​​​កាន់​​​តែ​​​ប្រសើរ​​​ឡើង"។ សារលិខិត​​​ដដែល​​​នេះ​​​មាន​​​ខ្លឹមសារ​​​ទៀត​​​ថា "ក្នុង​​​ឆ្នាំ​​​២០១៤​​​ ដែល​​​នឹង​​​កន្លងផុតទៅ​នា​ពេល​បន្តិច​ទៀត​នេះ​ រាជ​​​រដ្ឋាភិបាល​​​​​​​​​​​​​​មាន​​​មោទនភាព​​​ ដោយ​​​បាន​​​អនុវត្ត​​​ ​​​និង​​​សម្រេច​​​បាន​​​ប្រកប​​​ដោយ​​​ជោគ​​​ជ័យ​​​នូវ​​​សមិទ្ធផល​​​ធំ​​​ៗ​​​ជា​​​ច្រើន​​​​​​ជូន​​​ជាតិ​​​ និង​​​ប្រជា​​​ជន​​​ដោយ​​​រក្សា​​​បាន​​​នូវ​​​សុខ​​​សន្តិភាព​​​ ស្ថិរភាព​​​នយោបាយ​​​ សណ្តាប់​​​​ធ្នាប់​​​សង្គម​​​ ស្ថិរភាព​​​ហិរញ្ញវត្ថុ និង​​​លំនឹង​​​ម៉ាក្រូ​សេដ្ឋកិច្ច​​​ល្អ​ប្រសើរ​​​។ លោក​​​ស្រី មូរ សុខ​ហួរ សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​បាន​​​សំដែង​​​ការ​​​មិន​​​យល់​​​ស្រប​​​ជា​​​មួយ​​​​​​ការ​​​វាយ​​​តម្លៃ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​រយៈ​​​ពេល​​​១២​​​ខែ​​​កន្លង​​​មក​ឡើយ​​​ ដោយ​​​ផ្ទុយ​​​ទៅ​​​វិញ​​​​​​បាន​​​ចាត់​​​ទុក​​​ឆ្នាំ​​​២០១៤​​​ថា ជា "ឆ្នាំ​​​នៃ​​​ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​លទ្ធិ​ប្រជា​ជិប​តេយ្យ​​​"។ លោក​​​ស្រី មូរ សុខ​ហួរ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​​​​ចាប់​​​​​​ពី​​​ថ្ងៃ​​​ទី​​​២ ទី៣ និង​​​ទី​​​៤​​​ខែ​​​មករា ដោយ​​​ការ​​​បង្ក្រាប​​​ ដោយ​​​ការ​បាញ់​​​​​​សម្លាប់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​។ ការ​ប្រើ​អំពើ​​​ហិង្សា​​​មក​​​លើ​​​អ្នក​​​តវ៉ា​​​នៅ​​​ទី​​​លាន​​​ប្រជាធិបតេយ្យ​​​ ប្រាក់​​​ខែ​​​របស់​​​កម្មករ​​​ ដែល​​​មិន​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​​​​"។​ លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា "បើ​​​ទោះ​​​ណា​​​ជា​​​ទី​​​លាន​​​ប្រជា​​​ធិប​តេយ្យ​​​ត្រូវ​​​បាន​​​បិទ​​​ក៏​​​ដោយ​​​ ក៏​​​ប្រជា​​​ជន​​​បាន​តាំងចិត្ត​​​​សំដែង​​​មតិ​​​របស់​​​ខ្លួន និង​​​ចាត់​ទុក​ ​​​ជា​​​ឆ្នាំ​​​នៃ​​​ការ​​​តវ៉ា​​​ជា​​​ពិសេស​​​ការ​​​តវ៉ា​​​រឿង​​​ដី​​​ធ្លី​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​ស្រី មូរ សុខ​ហួរ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​វិវឌ្ឍ​​​នយោបាយ​​​ថ្មីៗ រួមមាន​ "​​​​​​វប្ប​​​ធម៌​​​នៃ​​​ការ​​​ចរចា"ថ្មី​​​រវាង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​បង្ហាញ​​​ពី​​​ជំហាន​​​វិជ្ជមាន​​​។ លោក អំ សំអាត​​​ អ្នក​​​​​​គ្រប់គ្រង​​​បច្ចេកទេស​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកា​ដូ​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា លោក​​​បាន​​​កត់​​​សម្គាល់​​ឃើញ​​​ការ​​​រំលោភបំពាន​​​សិទ្ធិ​មនុស្ស​ធ្ងន់​​​ធ្ងរ​​​ជា​​​ច្រើន​​​ក្នុង​​​ឆ្នាំ​​​២០១៤ រួម​​​មាន​ការ​​​បាញ់​​​សម្លាប់​​​ក្រុម​​​អ្នក​​​តវ៉ា​​​កាល​​​ពី​​​ខែ​​​មករា​​​ និង​​​ការ​​​ចាប់​​​ខ្លួន​​​សកម្មជន​​​ដីធ្លី​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ជា​​​ដើម។ លោក​​​បាន​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​សង្ឃឹម​​​ថា ឆ្នាំ​​​២០១៥​​​គណបក្ស​​​ទាំង​​​ពីរ​​​នឹង​​​បន្ត​​​ចរចាគ្នា​​​ដោយ​​​សន្តិវិធី​​​ ហើយ​​​ថា ពួក​​​គេ​​​នឹង​​​មិន​​​ប្រើ​​​ប្រាស់​ប្រជាជន​​​ជា​​​ឧបករណ៍​​​នយោបាយ​​​របស់​​​ខ្លួន​​​ឡើយ"៕សារុន (រាយការណ៍​​​បន្ថែម​​​ដោយ Holly Robertson)​​​  

