កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានបើកសវនាការសម្រេចលើសំណើសុំនៅក្រៅឃុំសម្រាប់ព្រះសង្ឃពីរអង្គដែលត្រូវបានចាប់ផ្សឹក និងចោទប្រកាន់ពីបទចូលរួមក្នុងសមាគមទុច្ចរិត ក្រោយពីត្រូវចាប់ខ្លួនកាលពីខែមុន ខណៈពេលព្រះតេជគុណទាំងពីរកំពុងយួរបាវទង់ជាតិទៅកាន់កន្លែងហែក្បួនតវ៉ាមួយតាមការគ្រោងទុក។
នគរបាលបានចាប់ខ្លួនព្រះតេជគុណ សាង កុសល ព្រះជន្ម១៩វស្សា និងព្រះតេជគុណ ឃិត វណ្ណៈ ព្រះជន្ម២៦វស្សាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ខណៈពេលព្រះអង្គទាំងពីរបានចូលទៅជិតចំណុចចាប់ផ្តើមហែលក្បួនតវ៉ា ដោយអះអាងថា ទង់ជាតិទាំងនោះបង្កគ្រោះថ្នាក់ពីព្រោះវាចងភ្ជាប់នឹងដំបងឈើ។
ព្រះតេជគុណទាំងពីរត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងសមាគមទុច្ចរិតមួយ ប៉ុន្តែអាជ្ញាធរបានបដិសេធមិនបញ្ជាក់អត្តសញ្ញាណសមាគមនេះទេ។
អន្ទិតទាំងពីរបានអះអាងថា ខ្លួនគ្មានកំហុសទេនៅពេលចាកចេញពីសវនាការបិទទ្វារកាលពីម្សិលមិញ ហើយលោកស្រី សំ សុគន្ធា មេធាវីរបស់អ្នកទាំងពីរបានមានប្រសាសន៍ថា លោកស្រីបានជំរុញឲ្យតុលាការដោះលែងអ្នកទាំងពីរឲ្យនៅក្រៅឃុំ។
លោកស្រីបានមានប្រសាសន៍ថា “ពួកគាត់ជាអន្ទិតស្មោះត្រង់ដែលខិតខំសិក្សារៀនសូត្រ ហើយពួកគាត់មិនបានធ្វើអ្វីខុសទេ”។
ទាំងលោកស្រី សំ សុគន្ធា និងព្រះរាជអាជ្ញា ទិត្យ សុធី បានលើកឡើងថា តុលាការនឹងប្រកាសសេចក្តីសម្រេចរបស់ខ្លួននៅថ្ងៃទី៩ ខែមករា។ អំឡុងសវនាការ មនុស្សប្រហែល១០០នាក់រួមទាំងព្រះសង្ឃប្រហែល២០អង្គផង បានធ្វើការតវ៉ានៅខាងមុខតុលាការដើម្បីទាមទារឲ្យដោះលែងអ្នកទាំងពីរ៕ សុខុម