សាលាឧទ្ធរណ៍​​​ចោទប្រកាន់​​​បុរស​​​ប្រាំ​​​នាក់​​​ពី​បទ​ពាក់​​​ព័ន្ធ​​​ការ​​​លួច​​​ព្រះ​​​បរម​​​សារីរិក​ធាតុ

រយៈពេល​​​ជាង​​​មួយ​​​ខែ​​​មក​​​ហើយ បន្ទាប់ពី​​​សាលា​​​ដំបូង​​​ខេត្ត​​​កណ្តាល​​​បាន​​​ច្រានចោល​រឿង​ក្តី​​ប្រឆាំង​​​បុរស​​​ប្រាំ​​​នាក់​​​ដែល​​​បាន​​​ជាប់ពន្ធនាគារ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​ជុំវិញ​​​ការ​​ជាប់ពាក់ព័ន្ធ​​​ក្នុង​​​ការ​​​បាត់​​​ព្រះ​​​បរម​​​សារីរិកធាតុ​​​ពី​​​ព្រះ​​​សក្យ​​​មុនី​​​ចេតិយ​​​នៅ​​​ភ្នំ​​​ឧដុង្គ​​​មក កាល​​​ពីម្សិលមិញ សាលាឧទ្ធរណ៍ បាន​​​ចោទប្រកាន់​​​លើ​​​ក្រុម​​​នេះ​​​ពី​​​បទ​​​ចោរកម្ម។ លោក ចោម ថៃ អាយុ​​​៥៧ឆ្នាំ​​​ សៀង សារិន អាយុ​​​៥៨ឆ្នាំ និង​​​ កា សាក់ អាយុ​​​៤៧ឆ្នាំ​​​ ជា​​​សន្តិ​​​សុខ​​​យាម​​​សក្យ​​​មុនី​​​ចេតិយ លោក ផា សុខែម អាយុ​​​៥៩ឆ្នាំ​​​ជា​​​ប្រធាន​​​សន្តិសុខ និង​​​ កាន់ សុភក្ត្រ អាយុ​​​៣៩ឆ្នាំ​​​ ជា​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប ត្រូវ​​​បាន​​​ឃុំខ្លួន​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​កណ្តាល​​​បន្ទាប់ពី​​​បាត់​​​ព្រះ​​​បរម​​​សារីរិកធាតុ​​​កាលពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុន។ កាលពី​​​ខែ​​​កុម្ភៈ នគរបាល​​​បាន​​​រក​​​ឃើញ​​​ព្រះ​​​បរម​​​សារីរិកធាតុ​​​នៅ​​​ក្នុង​​​ផ្ទះ​​​របស់​​​លោក កែវ រស្មី​​​ ជា​​​កសិករ​​​រស់នៅ​​​ខេត្ត​​​តាកែវ ដែល​​​បាន​​​សារ​​​ភាព​​​ថា ជា​​​អ្នក​​​លួច ហើយ​​​បន្ទាប់មក ត្រូវ​​​បាន​​​ចោទ​ប្រកាន់ ហើយ​​​ឃុំខ្លួន​​​ក្នុង​​​ពន្ធនាគារ។ ចាប់តាំង​​​ពី​ពេល​នោះ​​​មក​​​​​​ព្រះបរមសារីរិកធាតុ​​​ត្រូ​​​វ​បាន​​​យក​​​មក​​​តម្កល់​​​នៅ​ក្នុង​​​ព្រះ​បរម​​​រាជ​​​វាំង។ កាលពី​​​ថ្ងៃ​ទី​​​២០​​​ខែ​វិច្ឆិកា លោក លឹម សុគន្ថា ចៅក្រម​​​ស៊ើប​​​សួរ​​​​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​កណ្តាល​​​​​​បាន​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​បុរស​​​ទាំង​​​៥នាក់នេះ ប៉ុន្តែ​​​ លោក សម រិទ្ធីវាសនា ព្រះ​​​រាជ​​​អាជ្ញា​រង​​​​​​បាន​​​ជំទាស់​​​​​​សេចក្តី​​​សម្រេច​​​នេះ ខណៈ​ដែល​​​បុរស​​​ទាំង​​​នេះ​​​នៅ​ក្នុង​​​ពន្ធនាគារ​​​នៅឡើយ។ លោក សេង ស៊ីវុត្ថា ចៅក្រម​​​​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំជម្រះ​​​សាលាឧទ្ធរណ៍ បាន​មាន​​​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​​​ថា រឿង​​​ក្តី​​​របស់​​​ពួកគេ​​​​​​នឹង​​​ត្រូវ​​​បើក​​​សវនាការ​​​ជំនុំជម្រះ​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ ប៉ុន្តែ​​​មិន​​​បាន​​​លើក​​​ឡើង​​​ថា តើ​​​តុលាការ​​​មាន​​​ភ័ស្តុ​តាង​​​អ្វី​​​ដើម្បី​ដាក់​បន្ទុក​​​លើ​​​ចុង​​​ចោទ​​​នោះ​ឡើយ។ លោក ស៊ីវុត្ថា​​​ បាន​​​មាន​​​ប្រសាសន៍​ថា "យើង​​​បាន​​​សម្រេច​​​​​​ចោទប្រកាន់​​ពួកគេ"។ លោក​​​បាន​​​បន្ថែម​​​ថា បុរស​​​ទាំងនេះ​​​ប្រឈម​​​ការ​​​ចោទ​ប្រកាន់​ពី​​​បទ​​​ចោរកម្ម។ លោក តាន់ សេណារ៉ុង ព្រះរាជ​​​អាជ្ញា​​​នៅ​​​សាលា​​​ឧទ្ធរណ៍​​​បាន​មាន​​​ប្រសាសន៍​ថា ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​មិន​​​ត្រូវ​​​បាន​ដោះ​លែង​​​ពី​​​ពន្ធនាគារ​​​ភ្លាមៗ​​​បន្ទាប់ពី​​​ការ​​​លើកលែង​​​ការ​​​ចោទ​ប្រកាន់​ទេ ពីព្រោះ​​​មាន​​​ភ័ស្តុ​តាង​​​ភ្ជាប់​ពួកគេ​​​ទៅ​​​នឹង​​​បទ​​​ឧក្រិដ្ឋ។ លោក​​​បាន​មាន​​​ប្រសាសន៍​ថា "មាន​​​ស្នាម​​​ជើង និង​​​មាន​​​ដៃ​​​ជន​​​ទាំង​​​នេះ​​​ជាប់​នៅ​លើ​​​កម្រាល ទ្វារ និង​​​ជញ្ជាំង​​​សក្យមុនីចេតិយ។ ពួកគេ​​​មិន​​​មាន​​​សិទ្ធិ​ចូល​ទៅ​​​ក្នុង​​​ព្រះសក្យ​មុនី​ចេតិយទេ ពីព្រោះ​​​ពួកគេ​​​យាម​នៅ​ខាង​ក្រៅ​​​តែប៉ុណ្ណោះ"។ លោក សឿង ពិសិដ្ឋ មេធាវី​​​តំណាង​​​អ្នក​​​ទាំង​​​ប្រាំ​នាក់​​​​​​មិន​អាច​​​ទាក់ទង​​​សុំ​អត្ថាធិប្បាយ​​​បានទេ។ នៅ​ក្នុង​​​បរិវេណ​​​សាលាឧទ្ធរណ៍​​​កាលពី​​​ម្សិលមិញ លោក សុខែម ប្រធាន​​​សន្តិសុខ​​​​​​នៅ​​​សក្យមុនីចេតិយ​​​បាន​​​អះ​​​អាង​​​ថា លោក​​​មិន​​​មានទោស​​​ទេ ហើយ​​​បាន​​​អះ​​​អាង​​​ថា លោក​​​មិន​​​បាន​​​ឃុប​​​ឃិត​​​ជាមួយ​​​លោក រស្មី ជា​​​កសិករ​​​នោះ​​​ទេ។ លោក​​​បាន​​​និយាយ​​​ថា "វា​​​អយុត្តិ​​​ធម៌​​​ណាស់​​​សម្រាប់​​​ពួក​​​យើង ពីព្រោះ​​​យើង​​​មិន​​​បាន​ជាប់​ពាក់ព័ន្ធ​​​ក្នុង​​​ការ​​​លួច​​​ព្រះ​​​បរម​​​សារីរិក​​​ធាតុ​​​ទេ"។ អ្នកស្រី សុខ ខេង អាយុ​​​៤១ឆ្នាំ ជា​​​ប្រពន្ធ​​​របស់​​​ កា សាក់ ជា​​​ជន​​​សង្ស័យ​​​ម្នាក់ទៀត​​​​​​បាន​​​និយាយ​​​ថា តុលាការ​​​គួរ​​​ដោះលែង​​​អ្នក​​​ទាំង​​​ប្រាំ​​​នាក់​​​នេះ ពីព្រោះ លោក រស្មី បាន​​​សារភាព​​​ថា ជា​​​អ្នក​​លួច​​​រួចហើយ ហើយ​​​ថា គាត់​បាន​​​ធ្វើ​​​សកម្មភាព​​​តែ​​​ម្នាក់ឯង។ អ្នកស្រី​​​បាន​​​និយាយ​​​ថា "ពួកគេ​​​​​​គ្មាន​​​ទោស​​​ទេ​​​ ហើយ​​​អ្នក​​​លួច​​​ក៏​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ដែរ"៕សារុន  

ផ្លាស់​​​ប្តូរ​​​តំណែង​​​អភិបាល​​​ខេត្ត​​​កណ្តាល​​​បន្ទាប់ពី​​​កាន់​​​តួនាទី​​​បាន​​​១៨ខែ

លោក ផៃ ប៊ុនឈឿន អភិបាល​​​ខេត្ត​​​កណ្តាល​​​ដែល​ត្រូវ​​​បាន​​​តែងតាំង​​​ឲ្យ​​​កាន់​តួនាទី​​​របស់​លោក​​​កាល​ពីឆ្នាំ​មុននោះ ត្រូវ​​​បាន​​​ជំនួស​​​ដោយ​​​ប្រធាន​​​ក្រុម​ប្រឹក្សា​ខេត្ត​​​នេះ​​​នៅ​ក្នុង​​​ពិធី​​​ប្រកាស​​​តែងតាំង​​​មួយ​​​ដែល​ធ្វើឡើង​​​នៅ​ក្នុង​​​ក្រុង​​​តាខ្មៅ កាលពី​​ព្រឹក​​​ម្សិលមិញ។ ឥឡូវនេះ លោក ប៊ុនឈឿន គ្រោង​​​មកកាន់​​​តួនាទី​​​ជា​​​អនុរដ្ឋលេខាធិការ​​ក្រសួង​​​មហាផ្ទៃ បើ​​​ទោះ​​ជា​លោក​​​ត្រូវ​​​បាន​​​ផ្លាស់​ប្តូរ​ពី​​​អភិបាល​​​ខេត្ត​​​ ដោយសារ​​​​បច្ចុប្បន្ន​​​នេះ​​​លោក​​​ឈាន​ចូល​អាយុ​​​៦០ឆ្នាំ ជា​​​អាយុ​ចូល​និវត្ត​​​​​របស់​​​មន្ត្រី​​​រាជការ​​​ក្នុង​​​ជួរ​​​រដ្ឋាភិបាល​ក៏ដោយ។ លោក ម៉ៅ ភិរុណ អាយុ​​​៥៤ឆ្នាំ​​​ជា​​​ប្រធាន​​​ក្រុមប្រឹក្សា​​​ខេត្ត​​​កណ្តាល​​​​​​ត្រូវ​បាន​​​តែង​តាំង​​​ផ្លូវ​ការ​​​ជា​​​អភិបាល​​​ខេត្ត​​​​​​នេះ​​​បន្ទាប់​ពី​​​ត្រូវ​បាន​​​តែងតាំង​​​ឲ្យ​​​កាន់​​​តួនាទី​នេះ​​​កាល​ពី​ថ្ងៃ​ទី​​​១៨ ខែ​​​ធ្នូ។ លោក​​​បាន​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​​​​បន្ទាប់ពី​​​ពិធី​ប្រកាស​តែង​​​តាំង​​​ថា "​​​ខ្ញុំ​កើត​​​នៅ​​​ឆ្នាំ​​​១៩៦០ ដូច្នេះ​​​ខ្ញុំ​​​មិន​​​ទាន់​ដល់​​​អាយុ​​​ចូល​និវត្ត​​​ទេ ហើយ​​​ខ្ញុំ​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ជា​​​ប្រធាន​​​ក្រុមប្រឹក្សា​​​ខេត្ត​​​នេះ ដូច្នេះ​​​ខ្ញុំ​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​ជា​​​អភិបាល​​​ខេត្ត​​​។ ខ្ញុំ​​​​​​ចាប់​ផ្តើម​​​កាន់​តួនាទី​របស់​​​ខ្ញុំ​ចាប់​ពី​​​ថ្ងៃ​នេះ​ទៅ"។ លោក ភិរុណ បាន​មាន​​​ប្រសាសន៍​ថា លោក​​​នឹង​​​ផ្តោត​​​លើ​​​ការ​​​​​​ផ្តល់​​​សេវា​សាធារណៈ​​​ដល់​​ប្រជា​​​ពលរដ្ឋ​ក្នុង​​​ខេត្ត​​​កណ្តាល​​​ឲ្យ​​​បាន​​​ល្អ​​​ប្រសើរ។ លោក​​​បាន​មាន​ប្រសាសន៍​ថា "ខ្ញុំ​​​មាន​​​អារម្មណ៍​រំភើ​ប​​​រីករាយ​​​ណាស់​​​អំពី​​​ការ​​​តែងតាំង​​​នេះ។ ហើយ​រឹតតែ​​​សំខាន់​ទៅទៀត​​​នោះ ខ្ញុំ​នឹង​​​ពង្រឹង​​​​​​ការ​​​ផ្តល់​​​សេវា​សាធារណៈ​​​រួមមាន​​​ការ​​​កែ​លម្អ​​​ហេដ្ឋារចនាសម្ព័ន្ធ សណ្តាប់​ធ្នាប់ សន្តិសុខ សុវត្ថិភាព និង​​​លើក​​​កម្ពស់​​​ការ​​​វិនិយោគ​​​និង​​​ពាណិជ្ជកម្ម​​ឯក​​​ជន"។ លោក ប៊ុនឈឿន គឺជា​​​សមាជិក​​​សភា​គណបក្ស​​​ប្រជា​ជន​កម្ពុជា​​​​​​ចាប់ពី​​​ឆ្នាំ​​​២០០៣ ដល់​​​ឆ្នាំ​​​២០០៧​​។ បន្ទាប់មក លោក​​​បម្រើការ​​​ជា​​​អភិបាល​​​រង​​​ខេត្ត​​​កណ្តាល​រហូត​​​ដល់​​​ខែ​ឧសភា ឆ្នាំ​​​២០១៣ នៅ​ពេល​​​រដ្ឋាភិបាល​​​បាន​​​ដោះដូរ​​​អភិបាល​​​ខេត្ត​​​មួយ​​​ចំនួន​​​នៅ​ក្នុង​​​ប្រទេស​​​នៅមុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នា​ឆ្នាំ​នោះ។ លោក​បាន​មាន​​​ប្រសាសន៍​ថា "ខ្ញុំ​​​ត្រូវ​បាន​​​តែង​​​តាំង...​​​ជា​​​អនុ​​​រដ្ឋលេខាធិការ​​​​​​ក្រសួង​​​មហា​ផ្ទៃ ប៉ុន្តែ​​​​​​ខ្ញុំ​​​មិន​​​ទាន់​ប្រាកដ​​​ថា តើ​​​ខ្ញុំ​នឹង​​​កាន់​តួនាទី​របស់ខ្ញុំ​នៅ​ពេល​​​ណា​នោះ​ឡើយ។ ប្រហែល​​​ជា​​​នៅ​សប្តាហ៍​ក្រោយ អាស្រ័យ​​​លើ​ឯក​​​ឧត្តម​​​ ស ខេង ឧបនាយក​​​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ"។ លោក​​​បាន​​​បន្ថែម​ថា "ទោះ​​​យ៉ាងណា ខ្ញុំ​ជឿ​ថា ប្រហែល​​​ជា​​​នៅ​​​សប្តាហ៍​ក្រោយ ពីព្រោះ​​​មិន​​​ទុក​​​ពេល​​​ឲ្យ​​​យើង​​​ទំនេរ​​​យូរ​ទេ"។ លោក ប៊ុនឈឿន បាន​បន្ត​ថា "នឹង​​​មាន​​​ការ​​​ប្រជុំ​​​ផ្ទៃក្នុង​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​ការ​​​ទទួល​ខុសត្រូវ​​​របស់ខ្ញុំ​​​នៅ​​​ទីនេះ។​​​ខ្ញុំ​មាន​​​អារម្មណ៍​សប្បាយ​​​រីក​រាយ​ណាស់​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​ផ្តល់​​​ឱកាស​​​នេះ​ដល់​​​ខ្ញុំ ពីព្រោះ​​​តាម​​​ពិត​​​ទៅ​​​ ខ្ញុំ​​​ដល់អាយុ​​​ចូល​និវត្ត​​​ទៅ​ហើយ"៕សារុន  

សាលា​ឧទ្ធរណ៍​បើក​សវនា​ការ​​​សម្រេច​លើ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​ព្រះ​សង្ឃដែល​ត្រូវ​​​បាន​ចាប់​ផ្សឹក

កាល​ពី​ម្សិល​មិញ សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​សម្រេច​លើ​សំណើ​​​សុំ​នៅ​ក្រៅ​ឃុំ​សម្រាប់​​​ព្រះ​សង្ឃ​ពីរ​អង្គ​ដែល​ត្រូវ​បាន​ចាប់​ផ្សឹក និង​ចោទ​​ប្រកាន់​ពី​បទ​​ចូល​រួម​ក្នុង​សមាគម​ទុច្ច​រិត ក្រោយ​​ពី​​ត្រូវចាប់​ខ្លួន​កាល​ពី​ខែ​មុន ខណៈពេល​​ព្រះ​តេជ​គុណ​ទាំង​ពីរ​កំពុង​​យួរ​​បាវ​​ទង់​ជាតិទៅ​កាន់​​កន្លែង​​ហែ​ក្បួន​តវ៉ា​​មួយ​តាម​ការ​គ្រោង​ទុក។ ​នគរ​បាល​បាន​ចាប់​ខ្លួន​​ព្រះ​តេជ​គុណ សាង កុសល ព្រះ​ជន្ម​១៩​វស្សា ​និង​ព្រះ​តេជ​គុណ​ ឃិត វណ្ណៈ ​ព្រះ​ជន្ម​២៦​វស្សា​​កាល​ពី​​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ខណៈ​ពេល​​ព្រះ​អង្គ​​ទាំង​ពីរ​បាន​ចូល​ទៅ​ជិត​ចំណុច​ចាប់ផ្តើម​​ហែល​ក្បួន​តវ៉ា​ ដោយ​អះអាង​ថា ​ទង់​ជាតិ​ទាំង​នោះ​បង្ក​គ្រោះ​ថ្នាក់​ពីព្រោះ​វា​ចង​ភ្ជាប់​នឹង​ដំបងឈើ។ ​ព្រះ​តេជ​គុណ​ទាំង​ពីរ​​ត្រូវ​​​​បាន​ចោទ​ប្រកាន់​​ពី​បទ​​ចូល​រួម​​ក្នុង​សមា​គម​​ទុច្ច​រិត​​មួយ ​ប៉ុន្តែ​អាជ្ញាធរ​​បាន​បដិសេធ​មិន​​​បញ្ជាក់​អត្ត​សញ្ញា​ណ​សមាគម​នេះ​ទេ។ អន្ទិតទាំងពីរ​បាន​អះអាង​ថា ខ្លួន​​គ្មាន​កំហុស​ទេ​នៅពេល​ចាក​ចេញ​ពី​សវនាការ​បិទ​ទ្វារកាល​ពី​ម្សិល​មិញ ហើយ​លោក​ស្រី សំ សុគន្ធា មេធាវី​របស់​អ្នក​ទាំង​ពីរ​បាន​មាន​ប្រ​សាសន៍​ថា លោក​ស្រី​បាន​ជំរុញ​​ឲ្យ​​តុលាការ​ដោះ​លែង​អ្នក​ទាំង​ពីរ​ឲ្យ​នៅ​ក្រៅ​ឃុំ។​ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា...

លោក ហង្ស វុទ្ធី និង​​​អ្នក​​​ទោស​​​មួយ​​​ចំនួន​ទៀត​​​ត្រូវ​​​បាន​​​ផ្ទេរ​ទៅ​​​ ពន្ធនាគារ​​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ

រយៈពេល​​​ជាង​​​ប្រាំបី​ឆ្នាំ​មក​​​ហើយ លោក ហង្ស វុទ្ធី បាន​​​រត់​ចេញពី​​​ពន្ធនាគារ​​​ព្រៃស ក្នុង​​​រាជ​​​ធានី​ភ្នំពេញ ដោយ​​​ទើប​​​តែ​ប្រគល់​​​ខ្លួន​​​ឲ្យ​​​អាជ្ញាធរ​​​កាល​ពី​ឆ្នាំ​​​២០១២នោះ បាន​​​អះ​​​អាង​​​ថា លោក​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យ​​​រត់​​​ចេញ​ទេ។ មន្ត្រី​ម្នាក់​​​បាន​និយាយ​ថា កាលពីដើម​​​សប្តាហ៍​នេះ អតីត​មន្ត្រី​នគរ​បាល​រាជ​​​ធានី​ដែល​​​អប​យស​រូប​នេះ​​​បាន​​​ចេញ​​​ពី​​​ពន្ធនាគារ​​​ម្តង​ទៀត​​​ ក្នុង​​​ពេល​​​នេះ​​​ក្នុង​​​នាម​​​ជា​​​អ្នក​​​ទោស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ទោស​​​១០០នាក់​​​ដែល​ត្រូវ​បាន​​​បញ្ជូន​ទៅ​​​ពន្ធនាគារ​​​ដែល​​​មាន​​​ការ​​​យាម​​​កាម​​​តឹង​​​រ៉ឹង​​​នៅ​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​ដើម្បី​​​ជួយ​សម្រាល​​​​​​អ្នក​​​ទោស​​​ដ៏​ណែន​ណាន់​តាន់​តាប់​​​នៅ​​​ពន្ធនាគារ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ។ លោក គា សុវណ្ណា ប្រធាន​​​មណ្ឌល​​​អប់រំ​​​កែប្រែ​​​៣ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​​​​បាន​មាន​​​ប្រសាសន៍​​​ថា "វា​ជា​​​នីតិវិធី​​​ក្នុង​ការ​​​ផ្ទេរ​​​អ្នក​​​ទោស​​​មក​​​ទីនេះ​​​ ពីព្រោះ​​​ពន្ធនាគារ​​​ព្រៃស​​​មាន​​​អ្នក​​​ទោស​​​ច្រើន​ណែន​ណាន់​​​តាន់​​​តាប់ ដូច្នេះ​​​ហើយ​​​យើង​​​​​​ត្រូវ​​​រំលែក​​​​​​គ្នា​ខ្លះ"។ លោក​​​បាន​​​បន្ថែម​ថា ឥឡូវនេះ​​​​​​មាន​​​អ្នក​​​ទោស​​​ចំនួន​​​១.៤៥៦នាក់​​​រួម​ទាំង​​​លោក ហង្ស វុទ្ធី នៅ​ក្នុង​​​ពន្ធនាគារ​​​ដែល​​​អាច​​​ដាក់​អ្នក​​​ទោស​​​បាន​​​ចំនួន​​​១.៦០០នាក់។ លោក ហង្ស វុទ្ធី អតីត​​នាយ​​​រង​​​នគរបាល​​​ព្រហ្មទណ្ឌ​​​រាជ​​​ធានី​ភ្នំពេញ​​​​​​ ត្រូវ​បាន​​​​​​ផ្តន្ទា​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈពេល​​​៤៥ឆ្នាំកាលពី​​​ឆ្នាំ​​​២០០៦ពី​​​បទ​​​ពាក់ព័ន្ធ​​​ការ​​​សម្លាប់​​​លោក សុខ សេដ្ឋាមុនី​​ ចៅក្រម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​​​២០០៣។ ចាប់តាំង​​​ពី​ពេល​នោះ​មក​​​ លោក​​​ត្រូវ​​​បាន​​​គេ​​​ភ្ជាប់​ទៅ​នឹង​​​ការ​​​ធ្វើឃាត​​​ជាច្រើន​​​ និង​​​គម្រោង​​​វាយ​​​ប្រហារ​​​​​​ដែល​រៀប​​​ចំឡើង​​​ដោយ​​​​​​លោក  ហេង ពៅ អតីត​​​​​​ស្នងការ​​​រាជធានី​ភ្នំពេញ។ យោង​​​តាម​​នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ដើម្បី​​​រត់ចេញ​​​បាន​​​កាលពី​​​ឆ្នាំ​​​២០០៦ លោក ហង្ស វុទ្ធី និង​​​អ្នក​​​ទោស​​​១១នាក់​​​ទៀត​​​​​​បាន​​​ចង​​​ និង​​​បិទមាត់​​​អ្នក​​​ទោស​​​ប្រាំ​នាក់​​​​​​ បាន​អារ​​​ចេញ​​​តាម​​​ចម្រឹង​​​បង្អួច​​​​​​​​​ ហើយ​​លោត​​​មក​​​ដី​​​ដោយ​​​ប្រើ​​​​​​ក្រណាត់ និង​​​មុង​ធ្វើ​ជា​ខ្សែ។ លោក ហង្ស វុទ្ធី មិន​​​បាន​​​បង្ហាញខ្លួន​​​នៅ​សវនាការ​​​ជំនុំ​​​ជម្រះ​​​នៅ​​​តុលាការ​​​កំពូល​ទេ​​​កាលពី​ខែ​តុលា ដែល​ក្នុង​​​នោះ លោក ហេង ពៅ និង​​​អ្នក​​​ទោស​​​មួយ​​​ចំនួន​ទៀត​​​បាន​​​អះ​​​អាង​​​ថា ពួកគេ​​​មិន​​​មាន​​​ទោស​​​ទេ ប៉ុន្តែ ​ការ​ផ្តន្ទា​ទោស​​​របស់​ពួក​គេ​ត្រូវ​បាន​តម្កល់។ អំឡុង​​​សវនាការ​​​ ចុង​​​ចោទ​​​ទាំងនោះ​​​បាន​​​អះ​​​អាង​​​ថា លោក ហង្ស វុទ្ធី មិន​ត្រូវ​​​បាន​​​កោះហៅ​​​ឲ្យ​​​មក​​​ចូលរួម​​​សវនាការ​​​ទេ ពីព្រោះ​​​លោក​​​មាន​​​ព័ត៌មាន​​​ដែល​បង្ហាញ​ថា ក្រុម​នេះ​​​ត្រូវ​បាន​​​ទម្លាក់កំហុស​​​ដោយ​​​លោក ម៉ក់ ជីតូ ដែល​បច្ចុប្បន្ន​នេះ​​​ជា​​​ប្រធាន​​​នាយកដ្ឋាន​​​កណ្តាល​​​យុត្តិ​ធម៌​ក្រសួង​​​មហា​ផ្ទៃ។ អ្នកស្រី ស៊ុន សុភ័ណ ​អាយុ​​​៣៤ឆ្នាំ​​​​​​ជា​​​ប្អូន​ស្រី​របស់​លោក ហង្ស វុទ្ធី បាន​​​និយាយ​កាល​ពី​​​ម្សិល​មិញ​ថា អ្នកស្រី​​​បាន​ទទួល​​​ការ​ហៅ​​​ទូរស័ព្ទ​​​កាលពី​​​ព្រឹក​ថ្ងៃសៅរ៍​​​ដោយ​ប្រាប់​អ្នកស្រីថា បងប្រុស​​​របស់​​​អ្នកស្រី​​​​​​ហៀប​​​នឹង​​​ត្រូវ​​​បញ្ជូន​ចេញ​​​ពី​​​រាជ​​​ធានី​ហើយ។ អ្នកស្រី​​​បាន​​​បន្ថែម​ថា "ពួកគេ​​​មិន​​​បាន​​​ប្រាប់​ពី​មូល​ហេតុ​​​ទេ។ ខ្ញុំ​បាន​ទៅ​​​សួរ​​​សុខ​ទុក្ខ​គាត់​​​កាលពី​​​ថ្ងៃសៅរ៍ ហើយ​​​គាត់​​​បាន​​​ប្រាប់​​​ខ្ញុំ​ថា គាត់​​​បារម្ភ​ថា ពួកគេ​​​នឹង​​​យក​​​គាត់​​​ចេញ​ដើម្បី​​​សម្លាប់​​​គាត់​បំបិទមាត់"។ លោក​​​ គា សុវណ្ណា ប្រធាន​ពន្ធនាគារ​បាន​មាន​ប្រសាសន៍​ថា "នេះ​គឺ​​​ជា​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​មនុស្ស​មួយ​ចំនួន​​​​ដែល​គ្មាន​ការ​​​អប់រំ"៕សារុន  

អភិបាល​​​ខេត្ត​​​តាកែវ​​​យល់​​​ព្រម​​​បញ្ចប់​​​អាជ្ញាប័ណ្ណ​​​​​​សម្រាប់​​​សិទ្ធិផ្តាច់​​​មុខធ្វើ​​​ប្រតិបត្តិការ​​​ទី​​​សត្តឃាត​​​

អភិបាល​​​ខេត្ត​​​តាកែវ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​​​មិញ​​​ថា លោក​​​នឹង​​​មិន​​​បន្ត​​​កិច្ច​​​សន្យា​​​​​​សម្រាប់​​​ក្រុមហ៊ុន​​​ឯកជន​​​មួយ​​​ដែល​​​មាន​​​សិទ្ធិ​​​ផ្តាច់​​​មុខ​​​ធ្វើ​​​ប្រតិបត្តិការ​​​លើ​​​ទី​​​សត្តឃាត​​​នានា​​​​​​ទូទាំង​​​​​​ខេត្ត​​​នេះ​​​ឡើយ បន្ទាប់ពី​​​ពេជ្ឈឃាត​​​ជ្រូក​​​​​មួយក្រុម​​​បាន​​​ធ្វើ​​​ញត្តិ​​​ជូន​​​អភិបាល​​​ក្រុង​​​ដូន​​​កែវ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។ កាល​​​ពី​​​ឆ្នាំ​​​២០០២​​​ ក្រសួ​​​ងកសិកម្ម​​​បាន​​​ផ្តល់​​​អាជ្ញាប័ណ្ណ​​​ឲ្យ​​​ក្រុមហ៊ុន ហូយ ហ៊ាង (Hoy Hieng Company)​​​​​​ ធ្វើ​​​ប្រតិបត្តិការ​​​ទី​​​សត្តឃាត​​​ទាំង​​​អស់​​​ក្នុង​​​ខេត្ត​​​នេះ ធ្វើ​​​ឲ្យ​​​ក្រុម​​​ពេជ្ឈឃាត​​​ក្នុង​​​មូល​​​ដ្ឋាន​​​គ្មាន​​​ជម្រើស​​​​​​ក្រៅ​​​តែពី​​​ប្រើ​​​ប្រាស់​​​ទីសត្ត​​​ឃាត​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​។​​​ ប៉ុន្តែ ដោយ​​​អាជ្ញាប័ណ្ណ​​​នេះ​​​ត្រូវ​​​ផុត​​​សុពល​​​ភាព​​​នៅ​​​ថ្ងៃ​​​នេះ​​​ កាល​​​ពី​​​សប្តាហ៍មុន​​​ តំណាង​​​ក្រុម​​​អាជីវករ​​​ទីសត្តឃាត​​​​​​​​បាន​​​ធ្វើ​​​ញត្តិ​​​ជូន​​​លោក មុល វិចិត្រ​​​ អភិបាល​​​ក្រុង​​​​​​ដូន​​​កែវ​​​ ឲ្យ​​​លុប​​​ចោល​​​​​​អាជ្ញាប័ណ្ណ​​​នេះ​​​។ សំណើ​​​របស់​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​​​​បញ្ជូន​​​បន្ត​​​ទៅ​​​លោកអភិបាល​​​ខេត្ត​​​ ឡាយ វណ្ណៈ​​​ ដែល​​​បានមាន​​​ប្រសាសន៍​​​​​​កាល​​ពីម្សិលមិញ​​​ថា លោក​​​នឹង​​​មិន​​​បន្ត​​​អាជ្ញាប័ណ្ណ​​​របស់​​​ក្រុមហ៊ុន​​​ ហូយ ហ៊ាង​​​ ទេ​​​ ហើយ​​​ក៏​​​មិន​​​ផ្តល់​​​អាជ្ញាប័ណ្ណ​​​ឲ្យ​​​ពួក​​​គេ​​​គ្រប់​​​គ្រង​​​ទី​​​សត្តឃាត​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​ដែរ​​​​​​នៅ​​​ពេល​​​អនាគត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​ផ្សេង​​​ៗ​​​ទៀត​​​ដេញ​​​ថ្លៃ​​​សម្រាប់​​​ការ​​​ងារ​​​នេះ​​​"។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា នៅពេល​​​ជ្រើស​​​រើស​​​ក្រុម​​​ហ៊ុន​​​ថ្មី​​​ដើម្បី​​​ជំនួស​​​ក្រុម​​​ហ៊ុន ហូយ ហ៊ាង ខេត្ត​​​នឹង​​​យក​​​ទុក្ខ​​​លំបាក​​​របស់​​​ក្រុម​​​ពេជ្ឈឃាត​​​ទៅពិចារណា។ ពីមុន​​​ពួកគាត់​​​​​​ធ្លាប់​​​ត្អូញ​​​ត្អែ​​​រ​​​ថា ទីសត្តឃាត​​​របស់​​​ក្រុមហ៊ុន ហូយ​​​ ហ៊ាង គ្មាន​​​អនាម័យ​​​  គ្មាន​​​អគ្គិសនីប្រើ​​​ប្រាស់​​​គ្រប់​​​គ្រាន់​​​ និង​​​ដំបូល​​​ទាប​​​ពេក​​​ធ្វើ​​​ឲ្យ​​​រំុ​​​ផ្សេង​​​។ ពួក​​​គាត់​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​​​​ថា ក្រុមហ៊ុន​​​យក​​​ថ្លៃ​​​ពី​​​ពួក​​​គាត់​​​សម្រាប់ការ​​​សម្លាប់​​​ជ្រូក​​​មួយ​​​ក្បាល​​​ ថ្លៃ​​​ជាង​​​តម្លៃ​​​ដែលមាន​​​ចែង​​​នៅ​​​ក្នុង​​​កិច្ច​​​សន្យា​​​។ លោក​​​ ឡាយ វណ្ណៈ បានមាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​យល់​​​ស្រប​​​និង​​​គាំទ្រ​​​សំណើ​​​របស់​​​អាជីវករ​​​ទាំង​​​ស្រុង"។ លោក​​​ ប៊ុន សេង​​​លី អាយុ​​​៤៥​​​ឆ្នាំ​​​ជា​​​អាជីវករ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អាជីវករ​​​ដែល​​​បាន​​​ចុះហត្ថលេខា​​​លើ​​​ញត្តិ​​​នេះ​​​ បាន​​​និយាយ​​​ថា លោក​​​ស្វាគមន៍​​​​​ការ​​​សម្រេច​​​របស់​​​លោក​​​អភិបាល​​​ខេត្ត​​​ក្នុង​​​ការ​​​បើក​​​ការ​​​ដេញ​​​ថ្លៃ​​​ ប៉ុន្តែ លុះ​​​ត្រា​​​តែ​​​ក្រុមហ៊ុនថ្មី​​​មាន​​​ឆន្ទៈ​​​ធ្វើ​​​ឲ្យ​​​ស្ថាន​​ភាព​​​ការ​​​ងារ​​​ល្អប្រសើរ​​​ឡើង​​​។ លោក​​​បាន​​​និយាយ​​​ទៀត​​​ថា "បើ​​​អាជ្ញាធរ​​​េខត្ត​​​​​​ គ្រាន់​​​តែ​​​យក​​​ក្រុមហ៊ុន​​​មួយ​​​មក​​​ជំនួស​​​ក្រុមហ៊ុន​​​ចាស់​​​ ហើយ​​​មិន​​​កែ​​​ប្រែ​​​អ្វី​​​ទាំង​​​អស់​​​នោះ​​​ យើង​​​នឹង​​​បន្ត​​​ធ្វើការ​​​តវ៉ា​​​"។លោក​​​បាន​​​និយាយ​​​បន្ត​​​ថា កាល​​​ពីឆ្នាំ​​​២០០២ ​​​មាន​​​អាជីវករ​​​តែ​​​បួន​​​ ឬ​​​ប្រាំនាក់​​​ប៉ុណ្ណោះ​​​នៅ​​​តាម​​​ទីសត្តឃាត​​​នីមួយ​​​ៗ ប៉ុន្តែ ពេល​​​នេះមាន​​​ដល់​​​ទៅ​​​៤០​​​នាក់​​​ឯណោះ​​​។ លោក​​​​បាន​​​លើក​​​ឡើង​​​ថា "តំបន់​​​នោះ​​​គួរ​​​ឲ្យ​​​ខ្ពើម​​​​​​ វា​​​កខ្វក់​​​។ បើ​​​អតិថិជន​​​ដឹង​​​ តើ​​​​​​ពួក​​​គេ​​​គិត​​​យ៉ាង​​​ណា​​​? អ្នក​​​ណា​​​បន្ត​​​ទិញ​​​សាច់​​​ជ្រូក​​​របស់​​​យើង​​​?”។ ចំណែក​​​ឯតំណាង​​​ក្រុមហ៊ុន ហូយ ហ៊ាង មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​៕សុខុម​​​  

មន្ត្រី​​​ក្នុងជួរ​​​រដ្ឋាភិបាល​​​ផ្តល់​​​ជំនួយ​​​ដល់​​​អង្គការ​​​របស់​​​លោក​​​ស្រី ម៉ម សូម៉ាលី​​​ ​​​

នៅពេល​​​​លោក​​​ស្រី ម៉ម សូមា៉លី ដែល​​​ជា​​​សកម្ម​​​ជន​​​ប្រឆាំង​​​ការ​​​​​​ជួញ​​​ដូរ​​​មនុស្ស​​​ធ្លាប់​​​មាន​​​រឿង​​​អាស្រូវ​​​បាន​​​ខិត​​​ខំ​​​ទាក់​​​ទាញ​​​​​​ម្ចាស់​​​ជំនួយ​​​អន្តរ​​​ជាតិ​​​សម្រាប់​​​អង្គការ​​​អាហ្វេសីប(Afesip) ដែល​​​បាន​​​បិទ​​​ទ្វារ​​​របស់​​​លោក​​​ស្រី​​​នោះ លោក​​​ស្រី​​​​នៅតែ​មាន​​​អ្នក​​​គាំទ្រ​​​ដ៏​​​សំខាន់​​​ៗ​​​នៅ​​​ក្នុង​​​ជួរ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ ក្នុ​​​ង​​​នោះ​​​មាន​​​រួម​​​ទាំង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ផង​​​ដែរ​​​។ លោក​​​ស្រី ម៉ម សុមាលី បាន​​​លាលែង​​​ពី​​​តំណែង​​​ជា​​​ប្រធាន​​​មូល​​​និធិ​​​ ម៉ម សូម៉ាលី​​​ ដែល​​​ដើរ​​​តួនាទី​​​ជា​​​អ្នក​​​កៀង​​​គរ​​​មូល​​​និធិ​​​សម្រាប់​​​អង្គការ​​​អាហ្វេសីប កាល​​​ពី​​​ខែ​​​ឧសភា បន្ទាប់​​​ពី​​​កាសែត Newsweek បាន​លាត​ត្រដាង​ ថា លោក​​​ស្រី​​​បាន​​​ប្រឌិត​​​រឿង​​​អតីតកាល​​​​​​ជា​​​ទាសករ​​​ផ្លូវ​​​ភេទ​​​របស់​​​ខ្លួន ហើយ​​​បាន​​​បង្រៀន​​​ស្ត្រី​​​ក្មេង​​​ៗ​​​ឲ្យ​​​ចេះ​​​ភូត​​​កុហក់​​​អំពី​​​រឿង​​​អតីត​​​កាល​​​​​​របស់​​​ខ្លួនដែរ​​​​ដើម្បី​​​កៀង​​​គរ​​​មូល​​​និធិ។ ប៉ុន្តែ នៅ​​​ក្នុង​​​លិខិត​​​មួយ​​​ដែល​​​គេ​​​បង្ហោះ​​​តាម​​​អីុនធើណិត​​​កាល​​​ពីសប្តាហ៍​​​មុន​​​ លោក​​​ស្រី ម៉ម សូម៉ាលី បាន​​​ខិត​​​ខ​​​ំ​​​អំពាវ​​​នាវ​​​រក​​​ជំនួយ​​​សម្រាប់​​​អង្គការ​​​ថ្មី​​​របស់​​​លោក​​​ស្រី​​​ គឺ"​​​មូលនិធិ ម៉ម សូម៉ាលី​​​ ថ្មី​​​៖ សំឡេង​​​នៃ​ការ​​​ផ្លាស់​​​ប្តូរ" ដែល​​​លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ថា "វា​​​នឹង​​​បូក​​​រួម​​​បញ្ចូល​​​គ្នា​​​នៃ​​​ធាតុ​​​ផ្សំ​​​ការ​​​ងារ​​​ ដែល​​​អង្គការ​​​អាហ្វេសីប និង​​​មូលនិធិ ម៉ម សូម៉ា​​​លី ធ្លាប់​​​បាន​​​ធ្វើ​​​ពី​​​មុន​​​មក​​​។ លិខិត​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ បន្ទាប់​​​ពី​​​មាន​​​កិច្ច​​​ប្រជុំ​​​យុទ្ធ​​​សាស្ត្រ​​​មួយ​​​ចំនួន​​​ ដែល​​​ធ្វើ​​​ឡើង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ដោយ​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​សំណាក់​ម្ចាស់​​​ជំនួយ​​​អន្តរ​​​ជាតិ​​​មួយ​​​​​​ចំនួន​​​តូច​​​ក្នុង​​​គោល​​​បំណង​​​រៀប​​​ចំ​​​ផែន​​​ការ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​អង្គការ​​​អាហ្វេសីប​​​រស់​​​ឡើង​​​វិញ​​​។ អង្គការ​​​អាហ្វេសីប​​​បាន​​​បិទ​​​ទ្វារ​​​ ដោយ​​​សារ​​​តែ​​​ការ​​​ផ្តាច់​​​មូលនិធិ​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​លាត​​​ត្រដាង​​​អំពី​​​រឿង​​​រ៉ាវ​​​អាស្រូវ​របស់​​​លោក​​​ស្រី ម៉ម សូម៉ាលី​​​ ។ យោង​​​តាម​​​ការ​​​បង្ហោះ​​​មួយ​​​នៅ​​​លើ​​​គេ​​​ហ​ទំព័រ​អគ្គ​ស្នង​ការដ្ឋាន​នគរ​​​បាល​​​ជាតិ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ភរិយា​​​ និង​​​កូន​​​ៗ​របស់​​​លោក នេត សាវឿន អគ្គ​ស្នង​​​ការ​​​នគរបាល​​​ជាតិ​​​​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​​វិជ្ជា​​​ជីវៈ និង​​​ស្តារ​​​នីតិសម្បទា​​​​​​​​​​​​​​​​​​​​​របស់​​​អង្គការ​​​អាហ្វេសីប នៅ​​​ក្នុង​​​ស្រុក​​​កង​​​មាស​​​ ខេត្ត​​​កំពង់​​​ចាម​​​​​​ជា​​​ទី​​​ដែល​​​ពួក​​​គាត់​​​បាន​​​បរិច្ចាគ​​​ប្រាក់​​​ និង​​​ស្បៀង​​​អាហារ​​​។ ការ​​​បង្ហោះ​​​​​​នោះ​​​បាន​​​ដក​​​ស្រង់​​​សំដី​​​របស់​​​លោក​​​ស្រី ម៉ម សូម៉ាលី​ មក​​​​ ថា​​​ចាប់​​​តាំង​​​ពី​​​មជ្ឈមណ្ឌល​​​នេះ​​​បាន​​​បើក​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០០៨​​​មក​​​ មជ្ឈមណ្ឌល​​​បាន​​​ទទួល​​​យក​​​ក្មេង​​​ៗចំនួន​​​៣២៤​​​នាក់​​​​​​ក្នុង​​​នោះ​​​មាន​​​ជន​​​រង​​​គ្រោះ​​​ដោយសារ​​​ការ​​​ជួញ​​​ដូរ​​​ចំនួន​​​​​​១១១នាក់ ជន​​​រង​​​គ្រោះ​​​ដោយសារ​​​ការ​​​ចាប់​​​រំលោភ​​​ចំនួន​​​១០១​​​នាក់​​​ និង​​​១០៩​​​នាក់​​​ទៀត​​​គឺ​​​ទទួល​​​បាន​​​ពី​​​"ក្រុម​​​ងាយ​​​រង​​​គ្រោះ​​​"។ ការ​​​បង្ហោះ​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា "ស្រប​​​ពេល​​​ជា​​​មួយ​​​គ្នា​​​នេះ​​​ដែរ​​​ លោក​​​​​​ស្រី ម៉ម សូម៉ាលី​​​  ក៏​​​បាន​​​សម្ដែង​​​ការ​​​ដឹង​​​គុណ​​​យ៉ាង​​​ជ្រាល​​​ជ្រៅ​​​ចំពោះ​​សម្តេច​​​ តេជោ ហ៊ុន សែន និង​​​សម្តេច ​​​គិត្តិ​​​​ព្រឹទ្ធបណ្ឌិត​​​ ប៊ុន រ៉ានី​​​ ហ៊ុន សែន ក៏​​​ដូច​​​ជា​​​កូន​​​ស្រី​​​និង​​​កូន​​​ប្រុស​​​របស់​​​ពួក​​​គាត់​​​ដែល​​​តែង​​​តែ​​​ផ្តល់​​​ថវិកា​​​ចំនួន​​​៥.០០០​​​ដុល្លារ​​​រាល់​​​ខែ​​​សម្រាប់​​​មជ្ឈមណ្ឌល​​​នេះ​​​ផង​​​ដែរ​​​"។ នៅ​​​ក្នុង​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​លោក​​​ស្រី​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក​​​ស្រី​​ ម៉ម សូម៉ាលី បាន​​​ថ្លែង​​​អំណរ​​​គុណ​​​ដល់​​​នាយ​ឧត្តមសេនីយ៍​​​ នេត សារឿន និង​​​​ភរិយា​របស់​លោក​ គឺ​​​លោកស្រី ហ៊ុន គឹមឡេង​​​ ដែល​​​ជា​​​ក្មួយ​​​​​​ស្រី​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ សម្រាប់​​​ចិត្ត​​​សប្បុរសធម៌​​​​ និង​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ខ្ពស់​​​ចំពោះ​​​ជន​​​រង​​​គ្រោះ​​​ និង​​​អ្នក​​​រស់​​​រាន​​​មាន​​​ជីវិត​​​។ កាល​​​ពី​​​ខែ​​​តុលា លោក ផៃ​​​ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទីស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​លោកស្រី ម៉ម សូម៉ាលី​​​ ​​​បើក​​​អង្គការ​​​ថ្មី​​​មួយ​​​ទៀត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ឡើយ​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​លាត​​​ត្រដាង​​​រឿង​​​អាស្រូវ​​​ ប៉ុន្តែ លោក​​​បាន​​​ដក​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក​​​វិញ​​​ត្រឹម​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ក្រោយ​​​ប៉ុណ្ណោះ​​​។ អង្គការ​​​ថ្មី​​​របស់​​​លោក​​​ស្រី ម៉ម សូម៉ាលី​​​ ដែលមាន​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​នៅ​​​ក្នុង​​​រដ្ឋ​​​តិចសាស​គឺកំពុង​​​ត្រូវ​​​បាន​​​ដឹក​​​នាំ​​​រួ​​​ម​​​គ្នា​​​ដោយ​​​លោកស្រី និង​​​លោក​​​ស្រី Rigmor Schneider អតីត​​​​​​នាយក​​​​​​​​​ប្រតិបត្តិ​​​មូលនិធិ​​​ ម៉ម សូម៉ាលី​​​ ។ លោកស្រី Schneider បាន​​​ប្រាប់ទី​​​ភ្នាក់​​​ងារ​​​ព័ត៌មាន​​​ រ៉យទ័រ​​​ នៅក្នុង​​​កិច្ច​​​សម្ភាស​​​មួយ​​​កាល​​​ពី​​​សប្តាហ៍មុន​​​ថា លោក​​​ស្រី​​​នៅតែ​ជួយ​គាំទ្រ​​​​​​លោក​​​ស្រី ម៉ម សូម៉ាលី​​​ ​​​​​​​​​​​​ដែល​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​​គ្មាន​​​អ្វី​​​ត្រូវ​​​លាក់​​​បាំង​​​​​​អំពី​​​រឿង​​​អតីត​​​របស់​​​អ្នក​​​ស្រី​​​នោះ។ យោង​​​តាម​​​ទី​​​ភ្នាក់​​​ងារ​​​ព័ត៌​​​មាន​​​រ៉យ​​​ទ័រ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា តារា​​​សម្ដែង​ស្រី​ Susan Sarandon ដែល​​​ធ្លាប់​​​​​​​ជា​សមាជិក​​​ក្រុមប្រឹក្សា​​​នៅ​​​មូលនិធិ ម៉ម សូម៉ាលី​​​  ក៏​​​ជា​​​សមាជិក​​​នៃ​​​​​​ក្រុម​​​ប្រឹក្សា​​របស់​​​អង្គការ​​​ថ្មី​​​នេះ​​​ដែរ​​​៕ស៊ុយ​​​ឈាង​​​  

Latest news

© 2021, ដេលី. All rights reserved.